រួមគ្នាកសាងអនាគតកុមារវៀតណាម

រួមគ្នាកសាងអនាគតកុមារវៀតណាម


បន្ទាប់ពីធ្វើការជាងពីរឆ្នាំនៅវៀតណាម លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម បានសម្តែងចំណាប់​អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះស្មារតីសុទិដ្ឋិនិយម សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះកុមារ។ យោង​តាមលោកស្រីរូបនេះ នៅពេលដែលសង្គមមួយជ្រើសរើសវិនិយោគលើកុមារ នោះគឺការបង្កើតមូលដ្ឋានគ្រឹះ សម្រាប់វឌ្ឍនភាព​ចីរកាល និងអនាគតដ៏រុងរឿង របស់ប្រទេសជាតិ...

លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម មានបទពិសោធន៍ធ្វើការ ក្នុងរយៈពេល ២៥ ឆ្នាំ នៅទូទាំងពិភពលោក ហើយបច្ចុប្បន្នលោកស្រីកំពុងបំពេញការងារនៅប្រទេសវៀតណាម។ រូបថត៖ ថាញ់យ៉ាង /VNP

វៀតណាម - ប្រទេសមួយពោរពេញដោយក្តីសង្ឃឹម

ក្នុងរយៈពេល ២៥ឆ្នាំ ធ្វើការជាមួយអង្គការ UNICEF នៅប្រទេសជាច្រើ​ន លោកស្រី Silvia Danailov បានឲ្យ​ដឹង​ថា វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសចំពោះលោកស្រី។ តាំងពីប៉ុន្មានថ្ងៃ ដំបូងដែល​ទើប​ទទួលភារកិច្ច លោកស្រីរូបនេះមានអារម្មណ៍ថា ថាមពលវិជ្ជមាន និងស្មារតីសុទិដ្ឋិនិយមបានផ្សាយក្នុងពិធីជំនួប នៅការិយាល័យ ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសារលិខិតអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងបរិស្ថាន និងស្ថានទូតជប៉ុន។ រូបថត៖ ថាញ់យ៉ាង /VNP
លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម ក្នុង​កិច្ចប្រជុំជាមួយដៃគូ នៅស្ថានទូតជប៉ុន និងក្រសួងកសិកម្ម និងបរិស្ថាន ស្តីពីការការពារកុមារ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។ រូបថត៖ ថាញ់យ៉ាង /VNP

យោងតាមលោកស្រីរូបនេះ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍយ៉ាង​ខ្លាំងក្លា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងបំណងប្រាថ្នាចង់កែទម្រង់​។ លើសពីនេះ ប្រជាជនវៀតណាម ជាពិសេស​យុវជន​​បង្ហាញពីភាពស្វាហាប់ ឧស្សាហ៍​ព្យាយាម និងភាពរួសរាយរាក់ទាក់ បង្កើត​ភាពរស់រវើកសម្រាប់សង្គម ដែលកំពុងមានទំនុកចិចតធ្វើ​សមាហរណកម្ម​ជាមួយពិភពលោក។

 លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម និងលោក ITO Naoki ឯកអគ្គរាជទូត ជប៉ុនប្រចាំប្រទេសវៀតណាម ចុះហត្ថលេខាលើគម្រោង “ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ តាមរយៈ ការអប់រំកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅប្រទេសវៀតណាម”។ រូបថត៖ ថាញ់យ៉ាង /VNP
កិច្ចសហប្រតិបត្តិការរវាងអង្គការ UNICEF ក្រសួងកសិកម្ម និងបរិស្ថាន និងស្ថានទូតជប៉ុន ក្នុងគម្រោង “ពង្រឹងភាពធន់របស់កុមារចំពោះគ្រោះមហន្តរាយធម្មជាតិ និងហានិភ័យនៃការប្រែប្រួលអាកាសធាតុ តាមរយៈការអប់រំកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅប្រទេសវៀតណាម”។ រូបថត៖ ថាញ់យ៉ាង /VNP

ត្រឹមតែប៉ុន្មានខែ បន្ទាប់ពីលោកស្រីចាប់ផ្តើមអាណត្តិ ព្យុះ Yagi ដែលជាព្យុះធំបំផុតមួយ ក្នុង​រយៈ​ពេលជាច្រើនទសវត្សរ៍ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ជាច្រើន។ ក្នុងអំឡុងពេលមកទស្សនា និងបំពេញការងារនៅមូលដា្ឋនរងផលប៉ះពាល់ លោកស្រី Silvia Danailov បានជួបគ្រួសារ ដែលបានបាត់បង់ផ្ទះសម្បែង សាលារៀន និងការងាររកស៊ី។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យលោកស្រីរំជួលចិត្តបំផុត នោះគឺភាពអង់អាចក្លាហានរបស់ប្រជាជន។

លោកស្រី Silvia Danailov បានចែករំលែកថា សូម្បីតែក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ កុមារនៅតែញញឹម និងថែរក្សាក្តីសុបិន្តរបស់ពួកគេ ខណៈពេលដែលបណ្តាគ្រួសារក៏ខិតខំក្រោកឈរដើម្បីស្តារៈជីវិតរបស់ពួកគេឡើងវិញ។ 

បទពិសោធន៍ទាំងនេះ បានជួយឱ្យលោក​ស្រីមើលឃើញយ៉ាង​ច្បាស់លាស់អំពីវៀតណាមសព្វថ្ងៃនេះ ជាប្រទេសមួយ ដែលមានទំនុកចិចត្តធ្វើទំនើបកម្ម រឹងមាំដេញតាមភាពជឿន​លឿនសង្គម ព្រមទាំងរក្សាអត្តសញ្ញាណវប្បធម៌ និងបើកចំហចំពោះពិភពលោក​។

លោកស្រី Silvia Danailov ជាមួយលោក ឡេ ថាញ់ឡុង (Le Thanh Long) ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការវៀតណាម- UNICEF ។ រូបថត៖ ឯកសារ
លោកស្រី លោកស្រី Silvia Danailov ក្នុងពិធីចុះហត្ថលេខាលើលិខិតបេ្តជ្ញាចិត្ត របស់ UNICEF សម្រាប់ការគាំទ្របន្ទាន់ និងការស្តារទឹកស្អាត និងអនាម័យឡើងវិញនៅក្នុងខេត្តដែលរងផលប៉ះពាល់ដោយព្យុះ Yagi ។ រូបថត៖ ឯកសារ
ថតរូបអនុស្សាវរីយ៍ជាមួយសហការី UNICEF ។ រូបថត៖ ឯកសារ

អមដំណើរ ដើម្បីការអភិវឌ្ឍរបស់កុមារលើគ្រប់​ជ្រុង​ជ្រោយ​​

យោងតាមលោកស្រី Silvia Danailov កំណែទម្រង់នាពេលថ្មីៗរបស់វៀតណាម ក្នុងវិស័យអប់រំ និងអភិបាលកិច្ចសង្គម បង្ហាញពីទិសដៅដ៏រឹងមាំ ឆ្ពោះទៅរកប្រព័ន្ធអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ។ ការលើកលែងថ្លៃសិក្សា សម្រាប់ការអប់រំទូទៅ និងការប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រូបង្រៀនដំបូង គឺជាជំហានសំខាន់ៗ ដើម្បីពង្រឹងជំហរអប់រំ និងលើក​តម្កើងកង​ជួរគ្រូបង្រៀន។

សេចក្តីសម្រេចរបស់វៀតណាម ដូចជាសេចក្តីសម្រេចលេខ៧១ ស្តីពីរបកគំហើញអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល និងសេចក្តីសម្រេចលេខ៥៧ ស្តីពីរបកគំហើញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ​បរិវត្តកម្មឌីជីថលជាតិ ក៏បើកឱកាសសម្រាប់ឱ្យកុមារទទួលបានចំណេះដឹងសកល ព្រមទាំងកុមារ​បានទទួល​ចំណេះដឹងចាំបាច់ ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិតផងដែរ។

លើសពីនេះ វៀតណាមផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការវិនិយោគសម្រាប់កុមារតាំងពីកុមារភាព។ គោលនយោបាយអប់រំមត្តេយ្យសិក្សា និងការគាំទ្រសម្រាប់កុមារនៅក្នុងតំបន់ឧស្សាហកម្ម និងទីក្រុង រួមចំណែកធានាថាកុមារមាន​ស្ថានភាពលំបាក មិនបានទុកចោលនៅ​ខាង​ក្រោយឡើយ។ នៅពេលដែលការអប់រំមានគុណភាព ត្រូវបានរួមផ្សំជាមួយនឹងអាហារូបត្ថម្ភ និងការថែទាំលើគ្រប់ជ្រុង​ជ្រោយ កុមារនឹងមានឱកាសអភិវឌ្ឍរាងកាយ និងបញ្ញា​។

 

- លោកស្រី Silvia Danailov មានសញ្ជាតិពីរគឺ ​ស៊ែប៊ី និងស្វីស។

- បញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ និងអនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ ឯកទេសច្បាប់អន្តរជាតិសាធារណៈ។

- ចូលកាន់តំណែងជាប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម តាំងពីខែសីហា ឆ្នាំ២០២៤។

​- លោកស្រីមានបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងវិស័យអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌នៅប្រទេសជាច្រើន។ សន្យាជំរុញការពារ ថែទាំ និងបង្កើន​សិទ្ធិប្រយោជន៍ជូនកុមារ និងស្ត្រី។

 

 

លោកស្រី Silvia Danailov  កំពុងជួបសំណេះសំណាលជាមួយកុមារវៀតណាម។ រូបថត៖ ឯកសារ
 
អង្គការ UNICEF បានរួម​ដំណើរជាមួយប្រទេស​វៀត​ណាមក្នុងវិស័យអប់រំ អស់រយៈពេល ៥០ឆ្នាំកន្លងមក រួមចំណែកដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់។ អត្រាកុមារទៅរៀនកាន់តែកើនឡើង សមភាពយេនឌ័រ ត្រូវបានរក្សាយ៉ាងរឹងមាំ នៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ខណៈពេលសិស្សានុសិស្សវៀតណាម ទទួលបានសមិទ្ធផលខ្ពស់ ក្នុងការវាយតម្លៃការសិក្សាជាច្រើនក្នុងតំបន់ និងអន្តរជាតិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ UNICEF បានសហការជាមួយក្រសួងអប់រំ និងបណ្តុះ បណ្តាល កសាងកម្មវិធីអប់រំមួយ សម្រាប់ថ្នាក់មតេ្តយ្យ ដែលយកកុមារជាស្នូល និងលើកទឹកចិត្តដល់ការរៀនសូត្រ តាមរយៈការលេងកម្សាន្ត ខណៈព្រមទាំងជំរុញអប់រំសមភាពយេនឌ័រ និងអប់រំសមាហរណកម្មសម្រាប់ក្រុមកុមារងាយរងគ្រោះផងដែរ។

នាពេលអនាគត អង្គការ UNICEF នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយវៀតណាម ដើម្បីជមរុញការធ្វើ​បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ លើកកម្ពស់សមត្ថភាពទទួលបានបច្ចេកវិទ្យា និងគាំទ្រដំណោះស្រាយឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលយកកុមារ​ជាស្នូល។


យោងតាមលោកស្រី Silvia Danailov នៅពេលដែលកុមារទាំងអស់មានឱកាសរៀនសូត្រ អភិវឌ្ឍ និងពង្រីកសក្តានុពលរបស់ពួកគេ វៀតណាម​​នឹងមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីកសាងអនាគត ប្រកបដោយបរិយាបន្ន ចីរភាព និងរុងរឿង៕

អត្ថបទ៖ ប៊ិចវ៉ឹន  - រូបថត៖ ថាញយ៉ាង/ VNP និងឯកសាររបស់លោកស្រី   Silvia Danailov



Top