អូកែវ - បាថេ ក្នុងដំណើរក្លាយជាបេតិកភណ្ឌពិភពលោក

អូកែវ - បាថេ ក្នុងដំណើរក្លាយជាបេតិកភណ្ឌពិភពលោក

លាក់​​​ខ្លួននៅក្រោមស្រទាប់ដីល្បាប់ នៃតំបន់ណាមបូ (ភាគខាងត្បូងប្រទេស​វៀតណាម) មជ្ឈមណ្ឌលពាណិជ្ជកម្មបុរាណមួយ កំពុងលេចចេញរូបរាងជាបណ្តើរៗ។ ចាប់ពីការ​កំណាយ​ស្រាវ​ជ្រាវ​វត្ថុបុរាណ​ រហូតដល់ការរៀបចំសំណុំឯកសារដាក់បញ្ជូនទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អូកែវ - បាថេ បានបើក​​ដំណើរនាំយកបេតិកភណ្ឌវៀតណាមដាក់​ចូល​​ចរន្ត​​នៃអរិយធម៌មនុស្សជាតិ។

 

នៅកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយនៃជើងភ្នំបាថេ (ខេត្តអាន​យ៉ាង​) ពិតជាពិបាកនឹងស្រមៃថា ទីនេះធ្លាប់ជាទីក្រុងអ៊ូអរមួយ នា​កាលជិតពីរពាន់ឆ្នាំមុន ប៉ុន្តែនៅក្រោមស្រទាប់ដីល្បាប់​​ស្ងប់ស្ងាត់ ស្លាកស្នាមនៃវប្បធម៌អូកែវ ដែលផ្សារភ្ជាប់ជាមួយអាណាចក្រហ្វូណន (សតវត្សទី - ) កំពុងត្រូវបានលាតត្រដាងជាបណ្តើរៗ តាមរយៈការធ្វើកំណាយនីមួយៗ។

តំបន់កេរដំណែលបុរាណ និងស្ថាបត្យកម្មសិល្បៈ អូកែវ - បាថេ ជាប្រជុំ​កេរដំណែលដ៏មានសារៈសំខាន់ពិសេស ដែលឆ្លុះបញ្ចាំងពីវប្បធម៌អូកែវបុរាណ និងអាណាចក្រហ្វូណន​។ រូបថត៖ ឡេមិញ​​/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពនៃការ ធ្វើកំណាយបុរាណវិទ្យានៅស្ថានីយ Go Cay Thi (ទួលដើម​ចន្ទ​) ស្ថិតក្នុងប្រជុំ​កេរដំណែលអូកែវ - បាថេ (ខេត្តអានយ៉ាង) ក្នុងឆ្នាំ១៩៤៤។ នេះគឺជាទីតាំងមួយ​ក្នុង​ចំណោម​ទីតាំង​សំខាន់បំផុត ដែលជួយឱ្យអ្នកបុរាណវិទ្យា លោក Louis Malleret បញ្ជាក់​ពីអត្ថិភាពនៃវប្បធម៌អូកែវដ៏រុងរឿង ​ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹក​ នៃអាណាចក្រហ្វុណន​ នាសម័យបុរាណ។ រូបថត៖ EFEO
 

វប្បធម៌​អូកែវ ជា​វប្បធម៌​ដ៏ធំមួយ​ក្នុង​ចំណោម​វប្បធម៌​ធំៗ​ទាំង​បី​របស់​វៀត​ណាម​ រួមជាមួយ​វប្បធម៌ដុងសឺន (Dong Son) នៅភាគខាងជើង និង​វប្បធម៌​សាហ៊្វិញ (Sa Huynh) នៅ​ភាគ​កណ្តាល​។ មាន​អត្ថិភាព​ចាប់​ពី​សតវត្សទី២ ដល់​​សតវត្សទី៧ វប្បធម៌​អូកែវ បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង នៅ​តំបន់​ណាមបូ​ ក្នុង​នោះ​​តំបន់​​អូកែវ - បាថេ បាន​ចាត់​ទុក​ថាជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​ ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​អន្តរជាតិ​​ដ៏​សំខាន់​បំផុតនៅ​អាស៊ី​អាគ្នេយ៍​នាពេល​នោះ។ ការ​រកឃើញ​ខាង​បុរាណវិទ្យា បានបង្ហាញ​ថា ទីនេះធ្លាប់​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទូលំទូលាយ ជាមួយ​អរិយធម៌​ធំៗ​ជាច្រើន​ដូច​ជា ចិន ឥណ្ឌា និងរ៉ូម។

ចាប់តាំងពីអ្នកបុរាណវិទូ លោក Louis Malleret បានរកឃើញទីតាំងនេះ ក្នុងឆ្នាំ១៩៤៤ អូកែវ - បាថេ បានក្លាយជាចំណុចសំខាន់បំផុតមួយ ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្របុរាណនៅតំបន់អាស៊ីអាគ្នេយ៍។ ស្រទាប់​អវសាទ​ ​ដែលមើលទៅហាក់ដូចជាគ្មានវិញ្ញាណទាំងនោះ បែរជាផ្ទុកនូវ​​រឿងរ៉ាវធំធេង អំពីការ​​ដោះដូរពាណិជ្ជកម្ម ការតភ្ជាប់ និងការអភិវឌ្ឍ

ភស្តុតាងនៃ​ការ​ស្រាវ​ជ្រាវ​វត្ថុបុរាណ​ ចាប់ពីសតវត្សដំបូងនៃគ្រិស្តសករាជ ទីនេះ​​​បានកកើត​​ជាទីក្រុងអភិវឌ្ឍជាមួយ​នឹង​សកម្មភាពផលិតកម្ម និងការដោះដូរទំនិញយ៉ាងកុះករ​។ ស្ថិតនៅលើអ័ក្សតភ្ជាប់ រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈច្រកសមុទ្រ Kra តំបន់អូកែវ - បាថេ ធ្លាប់ដើរតួនាទីជា "ស្ថានីយផ្ទេរទំនិញ" ក្នុងបណ្តាញពាណិជ្ជកម្មខាងកើត - ខាងលិច

 

ក្រុមអ្នកបុរាណវិទ្យា កំពុងសិក្សាអំពីទីតាំងកំណាយ​​វប្បធម៌អូកែវ លើតុខ្សាច់​សិប្បនិម្មិត។ រូបថត៖ EFEO
រណ្តៅកំណាយនៅស្ថានីយ Go Cay Thi (ទួលដើម​ចន្ទ) ស្ថិតក្នុងប្រជុំ​តំបន់កេរដំណែលអូកែវ - បាថេ។ រូបថត៖ ថុង​ថៀន​​​/កាសែតរូបភាពវៀតណាម

នៅក្នុងរណ្តៅកំណាយ បំណែកក្អមឆ្នាំងរាប់លានគ្រឿង ត្រូវបានរកឃើញ ដែលជាបំណែកតូចៗ ប៉ុន្តែបង្កប់នូវស្លាកស្នាមនៃដំណើរដ៏ឆ្ងាយ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុបុរាណជាច្រើន ដែលមានប្រភពមកពី រ៉ូម ឥណ្ឌា ចិន និងអាស៊ីខាងលិច ឆ្លុះបញ្ចាំងពីបណ្តាញពាណិជ្ជកម្មលាតសន្ធឹង ចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់អាស៊ីបូព៌ា

យោងតាម​​សាស្រ្តាចារ្យ​ បណ្ឌិត ប៊ូ​យ មិញ​ទ្រី (Bui Minh Tri) ប្រធាន​វិទ្យាស្ថានស្រាវជ្រាវអរិយធម៌អាស៊ី បានឱ្យដឹងថា ការរកឃើញគ្រឿង​កុលាលភាជន៍​​​នាំចូលពីក្រៅប្រទេស នៅតាមទីតាំងនានាដូចជា  Nen Chua (គ្រឹះស្ថាន​វត្ត) ឡុង​ឡើន (Lung Lon) Go Giong Cat (ទួល​ផ្នោរខ្សាច់) គឺជាភស្តុតាងដ៏ច្បាស់លាស់ សម្រាប់វត្តមាននៃចរន្តពាណិជ្ជកម្មឆ្លងតំបន់

