មហាសមុទ្ររួមមួយ – អនាគតរួមមួយ
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) និងលោកជំទាវ រួមជាមួយគណៈប្រតោភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅទីក្រុង Shenzhen នៃប្រទេសចិន និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅទីនោះ។ ក្នុងឱកាសនេះ កាសែត China Daily បានចុះផ្សាយអត្ថបទរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ដែលមានចំណងជើងថា «មហាសមុទ្ររួមមួយ - អនាគតរួមមួយ»។ កាសែតរូបភាពវៀតណាមសូមគោរពណែនាំអត្ថបទនេះទាំងស្រុង របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam)ដូចខាងក្រោមនេះ
មហាសមុទ្ររួមមួយ – អនាគតរួមមួយ
មហាសមុទ្រប៉ាស៊ីហ្វិកតភ្ជាប់នឹងឆ្នេរសមុទ្រ សេដ្ឋកិច្ច និងវប្បធម៌ដ៏ចម្រុះសម្បូរបែប។ នេះជាលំហសម្រាប់ការរស់នៅ ការផ្លាស់ប្តូរ និងការអភិវឌ្ឍរបស់បណ្តាសេដ្ឋកិច្ចជាសមាជិក APEC រួមជាមួយបណ្តាប្រទេសក្នុងតំបន់។ មហាសមុទ្ររួមមួយ និងអនាគតរួមមួយ យើងទាំងអស់គ្នា មានការទទួលខុសត្រូវរួម ក្នុងការថែរក្សាឱ្យមហាសមុទ្រប៉ាស៊ីហ្វិក នៅតែជាមហាសមុទ្រនៃសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាទីដែលភាគីនានាគោរពគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ រួមគ្នាការពារបរិស្ថានសមុទ្រ និងពង្រីកឱកាស ដើម្បីផលប្រយោជន៍រួម។
APEC – ដំណើរនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
ជិតបួនទសវត្សរ៍មុន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វិក (APEC) ត្រូវបានបង្កើតឡើង ដោយផ្អែកលើជំនឿលើកម្លាំងនៃការបើកទ្វារទីផ្សារ និងកិច្ចសហប្រតិបត្តិការ។ ចាប់ពីសមាជិកស្ថាបនិកចំនួន ១២ នៅឆ្នាំ១៩៨៩ រហូតដល់បណ្តាសេដ្ឋកិច្ចជាសមាជិកចំនួន ២១ នាពេលបច្ចុប្បន្ន APEC បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតមួយ នៅលើពិភពលោក។
ភាពរស់រវើករបស់ APEC ស្ថិតនៅលើវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការ ដែលគោរពភាពចម្រុះ ការសន្ទនាដោយស្មើភាពគ្នា ការកសាងមតិឯកភាព និងការធ្វើសកម្មភាព ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ការអភិវឌ្ឍរបស់សមាជិកនីមួយៗ ផ្សារភ្ជាប់ជាមួយនឹងវិបុលភាពរួម ភាពជោគជ័យរបស់សមាជិកមួយអាចបើកឱកាស សម្រាប់សមាជិកដទៃទៀត។
នាបច្ចុប្បន្ន របកគំហើញថ្មីៗ ខាងបច្ចេកវិទ្យា បានបើកឱកាសថ្មីៗ ខណៈដែលរបាំងពាណិជ្ជកម្ម ហានិភ័យនៃការបែកខ្ញែកនៃសេដ្ឋកិច្ច និងគម្លាតនៃការអភិវឌ្ឍ កំពុងបង្កើតបញ្ហាប្រឈមជាច្រើន។ បណ្តាសេដ្ឋកិច្ចចាំបាច់តភ្ជាប់កាន់តែរលូន ពាណិជ្ជកម្ម និងការវិនិយោគ ត្រូវទទួលបានការបង្កើតលក្ខខណ្ឌអំណោយផល ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវមានស្ថិរភាព និងសមត្ថភាពធន់ដ៏ខ្ពស់។ ការតភ្ជាប់ក៏ជាការផ្លាស់ប្តូរចំណេះដឹង កិច្ចសហប្រតិបត្តិការរវាងអាជីវកម្ម និងប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនផងដែរ។ លើសពីនេះ សមិទ្ធផលនៃកំណើនត្រូវតែប្រែទៅជាជីវិតកាន់តែប្រសើរ សម្រាប់ប្រជាជន។
