កុលាលភាជន៍ផឿកទិច (Phuoc Tich) - ស្លាកស្នាមកុលាលភាជន៍រាជវាំងហ្វេ
មុខរបរកុលាលភាជន៍នៅភូមិផឿកទិច (Phuoc Tich) មានកម្រាស់វេលាជាង៥០០ឆ្នាំ ធ្លាប់ល្បីឈ្មោះគ្រប់តំបន់នៅភូមិភាគកណ្តាល។ ភូមិផឿកទិច (Phuoc Tich) មិនត្រឹមផលិតនូវកុលាលភាជន៍របស់ប្រើប្រាស់គ្រប់ប្រភេទដូចជា ពែង ផើង ឆ្នាំងដី ប៉ាន់តែ ចានធំ ថូកំបោល ពាង ។ល។ នៅទាំងមានផលិតផលជាច្រើន ដែលមានលក្ខណៈសិល្បៈខ្ពស់ បានតាំងនៅក្នុងរាជវាំងនៃរាជការង្វៀន ហើយរហូតដល់សព្វថ្ងៃនៅមានរក្សាទុកក្នុងសារមន្ទីរវិចិត្រសិល្បៈរាជវាំងហ្វេ។
ប្រវត្តិបុរាណចែងថា នៅសម័យរាជការង្វៀន រាជការមានលក្ខណ៍ខណ្ឌដោយឡែកមួយ សម្រាប់ភូមិផឿកទិច (Phuoc Tich)។ នោះគឺ ជារៀងរាល់ឆ្នាំ អ្នកភូមិត្រូវថ្វាយសម្រាប់រាជវាំងនូវឆ្នាំងដីចំនួន៤០០គ្រឿង ទុកសម្រាប់ដាំបាយថ្វាយព្រះមហាក្សត្រ។ រាជការនៅមានកំណត់ថា អ្នកភូមិមិនត្រូវរក្សាទុកនូវឆ្នាំងដី ដែលមានរូបរាងដូចជាឆ្នាំងដីសម្រាប់រាជវាំង ទុកប្រើប្រាស់រៀងខ្លួននោះទេ តែត្រូវធ្វើឆ្នាំងដីប្រភេទផ្សេងទើបបាន ប្រសិនបើ រកឃើញនឹងត្រូវពិន័យជាទម្ងន់។ ហេតុនេះ រៀងរាល់ឆ្នាំ អ្នកភូមិត្រូវធ្វើឆ្នាំងដីពីរលើក សម្រាប់នាំចុះទូក ដឹកជញ្ជូនចូលរាជវាំង។ ជើងដំណើរ ចាប់ផ្តើមបណ្តោយតាមទន្លេអ៊ូឡូវ (O Lau) ចេញទៅកាន់បឹងសមុទ្រតាមយ៉ាង (Tam Giang) រួចដើរបញ្ច្រាស់តាមទន្លេហឿង (Huong) នាំយកឆ្នាំងដីចូលរាជវាំងថ្វាយ។
ឆ្នាំងដីធ្លាប់ជារបស់ប្រើប្រាស់ទូទៅ តែងបានអ្នកភូមិប្រើប្រាស់សម្រាប់ដាំបាយ ខត្រី លីងត្រី។ល។ ក៏ប៉ុន្តែ ឆ្នាំងដីភូមិផឿកទឹច (Phuoc Tich) មានភាពពិសេសជាង ដូចនេះទើបបានជ្រើសធ្វើជារបស់សម្រាប់ថ្វាយព្រះមហាក្សត្រ។ ឆ្នាំងផឿកទិច (Phuoc Tich)សាច់ឆ្នាំងក្រាស់ មានពណ៌ត្នោតចាស់ គោះឮសំឡេងស្រួយ រាងរូវដូច ឃ្លោក Wu Lou ខាងលើមានគម្រប ដាំបាយ និង ខត្រីទាំងអស់នេះ សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់។ ពីព្រោះ នេះជាគ្រឿងប្រើប្រាស់ ដែលបានជ្រើសសម្រាប់តែព្រះមហាក្សត្រប្រើ ដូចនេះឆ្នាំងដីផឿកទិច (Phuoc Tich) នៅបានហៅថាឆ្នាំងដីថ្វាយស្តេច ជួនកាលនៅមានឈ្មោះប្រណីតមួយទៀតហៅថា “គជ់អ្វ័រថ្វាយស្តេច” មានន័យថាឆ្នាំងគជ់សម្រាប់ព្រះមហាក្សត្រប្រើ។
បន្តនិយាយអំពីមុខរបរធ្វើកុលាលភាជន៍នៅភូមិផឿកទិច (Phuoc Tich)។ ភូមិស្ថិតនៅក្បែរមាត់ទន្លេអ៊ូឡូវ (O Lau) នៅឆ្ងាយពីមជ្ឈមណ្ឌលទីក្រុងហ្វេប្រហែល៤០គីឡូម៉ែត្រទៅទិសខាងជើង អតីតកាលមានឈ្មោះថាភូមីកែឌុក (Ke Doc)។ មុខរបរកុលាលភាជន៍នៅភូមិផឿកទិច (Phuoc Tich) ឮថាមានមុននេះជាង៥០០ឆ្នាំ។ សម័យរាជការង្វៀន ភូមិផឿកទិច (Phuoc Tich) ជាមជ្ឈមណ្ឌលធ្វើកុលាលភាជន៍ធំបំផុត នៅរាជក្រុង ផលិតផលមាននៅគ្រប់ខេត្ត នៃភូមិភាគកណ្តាល។
