វៀតណាមឈានទៅឆ្ងាយលើផែនទីទេសចរណ៍ពិភពលោក
វៀតណាមកំពុងបោះជំហានជាបណ្តើរៗ ដើម្បីបញ្ជាក់នូវជំហររបស់ខ្លួននៅលើផែនទីទេសចរណ៍ពិភពលោក ជាមួយនឹងរូបភាពនូវគោលដៅសុវត្ថិភាព ទាក់ទាញ និងមួយថ្ងៃកាន់តែបានបើកចំហរ។ សញ្ញាវិជ្ជមានពីគោលនយោបាយទិដ្ឋាការ ការកើនឡើងនៃលំហូរភ្ញៀវទេសចរអន្តរជាតិ និងពានរង្វាន់ដ៏មានកិត្យានុភាព បានរួមចំណែកដល់ការបង្កើតមុខមាត់ថ្មីនៃវិស័យទេសចរណ៍ជាតិ។
យោងតាមការធ្វើបច្ចុប្បន្នភាព នៃ Henley Passport Index នាខែមីនា ឆ្នាំ២០២៦ លិខិតឆ្លងដែនវៀតណាមបានកើនឡើងដល់ចំណាត់ថ្នាក់ទី៨៤ នៅលើពិភពលោក កើនឡើង ៦ថ្នាក់ បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២៥។ ឥឡូវនេះ ពលរដ្ឋវៀតណាម អាចធ្វើដំណើរទៅកាន់ប្រទេសនិងដែនដីចំនួន ៤៨ ដោយមិនចាំបាច់មានទិដ្ឋាការជាមុន ឬគ្រាន់មាននីតិវិធីសាមញ្ញៗ ដូចជា ទិដ្ឋាការ e-visa ទិដ្ឋាការនៅពេលមកដល់ ឬ ETA។
លោក ហា វ៉ាន់សៀវ (Ha Van Sieu) អនុប្រធាននៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានចាត់ទុកថា ការបង្កើនកម្រិតលិខិតឆ្លងដែន មិនត្រឹមតែជួយសម្រួលដល់ពលរដ្ឋវៀតណាមធ្វើដំណើរ សិក្សា និងធ្វើការនៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់រូបភាពនៃប្រទេសវៀតណាមដ៏ស្វាហាប់ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីតភ្ជាប់ផងដែរ។ គោលនយោបាយផ្ដល់ទិដ្ឋាការបត់បែន ក៏កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញវិស័យទេសចរណ៍ផងដែរ។
ជើងហោះហើរត្រង់ពីអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទៅកាន់រដ្ឋធានីហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងដាណាំង (Da Nang) កំពុងពង្រីក ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរអន្តរជាតិ។
ទន្ទឹមនឹងនោះ ប្រទេសវៀតណាមនៅតែបន្តបានលើកតម្កើងក្នុងបញ្ជីចំណាត់ថ្នាក់ដ៏មានកិត្យានុភាព។ នៅឆ្នាំ ២០២៦ទស្សនាវដ្តី Condé Nast Traveler បានរៀបចំណាត់ថ្នាក់វៀតណាម ជាប់លេខរៀងទី១៧ ក្នុងចំណោមបណ្តាប្រទេសស្រស់ស្អាតបំផុតទាំង ២៨ នៅលើពិភពលោក។ ភាពទាក់ទាញនៃគោលដៅទេសចរណ៍ មិនត្រឹមតែស្ថិតនៅលើទីតាំងល្បីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើបទពិសោធន៍ក្នុងស្រុកពិតប្រាកដផងដែរ។ ដំណើរការស្វែងយល់នូវតំបន់ភ្នំភាគខាងជើង ការស្នាក់នៅក្នុង homestay និងស្វែងយល់នូវជីវភាពប្រចាំថ្ងៃក្នុងស្រុក កំពុងកាន់តែមានការពេញនិយមពីភ្ញៀវទេសចរអន្តរជាតិ។
តួលេខកំណើនបង្ហាញឲ្យដឹងថា សន្ទុះនៃការស្តារវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍។ ឆ្នាំ២០២៥ ប្រទេសវៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២១.២ លាននាក់ កើនឡើងជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលភ្ញៀវទេសចរក្នុងស្រុក ឈានដល់ ១៣៥.៥ លាននាក់។ ទីផ្សារទេសចរណ៍ កំពុងឈានចូលក្នុងដំណាក់កាលរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មផលិតផល និងផ្តោតលើបទពិសោធន៍ប្រកបដោយចីរភាព។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទេសចរណ៍វៀតណាមទទួលបានពានរង្វាន់អន្តរជាតិសំខាន់ៗ ជាច្រើន។ ទីក្រុង ហូយអាន (Hoi An) បានផ្ដល់កិត្តិនាមជា "ទីក្រុងទេសចរណ៍ពិភពលោក ឆ្នាំ២០២៦" ខណៈដែលកោះ ភូគ្វឹក (Phu Quoc) បន្តរក្សាកិត្តិនាមជា "គោលដៅកោះធម្មជាតិឈានមុខគេនៅតំបន់អាស៊ី" ដែល World Travel Awards ប្រគល់ជូន។ រដ្ឋធានីហាណូយ ក៏បានបង្កើតចំណាប់អារម្មណ៍ដោយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងទាំង ១០ ដែលគួរឱ្យចង់ទៅកម្សាន្តបំផុត នៅលើពិភពលោកក្នុងឆ្នាំ២០២៦ ដោយការជ្រើសរើសរបស់ Travel + Leisure ដោយសារការរួមបញ្ចូលគ្នា រវាងបុរាណភាព ស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងជីវិតសម័យទំនើប។
សមិទ្ធផលទាំងនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលការណ៍សមាហរណកម្មអន្តរជាតិ ត្រូវបានកំណត់ក្នុងសេចក្តីសម្រេចលេខ 59 - NQ/TW របស់ការិយាល័យនយោបាយ ក្នុងនោះបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវប្បធម៌ សង្គម និងទេសចរណ៍។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពី ការលើកលែងទិដ្ឋាការទ្វេភាគី ព្រមទាំងអភិវឌ្ឍប្រភេទទេសចរណ៍ចម្រុះ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ វប្បធម៌ និងកីឡា ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែសម្បូរបែបរបស់ភ្ញៀវទេសចរលើពិភពលោក។ ជាមួយនឹងជំហានឈានទៅមុខព្រមៗ គ្នា ចាប់ពីគោលនយោបាយ រហូតដល់ផលិតផល និងការផ្សព្វផ្សាយ វៀតណាមកំពុងបោះជំហានឈានទៅឆ្ងាយ បញ្ជាក់ជំហររបស់ខ្លួនជាគោលដៅទាក់ទាញ និងស្ថេរភាពលើផែនទីទេសចរណ៍ពិភពលោក៕
អត្ថបទ៖ ប៊ីច វ៉ឹន- រូបថត៖ VNP









