UNESCO និង ទីក្រុងបេតិកភណ្ឌហាណូយ

UNESCO និង ទីក្រុងបេតិកភណ្ឌហាណូយ

នាឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៧០​ ទិវា​រំដោះ​រដ្ឋធានី​ហាណូយ​ (ថ្ងៃទី​១០/១០/១៩៥៤ - ១០/១០/២០២៤) លោក​ Jonathan Wallace Baker ប្រធាន​តំណាង​អង្គការ​អប់រំ​ វិទ្យាសាស្ត្រ និង វប្បធម៌​នៃ​អង្គសហប្រជា​ជាតិ​ (UNESCO) ប្រចាំ​​ប្រទេសវៀតណាម​ មាន​បទសម្ភាសន៍​ជាមួយនឹង​អ្នកសារព័ត៌មាន​នៃ​កាសែត​រូបភាព​វៀតណាម​ អំពី​ទីក្រុង​​បេតិកភណ្ឌ​ហាណូ​យ។​

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖ បទពិសោធន៍​មួយ​ចំនួន​ដែល​​ចំណាប់អារម្មណ៍​បំផុត​ចំពោះ​លោក​ ក្នុង​អំឡុង​​ពេល​ធ្វើការ​នៅ​ហាណូយ​ - រដ្ឋធានី​នៃប្រទេសវៀតណាម​ គឺជា​អ្វី​?​

លោក​ Jonathan Wallace Baker៖ ខ្ញុំ​ធ្វើ​ដំណើរ​មកដល់ប្រទេស​វៀតណាម​ នៅ​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​​តួនាទី​ជា​ប្រធាន​តំណាង​អង្គការ​ UNESCO ប្រចាំ​ប្រទេសវៀតណាម​ គិត​ដល់​បច្ចុប្បន្ន​ បាន​ជិត​៩ខែ​​ហើយ​។ ទោះបី​​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​ខ្ញុំ​មាន​ឱកាស​ជា​ច្រើន​ បាន​ឃើញ​នូវ​ចំណុច​ពិសេស​នៅទីនេះ។ ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដំបូង​​ គឺ​សកម្មភាព​វប្បធម៌​ប្រពៃណី​នៃប្រជាជន​វៀតណាម​ បាន​សម្តែង​នៅ​រាជវាំង​ថាំង​ឡុង​ - បេតិកភណ្ឌ​ពិភពលោក​ ដែល​បាន​អង្គការ​ UNESCO ​ទទួល​ស្គាល់​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​២០២៤។ ប្រការ​ដែល​ធ្វើ​ឱ្យ​ខ្ញុំមាន​ចំណាប់​អារម្មណ៍ខ្លាំង​​បំផុត​ គឺទំនៀម​ទម្លាប់​អុជធូប​បូជា​បុព្វការីជន មហាក្សត្រ​ ស្តេចក្រាញ់ សែនអ្នក​តាចង្រ្កាន​ ឬ ធ្វើនំ​បាញ់ចឹង​ (Chung) នៅ​រាជវាំង​ថាំង​ឡុង​  និង ទីកន្លែង​មួយ​ចំនួន​ទៀត នៅ​ជុំវិញ​រាជវាំង​។​

លោក​ Jonathan Wallace Baker ប្រធាន​តំណាង​អង្គការ​អប់រំ​ វិទ្យាសាស្រ្ត​ និង វប្បធម៌​នៃ​អង្គការ​សហប្រជា​ជាតិ​ (UNESCO)  ប្រចាំ​​ប្រទេសវៀតណាម​ ឆ្លើយ​បទសម្ភាសន៍​។ រូបថត៖ ឯកសារ​ UNESCO

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖ លោក​ឃើញ​បរិស្ថាន​ធ្វើការ​នៅ​ហាណូយ​ដូចម្តេច ហើយ​មាន​ការ​ប៉ះពាល់​ដល់ការងារ​ និង ទស្សនាទាន​របស់​លោក​ដូចម្តេច​ខ្លះ​?​

លោក Jonathan Wallace Bakerហាណូយ​ជា​រដ្ឋធានី​ស្អាត​​មាន​ទន្លេបឹង​បួរ​ជា​ច្រើន​។ ទោះបី​គ្រួសារ​ខ្ញុំ​ និង ខ្ញុំ​ជា​ជន​បរទេស​ ប៉ុន្តែ​យើង​ខ្ញុំ​តែង​មាន​អារម្មណ៍​កក់ក្តៅ​ នៅ​គ្រប់ទីកន្លែង​ទាំងអស់​​។ ​ប្រជាជនវៀតណាម​មានចិត្ត​ល្អ ជិតស្និទ្ធ​ជាមួយ​យើង​ខ្ញុំ​។ យើង​ខ្ញុំ​តែង​បាន​ប្រជា​ជន​នៅ​មូលដ្ឋាន​ ស្វាគមន៍​ទទួល​ពេល​ធ្វើដំណើរ​លេង​កម្សាន្ត​។ ហាក់ដូចជា​យើង​ខ្ញុំ​បានរ​ស់នៅទី​នេះ​ជា​យូរ​យារណាស់មកហើយ​ដែរ។ ហេតុនេះ យើង​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ ពេល​រស់នៅទីនេះ។ ក្នុងនាម​ខ្ញុំ​ជា​អ្នក​តំណាង​​ ខ្ញុំ​ចង់​បង្កើន​ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ រវាង​ការិយាល័យអង្គកា​រ​​ UNESCO ប្រចាំ​ប្រទេស​ និង ទីក្រុង​ហាណូយ ​ដើម្បី​នាំរដ្ឋធានីហាណូយ​ ក្លាយជា​រដ្ឋធានី​ច្នៃ​ប្រតិដ្ឋ​នៃតំបន់​។​

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖  ផ្នែកណាមួយ​នៃ​វប្បធម៌ និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ នៅ​រដ្ឋធានី​ហាណូយ​ ដែល​បង្កចំណាប់​អារម្មណ៍​ជ្រៅ​ចំពោះ​លោក​ ហើយ​វា​មាន​អន្តរកម្ម​ដល់​ការ​កៀក​ជិត​ការ​ងារ​របស់​លោក​ដូចម្តេច​ខ្លះ​?​

លោក Jonathan Wallace Baker៖ ខ្ញុំ​គិតថា​នៅ​មាន​ប្រការ​ជា​ច្រើន​ត្រូវ​ស្វែង​យល់​ អំពី​ទីក្រុង​ហាណូយ​ ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​សង្គម​ និង ធម្មជាតិ​។ និយាយ​រួម​ ខ្ញុំ​យល់​ឃើញ​ថា​ ប្រជាជន​ហាណូយ​​សុខ​ស្ងប់​ មាន​និន្នាការ​លើកកម្ពស់​សន្តិភាព​ក្នុង​ទង្វើ​ និង អាកប្បកិរិយា​ ប្រការ​នេះ​សមស្រប​នឹង​ចក្ខុវិស័យ​នៃ​អង្គការ​ UNESCO  គឺ​ជំរុញ​កសាង​សន្តិភាព​ ក្នុង​ចិត្ត​ប្រជាជន​ តាមរយៈ​ការអប់រំ​ វិទ្យាសាស្រ្ត​ និង វប្បធម៌។ ប្រការ​នេះ ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​មោទនភាព​ជាង​ចំពោះ​អង្គការ​ និង ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រចាំ​​ប្រទេសវៀតណាម​។​

ឆ្នាំ​២០១០ អង្គការ​ UNESCO បាន​ទទួលស្គាល់​តំបន់​មជ្ឈមណ្ឌល​រាជវាំង​ថាំង​ឡុង​ - ហាណូយ​ ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​​ ផ្អែក​លើ​កំហិត​ចំនួន​៣៖ អាយុកាល​ប្រវត្តិសាស្រ្ត​ វប្បធម៌​អំឡុង​១៣សតវត្សរ៍ គិត​លំដាប់លំដោយ​នៃ​បេតិកភណ្ឌ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​អំណាច​មួយ​ និង ស្រទាប់​កេរដំណែល​ វត្ថុបុរាណ​ សម្បូរបែប​ រស់រវើក​។ រូបថត៖ កាសែតរូបភាពវៀតណាម​

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖ ពេល​ពិចារណា​អំពី​ពេល​វេលា​ដែល​ធ្វើការ​នៅ​ហាណូយ​ លោក​ជឿជាក់​​ថាប្រកា​រអ្វី​ដែលធ្វើ​ឱ្យ​ទីក្រុង​នេះ ក្លាយ​ពិសេស​ភាព​ជាង​ បើប្រៀប​នឹង​ទីក្រុង​ដទៃ ដែល​លោក​ធ្លាប់បានទៅធ្វើការ​ ហើយ​ភាពពិសេស​នោះ បានកំណត់​រូបភាព​ពិសោធន៍​របស់​លោក​ដូចម្តេច​?​

លោក Jonathan Wallace Bakerខ្ញុំ​គិត​ថា​ភាព​ពិសេស​នៃ​ហាណូយ ​ជា​ការ​លាយ​ឡំ​រវាង​តម្លៃប្រពៃណី និង សហសម័យ​នៃសង្គម​។ ដូចខ្ញុំ​បា​ន​និយាយ​មុននោះ មាន​ទំនៀម​ទម្លាប់​វប្បធម៌​ប្រពៃណី​ បាន​ប្រព្រឹត្ត​ទៅ​​នៅ​ទីកន្លែង​ពិសេស​ នៅចំ​ពេលវេលា​ពិសេស​ ជួយ​មនុស្សគ្រប់គ្នា​ រលឹក​ដល់គុណណូបការៈ​នៃ​បុព្វការី​ជន​ ក៏ដូចជា​ដើម​កំណើត​ និង កេរដំណេល ដែល​ដូនតាបាន​បន្សល់ទុកមក​។ ទន្ទឹមនោះ ហាណូយ​​សឱ្យ​ឃើញ​ថា​មាន​ភាព​សកម្ម ច្នៃប្រតិដ្ឋ​ ផ្លាស់ប្តូរ​ថ្មី​នៃ​ស្រទាប់យុវវ័យ​ អ្នកសកម្ម​ ស្វាហាប់​ជាច្រើន​ ចូ​លរួមដល់​ការ​កំណើន​ និង អភិវឌ្ឍ​ទីក្រុង​។ ចំពោះខ្ញុំ​ ប្រការ​ទាំងអស់នេះ នឹងធ្វើ​ឱ្យ​ហាណូយ​ក្លាយ​ជា​ទីក្រុងពិសេស​ខុសប្លែកពីទីក្រុងដទៃ​។

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖ លោក​វាយ​តម្លៃ​យ៉ាងណាអំពីប្រព័ន្ធ​បេតិកភណ្ឌ​រូបី​ និង​ អរូបី របស់​ទីក្រុង​ហាណូយ​ជា​ទូទៅ​ និង ដោយ​ឡែក​? តាម​លោក ​ប្រជាជន​វៀតណាម​ ត្រូវ​ការ​ធ្វើ​អ្វី​ ដើម្បី​រួម​ដៃជាមួយនឹង​រដ្ឋាភិបាល​អភិរក្ស​នូវ​កេរដំណែល​របស់​រដ្ឋធានី​ហាណូយថ្ងៃនេះ​?​

លោក Jonathan Wallace Bakerច្បាស់លាស់ណាស់​ ហាណូយ​ជា​ទីក្រុង​មួយ​សម្បូរ​ទៅដោយ​កេរដំណែល​ ទាំងរូបី ​និង​អរូបី។ កេរដំណែល​​ជា​ច្រើន​ ដែល​បាន​អង្គការ​ UNESCO ​ទទួល​ស្គាល់​ ប្រការ​នោះ​មាន​ន័យថា​ ​វា​បានបង្ហាញនូវ​តម្លៃ​សកល​លេចធ្លោ​នៃ​មនុស្ស​សាស្រ្ត​ និងជា​កេរដំណែល​​នៃសហគមន៍​អន្តរជាតិ​។ ខ្ញុំ​ស្នើប្រជាជន​វៀតណាម​ ជា​ពិសេស​​អ្នក​ក្រុង​ហាណូយ​ ចូរ​យក​ចិត្តទុកដាក់​ជាង​ទៀត​ ដល់ការ​អភិរក្ស​ និង ពង្រីក​តម្លៃ​កេរដំណែល​នៃទីក្រុង​ហាណូយ​ តាមរយៈ​កម្មវិធី​អប់រំ​កេរដំណែល​ ឬ​កម្មវិធី​ប្រពៃណី ​ដើម្បី​អាច​បង្វែរ​កេរដំណែល​ទាំង​នោះ បានបញ្ជូន​ទៅកាន់​មនុស្សជំនាន់ក្រោយ​ ជួយ​ពួកគាត់​យល់​ដឹង​អំពីប្រវត្តិ ​ក៏​ដូចជា​ជួយ​អភិវឌ្ឍកេរដំណែល​ក្លាយ​ជា​ភាព​ជិតស្និទ្ធ​ជាង​ជាមួយនឹង​សហគមន៍​។​

ឆ្នាំ២០១០ ផ្ទាំងសិលា​ចារិកវគ្គប្រឡង​ថ្នាក់បណ្ឌិត​នៃ​រាជការ​ ឡេ (Le) និង ម៉ាក (Mac) (១៤៤២ - ១៧៧៩) នៅ​សកលវិទ្យាល័យបុរាណ​​ វ៉ាន់​មីវ​ - ក្វឹក​ទឺយ៉ាម (Van Mieu – Quoc Tu Giam) (ហាណូយ)​ បាន​ទទួល​ស្គាល់​ជា​កេរដំណែល​ឯកសារ​ពិភពលោក​។ រូបថត៖ កាសែតរូបភាព​វៀតណាម​

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖ លោក​ចាប់អារម្មណ៍​បំផុ​ត​​កេរដំណែលមួយ​​ណា​របស់​ហាណូយ​ ដែល​លោក​ធ្លាប់បាន​ពិសោធន៍​?​

លោក Jonathan Wallace Bakerហាណូយ​មាន​កេរដំណែល​ជាច្រើន ​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​​ និង កេរដំណែល​ជា​ច្រើន ​បាន​ស្ថាប័ន​រដ្ឋ​មាន​សមត្ថកិច្ច​ទទួលស្គាល់​។ ខ្ញុំ​ក៏ពិបាក​កំណត់​ជាក់លាក់​ថា​កេរដំណែលមួយ​ណា​ ដែល​ខ្ញុំចូល​ចិត្តបំផុតដែរ​។ ត្រូវ​និយាយ​ថា ​ខ្ញុំ​បានចូលទស្សនា និង ស្វែងយល់​កេរដំណែល​ទាំង​អស់​របស់​ហាណូយ​ ដូចជា​កេរដំណែល​រូបី​រាជវាំង​ថាំងឡុង​ កេរដំណែល​ឯកសារ​វ៉ាន​មីវ​ (Van Mieu) កេរដំណែល​អរូបី​ពិធីបុណ្យ​ថាញ​យុង​ (Thanh Giong)។ល។

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖  ប្រសិនបើ​ហៅ​ហាណូយ​ជា​ទីក្រុង​កេរដំណែល​ ប្រការ​នេះ​ចំពោះលោក​មានតម្លៃ​បំផុត​នៅ​ប្រការ​អ្វី​?​

លោក Jonathan Wallace Bakerពិតជា​ហាណូយ​ជា​ឃ្លាំង​កេរដំណែល​ធំ​មហិមា​។ ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ការ​ដែល​រដ្ឋអំណាច​ទីក្រុង​ និង ស្ថាប័ន​ពាក់ព័ន្ធ ​កំពុង​ខិតខំ​អស់ពីចិត្ត​ពីថ្លើម​ដើម្បី​អភិរក្ស​ និង ពង្រីក​តម្លៃ​កេរដំណែល​របស់ទីក្រុង​ ជាពិសេស​គឺ​នៅលើ​ឆាក​អន្តរជាតិ​ នា​​ប៉ុន្មានឆ្នាំថ្មីៗនេះ។​

អ្នក​សារព័ត៌មាន ប៊ិច​វឹន​៖  សូមថ្លែង​អំណរអរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះលោក​​ដែល​បាន​ចូលរួម​កិច្ច​សម្ភាសន៍​ដ៏ចំណាប់អារម្មណ៍​នេះ!

រូបថត៖ អង្គការ​ UNESCO និង ឯកសារ​កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top