ចាស់ព្រឹទ្ធាចារ្យនៅភូមិនិទានថា មិនមែនមកដល់សម័យរាជការង្វៀននោះទេ តែនៅសតវត្សរ៍ទី១២ - ១៣ មុខរបរកុលាលភាជន៍ផឿកទិច (Phuoc Tich) មានការរីកចម្រើនខ្លាំងក្លាទៅហើយ។ សម័យកាលនោះ ទូទាំងភូមិមានឡកុលាលភាជន៍រាប់សិបកន្លែង ស្ថិតនៅពាសពេញជិតកំពង់ទឹកក្បែរទន្លេអ៊ូឡូវ (O Lau)។ ឡដុតឆេះជាប្រចាំ ឈ្មួញគ្រប់ទិសទី មកទីនេះលក់ដូរយ៉ាងកុះករ នាំមកភាពស្តុកស្តម្ភ និង ភាពល្បីរន្ទឺ សម្រាប់អ្នកភូមិអ្នកស្រុកនៅទីនេះ។ ហេតុនេះ នៅក្នុងភូមិមានកម្មន្តសាលខ្នាតធំ រហូតដល់បច្ចុប្បន្ននៅរក្សាបាននៅឡើយ។
ប្រសិនបើ ទីកន្លែងផ្សេងដុតកុលាលភាជន៍ដោយឡបញ្ឈរ នៅភូមិផឿកទិច (Phuoc Tich) ពួកគាត់ប្រើឡផ្តេច តែងហៅថា “ឡគីង្គក់” ពីព្រោះមានរូបរាងដូចសត្វគីង្គក់។ ឡសាងដោយដី មានប្រវែងប្រហែល៣០ម៉ែត្រ ខាងលើមានដំបូលបាំង ប្រក់ដោយស្បូវ។
កុលាលភាជន៍ផឿកទិច (Phuoc Tich) ធ្វើដោយដីឥដ្ឋយកពីទន្លេអ៊ូឡូវ (O Lau) ហើយបានដុតហ្មត់ចត់តាមវិធីសាស្រ្តប្រពៃណី។ ឡដុតបានសាងរឹងមាំ សីតុណ្ហភាពខ្ពស់ ភ្លើងពេលណាក៏ឆេះក្រហម ដោយសារបែបនេះ ទើបផលិតផលយកចេញពីឡ វាមិនប្រេះស្រាម និង មិនស្រួយ។ កុលាលភាជន៍ផឿកទិច (Phuoc Tich) ស្អាតដោយសម្រស់សាមញ្ញ ធម្មជាតិ ឆ្នាំងដីក្រាស់ និង រឹងមាំដូចសេរ៉ាមិច ខាងក្រៅមិនលាបកាចា ប៉ុន្តែពណ៌កុលាលភាជន៍ធម្មជាតិ មានពណ៌ត្នោតចាស់មាំ ហាក់ដូចបានលាបកាចាអញ្ជឹង។
ឆ្លងកាត់ពេលវេលា មុខរបរកុលាលភាជន៍ផឿកទិច (Phuoc Tich) មានដំណាក់កាលត្រូវបំភ្លេចចោល និង សាបរលាបទៅ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារខេត្ត ធឿធៀនហ្វេ (Thua Thien Hue) មានគោលការណ៍ស្តារ អភិរក្ស អភិវឌ្ឍមុខរសិប្បកម្មប្រពៃណីឡើងវិញ ដើរទន្ទឹមនឹងនោះ គឺសកម្មភាពទេសចរណ៍មួយថ្ងៃកាន់តែរីកចម្រើន បំផុតគឺដោយសារមាន Festival Hue និង Festival មុខរបរប្រពៃណី ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ដូចនេះមុខរបរកុលាលភាជន៍ផឿកទិច (Phuoc Tich) មានឱកាសបានស្តារ និង វិវឌ្ឍឡើងវិញ។
បច្ចុប្បន្ន ទៅដល់ភូមិបុរាណផឿកទិច (Phuoc Tich) ក្រៅពីស្វែងយល់សម្រស់ភូមិមួយក្នុងចំណោមភូមិដ៏ល្បីឈ្មោះបំផុតនៅវៀតណាម ភ្ញៀវទេសចរនៅមានឱកាសបានស្វែងយល់ និង ការពិសោធន៍រចំណាប់អារម្មណ៍ អំពីប្រវត្តិសាស្រ្ត ក៏ដូចជាបច្ចេកទេសធ្វើកុលាលភាជន៍បុរាណ របស់អ្នកភូមិផឿកទិច (Phuoc Tich) ។
សិប្បករ ឡឿង ថាញហៀន (Luong Thanh Hien) អ្នកកំពុងប្រកបការងារអភិរក្ស និង អភិវឌ្ឍមុខរបរកុលាលភាជន៍ ហើយក៏ជាអ្នកកំពុងមានកម្មន្តសាលខ្នាតធំជាងគេ ធ្វើជាកម្មសិទ្ធិនៅភូមិផឿកទិច (Phuoc Tich) រៀបរាប់ដោយអស់ពីចិត្តថា៖ “ទោះបីដឹងថា តាមមុខរបរដូនតាទុកមក ពិតជាពិបាកនឹងចិញ្ចឹមគ្រួសារ នាសម័យកាលបច្ចុប្បន្ននេះណាស់ ក៏ប៉ុន្តែបើបោះបង់ចោល នឹងមានទោសចំពោះបុព្វការីជន។ ហេតុនេះ ខ្ញុំស្វាហាប់នឹងមុខរបរ ស្វែងរករបៀបអភិវឌ្ឍវា ដើម្បីរក្សាមុខរបរអតីតកាលផង ជួយឱ្យស្រទាប់យុវវ័យក្នុងភូមិ រៀបបានរបរបុរាណបន្តិចបន្តូច ដែលដូនតាបន្សល់ទុកមក៕
អនុវត្ត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង