ពិសេសភាពនៃគំរូម៉ូតូដីឥដ្ឋ
ជាមួយនឹងចំណង់ចំណូលចិត្តជាង ២០ឆ្នាំ កាលពីនៅរៀនថ្នាក់ទី ៤ ដោយមានភាពច្នៃប្រឌិត និងខិតខំស្វែងយល់ លោក ថៃ វ៉ាន់គី (Thai Van Ky) បានបង្កើតគំរូម៉តូដីឥដ្ឋ បណ្ដាលឲ្យពេលដែលយើងក្រឡេកមើលគំរូម៉ូតូទាំងនោះ យើងគ្រប់គ្នាសុទ្ធតែគិតថា នោះជាម៉ូតូពិតដោយកំណែតូច។
លោក ថៃ វ៉ាន់គី (Thai Van Ky) បានឲ្យដឹងថា កាលពីក្មេងគាត់ចូលចិត្តលេងដីឥដ្ឋ ដូច្នេះហើយគាត់តែងតែខ្ចីដីឥដ្ឋពីគ្រូមត្តេយ្យនៅជិតផ្ទះរបស់គាត់ ដើម្បីលេង។ នៅពេលនោះ អ្នកជិតខាងរបស់គាត់ បានលក់គោចំនួន ១៣ ឬ ១៤ ក្បាល ដើម្បីយកលុយទិញម៉ូតូម៉ាក់ Simson។ អ្នកដែលចូលចិត្តឈរមើលម៉ូតូគ្រឿងនេះយូរបំផុតគឺឪពុករបស់លោក គី (Ky)។ ដោយសារតែគ្រួសាររបស់គាត់មានស្ថានភាពលំបាក ឪពុករបស់គាត់មិនអាចទិញម៉ូតូម៉ាកនោះបាន ដូច្នេះ កុមារ គី (Ky) បានគិតដល់ការធ្វើគំរូម៉ូតូម៉ាក់ Simson ពីដីឥដ្ឋទុកជាកាដូជូនឪពុកគាត់។
លោក គី (Ky) បានចែករំលែកថា៖ «នៅពេលនោះ ខ្ញុំបានយកក្រដាសមួយសន្លឹក ឈរនៅពីមុខម៉ូតូ រួចគូរពង្រាងគំនូរ បន្ទាប់មក ខ្ញុំចាំ និងគូរតាមការស្រមើស្រមៃរបស់ខ្ញុំ ពីព្រោះសម័យនោះមានម៉ូតូតិចណាស់ ម្យ៉ាងទៀត យូរៗទើបម្ចាស់ម៉ូតូគាត់តែជិះម៉ូតូមកផ្ទះខ្ញុំលេងម្ដង។ បន្ទាប់មកខ្ញុំបានសូនរូបរាងម៉ូតូ តាមការចងចាំរបស់ខ្ញុំ ហើយនៅពេលធ្វើរួចស្រេច គំរូម៉ូតូនឹងក៏ដូចនឹងម៉ូតូពិតប្រហែល ៩០%។ ខ្ញុំបានជូនទៅឪពុកខ្ញុំ ហើយមានមនុស្សជាច្រើនបានសរសើរខ្ញុំថា គំរូម៉ូតូនេះស្អាតណាស់ ដូច្នេះខ្ញុំបន្តធ្វើគំរូម៉ូតូម៉ាក់នោះទៀត ដើម្បីធ្វើជាកាដូជូនដល់អ្នកទាំងអស់គ្នា”។
រហូតដល់ឆ្នាំ ២០២៣ កូនស្រីរបស់លោក គី (Ky) ចង់ទិញដីឥដ្ឋ ដើម្បីសូនរូប ចំណង់ចំណូលចិត្តរបស់គាត់បានផុសឡើងម្តងទៀត។ គាត់បានគិតអំពីការលាយពណ៌ដីឥដ្ឋ ដើម្បីបង្កើតពណ៌ជាច្រើន រួចសូន និងលាបពណ៌ ដើម្បីធ្វើម៉ូតូមួយគ្រឿងចម្រុះពណ៌ដែលមើលដូចជាស្នាដៃសិល្បៈ ថែមទាំងគំរូម៉ូតូនេះស្រដៀងនឹងម៉ូតូពិតដោយកំណែតូច។
ដំណើរការធ្វើម៉ូតូពីដីឥដ្ឋ ចាប់ផ្តើមពីការលាយពណ៌ដីឥដ្ឋទាំងអស់ជាមួយគ្នា ដើម្បីបង្កើតជាពណ៌ប្រផេះ ដើម្បីបង្កើតស៊ុមមូលដ្ឋាន។ នៅលើគោលការណ៍ជាមូលដ្ឋានដើម្បីសូនជាម៉ូតូដីឥដ្ឋ ផ្នែកដំបូងនៃការសូនគឺកែបម៉ូតូ បន្ទាប់មកគឺផ្នែកផ្សេងទៀត ពីព្រោះបើសូនបានកែបរួច ផ្នែកផ្សេងទៀតនឹងសូនបានតាមសមាមាត្រសម្រុងគ្នា។ កង់ អាវម៉ូតូ គ្របភ្លក់ ក្បាលម៉ូតូ... សុទ្ធតែត្រូវបានសូនយ៉ាងលម្អិត បន្ទាប់មកយកខ្សែដែក និងអង់តែនទូរទស្សន៍មកកាត់ធ្វើជាតួផ្សេងៗនៃម៉ូតូ ខ្សែអាលុយមីញ៉ូម ឬដែកអ៊ីណុក ត្រូវបានប្រើដើម្បីធ្វើជាកាំកង់។
នៅពេលផ្នែកណាដែលបានសូនរួច ត្រូវបានលាបពណ៌ និងរំលីងឱ្យរលោង។ បនា្ទប់ពីថ្នាំពណ៌ស្ងួត បណ្តាផ្នែកផ្សេងៗក៏ត្រូវបានភ្ជាប់ជាមួយគ្នាដោយកាវដំរី បង្កើតជាម៉ូតូខ្នាតតូចមួយគ្រឿង ដែលមានមានអត្រា ១/១៨, ១/២៤ ។
សម្រាប់ម៉ូតូណាមានអាវម៉ូតូ ការធ្វើអាវនេះគឺជាដំណាក់កាលដ៏លំបាកបំផុត បើម៉ូតូធំ ឬគ្មានអាវម៉ូតូ ដំណាក់កាលធ្វើក្បាលម៉ូតូនឹងពិបាកបំផុត។ ជាធម្មតា ដើម្បីធ្វើសម្រេចម៉ូតូពីឥដ្ឋមួយគ្រឿងត្រូវចំណាយពេលប្រហែល ៥០ ម៉ោង។
រហូតមកដល់ពេលនេះ លោក គី (Ky) បានធ្វើម៉ូតូពីឥដ្ឋមានប្រមាណ ១៥ គ្រឿងដោយមានគ្រប់ប្រភេទដូចជា Dream, Simson, Vision, SH, 67... មើលទៅហាក់ដូចម៉ូតូពិតៗ ដោយកំណែតូចដូចជាស្នាដៃសិល្បៈ មនុស្សជាច្រើនក៏មានអារម្មណ៍រំលឹកនឹកដល់អនុស្សាវរីយ៍ចាស់ៗ។
បច្ចុប្បន្ននេះ លោក ថៃ វ៉ាន់គី (Thai Van Ky) ក៏បានបង្កើតឆានែល youtube មួយដែលមានឈ្មោះថា ស្វ័យ (Xoai) Clay ដោយមានបំណងចង់ចែករំលែកពីរបៀបធ្វើម៉ូតូឲ្យទស្សនិកជនអាចចំណាយពេលទំនេរ និងធ្វើតាម កាត់បន្ថយពេលលេងទូរស័ព្ទ ឬមើលទូរទស្សន៍./.
អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង