ស៊ីហ្គេម ៣១ (Sea Games 31) - ចំណាប់អារម្មណ៍និងកិត្យានុភាពរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម
ឆ្លងកាត់ការលំបាក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត COVID-19 វៀតណាមទទួលភាពជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games 31) ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់។ ហើយទន្ទឹមនឹងនោះ គឺជាឱកាសសម្រាប់មិត្តអន្តរជាតិបានឃើញរូបភាពនៃប្រទេសវៀតណាមដ៏សម្បូររុងរឿង ស្រស់ស្អាត អភិវឌ្ឍន៍ និងគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យ សូមស្វាគមន៍ភ្ញៀវអន្តរជាតិត្រឡប់មកវិញដោយសុវត្ថិភាព។

ជាមួយនឹងសារ “ដើម្បីអាស៊ីអាគ្នេយ៍កាន់តែរឹងមាំ” SEA Games 31 បានប្រារព្ធឡើង នៅប្រទេសវៀតណាម ដែលមិនត្រឹមតែផ្សព្វផ្សាយស្មារតីកីឡាដ៏ថ្លៃថ្នូរ សាមគ្គីភាព និងមិត្តភាពដល់ប្រជាជនជាង ៦០០ លាននាក់នៃប្រទេសចំនួន ១១ ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺស្វាងបញ្ជាក់ពីភាពខ្លាំងនៃអាស៊ីអាគ្នេយ៍ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
SEA Games 31 ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ (Ha Noi) និងតំបន់ចំនួន ១១ ផ្សេងទៀត ដូច្នេះហើយ ក្រៅពីចូលរួមក្នុងការប្រកួត នៅកន្លែងប្រកួតដ៏ទំនើប និងគួរឲ្យចាប់អារម្មណ៍ជាច្រើន អត្តពលិកមកពីប្រទេសផ្សេងៗ និងភ្ញៀវទេសចរក៏មានឱកាសបានឃើញផ្ទាល់ភ្នែកផងដែរនូវសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាជាគោលដៅទាក់ទាញជាច្រើននៅក្នុងតំបន់នៃប្រទេសម្ចាស់ផ្ទះ។
ដើម្បីបម្រើដល់ការប្រកួតកីឡា SEA Games 31 កន្លែងប្រកួតទាំងអស់នៅទីក្រុងហាណូយ (Ha Noi) និងតំបន់ផ្សេងទៀតត្រូវបានវិនិយោគលើការកែលម្អ ឬសាងសង់ថ្មីទាំងស្រុង។ កន្លែងប្រកួតទំនើបៗ និងឆ្លើយតបនឹងស្តង់ដារពិភពលោកជាច្រើន ហើយតែងតែពោរពេញដោយអ្នកគាំទ្រពិតជាបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណៈប្រតិភូកីឡា ភ្ញៀវទេសចរណ៍ និងមិត្តភក្តិអន្តរជាតិដូចជា៖ ពហុកីឡដ្ឋានជាតិ មីឌីញ (My Dinh) កីឡាដ្ឋាន គ្វឹនងឿ (Quan Ngua) កីឡាដ្ឋានអាងហែលទឹក មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ (Ha Noi) (ហាណូយ) (Ha Noi) កីឡាដ្ឋាន ធៀនទ្រឿង (Thien Truong) ខេត្ត ណាមឌីញ (Nam Dinh), កីឡាដ្ឋាន កាមផា (Cam Pha) តំបន់កីឡាឆ្នេរសមុទ្រ តួនចូវ (Tuan Chau) (ខេត្ត ក្វាងនិញ (Quang Ninh)) ទីលានវាយកូនបាល់ Hanaka (ខេត្ត បាកនិញ (Bac Ninh), ទីលានវាយកូនហ្គោល ដាមវ៉ាក (Dam Vac) (ខេត្ត វិញភូក) (Vinh Phuc), មជ្ឈមណ្ឌលប្រណាំងទូក ធុយង្វៀន (Thuy Nguyen) (ខេត្ត ហាយផុង) (Hai Phong)
ជាគំរូគឺកីឡាដ្ឋាន ធៀនទ្រៀង (Thien Truong) ក្នុងទីក្រុង ណាមឌីញ (Nam Dinh) ថ្វីត្បិតតែមិនមែនជាកន្លែងប្រកួតរបស់ក្រុមបាល់ទឹករបស់ប្រទេសម្ចាស់ផ្ទះក៏ដោយ ប៉ុន្តែតែងតែមានអ្នកគាំទ្រយ៉ាងច្រើនកុះករ បង្កើតបរិយាកាសគាំទ្ររដ៏រីករាយនិងអ៊ូរអរ។ នៅលើគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Football) បានបង្ហោះរូបភាពពោរពេញទៅដោយសម្តីសន្និដ្ឋានគួរឲ្យចាប់អារម្មណ៍ថា៖ «ពិតជាបរិយាកាសដ៏រស់រវើកមែន។ អ្នកគាំទ្រចំនួន ៣០០០០ នាក់ មានវត្តមាននៅកីឡាដ្ឋាន ធឿនទ្រឿង (Thien Truong) នៅយប់នេះ (ល្ងាចថ្ងៃទី ៧ ខែឧសភា )។ នេះជាឯតទគ្គកម្មថ្មីសម្រាប់ការប្រកួតដែលមានអ្នកគាំទ្រជាច្រើនបំផុតនៅកីឡាដ្ឋានអព្យាក្រឹតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម»។
ការងារភ័ស្តុភា ពិធីការ ការដឹកជញ្ជូន ការទទួលភ្ញៀវ និងការៀបចំទីស្នាក់នៅនិងហូបចុករបស់អត្តពលិក ក៏ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ផងដែរ។ លោក Thana Chaiprasit ប្រធានគណៈប្រតិភូកីឡាថៃបានវាយតម្លៃថា៖ “វៀតណាមក៏ដូចប្រទេសនានាដែរ ត្រូវចំណាយពេលពីរឆ្នាំកន្លះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែឆ្លងកាត់អ្វីៗ វៀតណាមបានរៀបចំយ៉ាងហ្មត់ចត់គ្រប់យ៉ាងក្នុងគ្រប់វិស័យ ពីគុណភាពនៃក្រុមជំនាញ ស្តង់ដារបច្ចេកទេសនៅកន្លែងប្រកួត សុវត្ថិភាព កាលវិភាគ និងមធ្យោបាយដឹកជញ្ជូន ដល់រាល់បញ្ហាភស្តុភារ និងការស្នាក់នៅរបស់គណៈប្រតិភូ... សូមរំលឹកថា នៅឆ្នាំ ២០០៣ (ស៊ីហ្គេមលើកទីមួយដែលវៀតណាមបានរៀបចំ) យើងត្រូវបានស្នាក់នៅក្នុងភូមិកីឡា ហើយឥឡូវនេះគណៈប្រតិភូគ្រប់គ្នាកំពុងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ ដល់ ៥ ។ នោះគឺជាការផ្លាស់ប្តូរដ៏ធំមួយ!”

ក្រៅពីការយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការស្នាក់នៅ និងការប្រកួតរបស់អត្តពលិក ប្រទេសម្ចាស់ផ្ទះវៀតណាមក៏បានរៀបចំកម្មវិធីទេសចរណ៍ និងដំណើរទេសចរណ៍ដ៏ទាក់ទាញជាច្រើន ដើម្បីបម្រើគណៈប្រតិភូកីឡាអន្តរជាតិ និងមិត្តភ័ក្តិ ដូចជា៖ ដំណើរទេសចរណ៍រដ្ឋធានីហាណូយ (Ha Noi) ឥតគិតថ្លៃ ដោយឡានក្រុងពីរជាន់។ ដំណើរទេសចរកំសាន្ត ដើម្បីស្វែងយល់ពីភូមិសិប្បកម្មគ្រឿងភាជន៍ បាតត្រាង (Bat Trang) ហ័ងថាញថាំងឡុង (Hoang Thanh Thang Long) នៅពេលយប់ មកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រស្តេច ហ៊ុង (Hung) ទស្សនាការសម្តែងច្រៀងស្វ័ន (Xoan) នៅប្រាសាទ ហ៊ុងឡូ (Hung Lo) ខេត្តភូថ (Phu Tho) ឬជិះទូកទស្សនាឈូងសមុទ្រ ហាឡុង (Ha Long) ... ចំណាប់អារម្មណ៍ដ៏អស្ចារ្យជាច្រើនអំពីប្រទេសវៀតណាមដែលជាសុខសាន្ត ស្រស់ស្អាត មានការអភិវឌ្ឍន៍ និងរាក់ទាក់ចំពោះអត្តពលិក ភ្ញៀវទេសចរ និងប្រព័ន្ធសារព័ត៌មានអន្តរជាតិ។
