របរធ្វើផ្កាក្រណាត់នៅដែនដីរដ្ឋធានីហាណូយ
របរធ្វើផ្កាក្រណាត់នៅដែនដីរដ្ឋធានីហាណូយ មកដល់សព្វថ្ងៃបានក្លាយជាវិស័យពេញនិយមមួយនៅលើទីផ្សារវៀតណាម។ នៅរដ្ឋធានីគ្រប់ទិសទីសុទ្ធតែមានហាងផ្កាជ័រ ជាពិភពនៃផ្កា ឆ្លើយតបនឹងតម្រូវការតាំង តុបតែងផ្ទះសម្បែង និងធ្វើជាអំណោយការទូត។ ផ្កាក្រណាត់ក៏ជាផលិតផលពោរពេញទៅដោយលក្ខណៈវប្បធម៌វៀតណាម បានមិត្តភក្តិអន្តរជាតិស្រឡាញ់ពេញចិត្ត និងកក់ទំនិញ។
សំណេះសំណាលជាមួយនឹងសិប្បការិនី ម៉ាយ ហាញ (Mai Hanh) អ្នកដែលមានអាយុកាល៥០ឆ្នាំ ប្រកបមុខរបរធ្វើផ្កាក្រណាត់នៅហាណូយ យើងខ្ញុំបានដឹងប្រភពមុខរបរធ្វើផ្កាក្រណាត់មានវត្តមាននៅសតវត្សរ៍ទី១៤ នៅប្រទេសបារាំង បន្ទាប់មកលំហូរចូលប្រទេសអង់គ្លេស និងទ្វីបអាមេរិក។ ផ្កាក្រណាត់រីកចម្រើនលូតលាស់នៅចុងសតវត្សរ៍ទី១៩ ចំពោះមុខ គឺតម្រូវការសម្រាប់ជីវភាពរស់នៅ តុបតែងផ្ទះសម្បែង របស់ជនជាតិបរទេស។
នៅរដ្ឋធានីហាណូយ មុខរបរធ្វើផ្កាក្រណាត់ចាប់កំណើតចេញពីសម្រស់ប្រពៃណីនៃអ្នកហាណូយ។ ឪពុកម្តាយបង្រៀនកូនស្រីត្រូវចេះវិជ្ជាមេផ្ទះ ត្រូវចេះដេរប៉ាក់ គូរគំនូរ ដូច្នេះស្ទើរទាំងអស់នៅក្រុងបុរាណហាណូយ គ្រួសារណាក៏បង្រៀនកូនស្រីៗ ឱ្យចេះធ្វើផ្កាក្រណាត់ទាំងអស់។ តាំងពីផ្កាក្រដាសច្នៃជាផ្កាក្រណាត់ ដោយទាញយកពីក្រណាត់ដែលកាត់ដេរនៅសេសសល់។ សិប្បការិនី ម៉ាយហាញ (Mai Hanh) រៀបរាប់៖ លោកយាយចាប់ផ្តើមប្រកបមុខរបរធ្វើផ្កាក្រណាត់តាមប្រពៃណីគ្រួសារខ្លួន។ កុមារអាយុ១៣ឆ្នាំ បានម្តាយបង្រៀនមុខរបរធ្វើផ្កាក្រណាត់។ បង្កើតបានជាមុខរបរ រហូតដល់សព្វថ្ងៃ ផ្កាក្រណាត់លោកយាយម៉ាយហាញ (Mai Hanh) បានក្លាយជាពាណិជ្ជសញ្ញាល្បីឈ្មោះនៅវៀតណាម ដោយមានផ្ការាប់រយប្រភេទ លោកយាយម៉ាយហាញ (Mai Hanh) មានប្រសិទ្ធនាមសិប្បការិនីផ្កាក្រណាត់ នៅអាយុ៣៥ឆ្នាំ។
របរធ្វើផ្កាក្រណាត់នៅរដ្ឋធានីហាណូយ ក៏មានការលំបាក ដោយមានការប្រកួតប្រជែងនៃប្រភេទផ្កាបរទេស នាំចូលពីប្រទេសចិន។ ហេតុនេះ ដើម្បីមុខរបរបានឈរលំនឹង ទាមទារជាងត្រូវមានលក្ខណៈចរិតវិចិត្រសិល្បៈ ពីព្រោះរបៀបធ្វើផ្កាសុទ្ធតែបានធ្វើដោយដៃទាំងស្រុង។ ឧបករណ៍សម្រាប់ធ្វើរួមមានកន្ត្រៃ ក្រណាត់ នៅមកសិប្បកររៀបដាក់ ពឹងលើថ្វីដៃដ៏ប៉ិប្រសប់របស់ជាង។
សិប្បការិនី ម៉ាយហាញ (Mai Hanh) ជាអ្នកមានគំនិតចង់អភិរក្សសិល្បៈផ្កា ក្រណាត់ទៅអនាគត។ ចំពោះលោកយាយ រក្សាបានរបរនិងទុករបរឱ្យមានការលូតលាស់ ត្រូវផ្សព្វផ្សាយ និងបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ រៀនរបរនិងរស់បានជាមួយនឹងរបរ។ ក្នុងប៉ុន្មានឆ្នាំកន្លង សិប្បការិនី ម៉ាយហាញ (Mai Hanh) បានធ្វើដំណើរទៅសាលារៀននិងភូមិរបរជាច្រើន ដើម្បីបង្រៀនជូនសិស្ស បង្កើតការងារធ្វើសម្រាប់កូនកំព្រា និងជនពិការ។ ជួនកាលលោកយាយនៅបង្រៀនទាំងជនជាតិបរទេសទៀតផង ឱ្យមានចំណូលចិត្តស្រឡាញ់សិល្បៈផ្កាក្រណាត់។ សិស្សរបស់លោកយាយ ក្រោយពីរៀនចេះចាំធ្វើបាន ក៏បានបង្កើតមូលដ្ឋានផលិតដោយឡែក បើកទូលាយទម្រង់ធ្វើផ្កាក្រណាត់ នៅរដ្ឋធានីហាណូយ។ សព្វថ្ងៃ បងស្រី មិញហាំង (Minh Hang) កូនស្រីរបស់លោកយាយ បានស្នងបន្តរបរគ្រួសារ និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាផ្កាក្រណាត់ល្បីរន្ទឺគ្រប់ទិសទី។
ក្រៅពីពាណិជ្ជសញ្ញាម៉ាហាញ (Mai Hanh) រដ្ឋធានីហាណូយ នៅមានមូលដ្ឋានប្រកបមុខរបរធ្វើផ្កាក្រណាត់ផ្សេងជាច្រើន៖ ផ្កាក្រណាត់ដឹកហាយ (Duc Hai) ផ្កាក្រណាត់ក្វីញលិញ (Quynh Linh) ផ្កាក្រណាត់ញឹកផឿង (Nhat Phuong) ។ល។ ផលិតផលផ្កាក្រណាត់រដ្ឋធានីហាណូយ បានប្រមូលផ្តុំតាំងលក់នៅតាមផ្លូវហាមឡុង (Ham Long) ផ្លូវបុរាណ និងលក់នៅតាមបណ្តាញឌីជីថល។
ប៉ុន្មានឆ្នាំថ្មីៗនេះ ផ្កាក្រណាត់បានក្លាយជាជម្រើសថ្មីមួយ សម្រាប់អ្នកស្រឡាញ់ផ្កា។ ផ្កាសំពត់មានគុណប្រយោជន៍ គឺរក្សាពណ៌បានយូរ សម្រស់ស្រស់ជានិច្ច ងាយប្រើប្រាស់នៅរាល់បរិយាកាស ព្រមទាំងសមស្របជាមួយនឹងអ្នកមមាញឹកនឹងការងារ ចង់រក្សាផ្កាស្រស់បានយូរ។ ទន្ទឹមនោះ ថ្វីដៃធ្វើផ្កាក្រណាត់នៃអ្នករដ្ឋធានីហាណូយ មួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ ពួកគាត់ធ្វើផ្កាក្រណាត់ដូចជាផ្កាស្រស់ពិត ដូចនេះផ្កាមិនត្រឹមតែបង្កើតបានសម្រស់សម្រប់នឹងបរិយាកាសរស់នៅ នៅទាំងបង្កើតបានអារម្មណ៍ស្រស់ថ្លា ធ្វើឱ្យជីវិតរស់បែបធម្មជាតិ។ ផ្កាក្រណាត់ធ្វើចេញពីសំពត់ប្រណីត ផ្កាទុកបានយូរអាចរក្សាបានពី១០ ទៅដល់១៥ឆ្នាំ។ លក្ខណៈងាយស្រួលនិងភាពសំចៃនៃផ្កាក្រណាត់ ទោះបីទុកយូរនៅបរិស្ថានក្តៅសំណើម មានធូលី បន្ទាប់ពីលាងជម្រះស្អាតយកទៅសម្ងួត រួចប្រើដូចជាផ្កាថ្មី។
រៀងរាល់ខែជាមធ្យម មូលដ្ឋានផលិតផ្កាក្រណាត់ម៉ាយហាញ (Mai Hanh) ផ្គត់ផ្គង់ចេញទីផ្សារ តាមលិខិតកក់ទំនិញចំនួន៣០០ លក់ផ្ទាល់និងលក់អនឡាយ មូលដ្ឋានផ្កាក្រណាត់ផ្សេងៗ ក៏បានផ្គត់ផ្គង់បន្តតាមលិខិតកក់ទំនិញលើទីផ្សារ ច្រើនបំផុត នៅនារដូវបុណ្យចូលឆ្នាំវៀតណាម ថ្ងៃបុណ្យទានផ្សេងៗ។ តម្លៃលក់សម្រាប់ថូផ្កានីមួយៗ ពី២០០.០០០ដុង រហូតដល់១លានដុង។ ជាងធ្វើផ្កាក្រណាត់ម្នាក់ៗរកបានប្រាក់ចំណូលមធ្យមពី៨ទៅដល់១៥លានដុង ក្នុងមួយខែ។ មុខរបរធ្វើផ្កាក្រណាត់ ក៏នាំមកនូវជីវភាពរស់នៅលំនឹងសេ្ថរភាព ជូនពលករ និងកំពុងរូមចំណែកតុបតែងលម្អរបរិយាកាសរស់នៅផ្ទះនីមួយៗ ក៏ដូចជាអំណោយសម្រាប់ផ្សារភ្ជាប់ទឹកចិត្តមិត្តភក្តិ និងគ្រួសារនៅគ្រប់ទិសទី៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹនថាញយ៉ាង
ប្រែសម្រួល៖ រីកើង