បើពិនិត្យឱ្យទូលំទូលាយ សាស្ត្រាចារ្យ ង្វៀន វ៉ាន់​គីម​ (Nguyen Van Kim) សមាជិកនៃគណៈកម្មការបេតិកភណ្ឌជាតិ បានលើកឡើងថា៖ ការរកឃើញតាមបែបវិទ្យាសាស្ត្រ ទាំងនោះគឺជាភស្តុតាងគួរឱ្យទុកចិត្ត និងជាក់ស្តែងបំផុត អំពីតួនាទី សមត្ថភាពក្នុងការប្រមូលផ្តុំ និងការសាយភាយ ក៏ដូចជា​​លក្ខណៈសមុទ្រ ផ្នត់​គំនិត​​ឆ្ពោះទៅរកសមុទ្រ និងលក្ខណៈពាណិជ្ជកម្មដ៏លេចធ្លោ នៃមជ្ឈមណ្ឌលសេដ្ឋកិច្ច - វប្បធម៌អូកែវ និងអាណាចក្រភ្នំ

 

 
វត្ថុបុរាណដែលមានអាយុកាលតាំងពីសតវត្សទី១ ដល់ទី៧ ត្រូវបានដាក់តាំងបង្ហាញនៅតំបន់កេរដំណែលអូកែវ។ រូបថត៖ ង្វៀន​ឡឹន​​​​/កាសែតរូបភាពវៀតណាម

មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ អូកែវ - បាថេ ក៏ជាកន្លែងរស់នៅដែលមានទ្រង់ទ្រាយធំផងដែរ។ ស្លាកស្នាមនៃសំណង់ស្ថាបត្យកម្ម តំបន់លំនៅឋាន​ រោងជាងសិប្បកម្ម រួមជាមួយប្រព័ន្ធប្រឡាយទឹកបុរាណ បានគូរឡើងនូវរូបភាពដ៏រស់រវើក អំពីជីវភាពរស់នៅនៃ​អ្នកស្រុកបុរាណ។

វត្ថុបុរាណចំនួន ៣.៣៤៥ នៃតំបន់កេរដំណែលបុរាណ​អូកែវ - បាថេ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងអគារ​តាំងពិពណ៌វប្បធម៌អូកែវ។ រូបថត៖ ខាញ់​ហ្វា/VNA

ប្រឡាយទឹកបុរាណទាំងនោះ សព្វថ្ងៃនៅតែបន្សល់ស្នាមនៅលើវាលស្រែ ធ្លាប់​​ជា "សរសៃឈាម" តំណភ្ជាប់ទីក្រុង។ វាមិនត្រឹមតែបម្រើដល់វិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវដឹកជញ្ជូនតាម​ផ្លូវទឹក តភ្ជាប់តំបន់លំនៅឋាន ទៅនឹងបណ្តាញពាណិជ្ជកម្មដ៏ធំទូលាយ។ ប្រព័ន្ធនេះហើយ ​​បានរួមចំណែកកំណត់តួនាទីរបស់អូកែវ ជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្ម​​តំបន់។

លំហ​​វប្បធម៌អូកែវ មិនមែន​កំណត់​កម្រិតតែខេត្តអាន​យ៉ាង​​ប៉ុណ្ណោះទេ ប៉ុន្តែវា​​បាន​​លាតសន្ធឹងពាសពេញតំបន់ដីសណ្តទន្លេមេគង្គ និងឈានទៅដល់តំបន់​ភូមិ​ភាគខាងត្បូង នៃភូមិភាគ​​​កណ្តាលវៀតណាម​។ ស្ថានីយនានានៅខេត្ត ដុងថាប (Dong Thap) អានយ៉ាង​ ក្រុងកឹន​ធើ​ ខេត្តឡឹម​ដុង (Lam Dong)​។ល។ សឱ្យ​ឃើញាថា នេះគឺជាប្រព័ន្ធវប្បធម៌អន្តរតំបន់ ទី​ដែល​មជ្ឈមណ្ឌលជាច្រើនរួមរស់នៅ និងតភ្ជាប់គ្នា។

នៅក្រុងកឹន​ធើ​ ជាពិសេសនៅតំបន់ញើន​ងៀ​ (Nhơn Nghĩa) ការរកឃើញ​វត្ថុបុរាណបានបំពេញ​បន្ថែមបំណែករូបភាពដ៏សំខាន់។ ស្ថានីយលំនៅឋាន​ ស្លាកស្នាមផលិតកម្ម និងវត្ថុបុរាណលក្ខណៈពិសេស បង្ហាញថាទីនេះធ្លាប់ចូលរួម​​បណ្តាញសេដ្ឋកិច្ច - សង្គមដ៏ធំទូលាយ នៃវប្បធម៌អូកែវ។


 

វត្ថុបុរាណដែលធ្វើពីមាស ត្បូងមានតម្លៃ កែវ ឬលោហៈ មិនត្រឹមតែបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជីវភាពសម្ភារៈដ៏សម្បូរបែបរបស់អ្នកស្រុកបុរាណផងដែរ។ ទន្ទឹមនឹងនោះ វត្តមាននៃវត្ថុបុរាណនាំចូលពីក្រៅប្រទេស បន្តបង្ហាញពីភាពបើកចំហ និងសមត្ថភាពតភ្ជាប់យ៉ាងខ្លាំងក្លានៃវប្បធម៌នេះ។

 
ភ្ញៀវទេសចរចូលទស្សនារតនភណ្ឌជាតិនៃវប្បធម៌អូកែវ ដែលដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តអានយ៉ាង។ រូបថត៖ ង្វៀន​ឡឹន​​​​​​/កាសែតរូបភាពវៀតណាម

ខេត្តអានយ៉ាង​ មាន​រតនភណ្ឌ​ជាតិចំនួន១០ ពាក់​ព័ន្ធ​នឹងវប្បធម៌​អូកែវ ដែល​​​បាន​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ ក្នុង​នោះ​គណៈ​គ្រប់គ្រង​តំបន់​វប្បធម៌​អូកែវ​ រក្សា​ទុក​រតនភណ្ឌចំនួន​ ៤ គឺ៖ រូបចម្លាក់ព្រះពុទ្ធ ឡិញ​សឺន​បាក់​ (Linh Son Bac) ចិញ្ចៀនរូបគោនន្ទិន Giong Cat (ផ្នោ​រខ្សាច់) ព្រះសិរសាពុទ្ធបដិមា ឡិញ​សឺន​បាក់ (Linh Son Bac) និង Mo Vo (ផ្នូរក្រឡ) Go Cay Tram (ទួល​​​ដើម​ព្រីង)​។ សារមន្ទីរខេត្តអានយ៉ាង​រក្សាទុករតនភណ្ឌចំនួន​៦​ផ្សេងទៀត ដែល​លេចធ្លោជាងគេ​គឺ រូប​សំណាក​​ព្រះព្រហ្ម​​ កម្ពស់ ៣៧,៥សង់ទីម៉ែត្រ​ កាល​បរិច្ឆេទ​សតវត្សទី ៦ - ៧ និង​រូបសំណាក​​ព្រះពុទ្ធ ធ្វើពីឈើ សតវត្សទី ៤ - ៦។

ជ្រុង​​ស៊ីជម្រៅមួយទៀត ជីវភាពស្មារតី​នៃ​អ្នកស្រុកអូកែវ ឆ្លុះបញ្ចាំងយ៉ាងច្បាស់​​ពីការធ្វើសមាហរណកម្មវប្បធម៌។ រូប​សំណាក​​​ព្រះពុទ្ធ រូបសំណាក​ព្រះអាទិទេព​សំណាកលិង្គ - យោនី សឱ្យ​ឃើញ​ថា​មាន​វត្តមានទាំងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា បង្ហើបពី​​​ទស្សនៈពិភព​ពិពិធ​ និងបើកចំហមួយ​

សព្វថ្ងៃនេះ វត្ថុបុរាណរាប់លានគ្រឿង ដែលពាក់ព័ន្ធនឹងវប្បធម៌អូកែវ កំពុងត្រូវបានរក្សាទុក និងស្រាវជ្រាវ។ ក្នុងនោះ វត្ថុបុរាណជាច្រើនបានទទួលស្គាល់ជា "រតនភណ្ឌជាតិ" ហើយ​បាន​​ក្លាយជា "បំណែករូបភាព" ដ៏សំខាន់ក្នុងការជួយកសាងឡើងវិញ នូវរចនាសម្ពន្ធ​​​នៃ​​ខឿន​អរិយធម៌មួយ​ ដែល​​ធ្លាប់​​រីកចម្រើន​​រុងរឿងនៅតំបន់​​ណាមបូ

ទន្ទឹមនឹងនោះ ការងារអភិរក្សកំពុងផ្លាស់ប្តូរពី "ការរក្សាទុក" ទៅជា "ការដាស់ឱ្យភ្ញាក់"។ ទម្រង់​​អភិរក្សនៅនឹងកន្លែង ដូចជាសារមន្ទីរ​លំហ​ខាង​ក្រៅ​​ កំពុង​​បានសិក្សា និងអនុវត្ត ដើម្បីនាំយកបេតិកភណ្ឌឱ្យមកជិតនឹងសាធារណជន។ ប្រជាជន​មូលដ្ឋាន ផ្តើម​ពី​រស់នៅក្បែរស្ថានីយ ទៅ​ជា​​កំពុង​​ក្លាយ​​ជាអង្គសំខាន់​ ចូលរួមការពារបេតិកភណ្ឌ។

 

បុគ្គលិក​នៃគណៈគ្រប់គ្រងតំបន់កេរដំណែលអូកែវ - បាថេ កំពុងត្រួតពិនិត្យ និងរាប់ចំនួនវត្ថុបុរាណ ដើម្បីបម្រើដល់ការងារស្រាវជ្រាវវិទ្យាសាស្ត្រ។​ រូបថត៖ ថុងថៀន​​​​​​​/កាសែតរូបភាពវៀតណាម

សេចក្តី​​សម្រេចលេខ80-NQ/TW ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ របស់​ការិយាល័យ​នយោបាយ ស្តីពី​​ការអភិវឌ្ឍ​​វប្បធម៌​វៀត​ណាម ខិត​ខំ​សម្រេច​បន្ថែម​​​បេតិកភណ្ឌវប្បធម៌ឱ្យ​បាន​ចំនួន​៥ទៀត បាន​អង្គ​ការ​ UNESCO ទទួល​ស្គាល់ និង​ចុះបញ្ជី។ បេតិកភណ្ឌវប្បធម៌​អូកែវ ជា​ទង់​ជ័យ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​​សេចក្តី​សម្រេច​ដ៏សំខាន់​នេះ។

ចំណុចរបត់ដ៏សំខាន់មួយបានបង្កើតឡើង នៅដើមឆ្នាំ២០២៦ នៅពេលប្រទេសវៀតណាម បានដាក់បញ្ជូនសំណុំឯកសារជាផ្លូវការ តំបន់​កេរដំណែល​​បុរាណ អូកែវ - បាថេ ទៅកាន់អង្គការ UNESCO ដើម្បីសុំការទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ សំណុំឯកសារបានសង្កត់ធ្ងន់លើតម្លៃដ៏ឆ្នើម ជាសកលនៃបេតិកភណ្ឌ ជាពិសេសក្នុងតួនាទីតំណភ្ជាប់ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មវប្បធម៌ក្នុងប្រវត្តិសាស្ត្រតំបន់។

ជាមួយ​​នឹងតំបន់ស្នូលប្រហែល ៤០០ហិកតា ក្នុងផ្ទៃដីសរុបជាង ១.៤០០ហិកតា បច្ចុប្បន្នបេតិកភណ្ឌនេះ កំពុងឈានចូលដំណាក់កាលវាយតម្លៃអន្តរជាតិ។ នេះគឺជាដំណើរបំពេញបែបបទដែលទាមទារមិនត្រឹមតែភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមត្ថភាពអភិរក្ស និងការគ្រប់គ្រងជាក់ស្តែងផងដែរ

រាល់ព័ត៌មានលម្អិតនៃសំណុំឯកសារ កំពុងបានសម្រេចឱ្យបានពេញលេញតាម​​ស្តង់ដារអន្តរជាតិ ខណៈដែលការងាររៀបចំនៅទីវាលត្រូវបានពន្លឿន ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ គណៈកម្មការវាយតម្លៃ

ផ្តើម​ពី​ស្រទាប់អវសាទ​ រហូតដល់ជំហាននៃសមាហរណកម្ម អូកែវ - បាថេ កំពុងផ្លាស់ប្តូរខ្លួនបន្តិចម្តងៗ ពីស្ថានីយកំណាយ ទៅជាបេតិកភណ្ឌរស់រវើក។ ប្រសិនបើ បានចុះបញ្ជីដោយអង្គការ​ UNESCO ទីនេះនឹងមិនត្រឹមតែជាមោទនភាពរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចតភ្ជាប់ការចងចាំរួម​នៃ​មនុស្សជាតិ ទី​កន្លែង​ដែល​អរិយធម៌នានា ធ្លាប់បានប្រមូល​គ្នា និងបន្សល់ទុកនូវស្លាកស្នាមក្នុងចរន្តប្រវត្តិសាស្ត្រ 

អត្ថបទ៖ហ្វីញ ត្រុង​ខាញ់​ រូបថត៖ ឡេមិញ​ ថុង​ថៀន​ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម​​ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ និង EFEO

ប្រែសម្រួល៖ រីកើង


Top