ស្លាកស្នាមប្រវត្តិសាស្ត្រ និងអធិបតេយ្យភាព ក្នុងការតាំងពិព័រណ៍ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅកណ្តាលលំហសមុទ្រ"
ថ្មីៗនេះ នៅកំពង់ផែយោធា កាមរ៉ាញ (Cam Ranh) បញ្ជាការដ្ឋានតំបន់លេខ៤ កងទ័ពជើងទឹក បានសហការជាមួយនាយកដ្ឋាននយោបាយកងទ័ពជើងទឹក ក្លឹបអ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៤ រៀបចំពិធីបើកការតាំងពិព័រណ៍ "ហ្វ័ងសា ទ្រឿងសា (Hoang Sa Truong Sa) - មាតុភូមិនៅកណ្តាលលំហសមុទ្រ" និង "កងទ័ពជើងទឹកប្រជាជនវៀតណាមវីរជន - ៧០ឆ្នាំដំណើរការរក្សាដែនសមុទ្រ " ។ នេះគឺជាសកម្មភាពក្នុងឱកាសខួបលើកទី៥០ នៃការរំដោះប្រជុំកោះទ្រឿងសា (Truong Sa) (ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥) និងខួបលើកទី៧០ នៃការបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម (ថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៥)។
ការតាំងពិព័រណ៍នេះបានដាក់បង្ហាញ ២០០ ឯកសារ រូបភាព និងផែនទី ពីមជ្ឈមណ្ឌលបណ្ណសារជាតិវៀតណាម សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម សារមន្ទីរកងទ័ពជើងទឹក និងឯកសារដែលប្រមូលបានជាច្រើនពីទីភ្នាក់ងារបណ្ណសារ និងបណ្ណាល័យជាតិអាមេរិក បារាំង... លើសពីនេះទៅទៀត ឯកសារជាច្រើនបង្ហាញពី ហ្វ័ងសា (Hoang Sa) បានរក្សាទុកនៅក្នុងបណ្ណសារជាតិវៀតណាមពីសតវត្សទី១៩ ដល់បច្ចុប្បន្ននេះ។ ក្នុងនោះមានឯកសាររដ្ឋបាលក្នុងរជ្ជកាល ង្វៀន (Nguyen) និងឯកសារមានតម្លៃក្នុងរជ្ជកាលង្វៀន (Nguyen) ដែលឆ្លាក់លើឈើ រូបភាពកោះហ្វ័ងសា (Hoang Sa) ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០...
ជាពិសេស ការពិព័រណ៍នេះក៏បានដាក់បង្ហាញរូបថតសារព័ត៌មានចំនួន ៥០សន្លឹក ដែលថតដោយសមាជិកក្លឹបអ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ ចាប់ពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន។ រូបថតទាំង ៥០សន្លឹក បានបង្ហាញយ៉ាងរស់រវើកនូវកោះទ្រឿងសា (Truong Sa)ចាប់ ពីការហ្វឹកហ្វឺន ប្រយុទ្ធ និងជីវិតប្រចាំថ្ងៃរបស់យុទ្ធជន និងប្រជាជន រហូតដល់ការលំបាកក្នុងដំណើរការការពារអធិបតេយ្យភាពសមុទ្រ និងកោះដ៏ពិសិដ្ឋរបស់មាតុភូមិ។
ក្លឹបអ្នកថតរូបសារព័ត៌មានរដ្ឋធានីហាណូយ គឺជាអង្គការមួយចំណុះសមាគមអ្នកកាសែតរដ្ឋធានីហាណូយ ដែលប្រមូលផ្តុំអ្នកថតរូបសារព័ត៌មាន នៅរដ្ឋធានី ដោយបង្កើត និងមានគោលដៅតភ្ជាប់ និងអភិវឌ្ឍវិជ្ជាជីវៈសម្រាប់សមាជិក។ បានបង្កើតកាលពីដើមសតវត្សទី២១ ក្លឹបបានក្លាយជាកន្លែង សម្រាប់អ្នកយកព័ត៌មានរូបថត ចែករំលែកបទពិសោធន៍ បង្កើនជំនាញវិជ្ជាជីវៈ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការងារ។
