សន្លឹកឆ្នោតនៅលើកំពូលភ្នំ ស៊ីឡឺឡូវ (Si Lo Lau)

សន្លឹកឆ្នោតនៅលើកំពូលភ្នំ ស៊ីឡឺឡូវ (Si Lo Lau)

កម្មាភិបាល​​ក្រុមការងារបោះឆ្នោតណែនាំបងប្អូនប្រជាពលរដ្ឋ នៅការិយាល័យ​បោះឆ្នោត​លេខ២៦ ភូមិ តិភុង​ (Ty phung)។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម​

នាថ្ងៃទី១៥ ខែមីនា បរិយាកាសនៃទិវាបោះឆ្នោតបានរីករាលដាលពាសពេញបណ្តាភូមិស្រុក​នៃឃុំព្រំដែន ស៊ីឡឺឡូវ ដែលជា​ទីតាំងឆ្ងាយ​ដាច់ស្រយាល និងជួប​លំបាកបំផុត នៃខេត្ត ឡាយចូវ (Lai Chau)។ ទីនេះ គឺជាកន្លែងរស់នៅរបស់បងប្អូនជនជាតិភាគតិច យ៉ាវ (Dao) ហាញី (Ha Nhi) ម៉ុង (Mong)។ល។ តាម​ភាសារបស់ជនជាតិយ៉ាវ "ស៊ីឡឺឡូវ​" មាន​ន័យថា​ "ជម្រាល ១២​ជាន់" នាំ​ឱ្យ​នឹក​ដល់​រូបភាព​នៃការ​ដំណើរឆ្លងកាត់ផ្លូវជម្រាលដ៏បត់បែន និងខ្ពស់ត្រដែត ដើម្បីទៅដល់ទឹកដីមួយ ដែលសូម្បីតែអ្នកស្រុកភូមិភាគច្រើនក៏មិនសូវបានស្គាល់ដែរ។

បងប្អូនជនជាតិភាគតិច នៅឃុំស៊ីឡឹឡូវ (Si Lo Lau) មានក្តីសប្បាយរីករាយ ក្នុងទិវាបោះឆ្នោតទូទាំងប្រទេស។

លើ​ភូមិសាស្ត្រដ៏លំបាកគ្រោះថ្នាក់​នោះ ម្ចាស់​បោះឆ្នោតចំនួន ៨.៦៦៧នាក់ នៅ​តាម​មណ្ឌលបោះ​ឆ្នោតទាំង ២៩ទីតាំង នៅតែចូលរួមបោះឆ្នោតយ៉ាងកុះករ។ ចាប់តាំងពីព្រលឹមស្រាងៗ បងប្អូនប្រជាពលរដ្ឋក្នុងសម្លៀកបំពាក់ប្រពៃណី បានមកជួបជុំគ្នា ដែលបង្ហាញយ៉ាងច្បាស់នូវ​ស្មារតី​ទទួលខុសត្រូវ និងសិទ្ធិជា​ម្ចាស់របស់ខ្លួន។ លោកកាវ​ វ៉ាន់​​ទ្រិញ​ (Cao Van Trinh) អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ីឡឺឡូវ បាន​ឱ្យដឹងថា ដើម្បី​ធានាឱ្យ​ការ​​បោះឆ្នោត​ប្រព្រឹត្តទៅតាម​លក្ខណៈប្រជាធិបតេយ្យ និងស្របច្បាប់​ មូលដ្ឋានបាន​បង្កើតអង្គការ​ទទួលបន្ទុក​បោះឆ្នោតពេញលេញ ព្រមទាំង​អនុវត្តតាម​នីតិវិធី​ពិគ្រោះ​យោបល់ និងឧទ្ទេសនាម​បេក្ខជន​ជាសាធារណៈ​យ៉ាងហ្មត់ចត់​ ដើម្បី​ជ្រើស​រើស​បុគ្គល​ឆ្នើម​ៗ តំណាងឱ្យ​ឆន្ទៈ និង​បំណងប្រាថ្នា​របស់ប្រជាជន។

 

កម្មវិធីបើកទិវាបោះឆ្នោតនៅស៊ីឡឹឡូវ។

ដោយសារ​​បង្កើនការផ្សព្វផ្សាយ ការយល់ដឹងរបស់ប្រជាជនកាន់តែ​បានលើកកម្ពស់។ អ្នកទៅ​ធ្វើការនៅឆ្ងាយជាច្រើននាក់ ក៏បានវិលត្រឡប់មកវិញ ដើម្បីចូលរួមបោះឆ្នោត ដោយ​​ផ្ញើទំនុក​ចិត្ត​លើបេក្ខជន​ដែលមាន​សមត្ថភាព និងជិតស្និទ្ធជាមួយ​សហគមន៍។ វត្តមាន​របស់បេក្ខជន​ជាស្ត្រីជនជាតិភាគតិច កាន់តែ​ធ្វើឱ្យមាន​ក្ដីសង្ឃឹមខ្ពស់ អំពីគោលនយោបាយ​ជាក់ស្តែង​បន្ថែមទៀត សម្រាប់ជីវភាពរស់​នៅរបស់​ប្រជាជន។

សមាជិកក្រុមការងារបោះឆ្នោតចែកសន្លឹកឆ្នោត ជូនម្ចាស់​ឆ្នោត។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម
ម្ចាស់​ឆ្នោតនៅស៊ីឡឹឡូវ ចូលរួមបោះឆ្នោតយ៉ាងសកម្ម។
សមាជិកក្រុមការងារបោះឆ្នោត ជួយជ្រោមជ្រែងមនុស្សចាស់ ពេលទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ២៦ ភូមិតិភុង​ (Ty Phung)។ រូបថត៖ ត្រឹន​ ថាញ់យ៉ាង​/កាសែតរូបភាពវៀតណាម​

នៅលើកំពូលភ្នំ ស៊ីឡឺឡូវ សន្លឹកឆ្នោតនីមួយៗបានលើកតម្កើង មិនត្រឹមតែជាសិទ្ធិពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃជំនឿ និងសេចក្តីប្រាថ្នាចង់អភិវឌ្ឍ រួមចំណែកកសាងអនាគតដ៏សុខសាន្ត និងចីរភាព នៅតំបន់ព្រំដែននៃមាតុភូមិ៕

  • អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹន​ ថាញយ៉ាង​ 
  • ប្រែសម្រួល៖ រីកើង​

Top