កម្រងអាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)”

កម្រងអាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)”

ជាមួយ​កម្រងអាវផាយ ផ្កាគ្រីលា និង​ព្រះអាទិត្យ ដាយវៀត (Dai Viet) អ្នក​រចនាម៉ូដ វូ​ឡាន​អាញ (Vu Lan Anh) ស្ថាបនិកា​ម៉ាក​យីហោ​អាវផាយ​ដ៏ល្បី​ល្បាញ​របស់​វៀតណាម ឡា​សែន​វូ (La Sen Vu) បាន​ទាក់ទាញ​​​អារម្មណ៍​របស់ទស្សនិកជន ដែល​ចូល​ចិត្តម៉ូដ ដោយអាវ​ផាយ​ពោរពេញទៅ​ដោយ​អត្តសាញ្ញាណជាតិ។

កម្រងអាវផាយ ផ្កាគ្រីលានិង​ព្រះអាទិត្យ ដាយវៀត (Dai Viet) បាន​ចាត់ទុក​ដូចជា​ការរួមផ្សំ​យ៉ាងថ្លៃថ្នូរ​ និងក្លាហាន​រវាង​គំនិត​រចនាម៉ូដ​សម្លៀក​បំពាក់ពិសេសរបស់អ្នក​រចនាម៉ូដ ​​​វូ​ឡាន​អាញ (Vu Lan Anh) និង​សោភណ្ឌភាពនៃវប្បធម៌វៀតណាម។ ប្រការនេះ​​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់តាមរយៈក្បូរក្បាច់រចនា​​លើ​ផាយ​អាវ។

អ្នក​រចនាម៉ូដ ​​​វូ​ឡាន​អាញ (Vu Lan Anh)​ បាន​ជ្រើស​រសើ ​និង​​ប្រើប្រាស់​រូបភាព​ពិសេស​ប្រកបដោយលក្ខណៈវប្បធម៌​​ភាគខាង​ជើង​ ដូចជា​ ផ្កាគ្រីលា ផ្កា​ឈូក សត្វ​ក្រៀល ​សត្វ​នាគ ហ្សង... ដើម្បីលើកតម្កើង​តម្លៃ​​មរតក ក៏ដូជា​​លើក​កម្ពស់​សម្រស់ស្រស់​ស្អាត ​និង​សុភាព​រាប​សារបស់​ស្ត្រី​វៀតណាម។

ទន្ទឹម​នឹង​នេះ អ្នក​រចនា​ម៉ូដ ​​​វូ​ឡាន​អាញ (Vu Lan Anh) ​​ក៏​យកចិត្តទុក​ដាក់លើ​ការ​ជ្រើសរើសក្រណាត់​ ក៏ដូចជា​ការ​ប្រើប្រាស់​បច្ចេកទេស​កាត់​ដេរ ដើម្បី​បង្កើត​ឡើង​​គំរូ​អាវផាយពិសេស។ កម្រង​អាវផាយ ផ្កាគ្រីលា និង​ព្រះអាទិត្យ ដាយវៀត (Dai Viet) ភាគ​ច្រើន​​បាន​ប្រើប្រាស់​សូត្រ Chiffon Velvet fabric...រួមផ្សំនឹងបច្ចេកទេស​ប៉ាក់​ដោយដៃ តម្បាញដោយដៃ ប៉ាក់បច្ចេកទេសឌីជីថល និងជា​ពិសេសគឺ​បច្ចេកទេស quilt ដ៏​ផ្ចិតផ្ចង់។ មិនត្រឹម​តែ​យក​ចិត្តទុកដាក់​លើ​រចនា​ម៉ូដសម្លៀក​បំពាក់ អ្នក​រចនាម៉ូដ ​​​វូ​ឡាន​អាញ (Vu Lan Anh) ក៏បានវិនិយោគ​លើ​គ្រឿង​លម្អ​បន្ថែម បង្កើត​ភាពលេចធ្លោ​ ដូចជា​គំនូរសិល្បៈ​លើ​ផាយ​អាវ​នីមួយ​ៗ​។  





បើកពិធីបង្ហាញ​ម៉ូដសម្លៀក​បំពាក់កម្រង ផ្កាគ្រីលា និង​ព្រះអាទិត្យ ដាយវៀត (Dai Viet) ជាការបង្ហាញ​​ដោយ​បវរកញ្ញា ម៉ាយ​ភឿង (Mai Phuong) ក្នុង​សម្លៀក​បំពាក់​អាវផាយ​ពណ៌ក្រហម ដែល​រចនា​ដៃអាវប៉ោង​រួម​ផ្សំ​នឹង​ក្បួន​រចនា​ផ្កា​គ្រីលា​ ដែល​បាន​ប៉ាក់​យ៉ាង​ហ្មត់​ចត់។ បន្ទាប់មក​គឺបរវកញ្ញាឯករង​ទី ១ ភឿង​ញី (Phuong Nhi) និង​នារី​ស្រស់​ស្អាតភាគ​ខាង​ជើង ធូ​ភឿង (Thu Phuong) ក្នុង​អាវផាយ​ពណ៌បៃតង​រួមផ្សំ​នឹងអាវខាងក្រៅរចនាប៉ោងស្មាភ្លឺផ្លេកច្រាលពណ៌ ​រចនា​ផ្កាគ្រីលា​បង្ហាញភាពថ្លៃថ្នូរ ។

ពិធីបង្ហាញម៉ូដ​បាន​បញ្ចប់​ដោយការបង្ហាញ​ម៉ូដសម្លៀកបំពាក់​របស់​បរវកញ្ញា លឿង​ធុយលីញ (Luong Thuy Linh) ក្នុង​សម្លៀក​បំពាក់អាវផាយ​ដែល​រចនាសត្វក្រៀល សត្វនាគ ផ្កា​គ្រីលា និង​ព្រះអាទិត្យ​ ដាយ​វៀត​(Dai Viet) ដ៏ស្រស់​ស្រាត​ រួមផ្សំនឹងការ​​ពាក់​មួក ដែលជា​និមិត្តរូបរាជហ្សង​ដ៏​ថ្លៃថ្នូរ​ និង​អនុភាព។

​កម្មវិធី​បង្ហាញ​កម្រងម៉ូដសម្លៀកបំពាក់​អាវផាយ ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet) បន្សល់ទុក​នូវចំណាប់​អារម្មណ៍​មិន​អាចបំភ្លេច​បានទេ​ក្នុង​ដួង​ចិត្ត​ទស្សនិកជន​ នៅពេល​លើកតម្កើង​សម្រស់​វប្បធម៌​ស្ថិតស្ថេរ​ជា​អមតៈនឹង​ពេលវេលារបស់ជនជាតិ​វៀតណាម./. 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង ប្រែសម្រួលដោយ​ង្វៀន​យ៉ាង

 

 


Top