ក្លឹបមានសកម្មភាពលេចធ្លោ ដូចជាការរៀបចំតាំងពិព័រណ៍រូបថត ដែលមានឈ្មោះថា "ស្លាក ស្នាម" - ជាមួយនឹងតាំងពិព័រណ៍ ដែលប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៧ ២០១៩ និង ២០២២ ។ តាមរយៈសកម្មភាពដូចជាសិក្ខាសាលា តាំងពិព័រណ៍ និងវគ្គបណ្តុះបណ្តាល ក្លឹបដើរតួនាទីដ៏សំខាន់ក្នុងការរក្សាទុក និងអភិវឌ្ឍសិល្បៈនៃការថតរូបសារព័ត៌មាននៅរដ្ឋធានីហាណូយ និងទូទាំងប្រទេស។ សមាជិកមិនត្រឹមតែជាអ្នកថតរូបសារព័ត៌មានអាជីព មកពីទីភ្នាក់ងារសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងរួមមាននិស្សិត សិក្ខាកាម និងអ្នកចូលចិត្តថតរូបជាច្រើន ដែលបង្កើតសហគមន៍ចម្រុះ និងថាមវន្ត។ ដោយការកត់សម្គាល់ និងរក្សាទុកនូវពេលវេលាដ៏សំខាន់នៃជីវិតសង្គម ក្លឹបអ្នករូបថតសារព័ត៌មានរដ្ឋធានីហាណូយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំង និងផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ របស់ប្រទេសជាតិ និងបញ្ហាបច្ចុប្បន្ន តាមរយៈរូបភាពដ៏មានឥទ្ធិពល និងច្នៃប្រតិដ្ឋ។
ថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍ លោកវរសេនីយ៍ឯក ង្វៀន ហ៊ឹវមិញ(Nguyen Huu Minh) អនុប្រធាននយោបាយនៃតំបន់លេខ៤ កងទ័ពជើងទឹក បានមានប្រសាសន៍ថា "នេះគឺជាការតាំងពិព័រណ៍ដ៏មានសារៈសំខាន់ នាយទាហាន ទាហាន និងយុទ្ធជននៃតំបន់លេខ៤ កងទ័ពជើងទឹក កំពុងទន្ទឹងរង់ចាំ និងស្វាគមន៍ព្រឹត្តិការណ៍នេះ" ។
ការតាំងពិព័រណ៍នេះជួយឱ្យនាយទាហាន យុទ្ធជនទូទាំងតំបន់លេខ៤ កងទ័ពជើងទឹក យល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីតួនាទី តម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនៃជ័យជម្នះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ ជាទូទៅ ជាពិសេសគឺការរំដោះកោះទ្រឿងសា (Truong Sa) ក៏ដូចជាដំណើរ ៧០ឆ្នាំនៃការរក្សាដែនសមុទ្ររបស់កងទ័ពជើងទឹកប្រជាជនវៀតណាមផងដែរ។
តាមរយៈអង្គពិព័រណ៍នេះ នាយទាហាន យុទ្ធជន ប្រជាជន សិស្ស និស្សិត... ទាំងអស់គ្នា មានជំនឿ និងមោទនភាពចំពោះប្រពៃណីដ៏រុងរឿងរបស់ប្រជាជាតិ កងទ័ព និងកងទ័ពជើងទឹក ដើម្បីបំពេញបេសកកម្មការពារអធិបតេយ្យភាពសមុទ្រ កោះ និងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិឱ្យបានល្អប្រសើរ៕
អត្ថបទ និងរូបថត៖ កុងដាត/ VNP ប្រែសម្រួលដោយង្វៀនយ៉ាង