វៀតណាមមានគោលនយោបាយ សម្រាប់ការចាត់វិធានការដ៏តឹងរ៉ឹងចំពោះការរំលោភកម្មសិទ្ធិបញ្ញា

វៀតណាមមានគោលនយោបាយ សម្រាប់ការចាត់វិធានការដ៏តឹងរ៉ឹងចំពោះការរំលោភកម្មសិទ្ធិបញ្ញា

 

ក្នុងបរិបទនៃសកម្មភាពរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញា កាន់តែវិវត្តន៍យ៉ាងស្មុគស្មាញ ដោយមានវិធិសាស្ត្រកាន់តែទំនើប ដូចប្រទេសជាច្រើន នៅជុំវិញពិភពលោក វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំង និងចាត់វិធានការដ៏តឹងរ៉ឹង ចំពោះការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។

នៅថ្ងៃទី ១ ខែឧសភា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានម្នាក់ ដែលសួរអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសហរដ្ឋអាមេរិកកំណត់វៀតណាមជា "ប្រទេសបរទេសអាទិភាព" ក្នុងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំស្តីពី ស្ថានភាពការពារ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាលើពិភពលោក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បានថ្លែងថា៖

ក្នុងរយៈពេលថ្មីៗនេះ វៀតណាមតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារសិទ្ធិកម្មសិទ្ធិបញ្ញា ទាំងក្នុងការកែលម្អប្រព័ន្ធបទប្បញ្ញត្តិ ការបង្កើនការយល់ដឹងរបស់សាធារណជន និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ហើយប្តេជ្ញាប្រយុទ្ធប្រឆាំង និងចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះរាល់ការរំលោភបំពាន។ នេះគឺជាអាទិភាពខ្ពស់ និងជាគោលនយោបាយសំខាន់របស់វៀតណាម ដើម្បីកសាងបរិយាកាសអាជីវកម្ម ដែលមានតម្លាភាព និងភាពស្វាហាប់ និងការផ្លាស់ប្តូរគំរូកំណើន ដែល​យក​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល គឺជាកម្លាំងចលករ​។

រដ្ឋសភាពិភាក្សាអំពី សេចក្តីព្រាងច្បាប់ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញាឆ្នាំ២០២៥។ រូបថត៖ VNA

សិទ្ធកម្មសិទ្ធិបញ្ញាតែងតែជាអាទិភាពមួយ ក្នុងគោលនយោបាយ​អភិវឌ្ឍន៍​របស់ប្រទេសវៀតណាម។

ក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ឆ្ពោះទៅរកគំរូ ផ្អែកលើចំណេះដឹង និងនវានុវត្តន៍ ប្រទេសវៀតណាមបានកំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បរិវត្តកម្មឌីជីថល ដែលជា​សសរស្តម្ភយុទ្ធសាស្ត្រចំនួនបី ដើម្បីនាំប្រទេសវៀតណាម ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ នៅពេលដែលប្រទេសនេះប្រារព្ធពិធីអបអរសាទរខួប ១០០ ឆ្នាំ នៃទិវាបង្កើតប្រទេសជាតិ។ 

វៀតណាមសហការជាមួយ WIPO ក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងកម្មសិទ្ធិបញ្ញា។ រូបថត៖ VNA

ក្នុងចំណោមសសរស្តម្ភទាំងបី សិទ្ធិកម្មសិទ្ធិបញ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្រនវានុវត្តន៍ជាតិ។ ពិព្រោះ​វាមិនត្រឹមតែជាឧបករណ៍គតិយុត្តិ ដែលបង្កើតបរិយាកាសតម្លាភាព និងអំណោយផលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករស្មារតីជំរុញឱ្យអ្នកបង្កើតថ្មី អាជីវកម្ម និងសហគមន៍ទាំងមូល មានភាពជឿជាក់ក្នុងការច្នៃប្រឌិត រួមចំណែក និងអភិវឌ្ឍប្រទេសជាតិ។

ហេតុដូច្នេះហើយ វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អយន្តការគោលនយោបាយ ជំរុញការកែទម្រង់ស្ថាប័ន ធ្វើទំនើបកម្មនីតិវិធីដោះស្រាយពាក្យស្នើសុំ និងបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពី សិទ្ធិកម្មសិទ្ធិបញ្ញា ប្រែក្លាយសិទ្ធិកម្មសិទ្ធិបញ្ញាទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាព ជួយដល់សហគ្រាស ក្នុងការការពារទ្រព្យសម្បត្តិបញ្ញា កសាងម៉ាកយីហោ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងទាក់ទាញការ​​វិនិយោគ​។ លើសពីនេះ គំនិតផ្តួចផ្តើមនូវសហប្រតិបត្តិការអន្តរជាតិជាច្រើន រួមទាំងជាមួយ WIPO កំពុងត្រូវបានអនុវត្ត ដើម្បីជួយវៀតណាមឱ្យទទួលបានគំរូគ្រប់គ្រងកម្មសិទ្ធិបញ្ញាជឿនលឿន លើកកម្ពស់ការធ្វើពាណិជ្ជកម្មនៃទ្រព្យសម្បត្តិបញ្ញា និងបង្ហូតលំហូរនៃភាពច្នៃប្រឌិតនៅក្នុងសង្គម។


វៀតណាមបានចូលរួម ក្នុងក្រុមការងារអាស៊ានលើកទី 78 ស្តីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AWGIPC 78) នៅបាលី (ឥណ្ឌូនេស៊ី) ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាពីមុន និងដើម្បីបង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល ២០២៦ - ២០៣០។ រូបថត៖ VNA

ការកែលម្អស្ថាប័នដោយឥតឈប់ឈរនិងបង្កើនប្រសិទ្ធភាពនៃការអនុវត្ត

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញារបស់វៀតណាម ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញាឆ្នាំ ២០០៥ គឺជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏សំខាន់មួយ ដែលជាលើកដំបូង បានបង្កើតក្របខ័ណ្ឌស្ទើរតែពេញលេញសម្រាប់ការបង្កើត ការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។

វៀតណាមកំពុងពង្រឹងការផ្សព្វផ្សាយចំណេះដឹងអំពីការការពារ និងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ។ រូបថត៖ VNA

ចាប់តាំងពីពេលនោះមក ច្បាប់នេះត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្រើនដង នៅឆ្នាំ ២០០៩, ២០១៩, ២០២២ និងថ្មីៗនេះគឺនៅឆ្នាំ ២០២៥។ វិសោធនកម្មនីមួយៗ មានគោលបំណងធ្វើឱ្យស្របនឹងស្តង់ដារអន្តរជាតិ ខណៈពេលដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សនៅក្នុងបរិយាកាសសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

ច្បាប់ស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញា ដែលបានធ្វើវិសោធនកម្មឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយផ្តោតលើការកែទម្រង់នីតិវិធីរដ្ឋបាល និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។

ដូច្នេះ ពេលវេលាដោះស្រាយពាក្យសុំកម្មសិទ្ធិឧស្សាហកម្ម ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ជាពិសេស ច្បាប់នេះបានបំពេញបន្ថែមយន្តការ​ សម្រាប់ការវាយតម្លៃយ៉ាងឆាប់រហ័ស នៃខ្លឹមសារនៃពាក្យសុំប៉ាតង់ និងពាណិជ្ជសញ្ញា ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ចំពោះករណីខ្លះ យន្តការមួយ ដែលមិនត្រូវបានអនុម័តយ៉ាងទូលំទូ​លាយ នៅប្រទេសដទៃទៀត។ ជាពិសេស ជាលើកដំបូង បញ្ហាទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ត្រូវបានលើកឡើងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់។

ទន្ទឹមនឹង​ការងារផ្សព្វផ្សាយ ប្រទេសវៀតណាមក៏កំពុងបង្កើនការត្រួតពិនិត្យ ការគ្រប់គ្រង និងការចាត់វិធានការតឹងរ៉ឹង ចំពោះការក្លែងបន្លំពាណិជ្ជកម្ម និងការរំលោភលើកម្មសិទ្ធិបញ្ញាផងដែរ។ រូបថត៖ VNA

ស្របជាមួយនឹងការកែទម្រង់ស្ថាប័ន ប្រទេសវៀតណាមក៏កំពុងពង្រឹងការអនុវត្តសិទ្ធកម្មសិទ្ធិបញ្ញា ផងដែរ។ ស្ថាប័ន​មាន​សមត្ថកិច្ច ពីមជ្ឈិមដល់មូលដ្ឋាន បានបង្កើនការត្រួតពិនិត្យ និងការចាត់វិធានការតឹងរឹងសម្រាប់ការរំលោភបំពាន ជាពិសេសនៅក្នុងវិស័យរសើប ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ទំនិញក្លែងក្លាយ។

ជាពិសេស ប្រទេសវៀតណាមបានបង្កើតតុលាការឯកទេសខាងកម្មសិទ្ធិបញ្ញា នៅទីក្រុងហាណូយ និងទីក្រុង ហូជីមិញ ដែលរួមចំណែកដល់ការកែលម្អវិជ្ជាជីវៈ និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទ។ ច្បាប់ធ្វើវិសោធនកម្មឆ្នាំ ២០២៥ អនុញ្ញាតឱ្យតុលាការអនុវត្តវិធានការរឹងមាំ ដូចជា ការបង្ខំឱ្យដកចេញ ឬរារាំងការចូលប្រើខ្លឹមសារ ដែលរំលោភបំពាននៅលើអ៊ីនធឺណិត ឬបិទគណនី និងកម្មវិធីពាក់ព័ន្ធជាបណ្តោះអាសន្ន។

ផលិតផលដែលរំលោភលើបទប្បញ្ញត្តិពាណិជ្ជកម្ម សិទ្ធិកម្មសិទ្ធ និងសិទ្ធិកម្មសិទ្ធិបញ្ញា ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអាជីវកម្មអាចដឹងអំពីផលិតផលទាំងនោះបានទាន់ពេលវេលា។ រូបថត៖  VNA

តាមពិតទៅ ទង្វើរំលោភបំពានកម្មសិទ្ធិបញ្ញា នៅតែមានភាពស្មុគស្មាញជាមួយនឹងវិធីសាស្រ្តកាន់តែទំនើប។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាប្រឈមទូទៅមួយ មិនត្រឹមតែនៅក្នុងប្រទេស​វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។ ប្រការសំខាន់ ដែលត្រូវទទួលស្គាល់ថា ប្រទេស​វៀតណាមតែងតែប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង និងចាត់វិធានការយ៉ាងតឹងរឹង ចំពោះការរំលោភកម្មសិទ្ធិបញ្ញា គោលនយោបាយនូវសិទ្ធកម្មសិទ្ធិបញ្ញារបស់វៀតណាមកំពុងកាន់តែល្អឥតខ្ចោះ សមត្ថភាពដោះស្រាយ និងអនុវត្ត​បទប្បញ្ញត្តិ​ក៏ត្រូវបានបង្កើនផងដែរ ដែលរួមចំណែកដល់​ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកពាក់ព័ន្ធ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់​ការកែលម្អការប្រកួតប្រជែងជាតិ ឆ្ពោះទៅរកគំរូកំណើនដែលមានតម្លាភាព និងប្រកបដោយចីរភាព ស្របតាមស្តង់ដារ និងតម្លៃសកល៕

  • អត្ថបទ៖ ថាញហ្វ័រ រូបថត៖ VNA

Top