ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)
ភូមិកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) ស្ថិតនៅក្បែរទន្លេដុងណាយ (Dong Nai) ដែលមានអាយុកាលជាង៣០០ឆ្នាំ ល្បីឈ្មោះដោយមានភូមិកុលាលភាជន៍ធំចំនួន២ នោះគឺភូមិតឹនវ៉ាន (Tan Van) និង ម្តុំកុលាលភាជន៍សាលាវិចិត្រសិល្បៈអនុវត្តបៀនហ្វ័រ (Bien Hoa)មកដល់សព្វថ្ងៃ នៅតែអត្ថិភាព និង វឌ្ឍនភាពដដែល។ ទីនេះគឺជាទីកន្លែងចាប់ប្រភពរបស់ភូមិកុលាលភាជន៍ នៃភូមិភាគខាងត្បូងល្បីរន្ទឺដូចជា ខេត្តប៊ិញយឿង (Binh Duong) កុលាលភាជន៍ធូធីម (Thu Thiem)។ល។
សតវត្សរ៍ទី១៧ ជនចំណាកស្រុកជនជាតិវៀតណាម និង ជនជាតិចិនចូលមកកាប់ឆ្ការបង្តើតភូមិនៅតំបន់ដីដុងណាយ (Dong Nai) ហើយជាងកុលាលភាជន៍មករស់នៅ កោះគូឡាវផោ (Cu Lao Pho) បង្កើតបានជាឡកុលាលភាជន៍ ផលិតបានផលិតផលចម្បងដូចជា លូ ពាង ។ល។ ស្ថាននាមមួយចំនួនដូចជា៖ កំពង់មៀងសាញ (Mieng Sanh) ព្រែកឡហ្គូម (Lo Gom) នៅកោះគូឡាវផោ (Cu Lao Pho) សឱ្យឃើញថារបរធ្វើកុលាលភាជន៍មានវត្តមាននៅទីនេះ។
ដើមសតវត្សរ៍ទី២០ របរកុលាលភាជន៍បានរីកចម្រើនខ្លាំងនៅស្រុកបៀនហ្វ័រ (Bien Hoa)។ ប៉ុន្តែរហូតមកដល់ឆ្នាំ១៩០៣ ពេលដែលសាលាបង្រៀនវិជ្ជាជីវៈបៀនហ្វ័រ (Bien Hoa)បច្ចុប្បន្នជាសាលាឧត្តមសិក្សាវិចិត្រសិល្បៈតុបតែងខេត្តដុងណាយ (Dong Nai) ដែលបានជនជាតិបារាំងបង្កើត របរកុលាលភាជន៍ស្រុកបៀនហ្វ័រ (Bien Hoa) ឈានចូលវគ្គសំខាន់ថ្មីមួយ ក្នុងបទដ្ឋានវិវត្តន៍នៃកុលាលភាជន៍បៀនហ្វ័រ បានកំណត់ត្រាដោយកត្តាវិចិត្រសិល្បៈ។ ផលិតផលកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) សម្បូរបែបខាងសោភណ បានរំលេចដោយថ្វីដៃ និង ពេទកោសល្យនៃសិប្បករម្នាក់ៗ គឺផ្សេងៗគ្នា។ អ្នកខ្លះមានឥទ្ធិពលមកពីវិចិត្រសិល្បៈកុលាលភាជន៍ភូមិភាគខាងជើង ឬជនជាតិចិន ជនជាតិខ្មែរ នៅគ្រប់ទិសទី ដូចនេះការធ្វើកុលាលភាជន៍កាន់តែពិពិធជាង តាំងពីក្បាច់រចនា ដល់រូបភាព។
ដើម្បីមានលក្ខណៈពិសេសនៃនិន្នាការកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) គឺត្រូវពឹងផ្អែកលើកត្តាជាច្រើន។ បច្ចេកទេសលាយថ្នាំកាចា គឺជាវគ្គសំខាន់បំផុត ពីព្រោះនេះជាវគ្គដែលនឹងសម្រេចបានការរំលេចពណ៌នៅលើផលិតផល។ ការជ្រលក់ថ្នាំកាចា ក៏ជាវគ្គសំខាន់ ត្រូវធ្វើដោយការស្ទាត់ជំនាញ ស្មើដៃ ពុំនោះទេ ប្រសិនបើញ័រដៃផលិតផលនឹងត្រូវវៀចកោង មិនប្រក្រតី។ វត្ថុធាតុធ្វើថ្នាំកាចាក៏ជាកត្តាសំខាន់មួយបែបដែរ។ ជួបប្រទះថ្នាំកាចាអាក្រក់ នឹងធ្វើឱ្យប៉ះពាល់ដល់វិចិត្រភាពនៃផលិតផល។ ហេតុនេះ មូលដ្ឋានផលិតកុលាលភាជន៍ចាញ់ឈ្នះគ្នា មិនត្រឹមតែម៉ូដរចនាប៉ុណ្ណោះ នៅទាំងចាញ់ឈ្នះទាំងទឹកថ្នាំកាចាទៀតផង។ យ៉ាងនេះ មូលដ្ឋានផលិតកុលាលភាជន៍នីមួយៗ សុទ្ធតែរក្សារូបមន្តបច្ចេកទេសលាយថ្នាំកាចា សម្រាប់កុលាលភាជន៍សម្ងាត់ដោយឡែករបស់ខ្លួន។ ក្រៅពីនោះ វគ្គដុតក៏ជាវគ្គសំខាន់ដែរ ពីព្រោះវាសម្រេចនូវជោគវាសនានៃមូលដ្ឋានផលិត។ ជាងដុតត្រូវជាអ្នកមានបទពិសោធន៍ច្រើន ពួកគាត់កំណត់បានសីតុណ្ហភាពជាក់លាក់ដោយកែវភ្នែក ហើយតាមរយៈនោះ អាចសម្រួលសីតុណ្ហភាពឱ្យសមស្របនៅក្នុងឡដុត។
ប្អូន ហឿ ថៀនភុក (Hua Thien Phuc) (អាយុ១៨ឆ្នាំ) ជាស្រទាប់យុវជនស្នងបន្ត នៃឡដុតកុលាលភាជន៍បុរាណ ផុងសឺន (Phong Son) នៅឃុំតឹនវ៉ាន (Tan Van) ស្រុកបៀនហ្វ័រ (Bien Hoa) រៀបរាប់ថា៖ “របរកុលាលភាជន៍ជាមុខរបរប្រពៃណីនៃគ្រួសារ ប្អូនចង់រក្សាប្រពៃណីគ្រួសារខ្លួន បន្តអភិវឌ្ឍឡើងឱ្យមនុស្សជាច្រើនស្គាល់ដល់និន្នាការកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) ថែមទៀត មុខរបរធ្វើកុលាលភាជន៍នេះ ទាមទារអ្នកធ្វើត្រូវមានភាពផ្ចិតផ្ចត់ ប្រត្យក្ស ហេតុនេះប្អូនត្រូវធ្វើ ស្វែងយល់ និងចំណាយពេលយ៉ាងច្រើន ប្អូនត្រូវបង់កម្លាំងយ៉ាងយូរ ទើបបានមាមីងធ្លាប់ដើរមុន គាត់បង្រៀនជូន ដូចនេះតាំងពីអាយុ៦ឆ្នាំ ប្អូនបានចេះស្មូនច្បូតកុលាលភាជន៍ទៅហើយ។
តាមអ្នកឯកទេសស្រាវជ្រាវអំពីកុលាលភាជន៍បៀនហ្វ័រ (Bien Hoa) ដើម្បីធ្វើបានថ្នាំកាចាពណ៌ខៀវស្រូវចេញផ្កា ដំបូងសិប្បករត្រូវប្រើប្រាស់វត្ថុធាតុដើមនៅតំបន់ទន្លេប៊ែ (Be) ថ្មសនៅខេត្តអានយ៉ាង (An Giang) កំបោលកានឡុង (Cang Long) រួមនឹងធ្យូងចំបើង ធ្យូងឱស ធ្យូងអង្កាំ កម្ទេសស្ពាន់ ម្សៅពណ៌ ទើបបង្កើតបានជាពណ៌ដោយឡែកនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)។
កុលាលភាជន៍បៀនហ្វ័រ (Bien Hoa) មិនត្រឹមតែមានតម្លៃប្រវត្តិសាស្រ្តត្រចះត្រចង់ នៅទាំងជា “បេតិកភណ្ឌវប្បធម៌” នាសម័យអតីតកាលមួយដ៏រុងរឿង នៃតំបន់ដីភូមិភាគខាងត្បូងវៀតណាមទៀតផង៕
- អត្ថបទ និង រូបថត៖ ថុងហាយ
- ប្រែសម្រួល៖ រីកើង