នេះក៏ជាស្មារតីនៃចក្ខុវិស័យ Putrajaya ឆ្នាំ២០៤០ ដែលមានគោលដៅកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយ ដែលបើកចំហ មានភាពស្វាហាប់ សមត្ថភាពធន់ និងប្រកបដោយសន្តិភាព។ ការសម្រេចបាន នូវចក្ខុវិស័យនេះតម្រូវ ឱ្យមានការរួមកម្លាំងពីសមាជិកទាំងអស់ រួមគ្នាពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ និងមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើរតួនាទីជាស្នូល។
APEC ចិន ឆ្នាំ២០២៦ – បន្ថែមកម្លាំងចលករដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់
ប្រទេសចិនបានចូលរួមក្នុង APEC ចាប់តាំងពីឆ្នាំ១៩៩១ មក ហើយបានបន្សល់ទុកនូវភាពពិសេស និងសមិទ្ធផលជាច្រើន តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ក្នុងឱកាសផ្សេងៗ។ ចាប់ពីកិច្ចព្រមព្រៀង Shanghai ឆ្នាំ២០០១ រហូតដល់ផែនទីបង្ហាញផ្លូវទីក្រុង Beijing ស្តីពី ការសម្រេចឱ្យបាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក និងផែនការមេស្តីពី ការតភ្ជាប់របស់ APEC ដែលត្រូវបានអនុម័ត នៅឆ្នាំ២០១៤ កិច្ចប្រជុំ APEC រៀបចំដោយប្រទេសចិន ដែលបានរួមចំណែកជាវិជ្ជមានដល់ការតភ្ជាប់ក្នុងតំបន់។ វៀតណាមមានការកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផលរបស់ចិន ក្នុងការធ្វើកំណែទម្រង់ ការបើកចំហ និងការច្នៃប្រឌិតថ្មី។
APEC ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាពរួម» និងអាទិភាពសំខាន់ៗចំនួនបី គឺ ការបើកទ្វារ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ មានអត្ថន័យជាក់ស្តែងយ៉ាងខ្លាំង។ របៀបវារៈស្តីពីការការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត មិនត្រឹមតែពង្រឹងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍ថ្មីៗ ផងដែរ។
ទីក្រុង Shenzhen ដែលជាកន្លែងរៀបចំកិច្ចប្រជុំ របស់បណ្តាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC មានអត្ថន័យពិសេសមួយ។ ដំណើរអភិវឌ្ឍន៍របស់ទីក្រុងនេះ បានបង្ហាញយ៉ាងច្បាស់ពី កម្លាំងនៃការធ្វើកំណែទម្រង់ ការបើកទ្វារ នវានុវត្តន៍ និងការតភ្ជាប់ជាមួយពិភពលោក ដែលជាតម្លៃដ៏សំខាន់ សម្រាប់តំបន់ ហើយចាំបាច់ត្រូវបន្តលើកកម្ពស់។
បំណងប្រាថ្នារួមនូវអភិវឌ្ឍន៍ និងរួមគ្នាកសាងអនាគត
វៀតណាម និងចិន គឺជាប្រទេសជិតខាង ដែលមានទំនាក់ទំនងជិតស្និទ្ធ ភ្នំទន្លេតភ្ជាប់គ្នា និងមានប្រពៃណីមិត្តភាពយូរអង្វែង។ បក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាព បន្តធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ព្រមទាំងចាត់ទុកថា ការអភិវឌ្ឍរបស់ប្រទេសមួយជាឱកាស សម្រាប់ប្រទេសមួយទៀត ដោយឆ្ពោះទៅរកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានតុល្យភាព និងនិរន្តរភាព។
ប្រទេសទាំងពីរមានសក្តានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ logistics វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែនាំមក នូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការតភ្ជាប់ក្នុងតំបន់ផងដែរ។
