សាលាគុន យុទ្ធសាស្រ្ត និងកម្រងរូបភាពអាវុធក្នុងរាជកាល លេ (Le)
នាពេលថ្មីៗនេះ សារមន្ទីរហាណូយ (Ha Noi)បានរៀបចំការតាំងពិពណ៌វត្ថុបុរាណ និងឯកសារជាង ២០០គ្រឿង ទាក់ទងនឹងសាលាគុន យុទ្ធសាស្រ្ត និងកម្រងអាវុធក្នុងរាជកាល លេ ()”។ នេះជាឱកាសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាសាលាក្បាច់គុនជាតិដំបូងគេនៃរាជធានី ថាំងឡុង (Thang Long) ជាមួយនឹងកម្រងរតនៈសម្បត្តិជាតិជាអាវុធក្នុងរាជកាល លេ (Le) ។
សាលាគុន យុទ្ធសាស្រ្្ត ត្រូវបានគេស្គាល់ថា ជាកន្លែងសំខាន់មួយនៅរាជធានី ថាំងឡុង (Thang Long)។ នេះគឺជាកន្លែងហ្វឹកហាត់ក្បាច់គុន បង្រៀនវិធីសាស្ត្រយោធា និងសមយុទ្ធយោធាកម្រិតខ្ពស់នៃបណ្តារាជកាលក្នុងសម័យសក្តិភូមិ។ ប្រវត្តិសាស្រ្តទាំងស្រុងរបស់ប្រទេស ដាយវៀត (Dai Viet) ក៏បានកត់ត្រានូវព្រឹត្តិការណ៍សំខាន់ៗ ដូចតទៅ៖ នៅឆ្នាំ ១០១០ រាជកាល លី (Ly) បានបង្កើតវិមាន យ៉ាងវូ (Giang Vo) នៅឆ្នាំ ១០៧០ បង្កើត សាឌីញ (Xa Dinh) ឡើង ។ នៅខែសីហា ១២៥៣ ស្តេច ត្រឹនថាយតុង (Tran Thai Tong) បានបង្កើត សាលាគុន យុទ្ធសាស្រ្តជាកន្លែងសិក្សារបស់មេទ័ព។ ចាប់ពីដើមរាជកាល លេ (Le) តំបន់ភាគខាងលិចនៃរាជធានី ថាំងឡុង (Thang Long) (រួមទាំង សាលាគុន យុទ្ធសាស្រ្ត គីមម៉ា (Kim Ma) និង ង៉ុកខាញ់ (Ngoc Khanh)) បានក្លាយជាមជ្ឈមណ្ឌលហ្វឹកហាត់ ត្រួតពិនិត្យ និងសមយុទ្ធយោធាដ៏ធំ។ កេរដំណែល សាលាគុន យុទ្ធសាស្រ្ត (Giang Vo truong) ភាគខាងលិចនៃរាជធានី ថាំងឡុង (Thang Long) គឺជាសាលាក្បាច់គុនជាតិក្នុងរាជកាល លេ (Le) ដែលមានអាយុកាលជាង ៣ សតវត្ស (ពីសតវត្សទី ១៥ ដល់សតវត្សទី ១៨) ។
តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៦០ មក ការស្រាវជ្រាវអំពីកេរដំណែល សាលាគុន យុទ្ធសាស្រ្ត (Giang Vo truong) បានទទួលការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងបុរាណវិទ្យាជាច្រើននាក់។ ចាប់ផ្តើមពីការរកឃើញវត្ថុបុរាណជាអាវុធនៅសាលាមធ្យមដឹកជញ្ជូន កូវយៃ (Cau Giay) (បច្ចុប្បន្នជាមហាវិទ្យាល័យដឹកជញ្ជូន) និងជាពិសេសគឺការរកឃើញបុរាណវិទ្យានៅបឹង ង៉ុកខាញ់ (Ngoc Khanh ) (ខណ្ឌ បាឌីញ រដ្ឋធានី ហាណូយ (Ba Dinh - Hanoi)) ក្នុងឆ្នាំ ១៩៨៣ ជាមួយនឹងកម្រងអាវុធដែកដ៏សម្បូរបែបបំផុតនៃយុគសម័យមជ្ឈិម ដូច្នេះតំបន់នេះត្រូវបានគេកំណត់ថាជា សាលាគុន (Giang Vo) សម័យរាជកាល លេ (Le) ។
ជាពិសេស ខណៈពេលមកទស្សនាការតាំងពិពណ៌ដ៏ពិសេសលើកនេះ ភ្ញៀវទេសចរនឹងអាចគយគន់រតនៈសម្បត្តិជាតិ ដែលជាកម្រងអាវុធក្នុងរាជកាល លេ (Le) រួមមាន៖ វត្ថុបុរាណចំនួន ១១១គ្រឿង បានរៀបចែកជា ១៣ ក្រុមដែលមានទំហំខុសៗគ្នា ហើយត្រូវបានបែងចែងតាមមុខងាររបស់អាវុធដែលមានពីរប្រភេទគឺ អាវុធដែលប្រើប្រាស់ដោយសាច់ដុំមនុស្ស និងអាវុធដែលប្រើប្រាស់ដោយរំសេវ។
សព្វាវុធភាគច្រើននៅ សាលាគុន យុទ្ធសាស្ត្រ (Giang Vo truong) ធ្វើពីលោហធាតុដែក និងបានដំដៃផ្ទាល់ ដូច្នេះហើយកម្រងអាវុធទាំងនោះមិនដូចនឹងកម្រងអាវុធផ្សេងទៀតនៅក្នុងប្រទេសវៀតណាមឡើយ។ បន្ថែមពីលើកម្រងអាវុធ អ្នកបុរាណវិទូបានរកឃើញស្នាមនៃឡដុត ដំដែក និងគំនូសព្រាងនៃអាវុធមិនទាន់ធ្វើរួចរាល់ ដែលបង្ហាញថា អាវុធទាំងនោះត្រូវបានដំនៅនឹងកន្លែង ហើយបានបញ្ជាក់យ៉ាងច្បាស់ថា សាលាគុន យុទ្ធសាស្ត្រ (Giang Vo truong) ក្រៅពីតួនាទីជាកន្លែងហ្វឹកហាត់ទាហាន ក៏ជាកន្លែងផ្គត់ផ្គង់អាវុធ ឯកសណ្ឋានយោធា និងឧបករណ៍យោធា ដើម្បីបម្រើការហ្វឹកហ្វឺន និងតម្រូវការរបស់យោធាដោយខ្លួនឯងទៀតផង។ ជាពិសេស ខណៈពេលដែលគេទើបរកឃើញអាវុធភាគច្រើនមានដងធ្វើពីឬស្សី ឬពីឈើ ក៏បង្ហាញឱ្យឃើញថា កម្រងអាវុធសូត្ធតែបាន និងកំពុងប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់ ដើម្បីប្រយុទ្ធនិងការពារប្រទេស។
ក្នុងអំឡុងពេលជាង ៤០០០ ឆ្នាំនៃប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេស បុព្វបុរសរបស់យើងបានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងពួកឈ្លានពានជាច្រើន ដើម្បីការពារឯករាជ្យ និងសេរីភាពនៃមាតុភូមិ។ នៅក្នុងអំឡុងពេលសង្គ្រាម មនុស្សគឺជាកត្តាសម្រេចចិត្ត ប៉ុន្តែអាវុធក៏ដើរតួយ៉ាងសំខាន់ផងដែរ។ ការស្រាវជ្រាវសព្វាវុធរួមវិភាគទានស្វែងយល់អំពីមូលហេតុជ័យជំនះក្នុងសង្រ្គាមរបស់បុព្វបុរសយើង ដើម្បីការពារប្រទេស - នាយកសារមន្ទីរហាណូយ (Ha Noi) លោក ង្វៀន ទៀនដា (Nguyen Tien Da) បានចែករំលែក។
តាមរយៈវត្ថុបុរាណ រូបភាព និងឯកសារដែលបានដាក់តាំងក្រោមប្រធានបទ “សាលាគុន យុទ្ធសាស្ត្រ (Giang Vo truong) និងកម្រងអាវុធក្នុងសម័យរាជកាល (Le)” បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ គំនិតច្នៃប្រឌិត និងគោលនយោបាយក្បាច់គុន ក្នុងសម័យសក្តិភូមិ ហើយដោយហេតុនេះ បានបង្ហាញនូវស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់របស់ប្រជាជនយើង ជាកម្លាំងមួយ របស់ប្រជាជនទាំងមូល ដែលមិនអាចបំបែកបំបាក់បាន ហើយបានយកឈ្នះលើសត្រូវឈ្លានពានទាំងអស់។/.
អត្ថបទ និងរូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបថតវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង













