ភូមិសិប្បកម្មតម្បាញសូត្រវ៉ាន់ភុក (Van Phuc) បន្តនវានុវត្តន៍ និងច្នៃប្រឌិត ដើម្បីការអភិវឌ្ឍ
ចាប់ពីកីតម្បាញបែបប្រពៃណី ការជ្រលក់ពណ៌ដែលទាមទារបទពិសោធន៍ជាច្រើនឆ្នាំ រហូតដល់ការរចនាម៉ូដសម្លៀកបំពាក់ និងការលក់ទំនិញតាមប្រព័ន្ធអនឡាញ ភូមិសិប្បកម្មតម្បាញសូត្រ វ៉ាន់ភុក (Van Phuc) កំពុងផ្លាស់ប្តូរខ្លួន តាមរយៈការច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីមិនត្រឹមតែថែរក្សាសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តម្លៃរបស់សិប្បកម្មនេះឱ្យកាន់តែមានភាពរស់រវើកក្នុងយុគសម័យសមាហរណកម្ម។
នៅភូមិ វ៉ាន់ភុក មុខរបរតម្បាញសូត្រមិនមែនគ្រាន់តែចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាមុខរបរដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនុស្សាវរីយ៍ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ។
លោក ង្វៀន ស្វឹនឃៀម (Nguyen Xuan Khiem) បានរំឭកថា តាំងពីកុមារភាព លោកបានជួយគ្រួសារធ្វើការងារផ្សេងៗ ដែលពាក់ព័ន្ធនឹងមុខរបរតម្បាញ។ បន្ទាប់ពីបំពេញកាតព្វកិច្ចយោធារួច លោកបានត្រឡប់មកមស្រុកកំណើតវិញ និងបន្តធ្វើការនៅសហករណ៍។ ក្រោយពេលសហករណ៍ត្រូវបានរំលាយ លោកបានទិញកីតម្បាញមកដាក់នៅផ្ទះ ដើម្បីចាប់ផ្តើម
ផលិត និងលក់ផលិតផលដោយខ្លួនឯង។
តាមលោក ង្វៀន ស្វឹនឃៀម (Nguyen Xuan Khiem) ធ្លាប់មានពេលខ្លះដែលសូត្រ វ៉ានភុក លិតចេញមកប៉ុន្មានគឺលក់អស់ប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលការផលិត ត្រូវបានអនុវត្តតាមគំរូសហករណ៍ ផលិតផលរបស់ភូមិនេះ ក៏ត្រូវបាននាំចេញទៅកាន់ប្រទេសនានា នៅអឺរ៉ុបខាងកើតផងដែរ។
ទោះជាយ៉ាងណា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ការប្រែប្រួលទីផ្សារបានធ្វើឱ្យភូមិសិប្បកម្មនេះឈានដល់ចំណុចរបត់ដ៏សំខាន់មួយ។ ការបញ្ជាទិញពីទីផ្សារអឺរ៉ុបខាងកើតបានបាត់បង់ ខណៈដែលសូត្រសុទ្ធមានថ្លៃដើមខ្ពស់ និងដំណើរការផលិតស្មុគស្មាញ ដែលធ្វើឱ្យពិបាកក្នុងការឈានទៅដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងស្រុក។
ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពទីផ្សារ គ្រួសារប្រកបមុខរបរ បានចាប់ផ្តើមប្តូរទៅផលិតក្រណាត់ចម្រុះ ដោយប្រើសរសៃសូត្រសិប្បនិម្មិត និងវត្ថុធាតុដើម ដែលមានតម្លៃទាបជាងមុន។ ការផ្លាស់ប្តូរនេះបានជួយឱ្យផលិតផលមានតម្លៃសមស្របនឹងតម្រូវការទីផ្សារក្នុងស្រុក ខណៈដែលការតម្បាញដោយដៃតាមបែបប្រពៃណីនៅតែត្រូវបានរក្សាទុកដោយសិប្បករមួយចំនួន ។
នៅពីក្រោយផ្ទាំងសូត្រដ៏ទន់រលោងមួយ គឺមានដំណាក់កាលផលិតជាច្រើនដែលទាមទារការអត់ធ្មត់ និងជំនាញបច្ចេកទេសខ្ពស់។ ចំពោះសូត្រសុទ្ធដែលមានគុណភាពខ្ពស់ ផលិតភាពមានកម្រិតទាបជាងក្រណាត់ចម្រុះយ៉ាងច្រើន។ បច្ចេកទេសតម្បាញលំនាំផ្កាឱ្យលេចឡើងលើផ្ទៃសូត្រ គឺជាលក្ខណៈពិសេសមួយ ដែលបង្កើតអត្តសញ្ញាណដាច់ដោយឡែករបស់សូត្រ វ៉ាន់ភុក។ ជំនួសឱ្យការប៉ាក់លំនាំផ្កា បន្ទាប់ពីតម្បាញរួច សិប្បករបង្កើតលំនាំទាំងនោះក្នុងអំឡុងពេលតម្បាញផ្ទាល់ ដែលទាមទារជំនាញ និងបទពិសោធន៍យូរឆ្នាំ។
ក្រៅពីការតម្បាញ ការជ្រលក់ពណ៌ក៏ជាដំណាក់កាលដ៏សំខាន់ ដែលកំណត់ពណ៌ និងគុណភាពផលិតផលផងដែរ។ លោក ង្វៀន វ៉ាន់ណាម (Nguyen Van Nam) ដែលបានប្រកបមុខរបរជ្រលក់ពណ៌សរសៃសូត្រអស់រយៈពេលប្រមាណ ៤០ ឆ្នាំ បានឱ្យដឹងថា ការលំបាកបំផុតគឺការលាយពណ៌។ អ្នកជាងត្រូវថ្លឹងបរិមាណសារធាតុពណ៌ឱ្យបានត្រឹមត្រូវ ព្រោះមានភាពខុសតិចតួចបំផុតក៏អាចប៉ះពាល់ដល់ពណ៌នៃផ្ទាំងសូត្រទាំងមូលដែរ។ បន្ទាប់ពីជ្រលក់ពណ៌រួច សូត្រត្រូវទុករយៈពេលប្រមាណ ៣០ នាទី ដើម្បីឱ្យពណ៌ជ្រាបចូលបានល្អ។ បន្ទាប់មក គេយកទៅបោកឲ្យសម្អាត ប្តូរទឹកសម្រាប់ជ្រលក់សូត្រមួយទៀយ រួចពន្លាតឱ្យរាបស្មើ មុននឹងដាក់ចូលក្នុងម៉ាស៊ីនសម្ងួត។
សម្រាប់អ្នកដែលបានលះបង់ពេលវេលាស្ទើរតែពេញមួយជីវិត ដើម្បីសិប្បកម្មនេះ ការរក្សាមុខរបរប្រពៃណីមិនមែនជារឿងងាយស្រួលឡើយ។ លោកស្រី ឡេ ធី គឹមធឺ (Le Thi Kim Thu) សិប្បការិនី និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមភូមិសិប្បកម្មតម្បាញសូត្រ វ៉ាន់ភុក បានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកវ័យចំណាស់តែងតែបារម្ភអំពីវិធីធ្វើយ៉ាងណាឱ្យមុខរបរតម្បាញអាចបន្តរក្សា។
លោកស្រី ធឺ (Thu) បានមានប្រសាសន៍ថា៖ «ភូមិសិប្បកម្មអាចបន្តរក្សាបាន លុះត្រាតែមានការផលិត។ ប្រសិនបើនៅសល់តែការធ្វើពាណិជ្ជកម្ម ប៉ុន្តែលែងមានការផលិតទៀត នោះភូមិសិប្បកម្មនឹងបាត់បង់អត្ថន័យរបស់ខ្លួន»។ តាមលោកស្រីរូបនេះ ការឃោសនាឱ្យគ្រួសារអ្នកប្រកបមុខរបរចូលរួមក្នុងសមាគមសិប្បកម្ម និងវិលត្រឡប់មកបន្តការផលិត គឺជាវិធានការមួយ ក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីរក្សាភាពរស់រវើករបស់សិប្បកម្មប្រពៃណីនេះ។
នៅពេលដែលភូមិ វ៉ាន់ភុក ចូលរួមក្នុងបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក មានតម្រូវការជាច្រើន។ នោះមិនមែនមានត្រឹមតែការថែរក្សាមុខរបរប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវច្នៃប្រឌិតថ ផងដែរ។ តាមប្រសាសន៍របស់លោកស្រី ធឺ (Thu) ការច្នៃប្រឌិត ត្រូវបង្ហាញតាមរយៈប្រភេទផលិតផល លំនាំក្រណាត់ និងការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្នុងសម័យបច្ចុប្បន្ន។
ចំពោះយុវជនជំនាន់ក្រោយ ការបន្តមរតកសិប្បកម្មនេះកំពុងត្រូវបានបង្ហាញតាមរយៈវិធីសាស្ត្រថ្មីៗ។ បងស្រី ដាំង សួនឃ្វីញ (Dang Xuan Quynh) អ្នករចនាម៉ូដនៃម៉ាក ផុតធឺ (Phong Thu) Silk បានអភិវឌ្ឍផលិតផលជាច្រើនប្រភេទ រួមមាន អាវផាយ គ្រឿងបន្ទាប់បន្សំ និងម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈសាមញ្ញ និងឆើតឆាយ។ ផលិតផលទាំងនេះត្រូវបានរួមបញ្ចូលជាមួយក្ដារពណ៌ ដែលស្របតាមនិន្នាការម៉ូដ ដើម្បីនាំយកសូត្រប្រពៃណីឱ្យកាន់តែខិតជិតអ្នកប្រើប្រាស់សម័យថ្មី។
មិនត្រឹមតែផ្លាស់ប្តូរផលិតផលប៉ុណ្ណោះទេ វិធីសាស្ត្រទាក់ទង និងរបៀបខិតជិតដល់អតិថិជនក៏កំពុងមានការផ្លាស់ប្តូរថ្មីផងដែរ។ បណ្តាញសង្គមដូចជា Facebook, Instagram, TikTok និង Zalo បានក្លាយជាមធ្យោបាយសំខាន់ៗដែលជួយឱ្យម៉ាកផលិតផលសូត្រនានាណែនាំផលិតផល ប្រាស្រ័យទាក់ទងជាមួយអតិថិជន ផ្តល់ប្រឹក្សា និងទទួលការបញ្ជាទិញតាមប្រព័ន្ធអនឡាញ។
ចាប់ពីកីតម្បាញដោយដៃ រហូតដល់ការរចនាម៉ូដសម្លៀកបំពាក់ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ភូមិសូត្រវ៉ាន់ភុកកំពុងស្វែងរកតុល្យភាពរវាងប្រពៃណី និងភាពទំនើប។ ដូច្នេះ ការរក្សាមុខរបរប្រពៃណីមិនមែនគ្រាន់តែជាការអភិរក្សវិធីសាស្ត្រផលិតប៉ុណ្ណោះទេ ប៉ុន្តែជាការស្វែងរកមាគ៌ាថ្មី ដើម្បីឱ្យសូត្រប្រពៃណីអាចបន្តមានតួនាទី និងតម្លៃនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន៕
- អត្ថបទ៖ ង៉ឹនហា រូបថត៖ខាញ់ឡុង / VNP














