របរក្សាក្លិនផ្កាឈូកក្នុងរាល់ស្លឹកតែ
រាល់រដូវផ្កាឈូកចូលមកដល់ ខណៈដែលផ្កាឈូកនៅបឹង តី (Tay) ទើបចាប់ផ្តើមរីក ក៏ជាពេលដែលគ្រួសារធ្វើតែផ្កាឈូក ក្វាងអាន (Quang An) ចាប់ផ្ដើមមមាញឹកដែរ។ ចាប់ពីផ្កាឈូកដែលទើបបេះមក នៅពេលព្រលឹម តាមរយៈដៃដ៏ប៉ិនប្រសប់ និងរូបមន្តអាថ៌កំបាំង បានបន្តវេនជាច្រើនជំនាន់ ក្លិនផ្កាឈូកត្រូវបានរក្សាទុក ក្នុងរាល់ស្លឹកតែ បង្កើតជារបរសិប្បកម្មមួយ បង្ហាញពីវប្បធម៌ដ៏ប្រណិតរបស់រដ្ឋធានីហាណូយ។
ស្ថិតនៅក្បែរបឹង ហូ តី (Ho Tay) តាំងពីយូរមក ក្វាងអាន (Quang An) មានភាពល្បីល្បាញនឹងរបរដាំឈូក និងអប់តែផ្កាឈូក។ ជាតំបន់ដែលមានបីទិសជាព្រំប្រទល់នឹងហូតី ថែមទាំង មានប្រព័ន្ធស្រះ បឹង និងវាល រួមផ្សំនឹងលក្ខខណ្ឌដីសមស្រប សម្រាប់ផ្កាឈូក បាចឌៀប (Bach Diep) លូតលាស់។ ពូជឈូក ដែលមានត្របកផ្កាពីរ ត្របកផ្កា និងគ្រាប់លំអងពណ៌សច្រើន ត្រូវបានប្រជាជន ក្វាងអាន (Quang An) ជ្រើសរើស ដើម្បីឆ្នៃជាតែមានរសជាតិពិសេស។
របរអប់តែផ្កាឈូកនៅតំបន់ក្វាងអាន ត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ កាលពីឆ្នាំ២០២៤ របរសិប្បកម្មប្រពៃណីអប់តែក្វាងអាន ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះគឺជាការទទួលស្គាល់ចំពោះសិប្បកម្មមួយ ដែលបានក្លាយជាផ្នែកសំខាន់មួយ នៃជីវិតវប្បធម៌ក្នុងតំបន់ជុំវិញបឹង ហូតី (Tay)។
សម្រាប់អ្នកដែលប្រកបរបរសិប្បកម្មនេះ ពេលវេលាប្រមូលផលផ្កាឈូកគឺមានសារៈសំខាន់ណាស់។ ចាប់ពីព្រឹកព្រលឹម នៅពេលដែលផ្កាទើបតែចាប់ផ្តើមរីក ក្លិនក្រអូបនៅពេញលេញ ផ្កាឈូកត្រូវបានបេះ ដើម្បីចាប់ផ្តើមដំណាក់កាលកែច្នៃ។ នៅគ្រួសារសិប្បករ ង៉ូ វ៉ាន់សៀម (Ngo Van Xiem) និង លឺវ ធី ហៀន (Luu Thi Hien) របរអប់តែផ្កាឈូក ត្រូវបានថែរក្សាជាច្រើនជំនាន់។ សមាជិកនៃគ្រួសារនេះ ចាប់ពីមនុស្សចាស់រហូតដល់កូនចៅ សុទ្ធតែចូលរួមតាមដំណាក់កាលនីមួយៗ៖ បំបែកត្របកផ្កា ហាលលំអងផ្កា និងយកគ្រាប់លំអង ។ សិប្បការិនី លឺវ ធី ហៀន (Luu Thi Hien) បានចែករំលែកថា "ការយកគ្រាប់លំអងផ្កា ពិតជាស្មុគស្មាញណាស់ អ្នកធ្វើត្រូវការមានភាពហ្មត់ចត់ ប៉ិនប្រសប់ និងធ្វើដូចម្តេច ដើម្បីគ្រាប់លំអងមិនត្រូវបាក់បែក ឬមិនឲ្យបាត់បង់ក្លិនផង"។
លំអងផ្កា គឺជាផ្នែកដ៏តូចមួយ ប៉ុន្តែមានតម្លៃបំផុតសម្រាប់បង្កើតក្លិនពិសេសរបស់តែ។ តាមសិល្បករ ង វ៉ាន់សៀម (Ngo Van Xiem) ដើម្បីអប់តែផ្កាឈូកចំនួន ១គីឡូក្រាម គេត្រូវការផ្កាឈូកប្រមាណ ១.៥០០ផ្កា ។ តែផ្កាឈូក Hien Xiem ភាគច្រើនប្រើផ្កាឈូក បាចឌៀប (Bach Diep) ដែលដាំនៅបឹងហូតី (Tay) រួមជាមួយនឹងប្រភេទតែឆ្ងាញ់ និងស្អាត។ ដើម្បីទទួលកញ្ចប់តែផ្កាឈូកមួយកញ្ចប់ តែត្រូវឆ្លងកាត់រយៈពេល ២១ថ្ងៃ ជាមួយនឹងការអប់លំអងឈូក ៧លើក និងសម្ងួតចំនួន ៧ លើកទៀត។ តែត្រូវបានសម្ងួតតាមប្រពៃណី ដោយធ្យូងឈើ។ ឆ្លងកាត់ដំណើរអប់ និងសម្ងួតម្ដងៗ ក្លិនក្រអូបកាន់តែជ្រាបចូលជ្រៅទៅក្នុងស្លឹកតែ បង្កើតជាក្លិនក្រអូបប្រណីត និងរក្សាក្លិនបានយូរ។
ក្រៅពីតែឈូកក្រៀម ប្រជាជនក្វាងអាន ក៏មានវិធីអប់តែដោយផ្ទាល់ ក្នុងក្រពុំផ្កាឈូកផងដែរ។ តែក្រៀមរួមជាមួយនឹងគ្រាប់លំអងពណ៌សមួយចំនួនតូច ត្រូវបានដាក់ចូលទៅក្នុងក្រពុំផ្កាឈូក ដែលទើបតែរីក។ បន្ទាប់មក ក្រពុំផ្កាឈូកត្រូវបានខ្ចប់ដោយស្លឹកឈូក រុំដោយខ្នួចនៅទងផ្កា និងត្រាំក្នុងទឹកប្រមាណ ២៤ម៉ោង មុនពេលយកទៅរក្សាទុក។ វិធីធ្វើនីមួយៗ សុទ្ធតែទាមទារនូវភាពផ្ចិតផ្ចង់ ភាពអត់ធ្មត់ និងបទពិសោធន៍របស់អ្នកធ្វើ។
របរអប់តែផ្កាឈូក មិនត្រឹមតែទាមទារដៃទាំងគូប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការភាពអត់ធ្មត់ទៀតផង។ អ្នកប្រកបរបរនេះ ត្រូវចូលគេងយឺត ឆាប់ក្រោកវិញ យល់ដឹងពីកម្រិតក្ដៅ-ត្រជាក់របស់តែ និងព្យាយាមយកចិត្តទុកដាក់រាល់ការសម្ងួតតែ។ ថ្ងៃដែលអាកាសធាតុក្ដៅខ្លាំង កម្ដៅចេញពីឡធ្យូងរឹតតែធ្វើឱ្យការងារកាន់តែលំបាក នឿយហត់ជាង។
«ខ្ញុំដឹងថារបរនេះពិបាកណាស់ ប៉ុន្តែខ្ញុំនៅតែចង់រក្សាមុខរបររបស់គ្រួសារខ្ញុំ។ បច្ចុប្បន្ន ខ្ញុំកំពុងបង្រៀនរូបមន្តអាថ៌កំបាំងការអប់តែឲ្យកូនៗ បន្តថែរក្សារ។ សម្រាប់គ្រួសាររបស់យើងខ្ញុំ អ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណា ដើម្បីនាំមកនូវតែមានក្លិនក្រអូប ឈ្ងុយឆ្ងាញ់ និងមានគុណភាពល្អបំផុត សម្រាប់អតិថិជន» សិប្បការិនី លឺវ ធី ហៀន (Luu Thi Hien) បានចែករំលែក។
ការដែលរបរអប់តែផ្កាឈូក ក្វាងអាន ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បើកឱកាសកាន់តែច្រើន សម្រាប់របរសិប្បកម្មប្រពៃណីបានអភិរក្ស និងពង្រីក។ ពីព្រោះនៅពីក្រោយពែងតែផ្កាឈូកនីមួយៗ មិនត្រឹមតែជាក្លិនក្រអូបនៃផ្កាមួយប្រភេទប៉ុណ្ណោះ នូវទាំងជាចំណេះដឹង កាប៉ិនប្រសបនិងសេចក្តីស្រឡាញ់ ចំពោះរបរសិប្បកម្ម ពីមួយជំនាន់ទៅមួយជំនាន់ផង។
សព្វថ្ងៃនេះ នៅក្វាងអាន នៅតែមានគ្រួសសារជាច្រើនកំពុងបន្តរក្សារសិប្បកម្មអប់តែផ្កាឈូក។ កណ្ដាលចង្វាក់រស់នៅនាសម័យទំនើប នៃរដ្ឋធានីហាណូយ អ្នកដែលធ្វើតែផ្កាឈូកនៅក្វាងអាន នៅតែរក្សាក្លិនផ្កាឈូក ក្នុងរាល់ស្លឹកតែ។ ពីបឹងហូតី ក្លិនក្រអូបនោះនៅតែបន្តសាយភាយតាមរឿងរ៉ាវមួយដ៏ស្រស់ស្អាតនិទានពីរបស់សិប្បកម្ម និងប្រណីតភាពនៃវប្បធម៌វៀតណាម៕
អត្ថបទ និងរូបថត៖ ខាញ់ឡុង / VNP


















