សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង (Tran Ngoc Luong)៖ ផ្សព្វផ្សាយចំណេះដឹងវេជ្ជសាស្ត្រវៀតណាម ទៅកាន់ពិភពលោក

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុកលឿង (Tran Ngoc Luong)៖ ផ្សព្វផ្សាយចំណេះដឹងវេជ្ជសាស្ត្រវៀតណាម ទៅកាន់ពិភពលោក

ចាប់ពីការវះកាត់ដោយស្ងៀមស្ងាត់ក្នុងបន្ទប់វះកាត់ រហូតដល់វគ្គបណ្តុះបណ្តាលដែលប្រមូលផ្តុំដោយ​អ្នកជំនាញអន្តរជាតិ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន​ ង៉ុក​លឿង​ បានខិតខំប្រឹង​ប្រែងយ៉ាងខ្លាំងក្លា ក្នុងការផ្សព្វផ្សាយចំណេះដឹងវេជ្ជសាស្ត្រវៀតណាម ទៅកាន់ពិភពលោក​។ បច្ចេកទេសវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយ​ឧបករណ៍ឆ្លុះ (Endoscopic thyroid surgery) ដែល​លោកបានបង្កើតឡើង ធ្លាប់បានគេចាត់ទុកថាជា "រឿងឥតបានការ​" ប៉ុន្តែ​ឥឡូវនេះ វាមិនត្រឹមតែផ្លាស់ប្តូរជីវិត​អ្នកជំងឺរាប់ពាន់នាក់​ប៉ុណ្ណោះទេ ថែមទាំង​ធ្វើឱ្យវៀតណាម ក្លាយជាគោលដៅដ៏មានកិត្យានុភាព ក្នុងការបណ្តុះបណ្តាល និងការ​ផ្ទេរបច្ចេកទេស ដោយ​បន្សល់ទុកនូវស្លាកស្នាម​ច្បាស់លាស់ នៅលើផែនទី​វេជ្ជសាស្ត្រសកល​លោក។

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុក​លឿង​ ព្រមទាំងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមជ្ឈិម​ផ្នែកក្រពេញបញ្ចេញក្នុង​ ពិគ្រោះយោបល់ពិនិត្យស្ថានភាពអ្នកជំងឺ មុនពេលវះកាត់ដោយ​ម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត។ រូបថត៖ តឹតសឺន/VNP

បច្ចេកវិទ្យាវះកាត់ដោយឧបករណ៍ឆ្លុះ Dr Luong”

ដំណើរការបង្កើតថ្មីរបស់​សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន​ ង៉ុក​លឿង​ បានចាប់ផ្តើមពីក្ដី​បារម្ភ​ប្រកបដោយ​មនុស្សធម៌​ថា ការវះកាត់ក្រពេញទីរ៉ូអ៊ីត តាមបែបប្រពៃណី ជាធម្មតាតែងបន្សល់ទុកស្លាកស្នាមវែងពី ៨ ដល់ ១២សង់ទីម៉ែត្រ នៅម្តុំក ធ្វើ​ឱ្យអ្នក​ជំងឺបាត់​បង់​ទំនុកចិត្តលើខ្លួនឯងក្រោយ​ការព្យាបាល​។ កាល​ទសវត្សរ៍មុនៗ គំនិត​នៃ​ការវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយឧបករណ៍ឆ្លុះត្រូវបានគេចាត់ទុកថាជា "រឿងស្រមើស្រមៃ" និង "រឿង​ឥតបានការ​​"។ ម្តុំ​ក​មិនមានចន្លោះប្រហោង​ធម្មជាតិដូចជា ប្រហោងពោះ ឬទ្រូង ដើម្បី​បញ្ចូលឧបករណ៍ឆ្លុះនោះទេ ​រចនាសម្ព័ន្ធសំខាន់ៗដូចជា បំពង់ខ្យល់ បំពង់​អាហារ សរសៃ​ប្រសាទបំពង់​ក និងក្រពេញប៉ារ៉ាទីរ៉ូអ៊ីត​ ស្ថិតនៅកៀកគ្នាខ្លាំង​ ដែល​ងាយ​នឹង​រង​របួស​។


ក៏ប៉ុន្តែ​ ជាមួយនឹង​បទពិសោធន៍ដ៏សម្បូរបែប ក្នុងការវះកាត់ឆ្លុះក្នុង​ពោះសាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង​ បាន​រកឃើញ​ដំណោះស្រាយ។ លោក​បាន​បង្កើត​វិធីសាស្ត្រ​បូម​ឧស្ម័ន CO2 ចូល​ទៅក្នុងម្តុំ​ក ដើម្បី​បង្កើត​កន្លែងធ្វើការ​ដោយសុវត្ថិភាព​ ជួយ​ឱ្យ​ការ​បំបែក​ជាលិកាមានភាពងាយស្រួល និងអាចមើលឃើញសរសៃឈាម បានច្បាស់តាម​រយៈ​អេក្រង់​។ ចាប់ពីពេលនោះ​មក វិធីសាស្ត្រវះកាត់​ដោយឧបករណ៍​ឆ្លុះ ដើម្បីព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត បានកើតឡើងជាមួយនឹងគុណសម្បត្តិ​ដ៏អស្ចារ្យលើសពី​ការរំពឹង​ទុក ដែល​វេជ្ជសាស្ត្រពិភពលោក​បានដាក់ឈ្មោះថា "បច្ចេកវិទ្យា​វះកាត់​ដោយឧបករណ៍​ឆ្លុះ Dr Luong"

ជំនួសឱ្យស្លាកស្នាមធំនៅត្រង់ក លោកប្រើប្រាស់ច្រកចូល​តាមរយៈក្លៀក និង​ទ្រូង ជាមួយ​​នឹង​មុខរបួសតូចៗត្រឹមតែ ០,៥ ដល់ ១សង់ទីម៉ែត្រ ដែល​ងាយស្រួល​លាក់​បាំង និង​លុបបាត់​ទៅតាម​ពេលវេលា ​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​ខាង​សម្រស់ក្រោយការ​វះកាត់​។​ អ្វីដែល​ពិសេសនោះ គឺបច្ចេកទេសនេះ មិនតម្រូវឱ្យមានឧបករណ៍ឯកទេស ដែល​មានតម្លៃ​ថ្លៃ​ហួសហេតុនោះទេ ​ជួយកាត់បន្ថយការចំណាយ​លើការវះកាត់។ បច្ចុប្បន្ន ការចំណាយ​សម្រាប់​ការវះកាត់មួយករណី​នៅវៀតណាម មានត្រឹម​តែពី ៣០០ ដល់ ៤០០ដុល្លារអាមេរិក ​ខណៈដែល​នៅក្នុងប្រទេសរីកចម្រើនមួយចំនួន ក្នុងតំបន់អាស៊ី ត្រូវចំណាយ​ពី ៨.០០០ ដល់ ១០.០០០ ដុល្លារ​អាមេរិក។

មិនត្រឹមតែចុះធ្វើការវះកាត់ដោយផ្ទាល់ប៉ុណ្ណោះទេ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាល​ក្រុមអ្នកបន្តវេនផងដែរ។ រូបថត៖ ឯកសារផ្ទាល់ខ្លួន​
សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុក​លឿង អនុវត្តការវះកាត់ដោយម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត នៅមន្ទីរពេទ្យមជ្ឈិម​ ផ្នែកក្រពេញបញ្ចេញក្នុង។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម  

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង បានមានប្រសាសន៍ថា៖ វិធីសាស្ត្រនេះ អាចអនុវត្ត​បានចំពោះគ្រប់ស្ថានភាពជំងឺផ្សេងៗគ្នា នៃក្រពេញទីរ៉ូអ៊ីត ដូចជា៖ ដុំសាច់ ជំងឺ Basedow និងមហារីកក្រពេញទីរ៉ូអ៊ីត។ វាមិនត្រឹមតែមានអត្ថន័យផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះទេ បច្ចេកទេសវះកាត់នេះ ក៏នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គមខ្ពស់ ផ្តល់នូវទិសដៅថ្មី ក្នុងការព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ

ការផ្ទេរចំណេះដឹង និងការបណ្តុះបណ្តាលអន្តរជាតិ

មិនត្រឹមតែចុះដៃវះកាត់ដោយផ្ទាល់ប៉ុណ្ណោះទេ សាស្ត្រាចារ្យរង បណ្ឌិតលោក ត្រឹន​ ង៉ុក​លឿង ក៏​យក​ចិត្តទុក​ដាក់យ៉ាងខ្លាំង​លើការបណ្តុះបណ្តាលជូនក្រុមការងារបន្តវេនផងដែរ។ លោកតែង​តែជាគ្រូដ៏គួរឱ្យគោរព ជាអ្នកផ្តល់​ការណែនាំ និងផ្ទេរចំណេះដឹង​ដ៏មានតម្លៃដល់​វេជ្ជបណ្ឌិត និងអ្នកជំនាញជំនាន់ក្រោយទាំងក្នុង និងក្រៅប្រទេស។ ​នៅ​មន្ទីរពេទ្យEndocrine មជ្ឈិម លោក​បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីការវះកាត់ក្រពេញទីរ៉ូអ៊ីត ដោយឧបករណ៍ឆ្លុះ ដើម្បីបង្កើតក្រុមការងារ​បង្គោល ដែលជួយឱ្យវិធីសាស្ត្រនេះ បន្តរីករាលដាល​យ៉ាងទូលំទូលាយ។

 

ក្នុងឆ្នាំ២០០៩ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុក​លឿង បានចាប់ផ្តើមផ្ទេរបច្ចេកទេសដល់មន្ទីរពេទ្យនៅបរទេស និងទទួលបណ្តុះបណ្តាល បង្ហាត់​បង្ហាញបច្ចេកទេសវះកាត់ដោយម៉ាស៊ីនឆ្លុះក្រពេញទីរ៉ូអ៊ីត។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន​

សាស្ត្រាចារ្យរង បណ្ឌិត ត្រឹន​ ង៉ុក​លឿង បានចែករំលែកថា នៅឆ្នាំ២០០៩ លោកបានចាប់ផ្តើមផ្ទេរបច្ចេកទេសដល់មន្ទីរពេទ្យមួយនៅបរទេស និងទទួលបណ្តុះបណ្តាលផ្ទេរបច្ចេកទេស​វះកាត់នេះ​។ រហូតមកដល់ពេលនេះ មានសាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតជាង ៣០០នាក់នៅក្នុងតំបន់ និងលើពិភពលោក បានមកកាន់មន្ទីរពេទ្យ Endocrine មជ្ឈិម​ដើម្បីសិក្សាបច្ចេកទេសវះកាត់នេះ។ បច្ចុប្បន្ន បច្ចេកទេសវះកាត់នេះ បានផ្ទេរទៅកាន់ប្រទេសជាច្រើនដូចជា៖ អូស្ត្រាលី ព័រទុយហ្គាល់ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប៉ាគីស្ថាន ឥណ្ឌា តួកគី និងអារ៉ាប៊ីសាអូឌីត។ល។

 

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង ពិនិត្យជំងឺជូនអ្នកជំងឺនៅប្រទេសឥណ្ឌា។ រូបថត៖ ឯកសារផ្ទាល់ខ្លួន​

ជារៀងរាល់ឆ្នាំ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង និងសហការីនៅមន្ទីរពេទ្យ Endocrine ​មជ្ឈិម បានមន្ទីរពេទ្យជាច្រើនក្នុងប្រទេស ក៏ដូចជាលើពិភពលោក អញ្ជើញទៅធ្វើការវះកាត់បង្ហាញ និងបង្រៀន​អំពីវិធីសាស្ត្រនេះ។ នេះគឺជា​តួលេខដែល​បង្ហាញយ៉ាងច្បាស់បំផុតនូវកម្លាំង​ផ្សព្វផ្សាយ និងការទទួលស្គាល់ទូទាំងសកលលោក ចំពោះបច្ចេកទេសវះកាត់​របស់​លោក។

 

សាស្ត្រាចារ្យរង បណ្ឌិតលោក ត្រឹន ង៉ុក​លឿង យកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលក្រុមអ្នកបន្តវេន។ លោកតែងតែចែករំលែក​ចំណេះដឹងដ៏មានតម្លៃដល់វេជ្ជបណ្ឌិត និងអ្នកជំនាញទាំងក្នុង និងក្រៅប្រទេសជាប្រចាំ។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន

ជាមួយនឹងការរួមចំណែកយ៉ាងឆ្នើមក្នុងវិស័យវេជ្ជសាស្ត្រ សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង បានទទួលនូវរង្វាន់ និងគ្រឿងឥស្សរិយយសខ្ពង់ខ្ពស់ជាច្រើន ពីបក្ស និងរដ្ឋដូចជា៖ វីរៈពលកម្មសម័យកាលផ្លាស់ប្តូរថ្មី(ឆ្នាំ២០២០) គ្រឿងឥស្សរិយ​យសពលកម្មលេខ ៣(ឆ្នាំ២០១៤) រង្វាន់លេខ ១ - រង្វាន់ទេពកោសល្យដែនដីវៀតណាម​ (ឆ្នាំ២០១៤) គោរម្យងារគ្រូពេទ្យប្រជាជន (ឆ្នាំ២០១៧)។ល។

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន ង៉ុក​លឿង មានកិត្តិយសទទួលបានរង្វាន់ Bao Son ឆ្នាំ២០២៤ – ដែលជារង្វាន់លើកតម្កើងរាល់ស្នាដៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា អក្សរសាស្ត្រ និងសិល្បៈ ដែលមានតម្លៃខាងការសិក្សា មានលក្ខណៈអនុវត្តខ្ពស់ និងរួមចំណែកយ៉ាងជាក់ស្តែង ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ រូបថត៖ ឯកសារ​ផ្ទាល់ខ្លួន

សាស្ត្រាចារ្យរង បណ្ឌិត លោកត្រឹន​ ង៉ុក​លឿង គឺជាជានិមិត្តរូបនៃការច្នៃប្រតិដ្ឋ​ថ្មី ស្មារតី​នៃការលះ​បង់ និងចិត្ត​សប្បុរស ដែល​ផ្តល់ការលើកទឹកចិត្ត​ដល់វេជ្ជបណ្ឌិតវៀតណាម​ជាច្រើនជំនាន់ ឱ្យបន្តសិក្សាស្វែងរកការច្នៃប្រតិដ្ឋ​ និង​បម្រើ​សហគមន៍៕

អត្ថបទ៖ វីថាវ  រូបថត៖ តឹតសឺន/កាសែត​រូបភាពវៀតណាម និងឯកសារផ្ទាល់​ខ្លួន​

ប្រែសម្រួល៖ រីកើង​


Top