ភូមិគុយលូ (Lang Cui Lu) – កន្លែងដែលសិល្បៈរស់ឡើងវិញពីសំណល់នៃទឹកជំនន់

ភូមិគុយលូ (Lang Cui Lu) – កន្លែងដែលសិល្បៈរស់ឡើងវិញពីសំណល់នៃទឹកជំនន់

ស្ថិតនៅក្បែរបេតិកភណ្ឌពិភពលោកទីក្រុងបុរាណហូយអាន ជាកន្លែងដែលទន្លេធូបូន(Thu Bồn) តែងតែនាំយកដីល្បាប់មកទម្លាក់ ប៉ុន្តែក៏តែងតែកក្រើកក្រោធខឹងម្តងៗ​ មានលំហសិល្បៈដ៏ចម្លែកមួយ ទី​ដែលកំណាត់​ឈើពុក​ផុយ និង​ដើមឈើ​បាក់បែក បន្ទាប់​ពី​រដូវវស្សាភ្លៀង​ធ្លាក់​​ បានធ្វើឱ្យរស់ឡើងវិញ ដើម្បី​កុំឱ្យ​បំភ្លេចចោល ឬ​រលួយ​កប់​នៅ​ក្នុង​ភក់​។ នោះ​គឺ ភូមិគុយ​លូ​ (អុសទឹក​ជំនន់) ជាគម្រោង “សិល្បៈ - សង្គម” ពោរពេញ​ទៅ​ដោយ​​មនុស្សធម៌ ទីដែល​ក្តី​​ស្លាប់​នៃពន្លក​ពណ៌បៃតង ត្រូវបាន “កកើត​ជាថ្មី” ទៅ​ជា​ស្នាដៃ​​សិល្បៈ មាន​ព្រលឹង​។

ការរៀបចំយ៉ាងប៉ិនប្រសប់បង្កើតបានជាភាពផ្ទុយគ្នា គួរឱ្យចាប់អារម្មណ៍នៃបណ្តុំរូបចម្លាក់មនុស្សជាមួយនឹងសណ្ឋាន​រូបរាងពោរពេញដោយមនោសញ្ចេតនាក្នុងលំហសិល្បៈនៃភូមិគុយ​លូ​។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

សំឡេងហៅពីដងទន្លេ បន្ទាប់ពីរដូវទឹកជំនន់នីមួយៗ

ហូយអានស្រស់ស្អាត ប៉ុន្តែហូយអានក៏ពោរពេញទៅដោយក្តីបារម្ភខណៈពេលទឹកជំនន់​មកដល់។ បន្ទាប់ពីទឹកជំនន់​ជាប្រវត្តិសាស្ត្រនីមួយៗ ទន្លេធូបូន តែងតែនាំយក​អុស សំរាម និងដើមឈើបាក់បែករាប់តោន អណ្តែតហូរ​ទៅ​​ផ្នែកខាងចុងទន្លេ ឡោមព័ទ្ធច្រាំងទន្លេ ភូមិ ផ្ទះសម្បែង និងវាលស្រែ។ សម្រាប់​ប្រជាជន នោះគឺជា​ការរំខាន​ដោយ​គំនរ​បាក់បែក នៃគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែសម្រាប់សិល្បករ ដែលមានបេះដូងរសើប​ នោះគឺជា​អំណោយ​ពីមាតាធម្មជាតិ - ទោះ​នោះ​ជា​អំណោយ​មួយ​ដែល​នាំមក​នូវ​ពណ៌​សម្បុរនៃសោក​នាដកម្ម​ក៏ដោយ​។

ភូមិគុយលូ​ ដែលជា​លំហវប្បធម៌ និងសិល្បៈដ៏គួរឱ្យចាប់អារម្មណ៍ នៅភូមិកឹមហា​ សង្កាត់ ហូយ​អាន​តី​ ទីក្រុងដាណាំង​។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