វីដេអូប្រជាជនហាណូយ (Ha Noi) អបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់បុរស-នារីវៀតណាម។
និយាយអំពីការខិតខំប្រឹងប្រែងរបស់ប្រទេសម្ចាស់ផ្ទះនោះ ប្រធានរដ្ឋសភាសិង្ហបុរី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី លោក Tan Chuan-Jin ដែលបានអញ្ជើញចូលរួម ក្នុងពិធីបើកនិងការប្រកួត ក្នុងព្រឹត្តិការណ៍ SEA Games 31 បានវាយតម្លៃខ្ពស់ថា៖ «ពិបាកណាស់ក្នុងការរៀបចំស៊ីហ្គេម ចំពេលមានការឥទ្ធិពលនៃការរាតត្បាតនៃជំងឺ COVID-19 ដោយមិនគិតពីបញ្ហាជាច្រើនទៀតដែលភ្ជាប់មកជាមួយ។ ដើម្បីធ្វើដូច្នេះ ប្រទេសវៀតណាមបានបង្ហាញថា ពួកគេស្ថិតក្នុងកម្រិតខ្ពស់។ ខ្ញុំបានពិភាក្សាជាមួយអត្តពលិក និងមន្ត្រីនៃគណៈប្រតិភូសិង្ហបុរី ពួកគេមានអារម្មណ៍ថា អ្វីស្ទើរតែល្អ ជាពិសេសគឺអារម្មណ៍កក់ក្តៅ ស្និទ្ធស្នាល និងរួសរាយរាក់ទាក់នៅទីនេះ។ ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ និងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមប្រកបដោយល្អប្រសើរ”។
បន្ថែមពីលើការរៀបចំ ភាពកក់ក្តៅ និងជំនាញរបស់ប្រទេសម្ចាស់ផ្ទះ យើងក៏ចាំបាច់លើកឡើងពីសមិទ្ធផលនៃការប្រកួតប្រជែង ដែលជាកត្តាសម្រេចចិត្តមួយសម្រាប់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍ SEA Games 31 ។ ដោយកំណត់ស៊ីហ្គេមជាទីកន្លែងប្រកួតប្រជែងសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះហើយ វានឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍កីឡាដែលសម្រេចបានលទ្ធផលខ្ពស់ឆ្ពោះទៅរកកន្លែងលេងធំៗ ដូចជា ASIAD និង Olympic ម្ចាស់ផ្ទះវៀតណាមបានរៀបចំ SEA Games 31 ប្រកបដោយយុត្តិធម៌ សត្យានុភាព គ និងមិត្តភាព តាមរយៈការផ្លាស់ប្តូរការងារអាជ្ញាកណ្តាល ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដើម្បីតាមដានលទ្ធផលការប្រកួត។
ជាពិសេសគឺភាពក្លាហានក្នុងការលុបបំបាត់គំនិតចាស់អំពីមិនមែនធ្វើគ្រប់យ៉ាង ដើម្បីឈ្នះមេដាយ ដោយការប្រើភាពខ្លាំងរបស់ខ្លួន ដើម្បីលុបចោលវិញ្ញាសារប្រកួតដែលប្រទេសផ្សេងមានភាពខ្លាំង។ ទន្ទឹមនឹងនេះវៀតណមាបានបញ្ចូលវិញ្ញាសារទាំងអស់នៅក្នុងប្រកួតប្រជែង Olympic ដើម្បីបង្កើតការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌រវាងគណៈប្រតិភូកីឡា ក៏ដូចជាការលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនៃសមិទ្ធផលកីឡាទាំងមូលនៅក្នុងតំបន់។
អាចនិយាយបានថា SEA Games 31 គឺជាការប្រកួតដ៏ចាប់ចិត្ត នៅពេលដែលមានការប្រកួតជាច្រើនរវាងអត្តពលិកលំដាប់ពិភពលោក។ ជាឧទាហរណ៍ ក្នុងវិញ្ញាសា កីឡាកាយសម្ព័ន្ធ អត្តពលិក ឌីញ ភឿងថាញ (Dinh Phuong Thanh) របស់វៀតណាម ដែលបានឈ្នះមេដាយសំរឹទ្ធនៅ ASIAD ឆ្នាំ ២០១៤ បានយកឈ្នះលើជើងឯកពិភពលោកឆ្នាំ ២០១៩ អត្តពលិក Carlos Yulo របស់ហ្វីលីពីនយ៉ាងអស្ចារ្យ ដើម្បីដណ្តើមមេដាយមាស។
ក្រៅពីនេះ ឯតទគ្គកម្មស៊ីហ្គេមជាច្រើនក៏ត្រូវបានបំបែកផងដែរ ដូចជា៖ អត្តពលិក Ernest John Obiena (ហ្វីលីពីន) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសាលោតកម្ពស់, អត្តពលិក Puripol Boonson (ថៃ) បំបែកឯតទគ្គកម្ម ក្នុងវិញ្ញាសារត់ចំងាយ ២០០ ម៉ែត្របុរស, អត្តពលិក ង្វៀន ធីអាញ (Nguyen Thi Oanh) (វៀតណាម) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសារត់ចំងាយ ៣០០០ ម៉ែត្រសម្រាប់ស្រី។ អត្តពលិក Quah Jing Wen (សិង្ហបុរី) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសាហែលទឹកចំងាយ ២០០ ម៉ែត្រ ២០០m សម្រាប់ស្ត្រី អត្តពលិក ផាម ថាញបាវ (Pham Thanh Bao) (វៀតណាម) បំបែកឯតទគ្គកម្មហែលទឹកក្បាច់កង្កែបចំងាយ ១០០ ម៉ែត្រ អត្តពលិកTeong Tzen Wei (សិង្ហបុរី) បំបែកឯតទគ្គកម្មហែលទឹកក្បាច់មេអំបៅចំងាយ ៥០ ម៉ែត្រសម្រាប់បរុស អត្តពលិក ត្រឹន ហឹងង្វៀន (Tran Hung Nguyen) (វៀតណាម) បំបែកឯកទកម្មក្នុងវិញ្ញាសាហែលទឹកក្បាច់ចម្រុះចំងាយ ៤០០ ម៉ែត្រសម្រាប់បុរស។ អត្តពលិក ង្វៀន ហ៊ុយហ័ង (Nguyen Huy Hoang) (វៀតណាម) បំបែកឯតទគ្គកម្មក្នុងវិញ្ញាសាហែលទឹកសេរីភាពចំងាយ ៤០០ ម៉ែត្រ អត្តពលិក ឡធីហ័ង (Lo Thi Hoang) (វៀតណាម) បំបែកឯតទគ្គកម្មចោលស្ន...
ប្រទេសម្ចាស់ផ្ទះវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៏ល្អក្នុងដួងចិត្តមិត្តភ័ក្តិអន្តរជាតិអំពីវៀតណាមដែលស្រលាញ់កីឡា រួសរាយរាក់ទាក់ ប្រទេសវៀតណាមមមានជំនឿលើខ្លួន ស្វាហាប់ អភិវឌ្ឍន៍ អាចជំនះរាល់ការលំបាកដែលបង្កឡើងដោយជំងឺរាតត្បាត COVID-19 ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងតំបន់ដោយជោគជ័យ និងសុវត្ថិភាព។ អាស្រ័យហេតុនេះ បង្ហាញថា វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនប្រកបដោយជោគជ័យ ក៏ដូចជាត្រៀមខ្លួនសម្រាប់ការបើកទ្វារទាំងស្រុង ដើម្បីស្វាគមន៍មិត្តអន្តរជាតិត្រឡប់មកវិញដោយសុវត្ថិភាព ពីព្រោះការទប់ស្កាត់ការរីករាលដាលដ៏មានប្រសិទ្ធភាព។.../.