ពិសេសភាពស្ថាបត្យកម្មវត្ត ស្រឡូង

ពិសេសភាពស្ថាបត្យកម្មវត្ត ស្រឡូង

ស្ថាបត្យកម្ម​​វត្ត​ស្រឡូង ​ (ឃុំ​ដាយ​តឹម (Dai Tam) , ស្រុក ​មី​ស្វៀន (My Xuyen), ខេត្ត​ សុក​ត្រាំង (Soc Trang)) ត្រូវ​បាន​កសាង​​ដោយ​ចុះ​សម្រុងគ្នា ​ក្នុង​​សួនដើមឈើព្រឹទ្ធព្រឹក្ស ដោយ​​មាន​​ការ​​រួម​​ផ្សំ​រវាង​​ប្រពៃណី​​ និង​​ទំនើប​។ តាម​​រយៈ​​គំនិត​​ច្នៃ​ប្រតិដ្ឋ​ ​និង​​ភាព​​ប៉ិន​​ប្រសប់​​របស់​​សិប្បករ​ ​​បាន​​បង្កើត​ឡើង​​នូវ​​ស្នាដៃ​​ស្ថាបត្យកម្ម​​ប្លែកពិសេសមួល ដែលមានអត្តសញ្ញាណ​នៃវត្ត​​ខ្មែរ​ ក្នុង​តំបន់ណាមបូ។

ក្បាច់​​រចនាប្រណិត និងប្លែកៗនៅវត្តស្រឡូង។ រូបថត៖ថុង​ធៀន

វត្តស្រឡូង បាន​កសាងពីឆ្នាំ១៨១៥ ដំបូងឡើយ ​វត្ត​នេះបាន​កសាងពីឈើ និងស្លឹកយ៉ាងសាមញ្ញ។ ឆ្លង​កាត់​​ពេល​វេលា​ ​និង​​ដោយសារ​​គ្រាប់​​បែក​​កាំភ្លើង​ បានបំផ្លាញ​ វត្ត​​ត្រូវ​​រង​​ការ​​ខូចខាត​​យ៉ាង​​ធ្ងន់ធ្ងរ​។ នៅ​​ឆ្នាំ១៩៤៥​ ដោយ​​មាន​​ការ​​គាំទ្រ ​​និង​​ការ​បរិច្ចាគ​​ពី​​ប្រជាជន​ ​និង​​ពុទ្ធបរិស័ទ​ ព្រះ​តេជគុណ​​ តាំង​យុច ​(Tang Duch) បានចាប់​ផ្ដើម​​សាង​សង់​​វត្ត​នេះ​ឡើង​វិញ។ លុះ​​ដល់​​ឆ្នាំ​១៩៨៥ ព្រះ​តេជគុណ ​តាំង​យុច ​(Tang Duch) ​ទទួលអនិច្ចធម្មទៅ​ ព្រះ​តេជគុណ​ ក្វាចមែន (Quach Men) ជា​​ព្រះចៅ​​អធិការ​ ​ហើយក៏​​បន្តការ​​ជួស​ជុល​​សាងសង់​​បន្ថែម​​នូវ​​សំណង់​​មួយ​ចំនួន​ទៀត​ ​ដើម្បី​សម្រេច​ការកសាង ​​ហើយបានសម្ពោធ ​នៅ​ឆ្នាំ១៩៨៩។
ព្រះវិហារវត្តស្រឡូង។ រូបថត៖ ង្វៀន​ថាំង
 


តាមប្រជាជន​​ក្នុង​​តំបន់​​បាន​​ឱ្យ​​ដឹង​​ថា​ មូលហេតុ​​ដែល​​មាន​​ឈ្មោះ​​ថា​ វត្ត  ចែនគៀវ (Chen Kieu តាមភាសា វៀតណាម) ​គឺ​​ដោយសារ​​តាំង​​ពី​​ដំបូង​​មក​ ដោយ​​ឥទ្ធិពល​​នៃ​​សង្គ្រាម​ វត្ត​​ទ្រុឌទ្រោម​​គ្មាន​​ថវិកា​​ជួស​ជុល​ ហើយ​​ប្រជាជន​​បាន​​បរិច្ចាគ​​យក​​ចាន​ទាប ថូ​ ចាន​តូច ចានធំ ​​ធ្វើ​​ពី​​ប៉សឺឡែន មក​​ជួសជុល​​វត្ត​។ ចាប់​​ពី​ពេល​​នោះ​​មក​ ប្រជាជនវៀតណាមក្នុងតំបន់បានហៅថា​​ វត្ត ចែនគៀវ (Chen Kieu តាមភាសាវៀតណាម)) តរៀងមក​។

ស្ថាបត្យកម្មវត្តស្រឡូង រួមមានខ្លោងទ្វារវត្ត ព្រះវិហារ, សាលា​ឆាន់, សាលា​ធម្មសភា, ព្រះ​វិហារ​ អគាររតនត្រ័យ, បណ្ណាល័យ​, សមណកុដិ...ត្រូវ​បាន​រៀប​ចំ​យ៉ាង​​ចុះ​សម្រុងគ្នា​ ​ក្នុង​​សួន​​ដើមឈើព្រឹទ្ធព្រឹក្ស​ ដែល​​មាន​ផ្ទៃ​ដី​ជាង ២,១ហិកតា។ 

 

 

វត្ត​ស្រឡូង ​មាន​លក្ខណៈ​ពិសេស​នៃ​វប្បធម៌​ខ្មែរ​នៅ​តំបន់​ណាម​បូ។ ក្បាច់​​រចនាប្រណិត​ និង​មាន​​ពណ៌​ចម្រុះ​​ចុះសម្រុង​គ្នា​។ អ្វី​​ដែល​​ពិសេស​​បំ​ផុត​​នោះ​ ​គឺ​​ជាង​​ចម្លាក់​​​​ប៉ិនប្រសប់​​យ៉ាង​​ខ្លាំង​ ​ក្នុង​​ការ​​បង្កើត​​រូបភាព​​នៃ​​ទេវតា ​ដើម្បី​​តុប​តែង​​លម្អ​​វត្ត​។ ប្រាង្គ​ខ្ពស់​ៗ​ នៅ​​លើ​​ដំបូល​ ក្បាច់​​រចនា​​លើ​​ក្បឿង​ ចម្លាក់​​លើ​​ជញ្ជាំង​​និង​​សសរ​។

ព្រះវិហារ​គឺ​ជា​អគារ​ធំ​និង​រឹងមាំ​ ​មានសសរ​ធំ​ៗចំនួន​ ១៦ ជួរ​។ ក្រាលឥដ្ឋផ្កា ​ ហើយ​ជញ្ជាំងភាគ​ច្រើន​​ក៏ត្រូវបាន​បិទដោយ​ឥដ្ឋសេរ៉ាមិច (ចម្រុះពណ៌ និងទំហំផ្សេងៗគ្នា)។

ច្រក​ចូលទៅខាងក្នុង​វត្តស្រឡូង។ រូបថត៖ឡេ​មិញ

ដំបូលនៃព្រះវិហារ  ត្រូវបាន​សាងសង់​ក្នុង​ទម្រង់​​បីជាន់​ មាន​ន័យថា​ ​បី​ផ្នត់​ ផ្នត់ខាងក្រោមធំជាងគេ ហើយតូចទៅៗឡើងទៅលើ។ ផ្នត់ខាងលើមានរាងត្រីកោណ មានហោជាងនៅ​ពីរសងខាងនៃទិសទាំងពីរ ដោយមានបិតជហ្វាកោងពើតឡើងទៅលើ នៅចំកណ្តាលមានកំពូលខ្ពស់ឡើងទៅលើ។

ជហ្វា​ទាំងពីរសង្ខាង​កោង ដោយសម្គាល់ថា មាន​ទំ​នាក់​ទំ​នង​ជាមួយនឹងឋាន​អាទិទេព និងព្រលឹងមនុស្ស ដើម្បីប្រសិទ្ធពរ​ និង​ការពារ​ពិភពកណ្តាលឱ្យបានសុខសាន្ត និងសុភមង្គល។ផ្ទៃខាងក្រោយនៃព្រះវិហារគឺ​ជា​ជញ្ជាំងមានក្បាច់រចនា បិតអណ្ដែតដោយចាន ចានទាបប៉សឺឡែន ជាច្រើន។ ខាង​ក្នុង​ព្រះវិហារគឺជាអាសនៈ​គោរពបូជា​ព្រះពុទ្ធសក្យមុនី​។ ពិតានខាងលើ​ខាង​ក្នុង​ព្រះវិហារ ជា​ផ្ទាំង​គំនូរ​ពិពណ៌នាអំពី​ពុទ្ធប្រវត្តិ តាំងពីប្រសូតិ ត្រាសដឹង និងបរិនិព្វាន​។
ពុទ្ធបរិស័ទគោរពបូជាក្នុង​ព្រះវិហារវត្ត​ស្រឡូង។ រូបថត៖ ឡេ​មិញ

នៅ​កណ្តាល​ទីធ្លាវត្ត ​​មាន​​បង្គោល​​ទង់​​​មាន​​រូប​​សំណាក​​ព្រះនាគ​ក្បាល​​៥។ ជុំវិញគឺអគារសម្រាប់សិក្សា និងសម្រាក​។ ជាពិសេស ​នៅ​ខាងក្រោយ​វត្ត​គឺ​ជា​​សួន​ច្បារ​​ខ្នាតតូច​ ដែល​ជាកន្លែងពិពណ៌នាបង្ហាញពីពុទ្ធប្រវត្តិ​ ។វត្តស្រឡូងទាក់ទាញ​​ភ្ញៀវ​​ទេសចរ​​យ៉ាង​​ច្រើន​​កុះករ​ ជាពិសេស​​ក្នុង​​អំឡុងពេល​បុណ្យ​​ទាន​ និង​បុណ្យ​​តេត​។ មិន​ត្រឹមតែ​បងប្អូន​ជនរួមជាតិ​ខ្មែរប៉ុណ្ណោះ​ ប្រជាជន​ទូទាំង​ប្រទេស​ក៏​បាន​មក​ទស្សនាវត្ត​ស្រឡូង ដើម្បី​ធ្វើធម្មយាត្រា បួងសួង​សុំ​សេចក្តីសុខ​ និងគយគន់សម្រស់​ស្ថាបត្យកម្ម​វត្ត ក៏​ដូចជា​ស្វែងយល់​ពីវប្បធម៌​ខ្មែរ​ ផងដែរ៕

 

អត្ថបទ៖ ថុង​ធៀន រូបថត៖ ង្វៀន​ថាំង ឡេ​មិញ ថុងធៀន ប្រែសម្រួល​ដោយង្វៀនយ៉ាង

 


Top