អ្នកតភ្ជាប់សមុទ្រវៀតណាមជាមួយពិភពលោក

អ្នកតភ្ជាប់សមុទ្រវៀតណាមជាមួយពិភពលោក

ជាងកន្លះសតវត្សរ៍​បានផ្សារភ្ជាប់​ជាមួយ​នឹង​វិទ្យាសាស្ត្រសមុទ្រ សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូហូយ (Nguyen Chu Hoi) បានក្លាយជាឥស្សរជនឆ្នើម​របស់វៀតណាម ក្នុង​កិច្ចសហប្រតិបត្តិការ​សមុទ្រក្នុងតំបន់ ​និងអន្តរជាតិ។ ពីទំព័រ​កាសែតរូបភាព​វៀតណាម ​នៅប្រទេស​ប៉ូឡូញ រហូត​ដល់​វេទិកាអាស៊ាន និងពិភពលោក គាត់តែងតែនាំយក​រូបភាពនៃ​ប្រទេស​វៀតណាមមួយ ដែលមានទំនួលខុសត្រូវ សហប្រតិបត្តិការ និង​ឆ្ពោះទៅ​រកការអភិវឌ្ឍ​ប្រកបដោយចីរភាពទៅកាន់ពិភពលោក។

សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន​ ជូហូយ​ - អតីត​អគ្គនាយករង នៃអគ្គនាយកដ្ឋាន​សមុទ្រ និងកោះ​វៀតណាម អនុប្រធានអចិន្ត្រៃយ៍ នៃសមាគមជលផលវៀតណាម។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/VNP

ទំព័រ​កាសែត​រូបភាពវៀតណាម នៅតំបន់ត្រជាក់

ប្រការ​ដែលចំណាប់អារម្មណ៍ ចំពោះសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហូយ មិនត្រឹម​តែជា​ឋានន្តរស័ក្តិ​ គោរមងារ ឬស្នាមជើងឆ្លងកាត់ ៧២ប្រទេសប៉ុណ្ណោះទេ ថែម​ទាំង​ជាប្រភពថាមពលរបស់មនុស្សម្នាក់ ដែលលះបង់ក្តីស្រឡាញ់ទាំងស្រុង ចំពោះសមុទ្រ​មាតុភូមិ។ ក្នុងវ័យ ៧៥ឆ្នាំ លោកនៅតែខិតខំប្រឹងប្រែងដើម្បីតភ្ជាប់​សមុទ្រ​វៀតណាម ជាមួយ​នឹងមហា​សមុទ្រពិភពលោក ដោយចំណូលចិត្ត​ដែលមិនចេះរីងស្ងួត។

មានមនុស្សតិចណាស់ដែលដឹងថាដំណើរនោះ បានចាប់ផ្តើមពីអនុស្សាវរីយ៍ដ៏សាមញ្ញមួយ នៅទីក្រុងវ៉ាសូវី (Warszawa ប្រទេសប៉ូឡូញ) នៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ កាលដែលគាត់នៅជាបេក្ខជនបណ្ឌិត​ ក្រៅពីម៉ោងសិក្សា លោកតែងតែយកកាសែត​​រូបភាពវៀតណាមជាច្រើនច្បាប់ទៅណែនាំដល់កុមារប៉ូឡូញ។

សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន​ ជូហូយ​ ស្រាវជ្រាវឯកសារវិទ្យាសាស្ត្រនៅក្នុងទូសៀវភៅ​ផ្ទាល់ខ្លួន ដែលលោក​បាន​សន្សំទុកជាច្រើនទសវត្សរ៍។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/VNP

លោករំលឹកឡើងថា តាមរយៈរូបថត និងរឿងរ៉ាវអំពីប្រទេសជាតិ លោកចង់ឱ្យមិត្តអន្តរជាតិយល់ថា ប្រទេសវៀតណាមមិនត្រឹមតែមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនរួសរាយរាក់ទាក់ វប្បធម៌សម្បូរបែប និងប្រទេសមួយ ដែលពោរពេញដោយភាពរស់រវើកផងដែរ​។ ទំព័រកាសែត​រូបភាពនៅពេលនោះ មិនត្រឹមតែជាមធ្យោបាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាស្ពានវប្បធម៌ដំបូងគេ ដែលផ្សារភ្ជាប់មាតុភូមិជាមួយមិត្តអន្តរជាតិ។

លោកធ្លាប់បានចែករំលែកថា សមុទ្រចំពោះគាត់គឺ “សេចក្តីស្នេហាមួយ”។ ប្រហែលជាក្តីស្រឡាញ់នោះហើយ ដែលបានដឹកនាំរូបលោកពីសកម្មភាពផ្លាស់ប្តូរតូចតាចនៅបរទេស ទៅជាតួនាទីជាអ្នកវិទ្យាសាស្ត្រសមុទ្រ និងជាអ្នកគ្រប់គ្រងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្ពានរឹងមាំ រវាងវៀតណាម និងមហាសមុទ្រពិភពលោក

ក្នុងអំឡុងពេលពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ បណ្តាប្រទេសអាស៊ាន បានបោះឆ្នោតជាបន្តបន្ទាប់ ដោយផ្តល់ទំនុកចិត្តឱ្យលោកកាន់តំណែងសំខាន់ពីរគឺ៖ ប្រធានអនុគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រអាស៊ាន (ASEAN SCMSAT) និងជាប្រធានក្រុមការងារបរិស្ថានសមុទ្រ និងតំបន់ឆ្នេរអាស៊ាន (AWGCME)។ ការជ្រើសរើសជាបន្តបន្ទាប់ ដោយមិនធ្វើតាមគោលការណ៍ប្តូរវេននេះ បានបង្ហាញពីការទទួលស្គាល់ចំពោះសមត្ថភាពវិជ្ជាជីវៈ និងកិត្យានុភាពរបស់តំណាងប្រទេសវៀតណាម នៅលើវេទិកាតំបន់។

ស្នាដៃស្រាវជ្រាវអំពីសមុទ្ររបស់សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូហូយ។ រូបថត៖ ត្រឹន ថាញយ៉ាង/ VNP

នៅអាស៊ាន លោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍តាមរយៈការគិតអំពីការគ្រប់គ្រងសមុទ្រប្រកបដោយភាពផ្សារភ្ជាប់គ្នា។ ឆ្លើយតបនឹងសំណួរអំពីតួនាទីរបស់ប្រទេសឡាវ - ដែលជាប្រទេសតែមួយគត់គ្មានសមុទ្រ នៅក្នុងតំបន់អាស៊ាន - លោកបានផ្តល់នូវអំណះអំណាងខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ "ទន្លេរាប់រយហូរចេញសមុទ្រ"។ យោងតាមលោក ការគ្រប់គ្រងសមុទ្រមិនអាចកាត់ផ្តាច់ចេញពីការគ្រប់គ្រងអាងទន្លេ​បានឡើយ​។ បរិស្ថានសមុទ្រ និងបរិស្ថានដីគោក តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។

សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន ជូហូយ - ជារូបភាពតំណាងឱ្យអ្នកវិទ្យាសាស្ត្រសមុទ្រជំនាន់នាំមុខ​ ដែលមានទាំងចំណេះដឹងទ្រឹស្តីច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅ អំពីការអនុវត្តយុទ្ធសាស្ត្រសមុទ្រជាតិ។ រូបថត៖ ត្រឹន ថាញយ៉ាង/ VNP
ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូ ហូយ នៅតែងប់ងល់នឹង​ការស្រាវជ្រាវវិទ្យាសាស្ត្រ។ រូបថត៖ ត្រឹន ថាញយ៉ាង/VNP

លោកបានស្នើឱ្យប្តូរឈ្មោះពី អនុគណៈកម្មាធិការវិទ្យាសាស្ត្រសមុទ្រ ទៅជា អនុគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រអាស៊ាន (SCMSAT) ដោយសង្កត់ធ្ងន់លើ​តួនាទី​របស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការស្រាវជ្រាវ ការគ្រប់គ្រង និងការធ្វើអាជីវកម្មមហាសមុទ្រប្រកបដោយចីរភាព។

សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន​ ជូហូយ​ ចែករំលែកអំពីបរិបទអភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ
វៀត​ណាម នៅក្នុង​សិក្ខាសាលា​មួយ។ រូបថត៖ ឯកសារ

ក្រៅពីអាស៊ាន លោកក៏បានចូលរួមក្នុងគណៈកម្មាធិការដឹកនាំនៃវេទិកាមហាសមុទ្រសកល (GOF) ក្នុងតំណែងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិសម្រាប់គំនិតផ្តួចផ្តើមព្រៃទឹកប្រៃ​ ដើម្បីអនាគត (MFF) ក្នុងដំណាក់កាល ២០១០ - ២០១៥ ព្រមទាំងបានចូលរួមកសាងផែនការទូទៅ​ នៃតំបន់ឆ្នេរឈូងសមុទ្រហាឡុង (Ha Long) ក្នុងឆ្នាំ២០០៥ ផងដែរ។


ពីបេក្ខជនបណ្ឌិតម្នាក់នាំយកកាសែត​រូបភាពវៀតណាម មកនិទានអំពីមាតុភូមិ នៅកណ្តាល​រដូវរងានៅអឺរ៉ុប រហូតទៅ​ជាអ្នកជំនាញម្នាក់ ដែលអាស៊ានជឿទុកចិត្ត​ប្រគល់ភារកិច្ចសំខាន់ៗអស់រយៈពេលជាច្រើនឆ្នាំ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហូយ​ បានបង្ហាញឱ្យឃើញពីរឿងដ៏សាមញ្ញមួយ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ សមុទ្រវៀតណាមតភ្ជាប់ទៅនឹងពិភពលោក មិនត្រឹមតែតាមរយៈគោលនយោបាយ​ប៉ុណ្ណោះទេ នៅទាំង​តាមរយៈមនុស្ស​ ដែលលះបង់ពេញមួយជីវិតរបស់គាត់ សម្រាប់ក្តីស្រឡាញ់ចំពោះមាតុភូមិ និងមហាសមុទ្រផងដែរ៕

អត្ថបទ៖ វីថាវ - រូបថត៖ ត្រឹន ថាញ់យ៉ាង

ប្រែសម្រួល៖ រីកើង​


Top