វត្តយូវ (Dau) - បេតិកភណ្ឌជាតិពិសេស នៅតំបន់ភាគខាងជើង
ស្ថិតនៅខេត្តបាក់និញ (Bac Ninh) វត្តយូវ (Dau) គឺជាវត្តចំណាស់មួយ ក្នុងចំណោមវត្តចំណាស់ជាងគេ នៅប្រទេសវៀតណាម ដែលបានកសាងនៅសតវត្សរ៍ទី២ មុនគ្រិស្តសករាជ។ នេះមិនត្រឹមតែជាទីកន្លែងដើមកំណើតនៃព្រះពុទ្ធសាសនា នៅ វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងរក្សាទុកវត្ថុមានតម្លៃជាច្រើន សក្តិសមជាបេតិកភណ្ឌជាតិពិសេស។
យោងតាមឯកសារប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាមកពីប្រទេសឥណ្ឌា តាមបណ្តាញពាណិជ្ជកម្មបុរាណ បានជ្រាបបញ្ចូលជាមួយនឹងជំនឿក្នុងស្រុក បង្កើតបានជាជំនឿ អាទិទេពទាំង៤អង្គ - គោរពបូជាទេវបុត្រ៤អង្គ ដែលគ្រប់គ្រងអាកាសធាតុ៖ ទេវបុត្រពពក ទេវបុត្រព្រះភិរុណ ទេវបុត្រផ្គររន្ទះ និងទេវបុត្រផ្លេកបន្ទោរ។ នៅក្នុងប្រព័ន្ធវត្តអារាមដែលគោរពបូជាអាទិទេព៤អង្គ វត្តយូវ (Dau) ដើរតួនាទីជាមជ្ឈមណ្ឌល ជា "វត្តគ្រូដើម" ដែលមានអត្ថន័យពិសិដ្ឋក្នុងជីវភាពរស់នៅ ចេតភាពនៃប្រជាជន វៀតណាម នាសម័យបុរាណ។
ឆ្លងកាត់ជិតពីរពាន់ឆ្នាំ និងការជួសជុលជាច្រើនលើក វត្តនេះនៅតែរក្សាបានប្លង់ស្ថាបត្យកម្មប្រពៃណី តាមបែបខាងក្នុងរាងអក្សរកុង ខាងក្រៅរាងអក្សរក្វឹក បង្កើតបានជាបរិវេណចម្រុះរួមមាន៖ ទ្វារបី (Tam Quan) ចេតិយហ្វ័រផុង(Hoa Phong) សាលខាងមុខ សាលបូជា សាលធំ សាលក្រោយ របៀង និងល្វែងគ្រូដើម។ល។ ផ្នែកទាំងអស់ត្រូវបានរៀបចំយ៉ាងប្រណីត បង្កើតបានជាកន្លែងបូជាបុរាណ និងស្ងប់ស្ងាត់។
ចំណុចលេចធ្លោមួយនៃស្ថាបត្យកម្មពិសេស របស់វត្ត គឺចេតិយហ្វ័រផុង (Hoa Phong) - សំណង់និមិត្តរូបដែលសាងសង់ដោយឥដ្ឋដុត បច្ចុប្បន្ននៅសល់៣ជាន់ កម្ពស់ប្រហែល ១៧ម៉ែត្រ។ ជាន់នីមួយៗបម្រួញចូលបន្តិចម្តងៗ ដំបូលកោងរលូន ផ្នែកខាងលើនៃចេតិយមានរាងដូចក្អមទឹកអម្រឹត - ជានិមិត្តរូបនៃភាពបរិសុទ្ធ ក្នុងព្រះពុទ្ធសាសនា។ ខាងក្នុងចេតិយមានតម្កល់បដិមាករស្តេចទេវរាជ៤អង្គ រួមជាមួយឧបករណ៍តន្រ្តីថ្ម និងជួងសំរិទ្ធ ដែលមានរចនាបថស្ថាបត្យកម្មបែបសម័យឡេត្រុងហឹង (Le Trung Hung) បង្ហាញពីជម្រៅប្រវត្តិសាស្ត្រ និងសិល្បៈល្អប្រណីត។
វត្តយូវ (Dau)នៅថែមទាំងបានលេចធ្លោឡើងដោយប្រព័ន្ធរូបបដិមាពិសេសផងដែរ ក្នុងនោះមានរូបបដិមា ទេវបុត្រពពក និង ទេវបុត្រព្រះពាយ - ២អង្គក្នុងចំណោម៤អង្គ នៃទេព៤អង្គ - ដែលបានទទួលស្គាល់ថា ជារតនវត្ថុជាតិ។ រូបបដិមាទាំងនេះ បានឆ្លាក់ដោយឈើមានតម្លៃ ចម្លាក់ប្រណីតៗ បង្ហាញច្បាស់ទឹកមុខ ទាំងមានលក្ខណៈព្រះពុទ្ធសាសនា និងមានលក្ខណៈជំនឿប្រជាប្រិយ។
ក្រៅពីនេះ វត្តនៅរក្សាបានកម្រង "គម្ពីរឈើព្រះធម៌បុរាណ" ដែលបានទទួលស្គាល់ថា ជារតនវត្ថុជាតិផងដែរ។ កម្រងគម្ពីរឈើចន្ទមានតម្លៃនេះ មានផ្ទុកមាតិកាគម្ពីរព្រះធម៌មានតម្លៃជាច្រើន ដែលជាប្រភពឯកសារសំខាន់ សម្រាប់ស្រាវជ្រាវអំពីវប្បធម៌ ភាសា និងប្រវត្តិព្រះពុទ្ធសាសនា នៅវៀតណាម។
ជាមួយនឹងតម្លៃលេចធ្លោទាក់ទងនឹងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសិល្បៈ វត្តយូវបានជាប់ចំណាត់ថ្នាក់ ជាបេតិកភណ្ឌជាតិពិសេស - ការទទួលស្គាល់សក្តិសម សម្រាប់វត្តបុរាណមួយ ដែលបានផ្សារភ្ជាប់ជិតស្និទ្ធជាមួយនឹងលំហូរវប្បធម៌ជនជាតិ អស់រយៈពេលជិត២.០០០ឆ្នាំ។
បច្ចុប្បន្ននេះ វត្តយូវ (Dau)មិនត្រឹមតែជាទីកន្លែងធម្មយាត្រាពិសិដ្ឋ នៃពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាអាសយដ្ឋានទេសចរណ៍ទាក់ទាញភ្ញៀវទេសចរផងដែរ។ ជាពិសេស បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងបទចម្រៀង MV របស់តារាចម្រៀង Hoa Minzy - ដែលទាក់ទាញការទស្សនាជាង១៥០លានដង នៅលើ YouTube - រូបភាពវត្តនេះកាន់តែល្បីល្បាញ និងបានផ្សព្វផ្សាយយ៉ាងខ្លាំង។ ដោយទាញយកប្រយោជន៍ពីឥទ្ធិពលនេះ វិស័យទេសចរណ៍ខេត្តបាក់និញ (Bac Ninh) បានរៀបចំដំណើរកម្សាន្តផ្សងព្រេង ឥតគិតថ្លៃ តាមស្លាកស្នាមទីតាំងល្បីៗ នៅក្នុង MV ក្នុងនោះវត្តយូវ (Dau)គឺជាចំណតលេចធ្លោមួយ។ គំនិតផ្តួចផ្តើមនេះ បានចូលរួមចំណែកនាំយកបេតិកភណ្ឌអាយុកាលរាប់ពាន់ឆ្នាំ ឱ្យកាន់តែខិតជិតដល់សាធារណជន ជាពិសេសយុវជន ទន្ទឹមនោះក៏បានបញ្ជាក់អំពីឋានៈ នៃសំណង់សាសនាមួយ នៅតំបន់ខាងជើងផងដែរ៕
អត្ថបទ និងរូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង