អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) នាំយករូបភាពស្រែកាំជណ្តើរផ្ដិតលើស្នាដៃម៉ូដសម្លៀកបំពាក់

អ្នករចនាម៉ូដ ង្វៀន ឡានអាញ (Nguyen Lan Anh) នាំយករូបភាពស្រែកាំជណ្តើរផ្ដិតលើស្នាដៃម៉ូដសម្លៀកបំពាក់

ថ្មីៗនេះ អ្នក​រចនា​ម៉ូដ​ ង្វៀន​ ឡាន​អាញ (Nguyen Lan Anh) - អនុបណ្ឌិត​ ប្រធានដេប៉ាតឺម៉ង់​រចនា​ម៉ូដសម្លៀកបំពាក់ ​នៃ​សកលវិទ្យាល័យ​យីតឹន (Duy Tan)​ ដាណាំង​ ជា​ CEO ពាណិជ្ជសញ្ញា​ម៉ូដសម្លៀកបំពាក់​បុរស​ Moncheri - និងជាអ្នកធ្លាប់បានស្គាល់ក្នុងវិស័យ​ម៉ូដ​សម្លៀកបំពាក់​វៀតណាម ​និង ​អន្តរជាតិ​ បាន​បង្ហាញ​វត្តមាន​កម្រង​ម៉ូដ​សម្លៀក​បំពាក់​​និទាឃរដូវ​ និង​ រដូវ​ប្រាំង​​ឆ្នាំ​២០២៤ មាន​ឈ្មោះថា​ Moncheri in Mucachaជាមួយ​​ម៉ូដសម្លៀកបំពាក់​ចំនួន​៤៥ឈុត​ បាន​ធ្វើឡើង​​​ក្នុង​អំឡុង​ពេល​៣ខែ​ ផ្តើម​គំនិត​​ចេញពី​សម្រស់​អមតៈ​ នៃ​ស្រែ​កាំជណ្តើរ​​នៅ​ស្រុក​មូកាង​ចាយ​ (Mu Cang Chai) ខេត្ត​អៀន​បាយ (Yen Bai)​។ តាមរ​យៈ​កម្រងផលិតផល​របស់​ខ្លួន​ អ្នក​រចនា​ម៉ូដ​ចង់​​ផ្ញើ​មនោសញ្ចេតនា​ភូមិកំណើត​​ ព្រមទាំង​​ផ្សព្វផ្សាយ​វប្បធម៌​ កេរដំណែល​វៀតណាម​ ទៅ​ដល់​មហាជន​។​

អ្នក​​រចនា​ម៉ូដ​ ង្វៀន ឡាន​អាញ​ (Nguyen Lan Anh) កើត​នៅ​ខេត្ត​អៀន​បាយ​ (Yen Bai) ទីនេះ មិនត្រឹមតែ​បាន​ស្គាល់​ដោយ​រូបភាព​ជ្រោះ ​ថាកបា​ (Thac Ba) ជ្រោះ​ស៊ុយ​យ៉ាង​ (Suoi Giang) ភ្នំតា​សួ (Ta Xua)។ល។ ប៉ុណ្ណោះទេ នៅ​ទាំងបានល្បី​ឈ្មោះ​ជាមួយ​រួបភាព​តំបន់​រម្មណីយដ្ឋាន​ស្រែកាំជណ្តើរ​មូកាង​ចាយ​ (Mu Cang Chai)។ ដោយ​មនោសញ្ចេតនា​ចំពោះ​​ភូមិកំណើត ​ដូច្នេះ​អ្នក​រចនា​ម៉ូដ​បាន​ដាក់​ឈ្មោះ​កម្រង​ផលិតផល​ថ្មីរបស់ខ្លួន​ថា Moncheri in Mucacha ឈ្មោះមួយនេះ​​​បែប​អឺរ៉ុប​ ប៉ុន្តែ​ការពិត​ជាបែប​​វៀតណាម​ ពីព្រោះ​ Mucacha ជា​កន្សោម​ពាក្យ​សរសេរកាត់នៃ​​កន្សោម​ពាក្យ​ Mu Cang Chai

