លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមជូនប្រជាជន – សេចក្តីអំពាវនាវប្រកបដោយមនុស្សធម៌របស់បក្ស
ក្នុងរយៈពេលជិត ៤០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាម នៅតែមានជិត ២៧៤.០០០ គ្រួសារក្រីក្រ ជិតក្រីក្រ និងគ្រួសារ គោលនយោបាយ នៅតែរស់នៅក្នុងផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ដូច្នេះហើយ កម្មវិធី "ប្រជាជនទាំងមូលរួមគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស" បានបង្ហាញពីលក្ខណៈមនុស្សធម៌ ស្មារតីជួយគ្នាទៅវិញទៅមក និងមិនបោះបង់នរណាម្នាក់ឱ្យនៅខាងក្រោយឡើយ។ នេះក៏ជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយជាច្រើន ដែលវៀតណាមកំពុងខិតខំអនុវត្ត ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពិភពលោក ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដោយចាត់ទុកនេះ ជាគោលដៅ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
យើងបានធ្វើដំណើរវែងឆ្ងាយទៅកាន់តំបន់ជាច្រើន ទូទាំងប្រទេស ទីដែលមានផ្ទះតូចៗ ប៉ុន្តែរឹងមាំ និងកក់ក្តៅដោយក្តីស្រឡាញ់ កំពុងត្រូវបានសាងសង់យ៉ាងប្រញាប់ប្រញាល់ ដើម្បីប្រគល់ជូនប្រជាជនក្រីក្រទាន់ពេលវេលា ជាមួយនឹងក្តីសុភមង្គលដ៏ធំធេងអំពីជីវិត "មានផ្ទះរស់នៅ ជីវភាពប្រកបដោយសុខដុមរមនា" ។

ខែមិថុនា ខេត្ត ឡាយចូវ (Lai Chau) យើងនៅតែសម្រេចចិត្តឆ្លងកាត់ភ្នំ ហុងធូម៉ាន (Hong Thu Man) ដែលកំពុងមានភ្លៀងធ្លាក់ជោកជាំ ដើម្បីទៅកាន់ស្រុក ផុងថូ (Phong Tho) ពោរពេញទៅដោយខ្យល់បក់ខ្លាំង ៗ។ នៅលើរថយន្ត លោកវរសេនីយ៍ឯក លេ កុងថាញ (Le Cong Thanh) អនុប្រធាននយោបាយ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ឡាយចូវ (Lai Chau) បាននិយាយ ថា៖ "ភ្លៀង ខ្យល់ និងដីបាក់ស្រុតយ៉ាងណា យើងក៏នៅតែបន្តដំណើរឈានទៅ មុខដែរ អ្នកកាសែតអើយ។ មិត្តរួមកងជួររបស់យើងកំពុងច្បាមជាប់ភូមិ និងប្រជាជន ទាំងយប់ទាំងថ្ងៃ ដើម្បីជួយប្រជាជនសាងសង់ផ្ទះថ្មី"។
ផ្លូវដីភក់ល្បាប់ក៏មិនអាចរារាំងដំណើរការរបស់ក្រុមការងារយើងទៅកាន់ភូមិ ហួយលួង ២ (Huoi Luong 2) ដែលមានកម្ពស់ជិត ២០០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ ភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែកងទ័ពនៅតែបន្តជួយគ្រួសារលោក ម៉ាវ វ៉ាន់ស្វឹន (Mao Van Xuan) ជនជាតិ ហាញី (Ha Nhi) ម្នាក់ កំពុងសាងសង់ផ្ទះ។ លោក ម៉ាវ វ៉ាន់ស្វឹន (Mao Van Xuan) បាននិយាយដោយរីករាយថា៖ "ផ្ទះចាស់របស់ខ្ញុំ មិនអាចស្ថិតស្ថេរឆ្លងរដូវភ្លៀងនេះបានឡើយ! ប៉ុន្តែដោយសាររដ្ឋយកចិត្តទុកដាក់ជួយឧបត្ថម្ភ គ្រួសារខ្ញុំបានខ្ចីប្រាក់បន្ថែមពីធនាគារ ហើយមានប្រាក់សន្សំខ្លះ ម្យ៉ាងវិញទៀត យើងបានកងទ័ពការពារព្រំដែនជួយកម្លាំង ដូច្នេះខ្ញុំជិតមានផ្ទះថ្មី ទំហំជិត ៨០ម៉ែត្រការ៉េនេះហើយ"។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥ កងទ័ពការពារព្រំដែនខេត្ត ឡាយចូវ (Lai Chau) បានកេណ្ឌប្រមូលនាយទាហាន យុទ្ធជនចំនួន ២.៨៥៩នាក់ ចូលរួម ៣.៦៦៦ ថ្ងៃធ្វើការ ដើម្បីជួយប្រជាជនសាងសង់ផ្ទះថ្មីចំនួន ៥៤៦ ខ្នង។ លើសពីនេះ កងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍កងទ័ពការពារព្រំដែន ក៏បានសហការអំពាវនាវដល់សហគ្រាស និងអ្នកឧបត្ថម្ភនានា ជួយឧបត្ថម្ភជិត ៣ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភថវិកា និងសម្ភារៈសាងសង់ផ្ទះជូនប្រជាជន។
នៅតាមតំបន់ព្រំដែន ដែលមានការលំបាកជាពិសេស ដូចជា ស៊ីលើលូវ (Si Lo Lau) ប៉ាអ៊ូ (Pa U) ហួយ (Huoi) លួង (Luong) ប៉ាវេស៊ុ (Pa Ve Su) តាបា (Ta Ba)... ផ្ទះរឹងមាំកំពុងលេចឡើងជាបន្តបន្ទាប់ រួមជាមួយនឹងជំនឿ ដែលជាកម្លាំងចលករសម្រាប់ប្រជាជននៅតាមព្រំដែន ដើម្បីកសាងជីវភាពឱ្យមានស្ថិរភាព រួមគ្នាការពារទឹកដីមាតុភូមិ នៅតំបន់ព្រំដែន។

តំបន់ភាគកណ្តាល - តំបន់ តីង្វៀន (Tay Nguyen) គឺជាតំបន់ ដែលតែងតែរងគ្រោះដោយគ្រោះធម្មជាតិ ថែមទាំងនៅតែមានលំបាកជាច្រើនបើប្រៀបធៀបនឹងតំបន់ផ្សេង នៅទូទាំងប្រទេស ដូច្នេះហើយចំនួនគ្រួសារ ដែលស្ថិតក្នុងស្ថានភាពលំបាកផ្នែកលំនៅដ្ឋាន គឺច្រើនជាងគេ។ ហេតុនេះ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពជាចម្បង។ មូលដ្ឋានភាគច្រើននៅក្នុងតំបន់នេះ ដូចជា ក្វាងទ្រី (Quang Tri) ហ្វេ (Hue) ដាណាំង (Da Nang) ក្វាងង៉ាយ (Quang Ngai) ប៊ិញឌីញ (Binh Dinh) ខាញហ្វ័រ (Khanh Hoa) ឡឹមដុង (Lam Dong) ដាក់ឡាក់ (Dak Lak) បានខិតខំបញ្ចប់កម្មវិធីនេះ ហើយមូលដ្ឋានជាច្រើនបានបញ្ចប់កម្មវិធីនេះមុនកាលកំណត់ ថ្ងៃទី៣១ ខែសីហា ស្របតាមតម្រូវការរបស់រដ្ឋាភិបាល។
ស្រុកព្រៃភ្នំ តីយ៉ាង (Tay Giang) ខេត្ត ក្វាងណាម (Quang Nam) (បច្ចុប្បន្នជាឃុំ តីយ៉ាង (Tay Giang) ក្រុង ដាណាំង (Da Nang)) គឺជាតំបន់ព្រៃភ្នំជាប់ព្រំដែនប្រទេសឡាវ។ នៅទីនេះ មានប្រហែល៩៥ % ប្រជាជនគឺជនជាតិ កើទូ (Co Tu)។ ភូមិសាស្ត្រភ្នំដាច់ស្រយាល កន្លែងជាច្រើនមានប្រជាជនរស់នៅតិចៗ ជីវភាពខាងសេដ្ឋកិច្ចលំបាកច្រើន ប៉ុន្តែដោយសារការគាំទ្រយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល ទីក្រុង និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាពីប្រភពសប្បុរសធម៌ផ្សេងទៀត មកដល់ពេលនេះ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមក៏បានបញ្ចប់មុនកាលកំណត់ដែរ ដោយធានាមានទីលំនៅដ្ឋានដ៏សុវត្ថិភាពសម្រាប់ប្រជាជន មុនរដូវភ្លៀងព្យុះ ដែលមិនអាចគិតមុនបានក្នុងឆ្នាំនេះ។
លោក Arat Bluoi ប្រធានគណៈកម្មការប្រជាជនឃុំ តីយ៉ាង (Tay Giang) បានឱ្យដឹងថា លោកបានចុះត្រួតពិនិត្យគ្រប់តំបន់ ហើយមានកន្លែងខ្លះ លោកបានមកដល់ច្រើនដង ហើយឃើញថា កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ត្រូវបានអនុវត្តបានយ៉ាងល្អ។ ដោយប្រើប្រាស់ថវិកាជាតិ ថវិកាមូលដ្ឋាន ការចូលរួមពីសង្គម និងការរួមចំណែករបស់ប្រជាជន មកដល់ពេលនេះឃុំ តីយ៉ាង (Tay Giang) បានបញ្ចប់ជាមូលដ្ឋានការសាងសង់ថ្មី និងជួសជុលផ្ទះ សម្រាប់ប្រជាជន ដោយធានាថាប្រជាជនអាចស្ងប់ចិត្តចូលកាន់លំនៅដ្ឋានថ្មី មុនរដូវភ្លៀងទឹកជំនន់ឆ្នាំនេះ។
លោក Bhling Phat ជនជាតិ កើទូ (Co Tu) ម្នាក់ ប្រធានភូមិ Por'ning បានបន្ថែមថា កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋ ចំពោះបងប្អូនប្រជាជន។ ពីមុន ភូមិ Por'ning មានចំនួនគ្រួសារជាច្រើន ដែលមិនមានផ្ទះរឹងមាំ ប៉ុន្តែដោយសារកម្មវិធីនេះ រហូតដល់ពេលនេះ ទូទាំងភូមិមានជាង ៣០គ្រួសារ ដែលត្រូវបានជួយជួសជុល ឬសាងសង់ផ្ទះថ្មី ដើម្បីធានាការរស់នៅប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាព យូរអង្វែង និងស្ថិរភាព។
ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ ស្រុក តីយ៉ាង (Tay Giang) ខេត្ត ក្វាងណាម (Quang Nam) (បច្ចុប្បន្នជាឃុំ តីយ៉ាង (Tay Giang) ក្រុង ដាណាំង (Da Nang)) បានជួសជុល និងសាងសង់ផ្ទះថ្មីបានចំនួន ១.០៦៧ ខ្នង។ ដោយឡែកក្នុង ៦ ខែដើមឆ្នាំ២០២៥ នេះ បានប្រគល់ផ្ទះចំនួន ៤០៧ខ្នង។ គិតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានបានបញ្ចប់កម្មវិធីមុនកាលកំណត់ថ្ងៃទី៣១ ខែសីហា ស្របតាមតម្រូវការរបស់រដ្ឋាភិបាល។

ជាមួយនឹងការប្តេជ្ញាចិត្តបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម ស្របតាមពេលវេលាតាមការកំណត់របស់រដ្ឋាភិបាល តំបន់ភាគជាច្រើននៃភាគខាងត្បូង ក៏បានបញ្ចប់កម្មវិធីនេះ មុនកាលកំណត់ដែរ។ តួយ៉ាងដូចទីក្រុងហូជីមិញ (Ho Chi Minh) (មុនពេលរួមបញ្ចូលគ្នា) បានបញ្ចប់ការ សាងសង់ថ្មី និងជួសជុលផ្ទះចំនួន ១.២២២ខ្នង ជាមួយនឹងថវិកាសរុបជាង ៧០ ពាន់លានដុង ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ និងគ្រួសារលំបាកផ្នែកលំនៅដ្ឋាន ដែលរួមចំណែកយ៉ាងជាក់ស្តែង និងមានអត្ថន័យដល់សកម្មភាពអបអរសាទរខួប៥០ឆ្នាំ នៃទិវារំដោះ ភាគខាងត្បូង និងបង្រួបបង្រួមប្រទេស (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ – ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។
ផ្ទះរបស់ លោកស្រី Chamale យុង (Dung) និងលោក Kte វ៉ាន់ស៊ុង (Van Xung) (ពីស្តាំទៅឆ្វេង) - ជនជាតិ Raglai នៅឃុំ ធួនបាក់ (Thuan Bac) ខេត្ត ខាញហ្វ័រ (Khanh Hoa) បានទទួលការឧបត្ថម្ភថវិកាចំនួន ៨០ លានដុង ពីអាជ្ញាធរ សម្រាប់ការសាងសង់ផ្ទះថ្មីនីមួយៗ ហើយគ្រួសារបានសុំខ្ចីបន្ថែម ដើម្បីសាងសង់ ផ្ទះថ្មីរបស់ពួកគេ។ រូបថត៖ ឡេមិញ/ VNP
តំបន់ជាច្រើន មុនពេលរួមបញ្ចូលគ្នា ដូចជា ខេត្តសុកត្រាំង (Soc Trang) ខេត្ត កាម៉ៅ (Ca Mau) ខេត្ត កឹនធើ (Can Tho) ខេត្តនិញធួន (Ninh Thuan) និងខេត្តអានយ៉ាង (An Giang) ខេត្ត វិញឡុង (Vinh Long)... ក៏បានបញ្ចប់កម្មវិធី មុនកាលកំណត់ដែរ។ មានវត្តមាននៅខេត្ត និញធួន (Ninh Thuan) (មុនពេលរួមបញ្ចូលគ្នា) ដែលជាតំបន់មានសហគមន៍ជនជាតិចាមជាច្រើន(ប្រហែល ១៣%) ជនជាតិ Raglai (ប្រហែល១១%) និងជនជាតិភាគតិចផ្សេងទៀត យើងពិតជាចាប់អារម្មណ៍នឹង "យុទ្ធនាការ ៩០ ទាំងយប់ទាំងថ្ងៃ ឆ្លើយតបនឹងចលនាប្រកួតប្រឡងរួមគ្នា ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម"។
ត្រឹមតែប្រហែល ២ខែ នៃការអនុវត្ត (ពីដើមខែមេសា ដល់ចុងខែឧសភា ឆ្នាំ២០២៥) ខេត្ត និញធួន (Ninh Thuan) បានបញ្ចប់ការសាងសង់ថ្មី និងជួសជុលផ្ទះចំនួន ២.១៨៣ខ្នង ដើម្បីប្រគល់ជូនប្រជាជន ដែលមានស្ថានភាពលំបាកផ្នែកលំនៅដ្ឋាន ដើម្បីមានស្ថិរភាពក្នុងជីវភាពរស់នៅ។

ប្រពន្ធលោក Chamale Dung ជនជាតិ Raglai នៅឃុំ លើយហាយ (Loi Hai) ស្រុក ធួនបាក់ (Thuan Bac) ខេត្ត និញធួន (Ninh Thuan) (បច្ចុប្បន្នជាឃុំ ធួនបាក់ (Thuan Bac) ខេត្ត ខាញហ្វ័រ (Khanh Hoa)) មិនអាចលាក់បាំងភាពរីករាយ និងអារម្មណ៍រំភើបចិត្តរបស់ខ្លួនបាន នៅពេលឈរនៅមុខផ្ទះថ្មីដ៏ធំទូលាយ និងរឹងមាំ ដែលមានផ្ទៃក្រឡាជិត ១០០ម៉ែត្រការ៉េ ទើបបានអាជ្ញាធរប្រគល់ជូនគ្រួសារគាត់ កាលពីចុងខែឧសភា។ លោក Chamale Dung បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភ ៨០លានដុង ហើយប្តីប្រពន្ធលោកបានខ្ចីបន្ថែម ២០លានដុងទៀត ដើម្បីសាងសង់ផ្ទះថ្មីនេះ។ ឥឡូវនេះ លោកមិនបារម្ភនូវការធ្វើចម្ការ ខណៈកូនៗ នៅផ្ទះមិនមានសុវត្ថិភាព នៅក្នុងផ្ទះទ្រុឌទ្រោមដូចពីមុនទៀតឡើយ។
ជាមួយនឹងការឯកភាព និងការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរ ការគាំទ្រទាន់ពេលវេលា ពីសហគ្រាស សហគ្រិន និងការចែករំលែកពីសហគមន៍សង្គម ខេត្ត និញធួន (Ninh Thuan) បានកាត់បន្ថយពេលវេលា និងបានបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម លើសពីគោលដៅដែលបានដាក់ចេញមុន៕
អនុវត្ត៖ ថាញហ្វ័រ វៀតគឿង ឡេមិញ ថុងថៀន សើនងៀ / VNP
រូបថត៖ VNP និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង