វត្តព្រែកជ្រៅ ស្ថាបត្យកម្មពិសេស
ខេត្ត បាកលៀវ (Bac Lieu) មិនត្រឹមតែជាស្រុកកំណើតនៃលិល្បៈច្រៀងដឹនកាតៃទឺ (Don ca Tai tu) ណាមបូ (Nam Bo) តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខេត្តដែលមានប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជំនឿ និងពិធីបុណ្យប្រពៃណីពិសេសរបស់ជនជាតិគីញ (Kinh) ចិន វៀតណាម ខ្មែរផងដែរ។ ក្នុងនោះ យើងមិនអាចមិនរំឭកដល់វត្តព្រែកជ្រៅ គឺជាវត្តខ្មែរមួយ ដែលមានស្ថាបត្យកម្មស្អាតត្រចេះត្រចង់ ក្នុងចំណោមបណ្តាវត្តខ្មែរទាំងអស់នៅតំបន់ណាមបូ។ ភាពស័ក្កសិទ្ធនិងស្ថាបត្យកម្មស្រស់ស្អាតនៃវត្តព្រែកជ្រៅ តែងបន្សល់ទុកចំណាប់អារម្មណ៍មិនអាចបំភ្លេចបានក្នុងអារម្មណ៍ភ្ញៀវទេសចរណ៍។
អ្នកផ្ដើម កសាងវត្តនេះគឺប្តីប្រពន្ធលោកតា ណេន (Nen) (អាយុ ៦៣ ឆ្នាំ) និងលោកយាយ ង៉ែត (Nghet) (អាយុ ៥៤ ឆ្នាំ) – ជាគ្រួសារធូរធាមួយក្នុងភូមិ។ ពួកគេបានរួមជាមួយគ្រួសារចំនួន ៣០ ផ្សេងទៀត ដើម្បីកាប់ឆ្ការដី កាប់ឈើ យកដីនិងកសាងវត្តព្រែកជ្រៅ។ វត្តនេះបានសាងសង់រួចជាសម្រេចក្នុងរយៈពេលពីរខែ បងប្អូនប្រជាជនក្នុងភូមិបានជួបជុំគ្នានិងនិមន្តគ្រូឧបជ្ឈាយ៍ ថាចម៉ៅ (Thach Mau) (១៨៩២- ១៩០៩) - ដែលជាអ្នកយល់ដឹងយ៉ាងច្បាស់នូវគម្ពី ធម៌អាថ៍ ទ្រឹស្ដីនៃព្រះ ពុទ្ធសាសនា ដើម្បីប្រគេនដំណែងជាព្រះចៅអធិការវត្ត។
ភាពពិសេសនៃវត្តព្រែកជ្រៅគឺប្រណិតភាពនៃក្បាច់រចនា ទោះបីជញ្ជាំង ដំបូលនិងសសរទ្រូង…អ្វីៗទាំងអស់សុទ្ធតែបានតុបតែងរចនាយ៉ាងត្រចះត្រចង់និងចម្រុះពណ៌។ ក្រៅពីនោះ វត្តមានពុទ្ធបដិមានិងសិលាចារឹកចំនួន ១១៥ និងជួងមួយបានផលិតតាំងពីឆ្នាំ១៨៨៧។ បណ្តាសំណង់ទាំងអស់មានគម្លាតពីគ្នា រាប់រយម៉ែត្រ កសាងចន្លោះគ្នាជាមួយទីធ្លាដែលមានជួរដើមឈើពណ៌បៃតងសាយម្លប់យ៉ាងប្រជាក់ ធ្វើឲ្យបរិយាកាសមានភាពស្ងប់ស្ងាត់ និងថ្លៃថ្នូរ។
ប្រជុំស្ថាបត្យកម្មនៃវត្តព្រែកជ្រៅ រួមមានសំណង់ជាច្រើនបែរមុខទៅទិសខាងកើត បានកសាងតាមរចនាបទពុទ្ធសាសនាថេរវាទ។ លេចធ្លោគឺព្រះវិហារ ដែលមានរាងបួនជ្រុងទ្រវែង ទទឹង ១៨ ម៉ែត្រ បណ្តោយ ៣៦ ម៉ែត្រ បែរមុខទៅទិសខាងកើត។ ជណ្ដើរឡើងព្រះវិហារមានមាន ១៨ កាំ ខាងក្នុងគឺជាបដិមាព្រះសក្យមុនី។ លើជញ្ជាំង ពិដាន សសរទ្រូងក្នុងវិហារបានតុបតែងដោយក្បាច់រចនាស្មុគស្មាញនិងចម្រុះពណ៌។ លេចធ្លោគឺគំនូរផ្ទាំងធំៗដែលពិពណ៌នាអំពីពុទ្ធប្រវត្តិ ចាប់ពីប្រសូតិ សាងផ្នួស និងត្រាស់ដឹង។ ផ្នែកកាច់ជ្រុងនៃកំពូលដំបូលខាងលើសុទ្ធតែបិទក្បាច់រចនាកន្ទុយនាគ ៗ បត់បែន ទន់ភ្លន់ និងបានឆ្លាក់យ៉ាងផ្ចិតផ្ចង់,…ដែលក្លាយទៅជាស្នាដៃដ៏អស្ចារ្យធ្វើឲ្យមនុស្សជាច្រើនចាប់ចិត្តពន់ពេក។
មើលពីចម្ងាយ រូបសណ្ឋានវត្តបានលេចចេញដោយពណ៌លឿងស្រស់ស្អាត។ ព័ទ្ធជុំវិញវត្តគឺរបងដែលបានកសាងយ៉ាងរឹងមាំរួមមានក្បាច់រចនាគួរឲ្យចាប់ចិត្ត។ ក្នុងបរិវេណនៃវត្តមានដើមឈើព្រឹទ្ធព្រឹក្សធំៗជាច្រើនបានដាំជាំជួរសាយម្លប់ត្រឈឹងត្រឆៃ។ ខ្លោងទ្វារវត្តព្រែកជ្រៅមានបិទដោយក្បាច់រចនាគាប់ភ្នែក លេចធ្លោ និងពោរពេញទៅដោយលក្ខណៈរចនាបថខ្មែរ។ ផ្លាកឈ្មោះវត្តបានរចនាជាទ្រង់ទ្រាយប្រាសាទតាមស្ថាបត្យកម្មប្រាសាទអង្គរវត្ត ចំកណ្តាលមានព្រះបដិមាមួយអង្គទ្រង់សមាធិគួរជាទីជ្រះថ្លា ។ ក្រៅពីនេះ នៅខាងក្រោម ទាំងសងខាងមាន គ្រុឌពីរទ្រប្រាសាទខ្លោងទ្វារ និង នាគក្បាលប្រាំសន្ធឹងដងខ្លួនទាំងសងខាងខ្លោងទ្វារ។
លេចធ្លោខ្ពស់សន្លឹមស្របនឹងពណ៌ផ្ទៃមេឃខៀវស្រស់ គឺជាស្ថាបត្យកម្មដំបូលដែលបានរចនាជាច្រើនជាន់ត្រួតលើគ្នា បង្កើតលំហរខ្ពស់ត្រឌឹម ជាមួយនឹងកំពូលត្រៃសូរ្យខ្ពស់ត្រដែត។ នៅលើស្រទាប់ដំបូលមួយជាន់ៗមានបិទរូបនាគតាមរចនាបែបខ្មែរ ក្បាលនាគឈមចុះមកក្រោម តួខ្លួននាគដេកសណ្ដូកវែងតាមបណ្ដោយដំបូល កន្ទុយនាគកោងឡើងមានសណ្ឋានដូចអណ្តាតភ្លើង។ ប្រព័ន្ធដំបូលព្រះវិហារមានច្រើនជាន់ត្រួតលើគ្នា ដែលបានរចនាឡើងដោយស៊ីចង្វាក់គ្នាជាមួយនឹងកំពូលត្រៃសូរ្យតាម រចនាបទស្ថាបត្យកម្មពិសេសនៃប្រាសាទអង្គរ។ បើពិនិត្យមើលឧ្យកាន់តែជិត ភ្ញៀវទេសចរនឹងមានការភ្ញាក់ផ្អើលជាមួយនឹងរូបចម្លាក់នីមួយៗនៅលើដំបូល និងសសរទ្រូង ហាក់ដូចជាស្នាដៃសិល្បៈបានតុបតែងដោយរូបនាគ កិន្នរ... យ៉ាងរស់រវើក។
ទល់មុខនឹងព្រះវិហារ និងចេតីយ គឺជាប្រព័ន្ធប៉ម - បដិមា រួមមានប្រាសាទគោល ៣ និងព្រះបដិមា ក្នុងឥរិយាបទសមាធិផ្សេងៗគ្នា។ ព្រះបដិមាខ្លះត្រូវបានកសាងឡើងតាម ដំណើរនៃព្រះពុទ្ធប្រវត្តិ។ នេះជាលំហរតភ្ជាប់រវាងព្រះវិហាធរ តំបន់ចេតីយ និងតំបន់សាលាធម្មសភា... សំណង់ទាំងនេះសុទ្ធតែបានលាបពណ៌លឿងជាចម្បង រួមផ្សំជាមួយនឹងប្រព័ន្ធក្បាច់រចនាចម្រុះពណ៌ដែលរំលេចនូវរចនាបថស្ថាបត្យកម្មប្រពៃណីរបស់ខ្មែរពីបុរាណ។
មិនត្រឹមតែជាវត្តដែលល្បីឈ្មោះខាងរចនបថសិល្បៈនៃស្ថាបត្យកម្មពិសេសប្លែកភ្នែកតែប៉ុណ្ណោះទេ។ វត្តព្រែកជ្រៅត្រូវបានគេស្គាល់ថា ជាកន្លែងអភិរក្ស និងបង្កើតនូវសោភ័ណ្ឌភាពវប្បធម៌ផ្នែកខាងខាងជំនឿសាសនាក្នុងជីវស្មារតីរបស់ជនជាតិខ្មែរ។ វត្តនៅទាំងរក្សាបានសស្រ្តាស្លឹករឹតដោយមានកម្រាស់ដល់ទៅ ៧០ ទំព័រ ឬសាលាធម្មសភាបុរាណដែលមានសៀវភៅរឿងនិទានបុរាណពីអតីតកាល។
វត្តព្រែកជ្រៅគឺជាសំណង់ស្ថាបត្យកម្មដ៏ឆ្នើម ដែលបង្ហាញពីសម្រស់តំណាងឲ្យសោភណ្ឌភាពវប្បធម៌ខាងជីវស្មារតីនៃសហគមន៍ជនរួមជាតិខ្មែរ ហើយជាគោលដៅដ៏ល្បីល្បាញនៅតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long)./
អត្ថបទ៖ ថុងហាយ រូបថត៖ ង្វៀនថាំង ឡេមិញ ហ័ងហា
ប្រែសម្រួលដោយង្វៀនយ៉ាង