លោកស្រី Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសវៀតណាម៖ “វិនិយោគចំពោះ សុខភាព គឺជាការវិនិយោគសម្រាប់អនាគត”
យោងតាមលោកស្រីបណ្ឌិត Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសវៀតណាម ប្រព័ន្ធសុខាភិបាលមួយ ដែលយកប្រជាជនជាស្នូល មិនត្រឹមតែជួយលើកកម្ពស់គុណភាពជីវិតប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍចីរភាពរបស់ប្រទេសជាតិទៀតផង។ អង្គការ WHO នឹងបន្តរួមដំណើរ ជាមួយប្រទេសវៀតណាម ក្នុងដំណើរការតថូបនីយកម្មគោលដៅគ្របដណ្តប់ថែទាំសុខភាពទូទាំងប្រជាជន។
ចាប់តាំងពីបានទទួលតំណែងជាប្រធានតំណាងអង្គការ WHO ប្រចាំនៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២មក លោកស្រី បណ្ឌិត Angela Pratt មានឱកាស បំពេញការងារជាច្រើន ជាមួយអ្នកឡើងផែនការគោលនយោបាយ កងជួរបុគ្គលិកពេទ្យ និងសហគមន៍ នៅតាមមូលដ្ឋានជាច្រើន។ តាមរយៈដំណើរទស្សនកិច្ចផ្ទាល់ លោកស្រីបានមើលឃើញ កម្លាំងនៃប្រព័ន្ធសុខាភិបាលវៀតណាម កកើតចេញពីការលះបង់ របស់ក្រុមពេទ្យនៅថ្នាក់មូលដ្ឋាន និងការប្តេជ្ញាចិត្តកែទម្រង់ របស់ថ្នាក់ដឹកនាំ។
អនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយ៍ ដែលធ្វើឱ្យលោកស្រីរំជួលចិត្តបំផុត នោះគឺ ដំណើរទស្សនកិច្ចនៅមណ្ឌលសុខភាពឃុំមួយ នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) ក្នុងខែឧសភា ឆ្នាំ២០២៣។ លោកស្រីបណ្ឌិត Angela Pratt បានចែករំលែកថា៖ "ខ្ញុំមានឱកាសជជែកជាមួយវេជ្ជបណ្ឌិត និងលានុបដ្ឋាយិកា នៅមូលដ្ឋាន ពិតជារំជួលចិត្តយ៉ាងខ្លាំង ចំពោះស្មារតីលះបង់ ក្នុងការបម្រើសហគមន៍ របស់ក្រុមគ្រូពេទ្យនៅតាមភូមិឃុំ។ពួកគាត់បានផ្លាស់ប្តូរវេនគ្នា ដេកយាមនៅមណ្ឌលសុខភាពឃុំ ដើម្បីធានាមានអ្នកប្រចាំការជានិច្ច សូម្បីតែក្រៅម៉ោងធ្វើការក៏ដោយ បង្ការក្រែងមានប្រជាជនត្រូវការជំនួយសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ ទឹកមុខបុគ្គលិកពេទ្យថ្នាក់ឃុំ ដែលខ្ញុំបានជួបនៅថ្ងៃនោះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះរូបខ្ញុំ"។ យោងតាមលោកស្រី បុគ្គលស្ងៀមស្ងាត់ទាំងនេះ បានបង្កើតមូលដ្ឋានគ្រឹះ នៃប្រព័ន្ធថែទាំសុខភាពបឋម ជួយឱ្យប្រជាជនទទួលបានសេវាសុខាភិបាលភ្លាមៗ នៅក្នុងសហគមន៍។
ចំណុចលេចធ្លោមួយទៀត ដែលលោកស្រីប្រធានតំណាងអង្គការ WHO តែងតែចងចាំ គឺសម័យប្រជុំពិភាក្សារបស់រដ្ឋសភាវៀតណាម ស្តីពីការហាមជក់បារីអេឡិចត្រូនិក និងបារីដុតកម្ដៅ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នោះគឺជាកាលៈទេសៈ ដែលបង្ហាញពីភាពក្លាហាន ការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់ ក្នុងគោលដៅការពារសុខភាពសហគមន៍"។ យោងតាមលោកស្រី បណ្ឌិត Angela Pratt បទពិសោធន៍ទាំងនោះ ជួយឱ្យលោកស្រីកាន់តែមានទំនុកចិត្តលើអនាគត នៃវិស័យសុខាភិបាលវៀតណាម ពីព្រោះប្រទេសនេះ មានទាំងក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់ និងថ្នាក់ដឹកនាំ ដែលមានភាពម៉ឺងម៉ាត់។
សេចក្តីសម្រេចចិត្តលេខ 72-NQ/TW ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នៃការិយាល័យនយោបាយ ស្តីពីដំណោះស្រាយរបកគំហើញមួយចំនួន ដើម្បីពង្រឹងការការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាជន កំណត់វិធីសាស្រ្តរបកគំហើញនានា ដើម្បីកសាងប្រព័ន្ធសុខាភិបាលទំនើប ដោយយកប្រជាជនជាស្នូល លើកកម្ពស់គុណភាព ថែទាំសុខភាព និងអនុវត្តគោលដៅគ្របដណ្តប់ថែទាំសុខភាពទូទាំងប្រជាជន។
វាយតម្លៃលើទិសដៅអភិវឌ្ឍន៍ នៃវិស័យសុខាភិបាល លោកស្រីបានយល់ឃើញថា សេចក្តីសម្រេចចិត្តលេខ ៧២ នៃការិយាល័យនយោបាយ បានដាក់ចេញចក្ខុវិស័យច្បាស់លាស់ ក្នុងការកសាងប្រព័ន្ធសុខាភិបាលឆ្ពោះទៅរកការគ្របដណ្តប់ថែទាំសុខភាពទូទាំងប្រជាជន ធានាប្រជាជនគ្រប់រូប អាចទទួលបានសេវាកម្មថែទាំសុខភាពបានគ្រប់ជ្រុងជ្រោយ ជាមួយនឹងតម្លៃសមរម្យ ដែលពួកគាត់អាចបង់បាន។
លោកស្រីបានកត់សម្គាល់ពីការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀតណាម ក្នុងការប្តូរពីការព្យាបាល ទៅជាម្ចាស់ការការពារ និងទប់ស្កាត់ជំងឺ ព្រមទាំងពង្រឹងសមត្ថភាព សម្រាប់បណ្តាញសុខាភិបាលថ្នាក់មូលដ្ឋាន។ យោងតាម អង្គការ WHO ប្រព័ន្ធថែទាំសុខភាពបឋម ដែលដំណើរការមានប្រសិទ្ធភាព អាចឆ្លើយតបបានដល់ទៅ ៩០% នៃតម្រូវការថែទាំសុខភាពរបស់ប្រជាជន រួមចំណែកអនុវត្តគោលដៅគ្របដណ្តប់សុខភាពទូទាំងប្រជាជន ជាមួយនឹងតម្លៃសមរម្យ។ដើម្បីជួយគាំទ្រដំណើរការកែទម្រង់វិស័យសុខាភិបាលរបស់ប្រទេសវៀតណាម អង្គការ WHO កំពុងសហការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តវិស័យអាទិភាពជាច្រើន ដូចជាកែទម្រង់ហិរញ្ញប្បទានសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ថ្នាក់មូលដ្ឋាន ជំរុញបរិវត្តកម្មឌីជីថល ពង្រឹងការគ្រប់គ្រងឱសថ វ៉ាក់សាំង សម្ភារៈបរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍផលិតកម្មផលិតផលវេជ្ជសាស្ត្រក្នុងស្រុក។
ទន្ទឹមនឹងនោះ ប្រទេសវៀតណាម ក៏សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន ក្នុងការធ្វើបរិវត្តកម្ម ឌីជីថលលើវិស័យសុខាភិបាល ជាពិសេសគឺការអភិវឌ្ឍកំណត់ត្រាសុខភាពផ្ទាល់ខ្លួនតាមប្រព័ន្ធអេឡិចត្រូនិក រួមចំណែកកសាងគំរូគ្រប់គ្រងសុខភាព ដោយយកប្រជាជនជាស្នូល។ ជាមួយនឹងនោះ អត្រានៃការគ្របដណ្តប់ធានារ៉ាប់រងសុខភាព សម្រេចបានប្រមាណ ៩៥% នៃចំនួនប្រជាជន បង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព។
នៅពេលខាងមុខនេះ អង្គការ WHO នឹងបន្តរួមដំណើរជាមួយប្រទេសវៀតណាម ពង្រាយអនុវត្តកម្មវិធីគោលដៅជាតិ ពង្រឹងការថែទាំសុខភាពបឋម ការថែទាំសុខភាពមនុស្សចាស់ កសាងប្រព័ន្ធសុខាភិបាលបញ្ចេញកាបូនទាប និងផ្តល់អនុសាសន៍គោលនយោបាយផ្អែកលើភស្តុតាង ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
លោកស្រី បណ្ឌិត Angela Pratt បានមានប្រសាសន៍ថា៖ "ការវិនិយោគចំពោះសុខភាព មិនមែនគ្រាន់តែជាការវិនិយោគសម្រាប់ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែវាក៏ជាការវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លទ្ធផលការងារ និងអនាគត របស់ប្រទេសជាតិនីមួយៗផងដែរ។ ជាមួយនឹងមូលដ្ឋានគ្រឹះ បានកសាងឡើង រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសវៀតណាម និងអង្គការ WHO ខ្ញុំជឿជាក់ថា គោលដៅគ្របដណ្តប់ការថែទាំសុខភាពទូទាំងប្រជាជន នឹងបានក្លាយជាការពិតក្នុងពេលឆាប់ៗនេះ"។ សារនោះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែង របស់អង្គការ WHO ក្នុងការរួមដំណើរជាមួយប្រទេស វៀតណាម ដើម្បីកសាងប្រព័ន្ធសុខាភិបាលមួយ ប្រកបដោយសមធម៌ ប្រសិទ្ធភាព និងយកប្រជាជនជាស្នូល ដើម្បីអនាគតរឹងមាំ និងអភិវឌ្ឍចីរភាព៕
- អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ កុងដាត / VNP