រាត្រី​សម្តែង​បវរកញ្ញា​អន្តរទ្វីប​ បាវ​ង៉ុក (Bao Ngoc) អ្នក​រចនាម៉ូដ ង្វៀន​ ឡាន​អាញ​ (Nguyen Lan Anh) និង សិល្បករ​ប្រជាជន​ ទឺឡុង​ (Tu Long) ទទួល​បានការគាំទ្រពី​សំណាក់​ទស្សនិកជន​។​

តាម​រយៈ​គំនិត​សិល្បៈនៃ​​អ្នក​រចនាម៉ូដ​ កម្រង​ Moncheri in Mucacha ផ្តល់ជូន​អ្នក​ទស្សនា​នូវ​រឿប​រ៉ាវ​ដ៏ចំណាប់​ៗ​អំពី​រដូវកាលទាំង​៤​ នៃ​​រម្មណីយដ្ឋាន​ស្រែកាំជណ្តើរ​មូកាង​ចាយ​ (Mu Cang Chai) ​រួមមាន​៖ រដូវ​ទឹកចូល​ស្រែ​​ រដូវ​សំណាប់ខ្ចី​ រដូវ​ស្រូវ​ចេញ​ផ្កា​ និង​រដូវ​ស្រូវ​ទុំ​។ រដូវ​នីមួយ​ៗ​តែង​មាន​សម្រស់ស្អាត​ដោ​យឡែក​ លក្ខណៈ​ពិសេសមួយ​បែប​ តំណាង​ឱ្យ​កាំ​អារម្មណ៍​របស់មនុស្ស​ ពេល​សប្បាយ​ ពេល​កើត​ទុក្ខ ពេល​ពោរពេញ​ និង​ពេល​រសាយ​​។​

 

ផ្តើមគំនិត​​ចេញពី​ស្រែកាំជណ្តើរ​មូកាង​ចាយ​ (Mu Cang Chai) អ្នក​រចនាម៉ូដ​ង្វៀន​ ឡានអាញ (Nguyen Lan Anh) បាន​នាំយក​អត្តសញ្ញាណ​ជនជាតិ​ ផ្ដិតលើ​ស្នាដៃ​​​ទំនើប​ ដេញទាន់សម័យ​និន្នាការ​ម៉ូដសម្លៀកបំពាក់​ចីរភាព​ (Eco Fashion) នៃ​ពិភពលោក តាម​រយៈ​របៀប​ប្រើប្រាស់​វត្ថុធាតុ​សំពត់​ និងរបៀប​តុប​តែង​ស្នាដៃ​​។ ស្នាដៃ​​ទាំងឡាយ​ ក្នុងកម្រង​ Moncheri in Mucacha បាន​ធ្វើ​​ចេញពី​វត្ថុធាតុ​សំពត់​​អំបោះ​ឫស្សី​១០០%​ ដែលជាវត្ថុធាតុមួយ​ជិត​ស្និទ្ធនឹង​បរិស្ថាន​ រឹងមាំ​ ទន់ ត្រជាក់ និង​សុវត្ថិភាព​ សម្រាប់អ្នកប្រើប្រាស់​។ ប្រការ​នោះ​សឱ្យ​ឃើញ​ថា ដំណាក់កាលជ្រើសយក​វត្ថុធាតុ​សំពត់​ អ្នក​រចនាម៉ូដ​ពិតជាយកចិត្តទុកដាក់​ដល់​កំហិត​ម៉ូដសម្លៀកបំពាក់​អេកូឡូស៊ី​។​

 

ចំណុច​ពិសេស​ និងភាពផ្ចិត​ផ្ចង់​ នៃ​កម្រង​ Moncheri in Mucacha គឺ​ជា​ក្បាច់​រចនា​ អំពី​ស្រែ​​កាំជណ្តើរនៅលើ​ម៉ូដសម្លៀកបំពាក់​ គឺបាន​គូរ​ទៅ​ដោយ​ក្រមួន​ឃ្មុំ​​ដោយផ្ទាល់នៅ​លើ​ផ្ទៃសំពត់ ។ ​ដើម្បី​ធ្វើ​បាន​សំពត់នេះ នារី​ជនជាតិ​ H'Mong បាន​ធ្វើ​ប្រកប​ដោ​យ​បច្ចេកទេស​​គូរ​ដោយ​​ក្រមួន​ឃ្មុំ​​ តាមរបៀប​ប្រពៃណី​។ ពួកគាត់​ប្រើ​បន្ទះ​ឫស្សី​តូច​វែង​ប្រហែល​៧​សង់​ទិ​ម៉ែត្រ​ គួបផ្សំ​នឹង​ជក់​ធ្វើដោយ​ស្លឹក​ស្ពាន់ រូច​គូរលើ​ផ្ទៃសំពត់​។ ​ពេល​គូរ​ ពួកគាត់​អង្គុយ​ក្បែរចង្ក្រាន​​ ជ្រលក់​ជក់​ចូល​ឆ្នាំង​ក្រមួន ​កំពុង​ក្តៅ​ដាក់នៅលើ​ចង្រ្កាន​ភ្លើង​ក្រហម​ឆ្អៅ​ យកគូរលើ​សំពត់​ រក្សាយ៉ាងណាឱ្យ​ទឹក​ក្រមួនបាន​​​ជ្រាបស្មើ មិន​បែក​ហូរ​ពាសពេញ​។ បទដ្ឋាន​​ឮ​ហើយ​គិតថា​ងាយ ​ប៉ុន្តេ​ដើម្បីធ្វើ​បាន​សំពត់​មួយផ្នត់​​ ពួកគាត់​ត្រូវការ​ពេលវេលា​​ កម្លាំង​កាយចិត្ត​យ៉ាង​ច្រើន ​អ្នក​រចនា​ម៉ូដ​ ង្វៀន ​ឡាន​អាញ​ (Nguyen Lan Anh) បានរៀប​រាប់​។

 

តាម​រយៈ​កម្រងផលិតផល អ្នក​​រចនា​ម៉ូដ​ ង្វៀន​ ឡាន​អាញ (Nguyen Lan Anh) មាន​បំណង​ចង់​នាំ​យក​សិល្បៈ​គូរ​ក្រមួន​​របស់​ជនជាតិ H'Mong​ ចេញផុត​ពី​វិសាលភាព​ភូមិស្រុក​ ដើម្បី​ទៅកៀក​ជិត​នឹង​វាល​ទំនាប​ ទីក្រុង​។ ទន្ទឹមនោះ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​​នៅ​ក្នុង​តំបន់​មូកា​ងចាយ​ (Mu Cang Chai) ​ជួយ​បង្កើន​គុណភាព​រស់នៅ​ ស្ថេរភាព​​សេដ្ឋកិច្ច​គ្រួសារ​។ ជ្រៅ​ជាង​នេះទៅ​ទៀត គឺនាំ​យក​សិល្បៈ​​ចេញពី​ថ្វី​ដៃសិប្បករ​ ឱ្យ​ចូល​​ជិត​​នឹង​ភ្ញៀវ​អភិជន​ចំណូល​ខាង​សម្លៀកបំពាក់​ក្នុងស្រុក​ ក៏ដូចជា​អន្តរជាតិ​​៕​

ទិដ្ឋភាព​ឈុត​សម្តែង​ម៉ូដសម្លៀកបំពាក់​ “MONCHERI in MUCACH”។

អត្ថបទ​ និង រូបថត៖ ត្រឹន​ ថាញយ៉ាង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​

 


Top