ហាណូយ - គោលដៅនៃលំហូរដើមទុន FDI គុណភាពខ្ពស់
ពីបណ្ដារោងចក្រផលិតឧស្សាហកម្ម រហូតដល់មជ្ឈមណ្ឌល R&D និងបច្ចេកវិទ្យាខ្ពស់ រដ្ឋធានីហាណូយ កំពុងរៀបចំប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ដើម្បីទទួលស្វាគមន៍លំហូរដើមទុន FDI ដែលមានបរិមាណបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។
កំណត់រូបភាពប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាថ្មី
រដ្ឋធានីហាណូយ កំពុងផ្លាស់ប្តូរទស្សនៈលើការវិនិយោគបរទេស។ ប្រសិនបើពីមុន ភាពប្រៀបនៃទីតាំង ទីកន្លែង និងប្រភពកម្លាំងពលកម្ម ធ្លាប់ជាកត្តាសំខាន់ៗដែលជួយរដ្ឋធានីនេះ ទាក់ទាញ គម្រោង FDI នោះ ពេលនេះទីក្រុងកំពុងឆ្ពោះទៅរកការវិនិយោគជំនាន់ថ្មី ទីដែលបច្ចេកវិទ្យា នវានុវត្តន៍ ធនធានមនុស្សគុណភាពខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្លាយជាកត្តាស្នូល។
នៅក្នុងសន្និសីទជំរុញការវិនិយោគ និងប្រកាសការរៀបចំផែនការរដ្ឋធានី ជាមួយនឹងចក្ខុវិស័យ ១០០ឆ្នាំ កាលពីខែមិថុនា ឆ្នាំ២០២៦ ទីក្រុងហាណូយ បានសម្រេចចិត្តលើគោលការណ៍វិនិយោគសម្រាប់គម្រោងក្នុងស្រុកចំនួន ១៣៨ ដែលមានទុនសរុបប្រមាណ ៣,៥ - ៣,៦លាន ពាន់លានដុង ព្រមទាំងទាក់ទាញទុន FDI ប្រមាណ ៣,២ ពាន់លានដុល្លារអាមេរិក។
នៅពីក្រោយតួលេខដ៏ធំទាំងនោះ គឺជាទិសដៅយ៉ាងច្បាស់លាស់៖ ទីក្រុងហាណូយ មិនត្រឹមតែស្វែងរកគម្រោង ដែលនាំយកដើមទុនមកទីក្រុងប៉ុណ្ណោះទេ ថែមទាំងតម្រង់ទិសទៅរកអ្នកវិនិយោគដែលអាចរួមកសាងកម្លាំងចលករកំណើនថ្មីៗ ជាមួយទីក្រុងផងដែរ។
លោក វូ ដាយថាំង (Vu Dai Thang) អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានមានប្រសាសន៍ថា ទីក្រុងកំពុងផ្តោតលើការកសាងមូលដ្ឋានគ្រឹះ និងកម្លាំងចលករកំណើនថ្មី ព្រមទាំងបន្តកែលម្អបរិស្ថានវិនិយោគ ទៅតាមទិសដៅតម្លាភាព ស្ថិរភាព និងភាពងាយស្រួល។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ទីក្រុងហាណូយមានគម្រោង FDI ដែលមានសុពលភាពជាង ៩.២០០ គម្រោង ជាមួយនឹងទុនចុះបញ្ជីសរុបជាង ៧៤,៦ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងផលិតកម្ម ទីក្រុងកំពុងផ្តល់អាទិភាពដល់វិស័យ ដែលមានតម្លៃបន្ថែម និងមាន ឥទ្ធិពលរីកសាយភាយធំធេង ដូចជាបច្ចេកវិទ្យាខ្ពស់ ឧបករណ៍ពាក់កណ្តាលចម្លង (semiconductor) បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យ (data center) តំបន់ឧស្សាហកម្មជំនាន់ថ្មី ភស្តុភារកម្ម (logistics) ឆ្លាតវៃ ថាមពលស្អាត សេដ្ឋកិច្ចវិលជុំ សុខាភិបាល អប់រំគុណភាពខ្ពស់ និងការអភិវឌ្ឍទីក្រុងតាមគំរូ TOD។
អាទិភាពទាំងនេះ ឆ្លុះបញ្ចាំងពីជំហានផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងគំនិតទាក់ទាញ FDI របស់ទីក្រុងហាណូយ៖ ផ្តើមពីការទាក់ទាញដើមទុន ទៅជាការជ្រើសរើសគុណភាពនៃលំហូរដើមទុន។
