ស្ងប់ស្ងាត់ដ៏សុខសាន្តទីដែលរក្សាព្រលឹងទីក្រុង
ក្នុងចំណោមបណ្តាមហាវិថីធំទូលាយ ខ្សែរថភ្លើង metro ទំនើបៗ និងចង្វាក់នៃជីវិតដែលផ្លាស់ប្តូរឥតឈប់ឈរនៅក្នុងទីក្រុងហូជីមិញ ផ្លូវច្រកតូចៗនៃទីក្រុងនៅតែរក្សាបានភាពស្ងប់ស្ងាត់នៃទីក្រុង។ មិនត្រឹមតែជាផ្លូវតំណភ្ជាប់រវាងបណ្តាតំបន់លំនៅដ្ឋានប៉ុណ្ណោះទេ ផ្លូវច្រកតូចៗរបស់ទីក្រុង សាយហ្គន (Sai Gon) គឺជាកន្លែងរក្សាអនុស្សាវរីយ៍ វប្បធម៌ និងមនោសញ្ចេតនារវាងមនុស្សនិងមនុស្ស រួមចំណែកក្នុងការបង្កើតអត្តសញ្ញាណពិសេសរបស់ទីក្រុងនៃឈ្មោះលោកប្រធានហូជីមិញ ក្នុងអំឡុងពេលកន្លះសតវត្សរ៍នៃការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម។
ធ្វើដំណើរចាកចេញពីផ្លូវដ៏មមាញឹក ហើយបត់ចូលក្នុងផ្លូវច្រកតូចមួយ ភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេដូចជាឈានចូលទៅក្នុងពិភពលោកមួយផ្សេងទៀត។ នៅទីនោះ ចង្វាក់នៃជីវិតហាក់ដូចជាយឺតៗ ។ សំឡេងម៉ូតូ យានយន្តអ៊ូរអរបានជំនួសដោយសំឡេងសន្ទនារួសរាយរាក់ទាក់ពីអ្នកជិតខាង សំឡេងស្រែកលក់ធ្លាប់ស្គាល់របស់អ្នកលក់ដូរតាមដងផ្លូវ ឬសំឡេងសត្វបក្សីយំលើដំបូលផ្ទះ ដែលគ្របដណ្តប់ដោយម្លប់ឈើបៃតង។
តាំងយូរមកហើយ ផ្លូវច្រកតូចៗបានក្លាយជាផ្នែកមួយដែលមិនអាចបំបែកបាននៃរចនាសម្ព័ន្ធទីក្រុងហូជីមិញ។ ផ្លូវច្រកតូចៗ រាប់ពាន់ មានទំហំធំ និងតូច ខ្វាត់ខ្វែងជាមួយគ្នា ដូចជាសរសៃឈាមស្ងាត់ៗ ដែលចិញ្ចឹមជីវិតសហគមន៍។ ពួកវាមិនត្រឹមតែតំណភ្ជាប់បណ្តាផ្ទះជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតភ្ជាប់មនុស្សជាមួយគ្នាតាមរយៈភាពស្និទ្ធស្នាល និងការចែករំលែក ដែលជាសម្រស់ដ៏ពិសេសរបស់ប្រជាជននៅភាគខាងត្បូងវៀតណាម។
ក្នុងបណ្ដាផ្លូវច្រកតូចៗទាំងនោះ ភ្ញៀវទេសចរងាយស្រួលជួបប្រទះនឹងទិដ្ឋភាពសាមញ្ញៗ នៃជីវិតប្រចាំថ្ងៃ។ នៅក្រោមរបងផ្កាក្រដាសដ៏ស្អាតបំព្រង គឺជាហាងលក់ទឹកតែតូចមួយ ដែលមានកែវទឹកតែដ៏ត្រជាក់ស្រស់ស្រាយ។ នៅលើកៅអីប្លាស្ទិកមួយ នៅខាងមុខផ្ទះ លោកយាយម្នាក់កំពុងអានកាសែត ក្នុងពេលព្រឹកដ៏ស្ងប់ស្ងាត់។ កាលៈទេសៈសាមញ្ញៗទាំងនោះ បង្កើតសម្រស់ពិសេសមួយ ដែលមិនមែនគ្រប់ទីក្រុងទំនើបទាំងអស់អាចរក្សាបានឡើយ។
អាសយដ្ឋានដ៏ល្បីល្បាញបំផុតមួយ គឺផ្លូវច្រកត្រូច ហាវស៊ីភឿង (Hao Sy Phuong) នៅក្នុងតំបន់ ចើឡឺន (Cho Lon)។ បង្កើតឡើងនៅដើមសតវត្សរ៍ទី២០ ដែលនៅតែរក្សាបានភាពដដែលនូវស្ថាបត្យកម្មរបស់សហគមន៍ជនជាតិចិន ជាមួយនឹងជួរផ្ទះចាស់ៗ ក្បែរៗគ្នា ទ្វារឈើពណ៌បៃតង កំណាព្យឆ្លងឆ្លើយពណ៌ក្រហម និងទីសក្ការៈបូជាប្រពៃណី។ បរិយាកាសនោះឆ្លុះបញ្ចាំងពីការគួបផ្សំវប្បធម៌ រួមចំណែកក្នុងការបង្កើតមុខមាត់ចម្រុះពណ៌ នៃទីក្រុងហូជីមិញសព្វថ្ងៃនេះ។
ក្រៅពីការរក្សាអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ ផ្លូវច្រកតូចៗជាច្រើន បានក្លាយជាកន្លែងច្នៃប្រឌិតសម្រាប់ជីវិតសម័យទំនើប ដែលតភ្ជាប់នឹងសាលសិល្បៈ ហាងកាហ្វេសិល្បៈ និងកន្លែងតាំងពិព័រណ៍ពិសេសៗ។ នៅអគារ Art Arcade នៅលើវិថីដុងខើយ (Dong Khoi) គំនូរដែលគូរអំពីប្រទេសវៀតណាម និងប្រជាជនវៀតណាម ត្រូវបានដាក់តាំងក្នុងបរិយាកាសស្និទ្ធស្នាល ដែលបង្កើតជាទីជំនួបគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាងសិល្បៈ និងជីវិតទីក្រុង។
ចាកចេញពីកណ្តាលទីក្រុង ផ្លូវច្រកតូចៗនៃសង្កាត់ ហ្គោវ៉ាប(Go Vap) ផ្តល់នូវបរិយាកាសខុសគ្នាទាំងស្រុង។ នេះជាកន្លែងប្រមូលផ្តុំនៃមូលដ្ឋានសាសនាជាច្រើន ដែលមានអាយុកាលយូរលង់ណាស់មកហើយ ដូចជា វត្ត ង៉ុកភឿង (Ngoc Phuong) វត្ត ចូវអាន (Chau An) និងវត្ត ក្វាងហឿងយ៉ាឡាំ (Quang Huong Gia Lam)។ នៅកណ្តាលទីធ្លា ដែលមានម្លប់ដើមឈើ សំឡេងជួងវត្តលាន់បន្លឺឡើង ភ្ញៀវទេសអាចមើលឃើញនូវចង្វាក់ជីវិតដ៏ស្ងប់ស្ងាត់នៅកណ្ដាទីក្រុងដែលមានប្រជាជនជាង ១០លាននាក់។ ជាពិសេសក្នុងពិធីបុណ្យធំៗ ផ្លូវច្រកតូចៗទាំងនោះត្រចេះត្រចង់ឡើងដោយពណ៌ស្រស់ ដែលឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណដ៏សម្បូរបែប និងប្រពៃណីសាសនាដ៏យូរអង្វែងរបស់សហគមន៍ក្នុងតំបន់។
ផ្លូវច្រកតូចៗនីមួយៗនៅក្នុងទីក្រុងហូជីមិញ បង្កប់រឿងរ៉ាវដាច់ដោយឡែករបស់ខ្លួន។ ច្រកតូចៗមួយចំនួន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់រស់នៅរបស់ពលករ ដែលមានអាយុកាលយូរលង់មកហើយ ខ្លះទៀតមានភាពល្បីល្បាញ ដោយសារម្ហូបប្រពៃណី ហើយខ្លះទៀតបានក្លាយជាកន្លែងជួបជុំសម្រាប់សិល្បករ និងសហគមន៍ច្នៃប្រឌិតវ័យក្មេង។ ទាំងអស់នោះលាយបញ្ចូលគ្នា បង្កើតជាប្រព័ន្ធអេកូឡូស៊ីវប្បធម៌តែមួយគត់ នៅក្នុងកណ្តាលទីក្រុងទំនើបមួយ។
ឆ្លងកាត់រយៈពេល ៥០ឆ្នាំអភិវឌ្ឍ ចាប់តាំងពីទីក្រុងត្រូវបានយកឈ្មោះរបស់លោកប្រធានហូជីមិញ មុខមាត់ទីក្រុងបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយនឹងសំណង់ទំនើបៗ និងកន្លែងរស់នៅដែលមានភាពស្វាហាប់កាន់តែខ្លាំងឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងលំហូរឥតឈប់ឈរនេះ ផ្លូវច្រកតូចៗ នៅតែរក្សាបានព្រលឹងទីក្រុងដោយស្ងៀមស្ងាត់។ នេះគឺទីដែលអតីតកាល និងបច្ចុប្បន្នកាលកំពុងឋិតនៅជាមួយគ្នា ជាទីដែលតម្លៃសហគមន៍ ការយោគយល់ និងស្មារតីបើកចំហរបស់ប្រជាជនទីក្រុងហូជីមិញនៅតែបានបន្តពីមួយជំនាន់ទៅមួយជំនាន់។
ចំពោះភ្ញៀវទេសចរអន្តរជាតិជាច្រើន ការស្វែងយល់នូវផ្លូវច្រកតូចៗទាំងនោះមិនមែនគ្រាន់តែជាដំណើរកម្សាន្តទេ នោះជាឱកាសមួយ ដើម្បីយល់ដឹងនូវចង្វាក់នៃជីវិតដ៏ពិតប្រាកដបំផុតនៅក្នុងទីក្រុង - ជាទីក្រុងទំនើបមួយ ដែលនៅតែរក្សាបាននូវកាលៈទេសៈស្ងប់ស្ងាត់ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ក្នុងដំណើរការធ្វើសមាហរណកម្មពិភពលោក៕
អត្ថបទ និងរូបថត៖ ង្វៀនឡឹន / VNP