គម្រោងភូមិគុយលូ​ បានកកើតឡើង​ដោយ​ការយល់ឃើញទាំង​នោះ។ មិនមែនគ្រាន់តែ​ជាការទាញ​យក​ប្រយោជន៍ពីសម្ភារៈ​សំណល់នោះ​ទេ គម្រោងនេះ បានបង្កើតឡើង​ជា​ការឆ្លើយ​តប និង​ជា​ការដាស់តឿន​ចំពោះផលប៉ះពាល់ នៃបម្រែបម្រួល​អាកាសធាតុ ព្រមទាំង​សូម្បីតែការបំផ្លាញធម្មជាតិដោយមនុស្សខ្លួនឯង។ ជំនួសឱ្យការទុក “ស្លាកស្នាម​” នៃ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឱ្យ​ទៅ​ជា​សំរាម ទៅជា​ការ​រំអុក​របស់​មនុស្ស​ អ្នក​ស្ថាបនា​បាន​សម្រេចចិត្ត​ប្រមូល​វា សម្ងួត​ការ​ឈឺ​ចាប់​ និង​ផ្លុំ​បញ្ចូល​ភាពរស់រវើក​ថ្មី​ឡើងវិញ​។​

អ្នក​ផ្លុំ​ព្រលឹង​ចូល​កំណាត់​ឈើ​ពុក​​។

ភ្ញៀវទេសចរទស្សនា និងទទួលយកបទពិសោធន៍ នៅលំហ​សិល្បៈ នៃភូមិគុយលូ​។ រូបថត៖ ថាញ់ហ្វា​/កាសែតរូបភាពវៀតណាម​

ដើម្បីមានភូមិគុយ​លូ​ដូចសព្វថ្ងៃនេះ​ មិនអាច​មិននិយាយដល់​អ្នកដែល​បានលះបង់​ ដើម្បីសិល្បៈ​ប្រកបដោយចីរភាពនោះទេ។ នោះគឺ​សិល្បករ និងជាង​ចម្លាក់ ឡេ ង៉ុកធ្វឹន (Le Ngoc Thuan) ដែល​ជាស្ថាបនិក និងជា “ព្រលឹង​”​ នៃគម្រោង​នេះ​។​

ជាមួយនឹងការគិតរបស់អ្នកសិល្បៈ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ លោក ឡេ ង៉ុក​ធ្វឹន​ បានមើលឃើញកំណាត់​ឈើគគ្រីមគ​គ្រើម និងពុកផុយ ដែលអណ្តែតតាមទឹកជំនន់ នូវ​រូបរាង​របស់​សត្វ មុខ​មនុស្ស និងទាំង​​​រឿងរ៉ាវ​ដែលពោរពេញទៅដោយពណ៌សម្បុរ​វប្បធម៌​វៀតណាម​។

ស្នាដៃ​នីមួយៗ ជ្រុងនៃ​ការរៀបចំនីមួយៗ តែង​នាំមកនូវចំណាប់អារម្មណ៍​ជូនអ្នកទស្សនា​។ រូបថត៖ ថាញ់ហ្វា​/កាសែតរូបភាពវៀតណាម​

នៅឆ្នាំ២០២០ លោក ឡេ ង៉ុក​ធ្វឹន​ បាន​សម្រេចចិត្តអនុវត្ត​ក្តី​សុបិន​​សាងសង់ភូមិគុយ​លូឱ្យ​ក្លាយជាការពិត។ ដើម្បី​ប្រែកម្លាយ​ក្តីសុបិន​ឱ្យក្លាយជាការពិត គាត់​បាន​ធ្វើដំណើរ​គ្រប់​ទីកន្លែង​ ដើម្បី​ស្វែងយល់​អំពី​វប្បធម៌ចម្លាក់ឈើ​របស់ជនជាតិកឺទូ​ និង​បច្ចេកទេស​ចម្លាក់ឈើ​របស់​សិប្បករ​ភូមិឈើ គិម​បុង​ ដ៏ល្បីល្បាញ​ក្នុងខេត្តក្វាង​ណាម​។ នៅឆ្នាំ​២០២២ ភូមិគូយ​លូ បាន​កើតឡើង​ជាផ្លូវការ ​បង្កើតជាអាសយដ្ឋាន​​គួរឱ្យចាប់អារម្មណ៍នៅហូយ​អាន ជា​កន្លែងដែលភ្ញៀវទេសចរអាចមកស្វែងរក​កំណប់ស្នាដៃសិល្បៈចម្លាក់​ឈើដែល​មាន​តែមួយ​គត់ និងសម្បូរទៅដោយ​អត្ថន័យមនុស្សធម៌។ ថែមទាំង​អាច​​ពិសោធន៍ បង្កើត​ស្នាដៃ​តាមអារម្មណ៍ផ្ទាល់ខ្លួន ដើម្បីទទួល​អារម្មណ៍​ពីដង្ហើម​នៃជីវិត ធម្មជាតិ និងមនុស្ស តាម​រយៈសរសៃឈើ កំណាត់ឈើ​​នីមួយៗ។

គម្រោងបានកើតឡើង គឺជាការរួមបញ្ចូល​ដ៏អស្ចារ្យ រវាងគំនិត​សិល្បៈ​ទំនើប និង​ថ្វីដៃ​ដ៏ប៉ិនប្រសប់ របស់ជាងឈើ​ប្រពៃណី។ ការរួមបញ្ចូលនេះ បង្កើត​បានជាគុណ​តម្លៃ​សហគមន៍​យ៉ាង​ជ្រាលជ្រៅ ​ផ្តល់ការងារដល់​សិប្បករ​ក្នុងស្រុក និង​អភិរក្សតម្លៃ នៃមុខរបរជាងឈើ​ប្រពៃណី ក្នុងបរិបទទំនើបផង​។

សិប្បករវ័យក្មេងខិតខំប្រឹងប្រែងផ្លុំព្រលឹងចូលទៅក្នុងស្នាដៃនីមួយៗ។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

កន្លែងដែលអុសទឹកជំនន់ បន្លឺសំឡេងរស់ឡើងវិញ

ចំណុចពិសេសបំផុត នៃចម្លាក់ឈើនៅភូមិគុយ​លូ គឺ​គោរព​សម្រស់ដើម នៃវត្ថុធាតុ​ដើម​។ ចាប់ពី​កំណាត់​ឈើ​ដែលស្រង់​ចេញ​ពីទឹកជំនន់ សិល្បករ​មិន​ព្យាយាម​បង្ខំវាទៅក្នុងទម្រង់​រឹងត្អឹង​នោះទេ​។ ពួកគាត់​សង្កេតមើល​សរសៃឈើ ស្នាម​ប្រេះ និង​ផ្នែកដែលពុកផុយ ដោយសារ​សំណឹកនៃ​ទឹក ដើម្បី​បង្កើតជារូបរាង​តាមលំអាន​នោះ។​

ដូច្នេះហើយ ផលិតផលនីមួយៗ បាន​បង្កើតឡើង គឺជាស្នាដៃតែមួយគត់ ព្រោះ​មិន​ដែល​មាន​អុស​ពីរដុំ​ ត្រូវ​ទឹកទន្លេហូរច្រោះឱ្យ​មានរាងដូចគ្នា​ទាំងស្រុងនោះទេ។ ដូច្នេះ​ហើយ ស្នាដៃចម្លាក់​ឈើនីមួយៗនៅភូមិគុយ​លូ​ មានទម្រង់ និង​រូបរាងខុសៗគ្នា វាអាចជា​ត្រីឈើ ហ្វូងចាប ឬរូបចម្លាក់មុខមនុស្ស​។ល។ ទាំងអស់​សុទ្ធតែ​មាន​រូបរាង​​គ្រើមៗ ហាក់បីដូច​ជា​ទើបតែ​ងើបចេញពីគំនរឈើ​សំណល់ នៃគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែ​លាក់កំបាំង​នូវភាពស្រស់​ស្អាត ដែលពោរពេញទៅដោយ​ដង្ហើម នៃប្រជាប្រិយភាព និង​យុគសម័យ។

ស្នាដៃចម្លាក់ឈើចម្រុះពណ៌រស់រវើក។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

ភាពអស្ចារ្យនៃលំហសិល្បៈនេះ មិនត្រឹមតែ​ជាចម្លាក់​ប៉ុណ្ណោះទេ។ នោះ​វា​គឺជាការរួមបញ្ចូល រវាងគំនូរ (ជាមួយ​នឹង​ពណ៌​ឆើត​ឆាយ ប៉ុន្តែសាមញ្ញ​) និង​សិល្បៈ​នៃការ​រៀប​ចំ ដោយ​ប្រែក្លាយ​លំហំ​ទាំងមូល​ទៅ​ជា​សារមន្ទីរ​ពោរពេញ​ទៅ​ដោយ​ភាព​រស់រវើក​។

សារពណ៌បៃតង ផ្តើម​ពីរឿងសាមញ្ញៗ

លោក ឡេ ង៉ុក​ធ្វឹន​ ធ្លាប់​បានចែករំលែកថា៖ "ខ្ញុំចង់​បំប្លែង​អុសទឹកជំនន់​ទៅជា 'ទូត​វៀតណាម​ នៃសិល្បៈ​រស់ឡើងវិញ' — នាំយក​សារអំពីភាពច្នៃប្រតិដ្ឋ​ ចីរភាព និងភាព​ស្រស់ស្អាត នៃធម្មជាតិទៅកាន់​ពិភពលោក​ទាំង​មូល។​

ភូមិគុយ​លូ​ មិនត្រឹមតែជាកន្លែង​សម្រាប់គយគន់ភាពស្រស់ស្អាត​ប៉ុណ្ណោះទេ ថែមទាំងជា “ស្ថានីយ៍ផ្តល់​សញ្ញា" មួយ​ អំពី​ការយល់​ដឹងនូវ​បរិស្ថាន។ ភូមិ​គុយ​លូ​ ជា​សំណល់​​នៃ​គ្រោះធម្មជាតិ តែ​ប្រសិនបើ​ យើង​ចេះ​ពីរបៀប​ប្រើប្រាស់​ វា​នឹង​ក្លាយ​ជា​សិល្បៈ​ ជួនកាល​ជា​ព្រទ្យ​សម្បត្តិ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ទៀត​ផង​។

រូបសំណាក​ឈើ​មានរបៀប​បញ្ចេញទឹក​មុខ​គួរ​ឱ្យចាប់អារម្មណ៍។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

តាមរយៈគម្រោងនេះ សារអំពីសេដ្ឋកិច្ចវិលជុំ និងសិល្បៈកែច្នៃបានបញ្ជូនតៗ​យ៉ាងសាមញ្ញ​បំផុត។ វា​​​​រំលឹកយើង អំពីភាពផុយស្រួយ​នៃធម្មជាតិ និង​ទំនួលខុសត្រូវ​របស់មនុស្ស ក្នុងការកាត់បន្ថយកាក​សំណល់។ ស្នាដៃនីមួយៗ ដែលអតិថិជនទិញ​យកទៅ គឺជា​សារការពារបរិស្ថាន បានផ្សព្វផ្សាយទូទាំង​ពិភពលោក។

ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិគុយ​លូ​​ បានក្លាយជាអាសយដ្ឋាន​ ដែលមិនអាចរំលង​បានសម្រាប់អ្នកស្នេហា​សិល្បៈ នៅពេលមកទស្សនាទីក្រុង​ហូយអាន​។ គម្រោងនេះ មានភាពទាក់ទាញដ៏ចម្លែក ព្រោះវា​ប៉ះពាល់ដល់​អារម្មណ៍ និងគំនិត​ប្រកបដោយ​ចីរភាព​របស់ភ្ញៀវទេសចរ​ទំនើប។

រូបសំណាក​សត្វព្រៃ ដែលមានទម្រង់ដ៏វិសេស ដូចជា​ការ​ពណ៌នា​ភាពទាក់ទាញពិសេស​ នៃមុខមាត់សត្វ។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​

ប៉ាន់​ប្រមាណថារៀងរាល់ខែ ភូមិគុយ​លូ​ស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២,០០០ ទៅ ៣,០០០នាក់ មកទស្សនា និងទទួលយកបទពិសោធន៍។ ស្នាដៃជាច្រើនមក​ពីភូមិគុយ​លូ បានធ្វើដំណើរ​តាមភ្ញៀវទេសចរទៅកាន់​ទីតាំងគ្រប់​ទ្វីបទាំងអស់​ បង្ហាញខ្លួន​ក្នុង​លំហ​ដ៏ប្រណិត​ តាំងពីទីក្រុងប៉ារីស ដល់​ទីក្រុង​ញូវយ៉ក ជាសក្ខីភាព​អំពី​ថាមពល នៃវប្បធម៌វៀតណាម​ ដើម្បី​បន្តប្រាប់រឿងរ៉ាវ នៃសិល្បៈដែល​អាចព្យាបាល និង​រស់ឡើងវិញ នៅកណ្តាល​ពិភពលោក ដែលកំពុងប្រឈមមុខនឹងបម្រែបម្រួលបរិស្ថានជាច្រើន ដូច​សព្វ​ថ្ងៃនេះ៕

រូបសំណាក​ឈើ​តូចច្រឡឹង ប៉ុន្តែបង្ហាញពីសាច់រឿងដែលពោរពេញទៅដោយវប្បធម៌​វៀតណាម​។ រូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​
  • អត្ថបទ​និងរូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

 


Top