តាមសាស្ត្រាចារ្យរង បណ្ឌិត លឿង ត្វឹនអាញ់ (Luong Tuan Anh) នៃសាកលវិទ្យាល័យ De Montfort (ចក្រភពអង់គ្លេស) ទីក្រុងហាណូយមានភាពប្រៀបពិសេស ខណៈជាមជ្ឈមណ្ឌលនយោបាយ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសវៀតណាមផង ព្រមទាំងមានប្រភពធនធានមនុស្សគុណភាពខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីចំណេះដឹង និងនវានុវត្តន៍។ ទាំងនេះជាលក្ខខណ្ឌសមស្របសម្រាប់លំហូរដើមទុន ដែលមានបរិមាណបច្ចេកវិទ្យាខ្ពស់ សកម្មភាព R&D និងសេវាកម្ម ដែលមានតម្លៃបន្ថែមធំ។
វត្តមាននៃស្ថាប័នរៀបចំគោលនយោបាយ គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នការទូត និងសម្ពន្ធក្រុមហ៊ុនធំៗជាច្រើន ក៏បង្កើតភាពទាក់ទាញសម្រាប់ក្រុមហ៊ុនពហុជាតិ ដែលមានតម្រូវការបង្កើតការិយាល័យប្រចាំតំបន់ ឬមជ្ឈមណ្ឌលសម្របសម្រួលផងដែរ។
បណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) ប្រធានសហសាខាសមាគមហិរញ្ញវត្ថុតំបន់ឧស្សាហកម្មវៀតណាម និងជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានវិនិយោគបរទេស បានវាយតម្លៃថា ទីក្រុងហាណូយមានសក្តានុពល ក្លាយជាមជ្ឈមណ្ឌលទាក់ទាញ FDI គុណភាពខ្ពស់ឈានមុខនៅវៀតណាម និងមានសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតតំបន់។
ទំនុកចិត្តនៃសម្ពន្ធក្រុមហ៊ុនអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅវៀតណាម កំពុងរួមចំណែកកំណត់រូបភាពយ៉ាងច្បាស់ នូវនិន្នាការនេះ។
បន្ទាប់ពីមានវត្តមានជិត៧០ឆ្នាំ នៅតំបន់ឧស្សាហកម្មថាំងឡុង ក្រុមហ៊ុន Sumitomo Corporation (ជប៉ុន) បន្តដាក់ទំនុកចិត្ត និងវិនិយោគរយៈពេលវែងនៅទីក្រុងហាណូយ។ ចំពោះ NVIDIA បំណងប្រាថ្នា មិនត្រឹមតែឈប់ត្រឹមសកម្មភាពអាជីវកម្មប៉ុណ្ណោះទេ នៅថែមទាំងរួមដំណើរកសាងប្រព័ន្ធអេកូឡូស៊ី AI នៅក្នុងរដ្ឋធានី ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ គំរូមូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស រហូតដល់កម្មវិធីអនុវត្តក្នុងទំហំធំ។
ការប្តេជ្ញាចិត្តទាំងនោះបង្ហាញថា ទីក្រុងហាណូយ កំពុងបានមើលឃើញតាមរបៀបផ្សេង នៅក្នុងកែវភ្នែករបស់អ្នកវិនិយោគអន្តរជាតិ។
មិនត្រឹមតែជាកន្លែងតាំងទីរោងចក្រមួយប៉ុណ្ណោះទេ ទីក្រុងហាណូយ កំពុងក្លាយជាកន្លែងដែលសហគ្រាសអាចស្វែងរកធនធានមនុស្ស អភិវឌ្ឍបច្ចេកវិទ្យា អនុវត្ត R&D កសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកសកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់។
ថាំងឡុង - ហ្វាឡាក៖ ពីផលិតកម្ម ដល់បច្ចេកវិទ្យាខ្ពស់
ការផ្លាស់ប្តូរនោះ អាចមើលឃើញយ៉ាងច្បាស់តាមរយៈ ទីធ្លាអភិវឌ្ឍន៍គំរូពីរ របស់ទីក្រុងហាណូយ៖ តំបន់ឧស្សាហកម្ម ថាំងឡុង និងតំបន់បច្ចេកវិទ្យាខ្ពស់ហ្វាឡាក។
ថាំងឡុង ជារូបភាពនៃទីក្រុងហាណូយឧស្សាហកម្ម ដែលបានបង្កើតជារូបរាងឡើង។ ចាប់តាំងពីច្រើនឆ្នាំមុនមក តំបន់ឧស្សាហកម្មនេះ បានប្រមូលផ្តុំសហគ្រាសធំៗ ក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក គ្រឿងបន្លាស់ មេកានិចប្រាកដប្រជា រថយន្ត ម៉ូតូ និងឧស្សាហកម្មគាំទ្រ។ Canon, Panasonic, Yamaha Motor, DENSO, TOTO, Mitsubishi, Toshiba, Sumitomo, Molex, Enkei, FCC... បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីផលិតកម្មទំហំធំ តភ្ជាប់ទីក្រុងហាណូយជាមួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
ប៉ុន្តែ ថាំងឡុងនាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជារឿងរ៉ាវនៃខ្សែសង្វាក់ផលិតកម្មទៀតនោះទេ។ សហគ្រាស FDI ជាច្រើន នៅទីនេះ កំពុងពង្រីកបន្តិចម្តងៗ ទៅកាន់ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) និងការកសាងមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី។ តម្លៃនៃគម្រោងមួយ មិនត្រឹមតែស្ថិតនៅលើផលិតផល ដែលបានបង្កើតនៅក្នុងរោងចក្រប៉ុណ្ណោះទេ នៅថែមទាំងស្ថិតនៅលើចំណេះដឹង បច្ចេកវិទ្យា និងសមត្ថភាព ដែលត្រូវបានសន្សំទុក នៅពីក្រោយខ្សែសង្វាក់ផលិតកម្ម។
Panasonic គឺជាឧទាហរណ៍មួយ។ ជាមួយនឹងពលករប្រមាណ ៧.០០០ នាក់ បច្ចុប្បន្នសម្ពន្ធក្រុមហ៊ុនកំពុងដំណើរការ នៅក្រុមហ៊ុនផលិតកម្មចំនួន ៤ ក្រុមហ៊ុន R&D មួយ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយ ដែលបម្រើទាំងទីផ្សារវៀតណាមផង ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការនាំចេញសកលផងដែរ។ នៅឆ្នាំ២០២៦ Panasonic បានដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលច្នៃប្រតិដ្ឋបច្ចេកវិទ្យា HVAC Innovation Center ព្រមទាំងបើកការដ្ឋានសាងសង់គម្រោង ពង្រីករោងចក្រ នៅតំបន់ឧស្សាហកម្ម ថាំងឡុង II។
តាមអគ្គនាយកក្រុមហ៊ុន Panasonic Vietnam លោក Taka Fujino អតិថិជននៅទីក្រុងហាណូយត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគលើគុណភាព និងតម្លៃពិតប្រាកដ។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដែលជួយទីក្រុង កំណើនភាពទាក់ទាញ ចំពោះគម្រោងវិនិយោគបរទេស ដែលមានកម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។
រឿងរ៉ាវរបស់ក្រុមហ៊ុន Sumitomo Heavy Industries Vietnam (SHIV) បែរបង្ហាញការផ្លាស់ប្តូរពីខាងក្នុងនៃរោងចក្រមួយ។ ជាង២០ឆ្នាំមុន Sumitomo Heavy Industries បានមកកាន់ទីក្រុងហាណូយ ដើម្បីស្វែងរកបរិស្ថានស្ថិរភាព ប្រភពពលករវ័យក្មេង និងថ្លៃផលិតកម្មដែលមានភាពប្រកួតប្រជែង។ ប៉ុន្តែតាម អគ្គនាយក Hiroumi Hamajima រោងចក្រនៅទីក្រុងហាណូយ នាពេលបច្ចុប្បន្ន មិនមែនជាគ្រឹះស្ថានផលិតកម្មតម្លៃថោកទៀតឡើយ។
CNC ស្វ័យប្រវត្តិកម្មរ៉ូបូត ការបរិវត្តឌីជីថល និងការស្វែងរកប្រភពទិន្នន័យ បានក្លាយជាផ្នែកមួយនៃសកម្មភាពផលិតកម្ម។ រួមជាមួយការវិនិយោគលើបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស SHIV បានក្លាយជាមូលដ្ឋានផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រសកលមួយរបស់សម្ពន្ធក្រុមហ៊ុន ឆ្លើយតបទៅនឹងនិន្នាការនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
ប្រសិនបើ ថាំងឡុង បង្ហាញពីដំណើរការបង្កើនកម្រិតខឿនផលិតឧស្សាហកម្ម ហ្វាឡាកវិញ គឺបើកចេញរូបភាពទូលំទូលាយជាងមុន អំពីអនាគតបច្ចេកវិទ្យារបស់ទីក្រុងហាណូយ។
នៅតំបន់បច្ចេកវិទ្យាខ្ពស់ ហ្វាឡាក ផលិតកម្ម ការស្រាវជ្រាវ ការបណ្តុះបណ្តាល និងនវានុវត្តន៍ កំពុងបានដាក់ក្នុងទីធ្លាអភិវឌ្ឍន៍តែមួយ។
រហូតមកដល់ពេលនេះ ហ្វាឡាក បានទាក់ទាញគម្រោងចំនួន១១៥ ក្នុងនោះមានគម្រោង FDI ចំនួន ១៦ ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ៥ពាន់លានដុល្លារអាមេរិក បង្កើតការងារជូនពលករប្រមាណ ២៥.០០០នាក់។ ដោយឡែក គម្រោងចំនួន ៥ របស់ជប៉ុន មានដើមទុនសរុបជាង ២៧០លានដុល្លារអាមេរិក ដោយផ្តោតលើបច្ចេកទេសរថយន្ត អេឡិចត្រូនិក គ្រឿងបន្លាស់ច្បាស់លាស់ និងម៉ូទ័រអគ្គិសនី។
តាមលោក វូ គ្វឹកហ្វី (Vu Quoc Huy) អនុប្រធានគណៈអភិបាលតំបន់បច្ចេកវិទ្យាខ្ពស់ និងតំបន់ឧស្សាហកម្មទីក្រុងហាណូយ ហ្វាឡាក កំពុងឆ្ពោះទៅរកការក្លាយជាបរិយាកាសកិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ការទាក់ទាញមជ្ឈមណ្ឌល R&D និងការកសាងហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ ប្រើប្រាស់រួមគ្នា។
គួរឱ្យកត់សម្គាល់ នេះក៏ជាបរិយាកាសសាកល្បង ដែលមានការគ្រប់គ្រង (regulatory sandbox) សម្រាប់បច្ចេកវិទ្យាថ្មីៗ ដូចជារថយន្តបើកបរស្វ័យប្រវត្តិ ឧបករណ៍ហោះហើរគ្មានមនុស្សបើក (drone) រ៉ូបូតសេវាកម្ម បណ្តាញអគ្គិសនីឆ្លាតវៃ IoT digital twin, logistics ស្វ័យប្រវត្តិ និងទីក្រុងបៃតង។
ពីថាំងឡុង ទៅហ្វាឡាក គឺជាដំណើរមួយ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររូបរាង នៃលំហូរដើមទុន FDI នៅទីក្រុងហាណូយ។ ប្រសិនបើ ថាំងឡុងជាមូលដ្ឋានគ្រឹះផលិតកម្ម ដែលបានបង្កើតឡើងនៅរយៈពេលជាច្រើនទសវត្សរ៍ ហ្វាឡាកវិញ ក៏កំពុងបើកបរិយាកាសសម្រាប់វិស័យនៃអនាគត។ រវាងបរិយាកាសទាំងពីរនោះ គឺជាលំហូរឥតឈប់ឈរ នៃបច្ចេកវិទ្យា ធនធានមនុស្ស ការស្រាវជ្រាវ និងនវានុវត្តន៍។
នោះក៏ជាវិធី ដែលទីក្រុងហាណូយកំពុងលើកកម្ពស់គុណភាពលំហូរដើមទុន FDI៖ មិនត្រឹមតែទាក់ទាញគម្រោងថ្មីៗបន្ថែមទៀតប៉ុណ្ណោះទេ នៅថែមទាំងកម្លាយប្រភពទុនអន្តរជាតិបន្តិចម្តងៗ ឱ្យទៅជាកម្លាំងចលករ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រីកសមត្ថភាពខាងក្នុង នៃសហគ្រាសវៀតណាម។
ជាមួយនឹងទិសដៅនោះ ទីក្រុងហាណូយកំពុងចូលទៅជិតនឹងរូបភាពមួយ នៃមជ្ឈមណ្ឌល FDI គុណភាពខ្ពស់នៃប្រទេសវៀតណាម និងតំបន់ - ជាកន្លែងដែលអ្នកវិនិយោគអន្តរជាតិ មិនត្រឹមតែស្វែងរកបានទីតាំងផលិតកម្មមួយប៉ុណ្ណោះ នៅថែមទាំងស្វែងរកបានប្រព័ន្ធអេកូឡូស៊ី ដើម្បីស្រាវជ្រាវ ច្នៃប្រឌិត និងអភិវឌ្ឍរយៈពេលវែងផង៕
អត្ថបទ៖ ប៊ិចវឹន ហាអាញ់ ង្វៀនទឺយ - រូបថត៖ ត្រឹន ថាញ់យ៉ាង
ប្រែសម្រួល៖ រីកើង

















