Vinacoco -បញ្ជាក់តម្លៃកសិផលវៀតណាម
ពីទឹកដូងស្រស់នៃតំបន់ បេនត្រេ (Ben Tre) និងត្រាវិញ (Tra Vinh) (បច្ចុប្បន្នជាខេត្តវិញឡុង (Vinh Long)) ក្រុមហ៊ុន Vinacoco បានអភិវឌ្ឍផលិតផលចាហួយដូង សម្រាប់ការនាំចេញទៅកាន់ប្រទេសចំនួន ២៧ ដែលនាំកសិផលវៀតណាម ឈានចូលឱ្យកាន់តែជ្រៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។ ដំណើរនេះគឺជាការរួមផ្សំរវាងគ្រឿងផ្សំក្នុងស្រុក បច្ចេកវិទ្យាទំនើប និងយុទ្ធសាស្ត្រអភិវឌ្ឍចីរភាព។
បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនភាគហ៊ុនអាហារ Vinacoco វៀតណាម ជាសមាជិក GC Food Group តម្រង់ទិសបង្កើនតម្លៃដើមដូង តាមរយៈសសរស្តម្ភបីគឺ គុណភាព បច្ចេកវិទ្យា និងផ្សារភ្ជាប់តំបន់វត្ថុធាតុដើម។ យោងតាមលោក ង្វៀន វ៉ាន់ធូ (Nguyen Van Thu) ប្រធានក្រុមប្រឹក្សាភិបាលនៃ GC Food Group គំនិតបង្កើត Vinacoco ផ្ដើមពីបំណងប្រាថ្នាចង់ "កម្លាយប្រភពទឹកដូងដ៏សម្បូររបស់វៀតណាមទៅជាផលិតផលមានតម្លៃបន្ថែមខ្ពស់ ជំនួសឱ្យការទុកចោលទទេ"។ ដោយគិតនោះ ចាហួយដូងជាដំណោះស្រាយ សម្រាប់ដំណើរការកែច្នៃយ៉ាងស៊ីជម្រៅ ដោយបង្កើនតម្លៃកសិផលក្នុងស្រុក។
រោងចក្រនៅតំបន់ឧស្សាហកម្ម ហូណាយ (Ho Nai) (ខេត្ត ដុងណាយ (Dong Nai) បច្ចុប្បន្នគឺជាទីតាំងផលិត ចាហួយដូងធំជាងគេ នៅប្រទេសវៀតណាម ដែលមាន សមត្ថភាពផលិតបាន ១៥.០០០ តោន/ឆ្នាំ។ ខ្សែសង្វាក់ផលិតកម្មមាន ១៧ ដំណាក់កាលបិទជិតជុំគ្នា ចាប់ពីការប្រមូលទិញទឹកដូងស្រស់ ការល្បើងដោយបាក់តេរី រហូតដល់ការកម្ចាត់មេរោគ និងការវេចខ្ចប់។
ចំណុចលេចធ្លោនៃបច្ចេកវិទ្យាគឺប្រព័ន្ធ Aseptic UHT (Ultra High Temperature)- បច្ចេកវិទ្យាសម្លាប់មេរោគនៅសីតុណ្ហភាពខ្ពស់ ក្នុងរយៈពេលខ្លី ដែលជួយរក្សារសជាតិធម្មជាតិ និងភាពស្រួយនៃចាហួយដូង ដោយមិនចាំបាច់ប្រើសារធាតុរក្សាទុកដោយសិប្បនិម្មិត។ លោក លេ ទ្រីថុង (Le Tri Thong) នាយកប្រតិបត្តិការរោងចក្រ Vinacoco បានឲ្យដឹងថា “បច្ចេកវិទ្យាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្វីៗ ដែលសំខាន់គឺស្មារតីនៃការផលិតផលិតផលស្អាត និងមានតម្លាភាព សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់”។ យោងតាមលោក ថុង (Thong) ចាហួយដូងគឺជាផលិតផល “គ្មានរូបរាង”។ សូម្បីតែកំហុសតិចតូចក្នុងដំណើរការល្បើង ក៏អាចធ្វើឱ្យប៉ះពាល់ដល់ ភាពស្រួយ និងរចនាសម្ព័ន្ធរបស់វាដែរ ហេតុនេះការត្រួតពិនិត្យបច្ចេកទេស គឺជាកត្តាសម្រេចនូវអត្តសញ្ញាណរបស់ផលិតផល។
