សុខស្ងប់ក្រោមបរិយាកាសវត្តផឹកក្វាង (Phat Quang)
ចម្ងាយពីទីក្រុងហាណូយប្រហែល៧០គីឡូម៉ែត្រទៅទិសខាងត្បូង ស្ថិតនៅភូមិយឺញឹន (Du Nhan) ឃុំថាញផុង (Thanh Phong) ស្រុកថាញលិម (Thanh Liem) ខេត្តហាណាម (Ha Nam) វត្តផឹកក្វាង (Phat Quang) ក្លាយជាអាសយដ្ឋានជួបជុំ ទេសនា និងធម្មយាត្រា នៃភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលដើមឡើយ វត្តផឹកក្វាង (Phat Quang) ជាវត្តអារាមខ្នាតតូចមួយ មានសភាពទ្រុឌទ្រោម ដែលមានអាយុកាលជាង១០០ឆ្នាំ។ រហូតដល់ឆ្នាំ២០១៥ ពេលដែលព្រះចៅអធិការ ថិច ធៀនអឹន (Thich Thien An) ផ្តើមកសាងឡើងវិញ ដោយមានសភាពស្កឹមស្កៃ តាមបែបស្ថាបត្យកម្មដ៏ពិសេស។
ជាមួយផ្ទៃដីប្រហែល៥០០០ម៉ែត្រការេ វត្តផឹកក្វាង (Phat Quang) ដូចបានដណ្តប់លើខ្លួននូវសម្ផស្សពិសេសស្អាតស្អំ មានលក្ខណៈបែបទំនើបនិងប្រពៃណីលាយចម្រុះគ្នា។ មកដល់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមច្រកទាំង៣ រួមមានទ្វារកណ្តាល អមដោយទ្វារពីរទៀតនៅសងខាង។ ដងផ្លូវពីខ្លោងទ្វារចូលទៅកាន់បរិវេណវត្ត បានក្រាលដោយថ្មស ផ្លូវដើរមានក្រាលដោយផែនថ្មធំៗ។ បោះជំហានឆ្លងកាត់ខ្លោងទ្វារ នឹងជួបប្រទះរូបសំណាកព្រះម៉ែគង់ស៊ីអ៊ីន ទ្រង់ឈរចំពីមុខ។
ព្រះវិហារស្ថិតនៅលើផ្ទៃស្រះទឹកតូចមួយ ទិដ្ឋភាពជិតឌិត និងប្រកបដោយមនោសញ្ចេតនា។ ខាងក្នុងព្រះវិហាររួមមាន៣ល្វែង តុបតែងដោយសាមញ្ញប៉ុន្តែប្រណីតភាព។ ត្រង់កណ្តាលគឺជាអាសនៈ មានតម្កល់ព្រះពុទ្ធទ្រង់គង់ប្រថាបលើផ្កាឈូក ខាងស្ដាំបូជាព្រះម៉ែគង់ស៊ីអីន ខាងឆ្វេងបូជាព្រះពោធិសត្វទីចាំងវ័ង។ រូបសំណាកទាំងអស់ បានសាងដោយឈើ ឆ្លាក់ដោយផ្ចិតផ្ចង់ខ្លាំង។ ប្រការពិសេស គឺកំណាព្យឆ្លងឆ្លើយនៅក្នុងវត្ត សុទ្ធតែបានសរសេរដោយអក្សរវៀតណាម តាមបែបអក្សរក្បាច់។ ប្រការនេះ ជួយឱ្យពុទ្ធបរិស័ទយល់បន្ថែមអំពីវត្តអារាមជាង។
ខាងក្រោយ គឺល្វែងផ្ទះស្បូវជញ្ជាំងឫស្សីព្រៃ បានកសាងនៅជ្រុងវត្ត ពេលចូលមកដល់ទីនេះ អ្នកនឹងមានអារម្មណ៍ហាក់ដូចឃើញនូវសម្រស់វប្បធម៌វៀតណាម។ ខ្ទមតូច អណ្តូងទឹក តុពិសាតែ ផ្សំនឹងតន្រ្តីបំពេរអារម្មណ៍ ដោយសំឡេងលន្លង់លន្លោចក្នុងអារាម ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ ស្ងប់ចិត្ត ឈ្វេងយល់អំពីជីវភាពរស់នៅសុខស្ងប់។
បរិវេណវត្តមិនធំប៉ុន្មានដែរ ប៉ុន្តែរបៀបតុបតែងវិចិត្រ គួបផ្សំរវាងសម្រស់វប្បធម៌វៀតណាម និងស្ថាបត្យកម្មជប៉ុន។ ជាមួយនឹងការទុកដាក់ដើមឈើ ស្រះទឹក ផែនថ្ម សុទ្ធតែបានឆ្លាក់ដោយអក្សរក្បាច់ ទាំងអស់បានបង្កើតជាអនុទិដ្ឋភាព នៅក្នុងមណ្ឌលបរិវេណវត្ត។
នៅទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត នៅកណ្តាលសួនឧទ្យានស្រស់បៃតង គយគន់មើលទេសភាព ដែលបានបង្កើតដោយការផ្ចិតផ្ចង់ខ្ពស់ ព្រមទាំងចូលរួមសកម្មភាពចេតភាព។ ទន្ទឹមនោះ ភ្ញៀវទេសចរ ក៏អាចកត់ត្រាដោយរូបថតស្រស់ស្អាត នាការធ្វើដំណើរធម្មយាត្រាមកដល់អារាមនេះ។
អាចនិយាយថា មកដល់សព្វថ្ងៃ វត្តផឹកក្វាង (Phat Quang) បានក្លាយជាអាសយដ្ឋានមួយ ក្នុងចំណោមអាសយដ្ឋានឈប់សម្រាកទេសចរណ៍ចេតភាព នៃមនុស្សគ្រប់គ្នា ក្នុងការធ្វើដំណើរស្វែងយល់ដែនដីខេត្តហាណាម៕
អាសយដ្ឋានវត្តផឹកក្វាង (Phat Quang) ហាណាម មិនពិបាករក ចម្ងាយផ្លូវក៏បានវាយតម្លៃថាងាយស្រួលធ្វើដំណើរ ដូចនេះអ្នកអាចធ្វើដំណើរទៅដល់អាសយដ្ឋាននេះ ដោយឡានឬទោចក្រយានយន្តក៏បាន។
ធ្វើដំណើរដោយទោចក្រយានយន្ត៖ ចេញពីទីក្រុងហាណូយ អ្នកអាចធ្វើដំណើរតាមដងផ្លូវជាតិលេខ ១A ចាស់ ទៅកាន់ភូលីហាណាម (Phu Ly Ha Nam)រួចតាមផែនទីទៅដល់វត្តផឹកក្វាង (Phat Quang)។
ការធ្វើដំណើរតាមឡាន៖ ចេញពីទីក្រុងហាណូយ អ្នកអាចធ្វើដំណើរតាមផ្លូវល្បឿនលឿន កូវហ្គែ - និញប៊ិញ (Cau Gie –Ninh Binh) ទៅកាន់ផ្លូវជាតិលេខ ១A ចាស់ ទៅដល់ភូលីហាណាម(Phu Ly Ha Nam)រួចពឹងលើផែនទីទៅដល់វត្តផឹកក្វាង (Phat Quang)។
អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង