លោក Andy Soloman៖ បីទសវត្សរ៍និទានរឿងវៀតណាមដោយពន្លឺ

លោក Andy Soloman៖ បីទសវត្សរ៍និទានរឿងវៀតណាមដោយពន្លឺ

ចាប់ពីខ្សែភាពយន្តខ្មៅស នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការជួបជុំគ្នាដ៏រំភើប បន្ទាប់ពី ៣០ ឆ្នាំក្រោយ មក អ្នកថតរូបជនជាតិអង់គ្លេស Andy Soloman បាននិពន្ធរឿងរ៉ាអំពី ប្រទេសវៀតណាម ដោយ “ពន្លឺ” នៃការចងចាំ ការតភ្ជាប់ និងទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​។ ការតាំងពិព័រណ៍រូបថត “បន្ត៖ វៀតណាម” គឺជាផ្នែកមួយក្នុង​ក្របខណ្ឌមហោស្រព​ថតរូបអន្តរជាតិហាណូយ (Ha Noi) ឆ្នាំ២០២៥ ដោយបើកដំណើរមួយ ដែលជាទីអតីតកាល និងបច្ចុប្បន្ន​កាល​បំភ្លឺគ្នាទៅវិញទៅមក ដោយឆ្លុះបញ្ចាំងពីប្រទេស ដែលមានភាពអង់អាចក្លាហាន និងការផ្លាស់ប្តូរឥតឈប់​ឈរ​។

អ្នកថតរូបជនជាតិអង់គ្លេស Andy Soloman - អ្នកនិទានរឿងអំពីប្រទេសវៀតណាមដោយពន្លឺ។ រូបថត៖ ថាញ់យ៉ាង/ VNP

មិនត្រឹមតែជាការតាំងពិព័រណ៍រូបថតប៉ុណ្ណោះ "បន្ត៖ វៀតណាម" គឺជាកន្លែង ដែលការចងចាំនូវអតីតកាល និងបច្ចុប្បន្នកាលជួបគ្នា ទីដែលរូបថតក្លាយជាស្ពានរវាងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេស​ ក្នុង​អំឡុងពេលបីទសវត្សរ៍។ ការតាំងពិព័រណ៍នេះ ធ្វើឡើងនៅរដ្ឋធានីហាណូយ ដោយមានការឧបត្ថម្ភពីក្រុមប្រឹក្សាអង់គ្លេស និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅប្រទេស វៀតណាម បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការអន្តរជាតិ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ សង្គម និងរឿងរ៉ាវរបស់ប្រជាជន វៀតណាម។

លោក Andy Soloman គឺជាអ្នកថតរូប ដែលមាន​ស្នាដៃជាច្រើនបានបោះពុម្ពផ្សាយ បច្ចុប្បន្នគាត់រស់នៅក្នុងចក្រភពអង់គ្លេស និងវៀតណាម។ ក្នុងអំឡុងពេលពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ ពេលរស់នៅក្នុងរដ្ឋធានីហាណូយ (Ha Noi) លោកគឺជាអ្នកថតរូបសារព័ត៌មានអន្តរជាតិ ដោយសហការជាមួយកាសែត និងទីភ្នាក់ងារព័ត៌មានជាច្រើន។ ប្រទេសវៀតណាមបានក្លាយជាផ្នែកមួយនៃជីវិតរបស់លោក។ ដំណើរបេសកកម្មការងារលើកដំបូងរបស់លោក បាននាំលោកទៅទស្សនានៅតំបន់​ជាច្រើន​ក្នុង​ប្រទេស​វៀតណាម៖ ពីខេត្តក្វាងនិញ (Quang Ninh) ឡាងសឺន (Lang Son)  កៅបាំង (Cao Bang) ថាយង្វៀន (Thai Nguyen) រហូតដល់យ៉ាឡាយ (Gia Lai)  ក្វាងង៉ាយ (Quang Ngai) ឬតំបន់ខ្ពង់រាបដ៏អស្ចារ្យ។ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសវៀតណាម ដែលសម្បូរទៅដោយអត្តសញ្ញាណ ជាកន្លែងដែលមានមនុស្ស ទោះបីជាប្រឈមមុខនឹងការលំបាកយ៉ាងណា ក៏នៅតែមានសុទិដ្ឋិនិយម ស្វិតស្វាញ និងរួសរាយ​រាក់ទាក់ជានិច្ច។

អ្នកថតរូប Andy Soloman ថ្លែងមតិ នៅក្នុងការតាំងពិព័រណ៍រូបថត បន្ត៖ វៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP

អ្នកថតរូប Andy Soloman ថ្លែងមតិ នៅក្នុងការតាំងពិព័រណ៍រូបថត បន្ត៖ វៀតណាម។ រូបថត៖ ថាញ់យ៉ាង / VNP

ការតាំងពិព័រណ៍នេះ បាន​ដាក់តាំងរូបថតស-ខ្មៅចំនួន ៥១ សន្លឹក រួមទាំងរូបថតចំនួន ២១ សន្លឹក ដែលលោក Soloman ថត ក្នុងដំណាក់កាលពីឆ្នាំ២០២២ ដល់ ២០២៤ នៅពេលដែលបានត្រឡប់មកប្រទេសវៀតណាមវិញ លោកបានស្វែងរកតួអង្គពីបីទសវត្សរ៍មុន។ លើសពីនេះ មានរូបថតឯកសារចំនួន ៣០ សន្លឹក ដែលថតក្នុងឆ្នាំ១៩៩២ និង ឆ្នាំ១៩៩៣ នៅពេលដែលប្រទេសវៀតណាមបានឈានចូលក្នុងដំណាក់ផ្លាស់ប្តូរ​ថ្មី។ ការដាក់តាំងបង្ហាញរូបថតចាស់ និងថ្មី ក្នុងពេលជាមួយគ្នានេះ ជួយអ្នកទស្សនាមើលឃើញ​យ៉ាងច្បាស់អំពី កា​រផ្លាស់ប្តូរប្រទេស និងដំណើរការពេញវ័យរបស់មនុស្សម្នាក់ៗ។

មុខមាត់ជាច្រើន ដែលលេចឡើងក្នុងរូបថតគឺជាបងប្អូនជនជាតិភាគតិច កុមារធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៃខេត្តក្វាងនិញ (Quang Ninh) ឬប្រជាជននៅខេត្តកៅបាំង (Cao Bang) ។ នៅខេត្តហាយ៉ាងចាស់ (ឥឡូវនេះគឺខេត្ត​ ទៀន​ក្វាង (Tuyen Quang) ជាកន្លែង ដែលធ្វើឱ្យគាត់រំភើបចិត្ត​យ៉ាង​ខ្លាំង លោក Soloman បានថតផ្សារណាត់នៅតំបន់ភ្នំខ្ពស់ និងគ្រួសារជនជាតិម៉ុង (Mong) នៅក្បែជញ្ជាំងថ្មពិសេស។ លោក Andy រំលឹកថា "ម្រាមដៃរបស់ខ្ញុំស្ទើរតែដាក់នៅលើប៊ូតុងថតជានិច្ច" "ខណៈពេលដែលភ្នែក ត្រចៀក និងទាំងច្រមុះរបស់ខ្ញុំ ត្រូវបានទាក់ទាញដោយទេសភាព និងប្រជាជននៅទីនោះ"។

អ្នកថតរូប Andy Soloman ជួបសំណេះសំណាលជាមួយតំណាង UNFPA លោក Matt Jackson (ស្តាំ) នៅឯការតាំងពិព័រណ៍។ រូបថត៖ ថាញ់យ៉ាង / VNP

៣០ ឆ្នាំក្រោយមក នៅពេលដែលគាត់ត្រឡប់មកវិញ គាត់បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំង៖ ភ្នំដែលគ្រប​ដណ្តប់ដោយដំណាំកាហ្វេនិងកៅស៊ូ សាលារៀន និងគិលានដ្ឋានត្រូវបានសាងសង់ ជីវិតបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ការជួបជុំជាមួយតួអង្គចាស់ៗ បានក្លាយ​ជាបទពិសោធន៍ដ៏រំជួលចិត្តយ៉ាងខ្លាំង។ លោក Andy បានចែករំលែកថា "ការតាំងពិព័រណ៍នេះគឺជាការដឹងគុណរបស់ខ្ញុំ ចំពោះប្រជាជនវៀតណាម ដែលបានបើកចំហចិត្តរបស់ពួកគេចំពោះខ្ញុំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ"។ "ខ្ញុំចង់បង្ហាញឲ្យពិភពលោក ឃើញពីការផ្លាស់ប្តូរដ៏អស្ចារ្យនោះ"។

រូបថតឯកសារទាំងនេះត្រូវបានថតក្នុងដំណាក់កាលពី១៩៩២ - ១៩៩៣ នៅពេលដែលប្រទេសវៀតណាមទើបតែចូលដល់សម័យផ្លាស់ប្តូរថ្មី។

 

សម្រាប់លោក Soloman ប្រទេសវៀតណាមមិនត្រឹមតែជាកន្លែងបានជួយគាត់ឱ្យរីកចម្រើនខាងវិជ្ជាជីវៈ​​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្ទះទីពីររបស់គាត់ផង។ នៅទីរដ្ឋធានីហាណូយ (Ha Noi) គាត់បានជួបភរិយារបស់គាត់ ដែល​ជាជនជាតិវៀតណាមម្នាក់ បានអមដំណើរ និងគាំទ្រគាត់យ៉ាងខ្ជាប់ខ្ជួនក្នុងអាជីពថតរូបរបស់គាត់។ កូនប្រុសទីពីររបស់ពួកគេ នៅទាំងបានបន្តវេន្តអាជីពថតពីឪពុក ព្រមទាំងបានក្លាយជាអ្នកថតរូបវ័យក្មេងផង។


នៅក្នុងពិធីបើកព្រឹក្តិការណ៍នេះ លោក James Shipton នាយកក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅប្រទេស​វៀតណាម បានសង្កត់ធ្ងន់ថា៖ "រូបថតនីមួយៗ និទានអំពីរឿងរ៉ាវ ដែលបន្តលាតត្រដាងតាមពេលវេលា ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់យើងខ្ញុំក្នុងការពង្រឹងទំនាក់ទំនង​ជិតស្និទ្ធជាមួយវៀតណាម"។

លោក Matt Jackson តំណាង UNFPA ក៏បានវាយតម្លៃថា ការតាំងពិព័រណ៍នេះ​ដូចជាការរំលឹកអំពីកម្លាំងនៃតំណភ្ជាប់រវាង​ជំនាន់​ជាច្រើន៖ ការ​ផ្ទេរជូនចំណេះដឹង ជំនាញ និងស្មារតីអង់អាចក្លាហាន ដែលបង្កើត​សហគមន៍​​​​ប្រកបដោយចីរភា

ជ្រុងមួយនៃការតាំងពិព័រណ៍រូបថត "បន្ត៖ វៀតណាម" របស់លោក Andy Soloman

 

បន្ត៖ វៀតណាម មិនត្រឹមតែជាគម្រោងសិល្បៈដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណរបស់មិត្តភក្តិម្នាក់ចំពោះទឹកដី ដែលជិតស្និទ្ធជាមួយគាត់អស់រយៈពេលជាងបីទសវត្សរ៍មកហើយ - ប្រទេស​វៀតណាមមួយ ដែលមាន​ភាព​អង់អាចក្លាហាន ច្នៃប្រឌិត និងមនុស្សធម៌៕


អត្ថបទ៖ ប៊ិចវ៉ឹន / VNP- រូបថត៖ ថាញ់យ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង



Top