ភូមិរបរសិបុ្បកម្ម នៅភាគខាងជើង - ពីប្រពៃណីរហូតដល់ទំនើប

ភូមិរបរសិបុ្បកម្ម នៅភាគខាងជើង - ពីប្រពៃណីរហូតដល់ទំនើប

 
លក្ខណៈ​វប្បធម៌ និង​ជីវិត​របស់​ភូមិ​របរ​សិប្បកម្ម នៅ​តំ​បន់​ដី​សណ្ត​ភាគ​ខាង​ជើង ត្រូវ​បាន​បង្កើត​ឡើង និង​អភិវឌ្ឍ​អម​ជាមួយ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាតិ​។ នៅ​ក្នុង​សៀវ​ភៅ​ “ភូមិ​របរ​សិប្បកម្មប្រពៃណី​របស់​វៀត​ណាម​” លោក​បណ្ឌិត ផាម​ កូន​សើន (Pham Con Son) បាន​សរសេរថា៖ “ភូមិ​របរ​សិប្បកម្មគឺ​ជា​អង្គភាព​រដ្ឋបាល​បុរាណ​ និង​ ជា​កន្លែង​ដែល​ប្រមូល​ប្រជាជន​រស់​នៅ​យ៉ាង​ច្រើន​កុះ​ករ​ មាន​សកម្មភាព​ មាន​​វិន័យ​និង​ទំ​នៀម​ទម្លាប់​ដោយ​ឡែក​។ មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​នៃ​ភូមិ​របរ​សិប្បកម្ម គឺ​ការ​ធ្វើ​ជា​សមូហភាព​ផង​ អភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ ថែ​រក្សា​អត្តសញ្ញាណ​ជាតិ​ផង​ និង​ពិសេស​ភាព​​មូល​ដ្ឋាន​​ផង​​។
របរស្រាវសូត្រ នៅភូមិ កូចឹត (Co Chat) នៃខេត្ត ណាមឌិញ (Nam Dinh) មានតាំងពីរាជកាល ត្រឹន (Tran) (សតវត្សទី១៣)។ របរនេះបានបង្រៀន និងប្រគល់ពីជំនាន់មួយទៅជំនាន់មួយ បច្ចុប្បន្ននេះ ភូមិ កូចឹក (Co Chat) គឺជាភូមិមួយក្នុងចំណោមភូមិតិចតួច ដែលនៅប្រកបរបរស្រាវសូត្រដោយដៃ។

ភូមិ​របរ​​សិប្បកម្មប្រពៃណី​នៅ​ភាគ​ខាង​ជើង​ សុទ្ធ​តែ​មាន​ដើម​កំ​ណើត​ ពី​យូរ​​លង់​មក​ហើយ​ ភូមិ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ និង​អភិវឌ្ឍ​រាប់​សតវត្ស​រ៍​​។ ភូមិ​របរសិប្បកម្ម​​នីមួយ​ៗ តែង​តែ​ភ្ជាប់​ជាមួយ​នឹង​របរ​សិប្បកម្ម​ប្រពៃណី​មួយ​ ឬ​ច្រើន​ ដូច​ជា​ ផលិត​​គ្រឿង​សេរ៉ាមិច​ ប៉ាក់​ តម្បាញ​ឫស្សី​និង​ផ្តៅ​ ធ្វើមួកដួន ធ្វើ​ក្រដាស​ រួម​ជាមួយ​ទម្រង់​សិល្បៈ​ជា​ច្រើន​ប្រភេទ​ទៀត​​។ មុខ​របរ​នី​មួយ​ៗ​ មាន​ប្រវត្តិ​សាស្ត្រ​ និង​អាថ៌​កំ​បាំង​​រៀង​ៗខ្លួន​ ដែល​​ផ្សាយ​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។

ភូមិ​របរ សើន​ដុង (Son Dong) (រដ្ឋធានីហាណូយ​) មានជំនាញខាងចម្លាក់ឈើប្រពៃណី ឆ្លាក់ព្រះពុទ្ធបដិមា និងគ្រឿង​សក្ការបូជាដ៏ល្បីល្បាញ នៅ បណ្តាខេត្តនៃភាគខាងជើង។ រូបថត៖ ត្រឹន​​ថាញ​យ៉ាង/VNP

តាម​រយៈ​លំ​ហូរ​នៃ​ប្រវត្តិ​សាស្ត្រ​ ទន្ទឹម​​នឹង​ភូមិ​របរសិប្បកម្ម​ដែ​ល​ត្រូវ​បាន​សាប​សូន្យ​ជា​បណ្តើរ​ៗ ភាគ​ខាង​ជើង​នៅ​តែ​រក្សា​បាន​នូវ​ភូមិ​របរសិប្បកម្ម​ជា​ច្រើន​ ដែល​មាន​លក្ខណៈ​ពិ​សេស​នៃ​វប្បធ​ម៌​បុរាណ​​។ 

ភូមិចាក់ពុម្ភដែកស្មិត មីដុង (My Dong) (ខេត្ត ហាយផុង (Hai Phong)) មាន​ប្រវត្តិ​រាប់រយ​ឆ្នាំ​មក​ហើយ​។ តាមយៈការវិវត្តន៍ជាច្រើន ភូមិ​​របរ​នេះ​កាន់តែរីក​ចម្រើន ហើយបង្កើត​​ការងារ​​សម្រាប់ពលករ​​រាប់​​ពាន់​​នាក់​។ រូបថត៖ ត្រឹន​ថេ​ផុង

ភូមិ​ គៀវ​គី (Kieu Ky)  (រដ្ឋធានី ហាណូយ) ត្រូវ​បាន​បង្កើត​ឡើង​​ តាំងពីសតវត្ស​ទី​ ១៤ និង​មាន​ជំ​នាញ​ក្នុង​ការ​ឆ្លាក់ព្រះពុទ្ធបដិមា កាព្យឆ្លងឆ្លើយ រហូតដល់​គំ​នូរ​គំនូរខ្មុកម្រ័ក្សណ៍ស្រោបមាស។ រូបថត៖ ខាញឡុង / VNP

កិត្តិនាមនៃ​ភូមិ​របរសិប្បកម្ម​ ដូចជា​ភូមិ​ចាក់​ពុម្ភ​ស្ពាន់​ ងូស្វា (Ngu Xa) ភូមិ​ធ្វើ​​គ្រឿង​​​អលង្កា​ ឌិញ​កុង (Dinh Cong) ភូមិ​តម្បាញ​​ឫស្សី​និង​​ផ្តៅ​ ភូ​វិញ​ (Phu Vinh)  ភូមិ​ធ្វើ​​កន្ទុំ​រុយ​ពី​​ឫស្សី​ ថាច​សា​ (Thach Xa) ភូមិ​ធ្វើ​មួកដួន ជួង (Chuong) ភូមិ​ខ្មុក​ម្រ័ក្សណ៍​ ហា​ថៃ​ (Ha Thai)  ភូមិ​ធ្វើ​ផ្លិត​ ចាង​សើន​ (Chang Son) និង​ភូមិ​អាយ៉ង​ទឹក​​ ដាវ​ធុក (Dao Thuc) ភូមិ​​ផ្កា​ តីទឺវ​ (Tay Tuu) ភូមិ​​ប៉ាក់​ គ្វឹត​ដុង​ (Quat Dong)... ល្បី​ល្បាញ​ពេញ​ប្រទេស​តាំង​ពី​យូរ​មក​។ ជា​ពិ​សេស​ ផលិតផល​មក​ពី​ភូមិ​ជា​ច្រើន​ ដូច​ជា​ សូត្រ​វ៉ាន​​ភូក​ (Van Phuc) ភូមិ​​សេរ៉ាមិច​ បាត​​ត្រាង​ (Bat Trang) ឬ​ភូមិ​អំ​បុក​​ មេ​ទ្រី (Me Tri)... ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ម៉ាក​សញ្ញាជាតិ​​។ 
ទន្ទឹម​នឹង​តំ​បន់​​ថាំង​ឡុង​ - ហាណូយ (Thang Long - Ha Noi) តាំង​ពី​យូរ​មក​ហើយ ខេត្ត​ ណាម​ឌិញ​ (Nam Dinh) ក៏​ធ្លាប់​ល្បី​ល្បាញ​ជា​ “ទឹក​ដី​រាប់​រយ​របរសិប្បកម្ម” ណាម​ឌិញ​ (Nam Dinh) មាន​ភូមិ​របរ​សិប្បកម្ម​ប្រពៃណី​រាប់​រយ ​​មាន​ប្រវត្តិសាស្ត្រ​​នៃ​ការ​បង្កើត​ ​និង​អភិវឌ្ឍ​រាប់​រយ​ឆ្នាំ​ ប្រមូល​ផ្តុំ​នៅ​តំ​បន់​បុរាណ​ ជា​ពិ​សេស​គឺ​បណ្ដា​ភូមិ​របរសិប្បកម្ម​​ ដូច​ជា​៖ ភូមិ​​ចាក់​ពុម្ភ​​ស្ពាន់​ តុង​សា (Tong Xa) ភូមិ​​ចម្លាក់​ឈើ ​ឡា​​ស្វៀន​ (La Xuyen) ភូមិ​ខ្មុក​ម្រ័ក្សណ៍​ កាត​ដាំង​ (Cat Dang) (ស្រុក​ អ៊ីអៀន​ (Y Yen)) ភូមិ​​តម្បាញ​ឫស្សី​និង​ផ្តៅ ​វីញ​ហាវ (Vinh Hao) (ស្រុក​ វូ​បាន​ (Vu Ban)) ភូមិ​​ដើម​​ឈើ​​លម្អ​ វី​ខេ​ (Vi Khe) ភូមិ​​អាយ៉ង់​ទឹក​ បាន​​ថាច​ (Ban Thach) ភូមិ​ស្រាវ​សូត្រ កូ​ចឹត​ (Co Chat) ភូមិ​តម្បាញ​​ក្រណាត់​ គឺ​​ទ្រឺ​ (Cu Tru) (ស្រុក​​ ទ្រឺក​និញ​ (Truc Ninh))...

ភូមិកុលាលភាជន៍ ភូឡាង (Phu Lang) (ខេត្ត បាក់និញ (Bac Ninh))  បាន​បង្កើត​ឡើង​ ចាប់ពីសតវត្សន៍​ទី​ ១៤​ មាន​ជំ​នាញ​ក្នុង​ការ​ផលិត​ផលិតផល​សេរ៉ាមិច​​មាន​ថ្នាំកាចាពណ៌​ត្នោត​ ដូចជា​៖ ពណ៌​ស្បែក​អន្ទង់​ ពណ៌​លឿង​ខ្ចី​ ពណ៌​លឿង​ទុំ ពណ៌លឿងត្នោត ... រូបថត៖ ត្រឹន​ថេផុង

នៅ​ក្នុង​ភូមិ​របរ​​សិប្បកម្ម សិប្បករ​ និង​សិប្បការិនី​ជា​ច្រើន​ជំនាន់​ កំ​ពុងធ្វើការ​ប្រកប​ដោយ​​មមាញឹក​ទាំង​យប់​ទាំង​ថ្ងៃ​ និងមាន​ការ​ច្នៃ​ប្រឌិត​ដោយ​មិន​ចេះ​នឿយ​ហត់​។ ពួក​គាត់​ជា​អ្នក​បន្ត​វេន​អភិរក្ស​ ថែរក្សា និង​អភិវឌ្ឍ​នូវ​ភាព​ថ្លៃថ្នូរ​នៃ​មុខ​របរ​ ដែល​បុព្វការីជន​បន្សល់​ទុក​មក​ ហើយ​បន្ត​បំ​ផុស​បំ​ផុល​ចំ​ណង់​ចំ​ណូល​ចិត្ត​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ​។


បច្ចុប្បន្ន​នេះ​ មាន​គ្រួសារ​ជា​ច្រើន​ បាន​វិនិយោគ​លើ​ម៉ាស៊ីន និង​ឧបករណ៍​សម្រាប់​ផលិត​ឧស្សាហកម្ម​ នៅ​ភូមិ​តម្បាញ ភូង​សា​ (Phung Xa) (រដ្ឋធានីហាណូយ​)។ រូបថត៖ កុង​ដាត / VNP

បច្ចុប្បន្ន​នេះ​ ភូមិ​របរសិប្បកម្ម​ នៅ​ភាគ​ខាង​ជើង​កំ​ពុង​ផ្លាស់​ប្តូរ​តាម​យន្តការ​ទី​ផ្សារ​ ជាមួយ​នឹង​របក​គំ​ហើញ​ពីរ​៖ អនុវត្ត​វិទ្យាសាស្ត្រ​ និង​បច្ចេវិទ្យា ក្នុង​ការ​ផលិត​ និង​អភិវឌ្ឍ​ទេសចរណ៍​។

តួ​យ៉ាង​ដូច​ភូមិ​​សេរ៉ាមិច​ បាត​ត្រាង​ (Bat Trang) នៅ​ស្រុក​ យ៉ាឡឹម​ (Gia  Lam) រដ្ឋធានី​ ហា​ណូយ​ (Ha Noi) បាន​អនុវត្ត​យ៉ាង​​ឆាប់​រហ័ស​នូវ​បច្ចេកវិទ្យា​ បច្ចេកទេស​ កែលម្អ​ដំណើរ​ផលិត​រូបរាង​ លើក​កម្ពស់​គុណ​ភាព​ផលិតផល​ ដើម្បី​​ឆ្លើយ​តប​​នឹង​​និន្នាការ​ទី​ផ្សារ​។

លោក​ ត្រឹន​​ យឿង​​គ្វី​ (Tran Duong Quyពាណិជ្ជករ​​ម្នាក់​ ផលិត​គ្រឿង​សេរ៉ាមិច​ នៅ​លើបណ្តាញ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​បាន​និយាយ​ថា​ បន្ទាប់​ពី​អាជីវកម្ម​អនឡាញ់​ ក្នុង​​រយៈ​ពេល​ ៤ ឆ្នាំ ផលិតផលសេរ៉ាមិច​ បាត​​ត្រាង​ (Bat Trang) មាន​អ្នក​ប្រើ​ប្រាស់​ចំ​នួន​ ៨ លាន​នាក់​ នៅ​លើ​គណនី ​Facebook តែ​មួយ​គត់​។ 

ពាណិជ្ជកម្ម​អេឡិចត្រូនិក​បាន​យក​ម៉ាក​យីហោ​​ សេរ៉ាមិច​ បាត​​ត្រាង​ (Bat Trang)  ចេញ​ទៅ​កាន់​តែ​ឆ្ងាយ​ជាង​។ អាជីវករ​​លក់​ដុំ​​ជា​ច្រើន​​ នៅ​​តាមបណ្តា​​ខេត្ត​​ផ្សេង​ៗ ​​បាន​​ស្គាល់​​ពី​​ផលិតផល​​ថ្មី​​របស់​​ភូមិ​​របរសិប្បកម្ម​​គ្រឿង​​​សេរ៉ាមិច​ បាត​​ត្រាង​ (Bat Trang) តាម​រយៈ​​គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ​ទំព័រ​ និង​​បណ្តាញ​​សង្គម​​ Facebook ​។

ផលិតផល​ជា​ច្រើន​ ត្រូវ​បាន​កាត់​ដោយ​ម៉ា​ស៊ីន​ CNC​ នៅ​ក្នុង​ភូមិ​របរ យៀនថៃ (Duyen Thai) (រដ្ឋធនី ហាណូយ)។ រូបថត៖ ខាញឡុង / VNP
ការ​រច​នា​គំនូរក្រាហ្វិក​ ដើម្បី​ធ្វើ​ចង្កៀង​គោម​នៃ​គម្រោង​ Magic of color បង្កើត​បរិយាកាស​នៃពិ​ធី​បុណ្យ​សែនព្រះចន្ទ ដែល​នាំ​មក​នូវ​អារម្មណ៍​អាឡោះ​អាល័យ​ដល់​ប្រជាជន​វៀតណាម​ជា​ច្រើន​។ រូបថត៖ ខាញឡុង / VNP

លោក​ស្រី ​ហា​ ធី​វិញ​  (Ha Thi Vinh) នាយិកា​ក្រុម​ហ៊ុន​ទ​ទួល​​ខុស​ត្រូវ​​មាន​​កម្រិត​គ្រឿង​​សេរ៉ាមិច​  ក្វាង​​វិញ​ (Quang Vinh) ជា​ "ក្រុម​​ហ៊ុន​​ឈាន​​មុខ​​គេ​"​ អភិវឌ្ឍ​ឧស្សាហកម្ម​សេរ៉ាមិច​ នៅ​ភូមិ​របរសិប្បកម្ម​​ បាត​ត្រាង ​(Bat Trang) បាន​និយាយ​ថា​ “ក្រុម​ហ៊ុន​មាន​រោង​​ច្រក​ផលិត​ចំ​នួន​ ២ នៅ​​ក្នុង​ភូមិ​​បាត​​ត្រាង​ (Bat Trang) និង​ ស្រុក​ ដុង​​ទ្រៀវ​ (Dong Trieu) (ខេត្ត​ ក្វាង​​​នីញ​ (Quang Ninh)) ។  រ​ហូត​មក​ដល់​ពេល​នេះ​ ជាង​ ៩០% ផលិតផល​សេរ៉ាមិច​របស់​ក្រុមហ៊ុន ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជាង​ ២០។ នោះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​របស់​ក្រុម​ហ៊ុន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ផ្សព្វ​ផ្សាយ​នូវ​លក្ខណៈ​ពិសេស​​ប្លែក​នៃ​វប្បធម៌​វៀតណាម​​ទៅ​កាន់​មិត្ត​អន្តរជាតិ ​ទៀត​ផង​"

ដោយ​មិន​ឈរ​នៅ​ក្រៅ​ "យុទ្ធការ" កែ​លម្អ​ផលិតកម្ម​ និង​អភិវឌ្ឍ​ទី​ផ្សារ​ ភូមិ​ខ្មុកម្រ័ក្សណ៍​ ហាថាយ (Ha Thai) (ស្រុក​ ធឿង​ទិន (Thuong Tin) រដ្ឋធានី ហាណូយ​ (Ha Noi) ក៏​កំ​ពុង​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​នូវ​ទម្រង់​ និង​វិធី​សាស្រ្ត​នៃ​ការ​លក់​របស់​ខ្លួន​។ ជា​ពិសេស​គឺ​ការ​អនុវ​ត្ត​​​​​បច្ចេកវិទ្យា​ឌីជីថល​ បរិវត្តកម្ម​​ឌីជីថល​ពី​ការ​គ្រប់​គ្រង ​រ​ហូត​ដល់​ផលិតកម្ម​ និង​ការ​លក់​។  ទន្ទឹម​នឹង​ការ​វិនិយោគ​លើ​ម៉ា​ស៊ីន​ទំ​នើប​ៗ​ សម្រាប់​ផលិតកម្ម​ គ្រួសារ​ជា​ច្រើន ​នៅ​ក្នុង​ភូមិ​របរសិប្បកម្ម​​ បាន​ស្វែង​រក​ទី​ផ្សារ​ដោយ​បត់​បែន​ តាម​បណ្តាញ​សង្គម​ និង​វេទិកា​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក​។

ភូមិត្បាញឫស្សីនិង​ផ្តៅ បាវមិញ (Bao Minh)  (រដ្ឋធានី ហាណូយ (Ha Noi)) ទាក់ទាញ​កម្មករ​ក្នុង​ស្រុក​ជា​ច្រើននាក់ ដែល​មក​ពី​ឃុំ​នា​នា​ក្នុង​ស្រុក​ ជឿង​មី (Chuong My)។ រូបថត៖ វៀតគឿង/ VNP

មក​កាន់​តំ​បន់​មាន​របរ​សិប្បកម្ម​រាប់​រយ​នៃ​ខេត្ត​ ណាម​ឌិញ (Nam Dinh) ភូមិ​របរ​​ជាង​ឈើ​ប្រពៃណី​ ​ប៊ិញ​មិញ​ (Binh Minh) ឃុំ​ ហាយ​​មិញ​ (Hai Minh) ស្រុក​ ហាយ​​ហៅ ​(Hai Hau) បាន​វិនិយោគ​​យ៉ាង​ក្លា​ហាន​លើ​ម៉ា​ស៊ីន​ទំ​នើប​ៗ និង​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ ដូចជា​៖ ម៉ា​ស៊ីន​ដាប់​ CNC ម៉ា​ស៊ីន​​ឆ្លាក់​វិចិត្រ​សិល្បៈ​ CNC... ម៉ា​ស៊ីន​ទំ​នើប​ទាំង​នេះ​បាន​ជួយ​យ៉ាង​ខ្លាំង​ដល់​ដៃ​ដ៏​ប៉ិន​ប្រសប់​ និង​ការ​ច្នៃ​ប្រឌិត​របស់​សិប្បករ​​​ ដើម្បី​បង្កើត​ផលិតផល​ដ៏​ស្រស់​ស្អាត​ទាំង​​ទម្រង់​ និង​ទាំង​ការ​រចនាសម្បូរ​បែប​​។

ការ​រួម​ផ្សំរ​វាង​ជំ​នាញ​ និង​បំណិន​របស់​សិប្បករ​ជាមួយ​នឹង​ម៉ាស៊ី​ន​ទំ​នើប​ៗ បាន​ជួយ​ឱ្យ​ភូមិ​ជាង​ឈើ​ ប៊ិញ​មិញ​ (Binh Minh)  ផលិត​បាន​នូវ​ផលិតផល​ឈើ​ជា​ច្រើន​​ប្រភេទ​ប្រកប​ដោយ​
សោភ័ណភាព​ និង​ប្រើ​ប្រាស់​បាន​យូរ​ ដូចជា​៖ ទូ តុ កៅអី ផ្ទាំងគំនូរ រូបចម្លាក់ សាឡុង គ្រឿង​សក្ការបូជា​...។

ការ​អនុវត្ត​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា​យ៉ាង​ក្លាហាន​ក្នុង​ការ​ផលិត​ បាន​ជួយ​នាំ​យី​ហោ​ភូមិ​ជាង​ឈើ​ ប៊ិញ​មិញ (Binh Minh)  មាន​ទី​តាំង​យ៉ាង​រឹង​មាំ​ នៅ​លើ​ទី​ផ្សារ​ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួសារ​ជា​ច្រើន​។

គ្រួសារ​របស់លោកស្រី​ ដាវ​ ធិយៀន (Dao Thi Duyen) គឺ​ជា​​គ្រួសារ​មួយ​ក្នុង​ចំណោមបណ្តាគ្រួសារ​​កាត់ដេរ​ទង់​ជាតិ​ខ្នាត​ធំ​ជាង​គេ ​នៅ​​ភូមិ​ ទឺវ៉ឹន (Tu Van) (រដ្ឋធានី​ហាណូយ)។ រូបថត៖ វៀតគឿង/ VNP
ម៉ាស៊ីន​បាន​ជំនួស​ទាំង​ស្រុង​​​នៃ​ដំ​ណាក់​កាល​​កាត់​​។

ឬ​ដូច​ភូមិ​របរ​ចាក់​ពុម្ភ​លោហៈ​ តុង​​ហ្សា​ (Tong Xa) ទី​រួម​​ស្រុក​ ឡឹម (Lam)  (ស្រុក​ អ៊ី​យ៉េន​ (Y Yen) ខេត្ត​ ណាម​​ឌីញ (Nam Dinh)) ដែលធ្លាប់​មាន​ជំ​នាញ​ក្នុង​ការ​ចាក់​ពុម្ភ​ ​និង​​ផលិត​​វត្ថុ​​ប្រើ​ប្រាស់​ គ្រឿង​​សក្ការៈ​តូច​ៗ ផើង ឆ្នាំង កំ​ប៉ុង​​ដោត​​ជើង​​ធូប​...ជាដើម ។ បច្ចុប្បន្ន​នេះ​ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំ​នើប​ៗ និង​ម៉ា​ស៊ីន​​ទំ​នើប​ៗ ជា​ពិ​សេស​គឺ​បច្ចេកវិទ្យា​ ៣D និង ៤D ក្នុង​ផលិតកម្ម​ បាន​​ជួយ​​សិប្បករ​អាច​បង្កើត​​ផលិតផល​ មាន​ភាព​ផ្ចិត​ផ្ចង់​ និង​ភាព​ស្មុគ​ស្មាញ​​ជាង​ពេល​មុន​បាន​ជា​ច្រើន​ ដូច​ជា​៖ ព្រះពុទ្ធបដិមា បដិមាបុគ្គល រូបសំណាក​មេ​ដឹក​នាំ​ជាតិ​ ជួង វត្ថុ​ហុងស៊ុយ ជាដើម...

