សរសេរបន្តរឿងរ៉ាវបេតិកភណ្ឌ គំនូរប្រជាប្រិយដុងហូ

សរសេរបន្តរឿងរ៉ាវបេតិកភណ្ឌ គំនូរប្រជាប្រិយដុងហូ

បន្ទាប់ពីរបរ​គូ​រ​​គំនូរ​ប្រជាប្រិយដុងហូ បាន​អង្គការ UNESCO ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ត្រូវការការពារ​ជា​បន្ទាន់ យុវជនវៀតណាម​ជាច្រើន កំពុង​ស្វែង​រក​វិធី​នាំយកចរន្ត​គំនូរប្រពៃណីនេះ បញ្ចូលទៅក្នុងជីវភាពរស់នៅនាសហ​សម័យ តាម​រយៈ​បទ​ពិសោធន៍​ច្នៃប្រឌិត ដើម្បី​ឱ្យ​បេតិកភណ្ឌនេះ បន្ត​ត្រូវ​បាន​រៀប​រាប់​ដោយ​ភាសា​នៃ​ជំនាន់​បច្ចុប្បន្ន​។

ទិដ្ឋភាព​ទូទៅ​នៃកម្មវិធីវប្បធម៌ និង​សិល្បៈ “ព្រលឹងលើក្រដាសធម្មជាតិ​” ទាក់​ទាញ​យុវជន និង​និស្សិត​យ៉ាង​ច្រើន​កុះករ ឱ្យមក​ចូលរួម​នៅ​វិទ្យាស្ថាន​យុវជន​វៀតណាម​។ រូបថត៖ ថាញ់យ៉ាង/​VNP

មិនចាប់​ផ្តើមដោយ​លំហពិព័រណ៍ដ៏ស្ងប់ស្ងាត់ ឬ​ការអត្ថាធិប្បាយវែងអន្លាយ​នោះទេ កម្មវិធី "ព្រលឹង​លើក្រដាស​ធម្មជាតិ" បាន​បើក​ឆាក​ឡើង​ ជាមួយ​នឹង​ល្ខោន​តន្ត្រី​មួយ ដែល​នាំ​ទស្សនិកជន​ត្រឡប់ទៅ​កាន់ភូមិ​គំនូរ​ដុងហូ​។ នៅលើ​ឆាក ដំណាក់​កាល​នីមួយៗ នៃការ​ធ្វើក្រដាស​ដៀប (Diep - ក្រដាស​ប្រពៃណី​ធ្វើពី​សំបក​​ឈើលាយ​ម្សៅ​ខ្យង​) ការ​លាយពណ៌ពី​រុក្ខជាតិ ចម្លាក់​​លើក្តារ​ឈើ និងការ​បោះពុម្ព​គំនូរ បាន​សម្តែង​ឡើងវិញតាមរយៈភាសា​សិល្បៈទំនើប ជួយឱ្យអ្នក​ទស្សនាមាន​អារម្មណ៍ និង​យល់​ដឹង​ពី​ដំណើរ​អត់​ធ្មត់​របស់​សិល្បករ​ប្រពៃណី ក្នុង​ការ​ថែរក្សារបរនេះដោយឆ្លងកាត់​ច្រើន​ជំនាន់​។

សិល្បករ​ឆ្នើម ង្វៀន​ ដាំង​តឹម​ (Nguye​n Dang Tam) ចែក​រំលែក​រឿងរ៉ាវ​ដ៏រំជួល​ចិត្ត​អំពី​ការបង្រៀន​ និង​រក្សា​មរតក​វិជ្ជាជីវៈ នៅក្នុង​កិច្ចពិភាក្សា។ រូបថត៖ រូបថត៖ ថាញ់យ៉ាង/​VNP
យុវតី ង្វៀន ថាវ​មី (Nguyen Thao My) តំណាង​ឱ្យជំនាន់ Gen Z ចែក​រំលែក​ទស្សនៈ​ និង​ក្តីស្រឡាញ់ ចំពោះ ប្រភេទ​គំនូរ​ប្រជាប្រិយភាគ​ជើង​​។ រូបថត៖ ថាញ់យ៉ាង/​VNP

នោះ​ក៏ជាចំណុចលេចធ្លោ នៃគម្រោង "កំណត់ត្រាគំនូរដុងហូ" ដែល​អនុវត្ត​ដោយ​និស្សិត​ថ្នាក់​ K12CC8 នៃ​មហាវិទ្យាល័យកិច្ច​​ការ​តរុណវ័យនិង​យុវជន នៃ​វិទ្យាស្ថានតរុណវ័យនិង​​យុវជន​វៀតណាម​។ ជំនួសឱ្យ​ការ​ត្រឹមតែ​ណែនាំ​អំពី​បេតិកភណ្ឌ​ដ៏ល្បីល្បាញមួយរបស់តំបន់ភាគខាងជើង​ គម្រោងនេះ បាន​ជ្រើស​រើស​វិធី​អនុញ្ញាត​ឱ្យយុវជនឈាន​ជើងចូល​ទៅក្នុង​ពិភពនៃគំនូរដុងហូដោយ​ផ្ទាល់ ប៉ះផ្ទាល់​តម្លៃ​ប្រពៃណី តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន​របស់ពួកគាត់​។

និស្សិតទាំងឡាយ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ​នៅពេល​បាន​ប៉ះផ្ទាល់​ជាលើក​ដំបូង នូវតម្លៃសិប្បកម្មប្រពៃណី នៅក្នុងព្រឹត្តិការណ៍នេះ។​ រូបថត៖ ថាញ់យ៉ាង/​VNP
រូបភាព​នៅលើគំនូរដុង​ហូ​​ ត្រូវ​បាន​យកទៅលម្អ​លើបំពង់​ឫស្សី ឬធ្វើ​ជាលម្អរ​​ក្បាច់​រចនា​លើច​ង្កៀង​។ រូបថត៖ ថាញ់យ៉ាង/​VNP
 

ចំណុច​តំណ​រវាងអតីតកាល និង បច្ចុប្បន្នកាល បាន​បង្ហាញ​យ៉ាង​ច្បាស់​ តាម​រយៈ​ជំនួប​ រវាង​សិល្បករឆ្នើមង្វៀន ដាំង​តឹម (Nguyen Dang Tam) និងយុវតី ង្វៀន​ថាវ​មី (Nguyen Thao My)។ មនុស្សពីរជំ​ជំនាន់​ បាន​ចែក​រំលែក​រឿងរ៉ាវ អំពី​ដំណើរ​ការ​ផ្ទេរ​ចំណេះដឹង ការថែរក្សា​របរ និង​សេចក្តីស្រឡាញ់ ចំពោះគំនូរដុងហូ​ ដោយ​បញ្ជូន​សារ​ថា​ ការ​អភិរក្ស​បេតិកភណ្ឌ មិន​មែន​ជាការ​ទទួល​ខុស​ត្រូវរបស់​សិល្បករ​ប្រពៃណី​តែ​ម្នាក់​នោះទេ ប៉ុន្តែ​ត្រូវការរួមដៃគ្នា ពីសំណាក់យុវជន​ជំនាន់​ក្រោយ។

ក្រោម​ការណែនាំ​យ៉ាងយកចិត្តទុកដាក់ ពីសិល្បករ យុវជន​ទាំងឡាយ បានរៀន​ពី​របៀប​សម្គាល់​ពណ៌ធម្មជាតិ ដែលយកចេញពីពពួក​រុក្ខជាតិ និង​ថ្មភ្នំ ព្រមទាំង​បាន​អនុវត្ត​ដំណាក់កាល​ផ្សេងៗ ក្នុងការបង្កើត​ផ្ទាំងគំនូរ។ រូបថត៖ ថាញ់យ៉ាង​/VNP
យុវជនបានពិសោធន៍ផាត់ពណ៌ លើផ្ទាំង​គំនូរដុងហូ​ ដែល​បាន​បោះពុម្ព​ក្បាច់រចនា​ស្រាប់ៗ។ រូបថត៖ ថាញ់យ៉ាង​/VNP​
 

មិនត្រឹម​តែបាន​ស្តាប់​ប៉ុណ្ណោះទេ អ្នកចូលរួម​ថែមទាំង​បាន​អនុវត្ត​ផ្ទាល់​ក្រោម​ការ​ណែនាំរបស់​សិល្បករប្រពៃណី។​ ចាប់តាំង​ពីការ​លាបពណ៌លើក្តារចម្លាក់​ ការប្រគំ​ពណ៌​ដោយ​ប្រើវត្ថុធាតុ​ដើម​ធម្មជាតិ រហូត​ដល់​ការបោះពុម្ព​គំនូរ លើផ្ទាំង​ក្រដាស ដំណាក់​កាល​នីមួយៗ សុទ្ធតែជួយ​ឱ្យយុវជន​យល់​ថា​ នៅពី​ក្រោយ​ផ្ទាំង​គំនូរ​ដ៏សាមញ្ញ​មួយ គឺជា​ភាពប៉ិន​ប្រសប់ ការអត់​ធ្មត់ និង​ចំណេះដឹង​ប្រជាប្រិយ ដែល​ត្រូវ​បាន​សន្សំទុក​ជាច្រើនសតវត្សមក​ហើយ។

សកម្មភាពមួយ ក្នុងចំណោមសកម្មភាព ដែលទាក់ទាញចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង គឺ​តំបន់​បទពិសោធន៍ "ដើរតួជា​តួអង្គ​ក្នុង​បេតិកភណ្ឌ"។ ដោយ​មាន​ការ​គាំទ្រ​ពី​បញ្ញាសិប្បនិម្មិត (AI) អ្នកចូល​រួម​អាច​ផ្លាស់​ប្តូរ​ខ្លួន ទៅ​ជា​តួអង្គ​នៅក្នុង​គំនូរ​ដុង​ហូ​បាន​។ វិធីសាស្រ្តថ្មីនេះ បង្កើត​ឱ្យ​មានអន្តរកម្ម​យ៉ាងជិតស្និទ្ធ ព្រម​ទាំង​បើក​លទ្ធភាព​ក្នុងការ​នាំយក​បេតិកភណ្ឌ​ទៅកាន់​យុវជន តាមរយៈបច្ចេកវិទ្យា​ឌីជីថល។

 

តំបន់ពិសោធន៍ដែលមានឈ្មោះថា “ដើរតួក្នុងបេតិកភណ្ឌ” គឺជា​ចំណុចប្លែក និង​ទាក់ទាញ​បំផុត នៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ ថាញ់យ៉ាង​/VNP​
 

លោកស្រី ផាន ង្វៀន​តឹម​អាញ់​ (Phan Nguyen Tam Anh) ប្រធាន​គណៈកម្មការ​រៀបចំ​គម្រោងបាន​មានប្រសាសន៍​ថា​៖ “ប្រការ​ដែល​សំខាន់​បំផុត គឺជួយ​ឱ្យ​យុវជន​ស្វែង​រក​ឃើញ "ចំណុចប៉ះ" ជា​មួយ​បេតិកភណ្ឌ។ យើងខ្ញុំ​ជឿជាក់​ថា បេតិកភណ្ឌ នឹង​មាន​វត្តមាន​ពិតប្រាកដ លុះត្រាតែ​ នៅតែ​មាន​មនុស្សចង់​ប៉ះពាល់​វា​។ "ព្រលឹង​លើក្រដាស​ធម្មជាតិ" មិនត្រឹមតែ​ជាឈ្មោះ​កម្មវិធី​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជា​ការ​ប្តេជ្ញាចិត្ត​របស់​យុវជន ក្នុងការថែរក្សា​តម្លៃ​ប្រពៃណី ព្រមទាំង​មិនឈប់​ឈរ​ក្នុង​ការ​ធ្វើ​ឱ្យ​ថ្មី​នូវ​វិធីសាស្រ្ត ដើម្បី​ឱ្យស្របនឹង​ជីវភាព​រស់នៅប្រចាំ​ថ្ងៃ​ផងដែរ”។

បន្ទាប់​ពីរបរគូរ​គំនូរ​ប្រជាប្រិយដុងហូ ​បានអង្គការ UNESCO ចុះក្នុង​បញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបី​ ដែលត្រូវការការពារជាបន្ទាន់​នៅចុងឆ្នាំ​២០២៥ គំនិត​ផ្តួចផ្តើម​នានា​ដូចជា​ "កំណត់ត្រា​គំនូរដុងហូ" បាន​បង្ហាញឱ្យឃើញ​ថា បេតិកភណ្ឌ មិនត្រឹម​តែ​ត្រូវ​បាន​ថែរក្សានៅក្នុងលំហ​អភិរក្សប៉ុណ្ណោះទេ នៅ​ថែម​ទាំង​អាច​បន្តរស់ក្នុងជីវភាព​រស់នៅ​​នាសហ​សម័យ តាមរយៈការច្នៃប្រឌិតរបស់ជំនាន់​វ័យក្មេង។ នៅពេល​ដែល​តម្លៃ​ប្រពៃណី​បានរៀបរាប់ ដោយភាសានៃស​ម័យកាល​ថ្មី រឿងរ៉ាវ​អំពី​គំនូរដុងហូ នឹង​នៅ​តែ​​បានបន្តសរសេរ ដើម្បី​ឱ្យបេតិកភណ្ឌនេះ បន្តដើរ​ទន្ទឹមគ្នា​ជាមួយ​អនាគតកាល៕

 

ការរីករាល​ដាលនៃ “ព្រលឹង​លើ​ក្រដាស​ធម្មជាតិ​” រួម​ចំណែក​បណ្តុះ​អាកប្បកិរិយា​រាប់អាន និង​ផ្តល់តម្លៃដល់ប្រភព​ដើម ព្រមទាំង​បំផុស​គំនិត​ឱ្យជំនាន់​ក្រោយ​រស់នៅ​ដោយ​មានការទទួលខុសត្រូវ កាន់តែខ្ពស់ចំពោះបេតិកភណ្ឌមាតុភូមិ។ រូបថត៖ ថាញ់យ៉ាង​/VNP​

​អត្ថបទ និងរូបថត៖ ត្រឹ​ន ថាញ់យ៉ាង​

ប្រែសម្រួល៖ រីកើង​


Top