ពិធីជួបជុំសហគមន៍នៃជនជាតិភូនង

ពិធីជួបជុំសហគមន៍នៃជនជាតិភូនង

កន្លងថ្មីៗនេះ នៅភូមិវប្បធម៌-ទេសចរណ៍បណ្តា​ជនជាតិវៀតណាម (ដុងម៉ូ - Dong Mo សឺនតី - Son Tay ហាណូយ) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តប៊ិញភឿក (Binh Phuoc) បានសហការរៀបចំពិធីជួបជុំ សហគមន៍ (R'Nglap bon) នៃជនជាតិភូនង ​ឡើងវិញ​។ នេះគឺជាពិធីសំខាន់ ពិសេស និងមានអត្ថន័យមនុស្សធម៌​ជ្រាលជ្រៅ បង្ហាញពីបម្រួប​បម្រួម​​សហគមន៍​រឹងមាំ​នៃ​ជនជាតិនេះ។

ពិធីបុណ្យតឹមរង៉ាបបង (Tam r’nglap bon) រួមចំណែកពង្រឹងចំណងមិត្តភាព រវាងជនជាតិភូនង និង​បងប្អូនជនជាតិដទៃ។

ពិធីជួបជុំសហគមន៍ មានអត្ថន័យសំខាន់ក្នុងជីវស្មារតី នៃ​ជនជាតិភូនង។ នេះគឺជាឱកាសមួយ ដែលសហគមន៍រួមគ្នាបួង​សួង​សូម​ទឹកភ្លៀងអំណោយ​ផល​ ផលដំណាំល្អ ទន្ទឹមនោះ​បង្កើនសាមគ្គីភាព រវាងភូមិនិង​ភូមិ​។ ពិធីជួបជុំសហគមន៍តែងតែបានរៀបចំឡើងនៅដើមរដូវវស្សា នៅពេលដែលអ្វីៗគ្រប់យ៉ាង​កំពុងតែ​លូតលាស់ និងពោរពេញដោយជីវិត។

ផលិតផលក្នុងស្រុកបានជនជាតិភូនង​ រៀបចំសម្រាប់ថ្វាយបូជា​ ដើម្បីបង្ហាញការគោរពចំពោះបុព្វការីជន​។

ពេលភ្ញៀវមកពីភូមិនានា​ ដែល​អញ្ជើញ​មកចូលរួមពិធីនេះ បងប្អូនជនជាតិភូនង  បានប្រព្រឹត្តនូវ​ពិធីទទួលភ្ញៀវយ៉ាងកក់ក្ដៅនៅច្រកចូលភូមិ។ ក្រោម​សំឡេង​គង​ឃ្មោះ និង​បទចម្រៀង​ប្រជាប្រិយ ភ្ញៀវកិត្តិយស​​បាន​​ជួបជុំគ្នាដូចជាគ្រួសារធំមួយ មុនពេលបើកពិធីសំខាន់។

 


ផ្នែកពិធីសំខាន់ប្រព្រឹត្ត​ទៅ​នៅ​ជុំវិញបង្គោលនេវ (Neu) ដែលបានដាំ​ឡើងតាំងពីព្រឹកព្រលឹមក្នុងបរិយាកាសឧឡារិក។ គ្រឿងសំណែន​​បានរៀបចំទៅ​តាម​លក្ខខណ្ឌនៃ​ភូមិស្រុក​ រួមមាន ជ្រូក មាន់ បាយ​ក្រឡាន​ នំចេក ស្រាពាង។ល។​ ​បានដាក់តាំងយ៉ាង​ថ្លៃថ្នូរ។ មេភូមិរួមនឹង​នារី ​ដែលមានកេរ្តិ៍ឈ្មោះល្អម្នាក់ត្រូវ​បានជ្រើសតាំងធ្វើជាម្ចាស់ពិធី ជាមួយនឹងពិធីកិច្ច​បូជាយញ្ញ​ លាប​ឈាមសត្វបូជាទៅលើបង្គោលនេវ ជានិមិត្តរូបតំណាង​នៃការតភ្ជាប់ជាមួយពិភពព្រលឹង​។

 


ភ្ញៀវនិងម្ចាស់ផ្ទះ ចូលរួមក្នុងពិធីសែនព្រេនសំខាន់។
ភ្ញៀវ​ជួប​ជុំ​នឹង​អ្នក​ភូមិ​ ត្រៀម​ចូល​ពិធីកិច្ច​សំខាន់​។​

បន្ទាប់មក មេភូមិបានប្រព្រឹត្តនូវ​ពិធីបួងសួងសូម​សេចក្ដី​សុខដុមរមនា​ ដោយសង្កត់ធ្ងន់លើ​ពាក្យបម្រួប​បម្រួម​ រំសាយ​ជម្លោះ បញ្ជាក់អំ​ពីសាមគ្គីភាព រវាងភូមិ និងសហគមន៍ជនជាតិជាបង​ប្អូន​។ ក្រោយ​មក ម្ចាស់ពិធីទាំងពីរនាក់ក៏អញ្ជើញអ្នក​ទាំងឡាយ​ផឹក​ស្រាពាង​ ចែកបាយក្រឡាន ដូចជាពាក្យជូនពរសូម​ឱ្យ​ទទួល​បានសេចក្ដី​សុខសាន្ត និងវិបុល​ភាព​។

ក្រោយ​ពិធីកិច្ច​ ពិធី​បុណ្យនឹង​បានប្រព្រឹត្តទៅ​យ៉ាងអធិកអធម ជាមួយនឹងសំឡេង​គងឃ្មោះ និងសំឡេងសំណើច​ក្អាកក្អាយ។ មនុស្សទាំងឡាយ​បានចាប់ដៃគ្នា រាំច្រៀងជុំវិញបង្គោលនេវ (Neu) សម្រប់ខ្លួន​ចូល​ក្នុងឈុតរបាំប្រពៃណី និងពិសា​ម្ហូបអាហារជនបទ ដែលមាន​រសជាតិព្រៃភ្នំ។

 

កញ្ញាជនជាតិភូនង សម្តែងរបាំប្រពៃណី។

ការរៀបចំពិធីជួបជុំសហគមន៍ឡើងវិញនេះ មិនត្រឹមតែជាការខិតខំប្រឹងប្រែង ដើម្បីអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ​ភូនង ​​ប៉ុណ្ណោះទេ នៅទាំង​ជា​ស្ពានត​​ភ្ជាប់ដើម្បីផ្សព្វផ្សាយស្មារតីសាមគ្គីភាព​អស្ចារ្យ រវាងជនជាតិជាបងប្អូនផងដែរ​។ ក្នុង​បរិយាកាសពោរ​ពេញដោយអត្តសញ្ញាណវប្បធម៌ តាម​រយៈពិធី​ពិសិដ្ឋ និង​កាលៈទេសៈ​នៃការ​ជួបជុំដោយស្មោះត្រង់ ជនជាតិភូនង​ បានបញ្ញើសារ​ដោយជ្រាលជ្រៅមួយគឺ៖ សាមគ្គីភាព ការចែករំលែក និងការគោរពឫសគល់ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគត​រឹងមាំ និង​ការអភិវឌ្ឍ​៕

អនុវត្តដោយ៖ វៀតគឿង

ប្រែសម្រួល៖ រីកើង​


Top