ក្រៅ​ពី​ផលិតផល​សិប្បកម្ម​ប្រពៃណី​ខ្នាត​តូច​​ កំ​ពុង​បាន​ប្រើ​ប្រាស់​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​ និង​ក្រៅ​ប្រទេស​ ដោយ​សារ​ការ​អនុវត្ត​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ សិប្បករ​ភូមិ​ តុង​​ហ្សា​ (Tong Xa) ក៏​បាន​ចាក់​ពុម្ភ​ស្តូប​ធំ​ៗ ថ្នាក់​ជាតិ​​​​ ដែល​ធ្វើ​​ពី​ស្ពាន់​ និង​​ដាក់​តាំង​ នៅកន្លែង​ជា​ច្រើន​ ដូចជា ស្តូប​ជ័យជំនះ​ ដៀន​​បៀន​​​​ភូ​ (Dien Bien Phu) កម្ពស់ ១៦.២ ម៉ែត្រ​ ទម្ងន់​ ២២០ តោន រូប​សំ​ណាក​របស់​ស្តេច​ ត្រឹន (Tran) ទាំង ១៤ អង្គ មាន​ទី​តាំង​នៅ​កេរ​ដំ​ណែល​ប្រវត្តិសាស្ត្រ​ វប្បធម៌ ធៀន​ទ្រឿង (Thien Truong)- ខេត្ត​ ណាម​​ឌីញ​ (Nam Dinh); ព្រះ​ពុទ្ធ​បដិមា​ ទម្ងន់ ៣៥ តោន នៅ​ភ្នំ​ណុន​នឿក​ (Non Nuoc) ស្រុក​ សក​​សើន​ (Soc Son)(រដ្ឋ​ធា​នី ​ហា​​ណូយ​); ព្រះ​ពុទ្ធ​បដិមា​​ទាំង​ ៣ អង្គ​ មាន​ទម្ងន់​ ៥០តោន​ នៅ​វត្ត​ បាយឌីញ (Bai Dinh) (ខេត្ត
និញ​​ប៊ិញ​ (
Ninh Binh))...

ជា​រៀង​រាល់​ថ្ងៃ​ ភូមិ​ធ្វើ​ធូប ក្វាង​ភូកូវ (Quang Phu Cau) (រដ្ឋធានី ហាណូយ) ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​រាប់​រយ​នាក់​។ រូបថត៖​ កុង​ដាត / VNP

ជា​ពិសេស​ ភូមិ​របរសិប្បកម្ម​នីមួយ​ៗ​ នៅ​តំ​បន់​ដី​សណ្ត​ភាគ​ខាង​ជើង​ ឥឡូវ​នេះ​បាន​ក្លាយ​ជា​តំ​បន់​ទេសចរណ៍​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​​ស្រុក​ និង​បរទេស​។ នៅ​​រដ្ឋធានី​ ហា​ណូយ​ (Ha Noi) ខេត្ត​ ណាម​​ឌិញ​ (Nam Dinh) ខេត្ត​ ថាយ​​ប៊ិញ​ (Thai Binh) ខេត្ត​ បាក​​យ៉ាង​ (Bac Giang)... ភូមិ​របរ​​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​​អាជីវកម្ម​សម្រាប់​ទេសចរណ៍​ ដោយ​​សារ​ភាព​ប្លែកពី​គេ​ និង​បង្កប់​នូវ​តម្លៃ​ប្រពៃណី និង​វប្បធម៌​​​​​អ្នក​ស្រុក​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ប្លែក​ ជា​ពិសេស​​នៅ​ពេល​មាន​ឱកាស​ទៅ​ទស្សនា​​ និង​ទទួល​បទ​ពិសោធន៍​។ ហើយ​តាម​រយៈទេសចរណ៍​ ភូមិ​របរ​​សិប្បកម្មនៅ​​ភាគ​ខាង​ជើង​បាន​រួម​ចំ​ណែក​រក្សា​ និង​ផ្សព្វ​ផ្សាយ​អត្តសញ្ញាណ​វប្បធម៌​វៀត​ណាម​ទៅ​កាន់​មិត្ត​អន្តរជាតិ​​ ផងដែរ៕

អត្ថបទ៖ ទ្រីញ ថុង​ធៀន
រូបថត៖ ត្រឹន​ ថាញ​យ៉ាង កុង​ដាត ថុង​ធៀន ខាញ​ឡុង វៀតគឿង / VNP និង​ត្រឹន​ ថេផុង
ប្រែសម្រួលដោយង្វៀនយ៉ាង


Top