ចាប់តាំងពីបានចូលជាសមាជិក APEC នៅឆ្នាំ១៩៩៨ មក វៀតណាមតែងតែគាំទ្រចំពោះសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងលទ្ធិភូមិភាគនិយមបើកចំហ។ វៀតណាមបានរួមចំណែក តាមរយៈកម្មវិធីសកម្មភាពហាណូយ ឆ្នាំ២០០៦ ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវ Busan ឆ្ពោះទៅសម្រេចគោលដៅ Bogor ព្រមទាំង ជំរុញការកសាងចក្ខុវិស័យសម្រាប់ដំណាក់កាលក្រោយឆ្នាំ២០២០ និងការបង្កើតក្រុមចក្ខុវិស័យ APEC នៅទីក្រុងដាណាំង (Da Nang) ក្នុងឆ្នាំ២០១៧។
ដោយមានបំណងប្រាថ្នាចង់ក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៤៥ វៀតណាមចាត់ទុកវិទ្យាសាស្ត្រ-
បច្ចេកវិទ្យា ការច្នៃប្រឌិត នវានុវត្តន៍ និងបិវត្តកម្មឌីជីថល ជាកម្លាំងចលករសំខាន់ៗ សម្រាប់ការអភិវឌ្ឍ។ វៀតណាមប្រកាន់ខ្ជាប់ នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពឹងផ្អែកលើកម្លាំងខ្លួនឯង ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនង ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកប្រកបដោយទំនួលខុសត្រូវ ចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ដោយឈរលើមូលដ្ឋាននៃទិសដៅកិច្ចសហប្រតិបត្តិការដែល APEC បានកំណត់រួចមកហើយ យើងចាំបាច់ត្រូវបន្តបង្កើតលក្ខខណ្ឌអំណោយផល ដល់ពាណិជ្ជកម្ម និងការវិនិយោគ ពង្រឹងការតភ្ជាប់ និងសមត្ថភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ គាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យបានប្រើប្រាស់បច្ចេកវិទ្យា និងធ្វើបរិវត្តកម្មឌីជីថល ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជំរុញកំណើនបៃតង ប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបើកទូលាយឱកាសឱ្យប្រជាជន និងសហគ្រាសចូលរួម រួមចំណែក និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍក្នុងតំបន់។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ២០២៦ នៅទីក្រុង Shenzhen ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ពង្រឹងការឯកភាពនិងនាំមកនូវលទ្ធផលជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការ។
វៀតណាមគាំទ្រ និងសម្របសម្រួលយ៉ាងសកម្ម ជាមួយប្រទេសចិន ដើម្បីរៀបចំឆ្នាំ APEC ២០២៦ ឱ្យទទួលបានជោគជ័យ ហើយទន្ទឹមនឹងនោះក៏មានបំណងចង់ បន្តនូវសមិទ្ធផលទាំងនេះក្នុងនាមជាប្រទេសធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៧ ផងដែរ។ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់ការរក្សាបាននូវនិរន្តរភាព និងបង្កើតកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់។
មហាសមុទ្ររួមមួយ និងបំណងប្រាថ្នារួម សម្រាប់អនាគតដ៏ប្រសើរជាងមុន វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលជាមួយចិន និងបណ្តាសេដ្ឋកិច្ចជាសមាជិក APEC ក្នុងការរក្សាសន្តិភាព ពង្រឹងការតភ្ជាប់ និងពង្រីកឱកាសអភិវឌ្ឍន៍ ដើម្បីកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយ ដែលមានវិបុលភាព និងនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕




