ការរស់ឡើងវិញនៃវត្តស្ពាន

ការរស់ឡើងវិញនៃវត្តស្ពាន

 ឆ្លងកាត់ប្រមាណ ៤០០ ឆ្នាំ វត្តស្ពាន ដែលជា​សំណង់​ស្ថាបត្យកម្ម​ពិសេស និង​ជានិមិត្តរូបនៃបេតិកភណ្ឌពិភពលោកមួយនៃទីក្រុងបុរាណ ហូយអាន (Hoi An) កំពុង​ប្រឈម​នឹងការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​។ ដោយមានជំនួយពីអ្នកជំនាញក្នុងស្រុក និងបរទេស អង្គការសហប្រតិបត្តិការអន្តរជាតិមកពីប្រទេសជប៉ុន ការជួស​ជុលធំ​លើកនេះ បានជួយឱ្យវត្តស្ពាន រស់ឡើងវិញ និងមានស្ថេរភាពចិរកាល។

បន្ទាប់ពីប្រមាណ ៤០០ ឆ្នាំឋិតឋេរ ទោះបីជាវត្ត​ត្រូវបានជួសជុលជាច្រើនលើកក៏ដោយ ប៉ុន្តែ​វត្តស្ពាននៅតែប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដូច្នេះចាំបាច់ត្រូវជួសជុលទាំងស្រុង ដើម្បីបង្កើនអាយុកាលរបស់វត្ត​។ រូបថត៖ ថាញ​ហ័រ /កាសែតរូបភាពវៀតណាម

វត្តស្ពាន ឬនៅបានគេហៅថាស្ពានជប៉ុន ឬហៅ​ថា ឡាយ​​វៀន​គៀវ (Lai Vien Kieu) គឺជាសំណង់ដែលមានតម្លៃពិសេសទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មសិល្បៈ ហើយក្លាយជានិមិត្តសញ្ញាពិសេស និងជាព្រលឹងនៃទីក្រុងបុរាណ ហូយអាន (Hoi An)។

ក្នុងរយៈពេលប្រហែល ៤០០ ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមកសាង ទោះបីជាបានឆ្លងកាត់ការជួសជុលជាច្រើនលើកក៏ដោយ វត្តស្ពានមិនអាចជៀសផុតពីការទ្រុឌទ្រោមគុណភាពសំណង់ដូច​បណ្តា​សំណង់ឈើជាច្រើនទៀតដែរ។

ដំណើរការជួសជុលបាន​គិត​គូរ អនុវត្ត និងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ដោយឆ្លងកាត់ដំណាក់កាល​ប្រវត្តិសាស្ត្រជាច្រើន វត្តស្ពានរងផលប៉ះពាល់ដោយពេលវេលា និងបរិស្ថាន ជាពិសេសឥទ្ធិពលនៃព្យុះ និងទឹកជំនន់ប្រចាំឆ្នាំ សំណង់នេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវការជួសជុលជាបន្ទាន់។

បន្ទាប់ពីរយៈពេលជាច្រើន​ថ្ងៃនៃការស្រាវជ្រាវ និងការស្ទង់មតិ សិក្ខាសាលា ការពិភាក្សាជាច្រើនលើក ដើម្បីយល់ព្រមលើផែនការជួសជុល។ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២២ កេរដំណែល​ប្រវត្តិសាស្ត្រវត្តស្ពាន ត្រូវបានចាប់ផ្តើមជួសជុល បន្ទាប់ពីរយៈពេលជាង ១៩ ខែ ការជួសជុល​ធំ​បានបញ្ចប់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។

បន្ទាប់ពីការជួស​ជុល​ធំក្នុងរយៈពេល ១៩ ខែ វត្តស្ពាន ត្រូវបានរស់ឡើងវិញប្រកបដោយនិរន្តរភាពជាមួយនឹងរូបរាងបុរាណ និងស្រស់ស្អាតដូច​ក្នុង​អតីតកាល។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ការជួស​ជុល​ធំនៃវត្ត​ស្ពាន​លើក​នេះ ត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អ្នកជំនាញ និងសិប្បករដែលត្រូវអនុវត្តដោយផ្ទាល់។ ដោយសំណងបានឆ្លង​កាត់រយៈពេលជិតកន្លះសតវត្សមកហើយ ការខូចខាតទ្រុឌទ្រោមធ្ងន់ធ្ងរណាស់ ផ្នែក​មួយ​ចំនួនដែលខូចខាតទាំងស្រុង ដូច្នេះគេ​គ្មាន​ស្លាកស្នាមដើម្បីជួសជុល។ ហេតុ​ដូច្នេះការស្ដារសំណង់នេះឡើងវិញឲ្យបានត្រឹមត្រូវ និងស្រដៀង​នឹង​​ស្ថាន​ភាព​ដើមដែលទាមទារការជួសជុលត្រូវបាន​គិត​គូរយ៉ាងប្រុងប្រយ័ត្ន ត្រឹមត្រូវ និងតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើលទ្ធផលស្ទង់មតិលើស្ថានភាព​ជាក់ស្តែង បុរាណវិទ្យា និងការពិគ្រោះយោបល់របស់​អ្នក​ជំនាញ និងការត្រួតពិនិត្យយពីអាជ្ញាធរមានសមត្ថកិច្ចផង។

ផ្នែក​មួយ​ចំនួន​នៃវត្តស្ពានត្រូវបានអភិរក្សស្ទើរតែដូច​ស្ថានភាពដើម។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ជាពិសេស នេះជាលើកទីមួយហើយ ដែលកេរដំណែល​មួយត្រូវបានជួសជុលថ្មី តែដូចសភាពដើម បានន័យថាជួសជុលបានប្រព្រឹត្តិទៅនៅចំកណ្តាលទីក្រុងបុរាណ ទីដែលជាកន្លែងមានភ្ញៀវទេសចរ និងប្រជាជនតែងឆ្លងកាត់​ទៅ​វិញទៅមក​​កុះករជារៀងរាល់ថ្ងៃ ហើយគេក៏អាចសង្កេតដោយផ្ទាល់ ចូលទៅជិត តាមដាន និងសិក្សាអំពីដំណើរការជួសជុលកែដំណែលទាំងមូលបាន។

កាព្យឆ្លងឆ្លើយធ្វើ​ពី​សេរ៉ាមិច ​នៅ​ក្បាល​ស្ពាន។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ក្នុងដំណើរការជួសជុល ក្បួន​រចនាលម្អិត និងរចនាសម្ព័ន្ធច្រើនដូចជា ឥដ្ឋ ក្បឿង ធ្នឹម កម្រាលឥដ្ឋ ក្បូន ដំបូល... ត្រូវបានគូរសម្គាល់ ថតវីដេអ៊ូ និងថតរូបយ៉ាងល្អិតល្អន់ពីរូបរាង ពណ៌ ទំហំ ដល់ទីតាំង  ដើម្បីជៀសវាងកំហុសកំឡុងពេលរុះរើ និងដំឡើងឡើងវិញ។

កិច្ចខិតខំប្រឹងប្រែងក្នុង​ការជួសជុលលើកនេះបានជួយឲ្យវត្តស្ពានទាំងពន្យារអាយុជីវិត និងអភិរក្សតម្លៃស្ថានភាពដើមរបស់សំណង់​នេះផង។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

ដោយការយកចិត្តទុកដាក់ និងវិទ្យាសាស្រ្ត បន្ទាប់ពីការជួសជុលធំ​លើ​ក​នេះ រូបរាងស្ថាបត្យកម្ម និងរចនាសម្ព័ន្ធនៃវត្តស្ពាន ពីផ្នែគទាំងស្រុង ដល់ផ្នែកលម្អិតត្រូវបានអភិរក្សស្ទើរតែស្រដៀងនឹងស្ថានភាព​ដើម។ ផ្នែកនីមួយៗ រចនាសម្ព័ន្ធ និងវត្ថុបុរាណដែលមានតម្លៃជាប្រវត្តិសាស្ត្រ ប្រសិនបើនៅតែស្ថិតក្នុងស្ថានភាពល្អ នឹងត្រូវរក្សាទុក និងប្រើប្រាស់ឡើងវិញ។ ផ្នែកណាដែលខូចខាតនឹងត្រូវបានពង្រឹង និងបង្កើនភាពធន ដើម្បីដំឡើង​តាម​របៀប​ប្រពៃណី រួមផ្សំ​នឹងសម្ភារៈនិងជាតិ​គីមីទំនើប។ ផ្នែកមួយចំនួនទៀតដែលខូចទាំងស្រុង ហើយត្រូវតែបន្លាស់ ប៉ុន្តែត្រូវ​ធានាទម្រង់ សម្ភារៈ និងបច្ចេកទេសត្រូវបាន​ស្រដៀតនឹងស្ថានភាពដើម។

បន្ទាប់ពីការជួស​ជុល​ធំ វត្តស្ពាននៅតែរក្សាបាននូវសោភណ្ឌភាព និងបុរាណភាព។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

អាចនិយាយបានថា ជិតកន្លះសតវត្សនៃការប្រឈមមុខនឹងពេលវេលា ខ្យល់ និងភ្លៀង បន្ទាប់ពីការជួសជុល​​ធំ​នេះ កេរដំណែល​វត្ត​ស្ពាន​បាន​រស់ឡើងវិញ។ សំណង់​នេះបានជម្នះស្ទើរតែទាំងស្រុងនូវរាល់ចំណុចខ្វះខាត ពង្រឹងភាព​រឹង​មាំ ធានាស្ថិរភាព និងនិរន្តរភាព ដើម្បីបន្តស្ថិតស្ថេរជាមួយនឹងបេតិកភណ្ឌវប្បធម៌ ហូយអាន (Hoi An) ដែល​បន្តជាគោលដៅដែលមិនអាចខ្វះបានក្នុងដំណើរស្វែងយល់របស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

បន្ទាប់ពីការជួសជុល​ធំ​ក្នុង​អំឡុង​ពេល​ច្រើន​ថ្ងៃ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើននាក់​ សប្បាយរីករាយ ស្វាគមន៍ការរស់ឡើងវិញនៃវត្តស្ពាន។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


Top