ក្រៅពីការវិនិយោគលើបច្ចេកវិទ្យា Vinacoco កំពុងលើកកម្ពស់ការធ្វើបរិវត្តកម្មឌីជីថល។ ប្រព័ន្ធទិន្នន័យដែលតភ្ជាប់ដោយផ្ទាល់ទៅនឹងខ្សែសង្វាក់ Aseptic UHT អនុញ្ញាតឱ្យត្រួតពិនិត្យតួលេខប្រតិបត្តិការតាមពេលវេលាជាក់ស្តែង No-code និងបញ្ញាសិប្បនិម្មិត (AI) បានជួយក្នុងការស្វែងរកកំហុសបច្ចេកទេសបានឆាប់រហ័ស បង្កើនការផលិត និងធានាបាននូវស្ថិរភាពផលិតកម្ម ដែលជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងទីផ្សារដែលមានតម្រូវការតឹងរឹង។
ទាក់ទងនឹងការគ្រប់គ្រងគុណភាព ផលិតផលទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា៖ FSSC ២២០០០, HACCP, ISO ២២០០០, Halal និង FDA។ ព្រមទាំងបានទទួលស្គាល់ OCOPផ្កាយ ៤ កសិផលគំរូរបស់ខេត្ត ដុងណាយ (Dong Nai) ក្នុងឆ្នាំ២០២៥ និងពានរង្វាន់មួយចំនួនដូចជា ពានរង្វាន់គុណភាពជាតិឆ្នាំ២០២២ និងផ្កាយមាសវៀតណាម ឆ្នាំ២០២៤។
យោងតាមតំណាងក្រុមហ៊ុន ការធ្វើឱ្យមានលក្ខណៈស្តង់ដារដំណើរការផលិត ជាគ្រឹះ ដើម្បីបន្តរក្សាគុណភាពវែងឆ្ងាយ និងកសាងទំនុកចិត្តជាមួយដៃគូអន្តរជាតិ។ ទន្ទឹមនឹងនោះ គំរូតំណភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារកសិកររាប់រយគ្រួសារ នៅ បេនត្រេ (Ben Tre) ធានាវត្ថុធាតុដើមមានស្ថេរភាព បង្កើតខ្សែសង្វាក់តម្លៃចីរភាព ចាប់ពីតំបន់វត្ថុធាតុដើមទៅកាន់រោងចក្រ។
បច្ចុប្បន្ន ចាហួយដូង Vinacoco មានវត្តមាននៅទីផ្សារជាច្រើន ដូចជា ជប៉ុន កូរ៉េខាត្បូង សហរដ្ឋអាមេរិក និងអឺរ៉ុប។ ផលិតផលចម្រុះ ពីចាហួយហូបភ្លាម ចាហួយរសជាតិផ្លែឈើ ចាហួយជាវត្ថុធាតុដើមសម្រាប់ F&B... រហូតដល់ខ្សែផលិតផល “healthy” ជាតិស្ករតិច និងសម្បូរជាតិសរសៃ ដែលបំពេញតាមនិន្នាការប្រើប្រាស់មានសុខភាពល្អនៅពិភពលោក។
ដំណើរការរបស់ Vinacoco បង្ហាញថា នៅពេលដែលបច្ចេកវិទ្យា ការគ្រប់គ្រង និងចក្ខុវិស័យយុទ្ធសាស្ត្រ បានរួមបញ្ចូលគ្នា កសិផលវៀតណាម មិនត្រឹមតែបញ្ឈប់តួនាទីត្រឹមវត្ថុធាតុដើមតែប៉ុណ្ណោះ ថែមទាំងអាចក្លាយជាផលិតផលបានកែច្នៃយ៉ាងស៊ីជម្រៅ ពាំនាំតម្លៃបន្ថែមខ្ពស់ និងតំណាងឱ្យរូបភាពនៃវិស័យកសិកម្មទំនើប និងសមាហរណកម្ម៕
អត្ថបទ៖ ថុងហាយ - រូបថត៖ ថុងហាយ/ VNP និងឯកសាររបស់ Vinacoco
















