ផ្តើមពីចក្ខុវិស័យរបស់បក្សឆ្ពោះទៅកាន់រូបរាងទីក្រុងថ្មី៖ ស្នាដៃរបស់ស្ថាបត្យករ ត្រឹន ង៉ុកចិញ (Tran Ngoc Trinh)
ផ្តើមចាប់ពីចក្ខុវិស័យរបស់បក្សស្តីពីការអភិវឌ្ឍប្រព័ន្ធទីក្រុងចីរភាព ស្នាដៃរបស់ស្ថាបត្យករ Tran Ngoc Chinh បានបង្ហាញឡើងតាមរយៈការគិតគូរអំពីប្រព័ន្ធស្ថាប័ន និងយុទ្ធសាស្ត្រលំហក្នុងរយៈពេលវែង។ មាគ៌ាដែលលោកបានជ្រើសរើស ឆ្លុះបញ្ចាំងពីជំហាននៃការផ្លាស់ប្តូររបស់វៀតណាម ពីការគ្រប់គ្រងទីក្រុងតាមទំហំទទឹង ទៅជាការអភិវឌ្ឍសមកាល និងធ្វើសមាហរណកម្ម។
អ្នកយុទ្ធសាស្ត្រកំណត់អនាគតទីក្រុងវៀតណាម
នៅក្នុងបរិបទ ដែលប្រទេសវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីខឿនសេដ្ឋកិច្ចប្រមូលផ្តុំ ទៅជាការធ្វើសមាហរណកម្មស៊ីជម្រៅជាមួយទីផ្សារពិភពលោក អាជីពការងាររបស់ស្ថាបត្យករ ត្រឹន ង៉ុកចិញ - ប្រធានសមាគមរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងវៀតណាម និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងសាងសង់ - មានអត្ថន័យលើសពីសាច់រឿងរបស់បុគ្គលម្នាក់។ នោះគឺជាផ្ទាំងគំនូរតូចមួយនៃការគិតគូរកំណែទម្រង់ និងកិច្ចខិតខំប្រឹងប្រែងកសាងមូលដ្ឋានគ្រឹះនៃស្ថាប័ន សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពក្នុងរយៈពេលវែង។
ស្ថាបត្យករ ត្រឹន ង៉ុកចិញ បានអ្នកជំនាញស្គាល់មិនមែនតាមរយៈសំណង់ស្ថាបត្យកម្មជាក់លាក់នោះទេ ប៉ុន្តែតាមរយៈ "សំណង់ស្ថាប័ន" - ប្រព័ន្ធគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងកំណត់ទិសដៅលំហ ដែលរួមចំណែកកំណត់រូបរាងទីក្រុងវៀតណាម ឆ្លងកាត់ដំណាក់កាលអភិវឌ្ឍជាច្រើន។
មានដើមកំណើតជានិស្សិតស្ថាបត្យកម្មជំនាន់ដំបូងនៃសាកលវិទ្យាល័យសំណង់ បានផ្តាច់ចេញពីសាកលវិទ្យាល័យពហុផ្នែកនៅឆ្នាំ១៩៦៦ ស្ថាបត្យករ ត្រឹន ង៉ុកចិញ បានជ្រើសរើសផ្លូវដែលផ្សារភ្ជាប់នឹងការគ្រប់គ្រង និងការរៀបចំផែនការនៅកម្រិតម៉ាក្រូ។ ជំនួសឱ្យការបន្តតាមគម្រោងស្ថាបត្យកម្មសុទ្ធសាធ លោកបានផ្តោតលើការរៀបចំផែនការ និងការអភិវឌ្ឍទីក្រុងនៅកម្រិតជាតិ ដោយមានចំណុចសំខាន់គឺដំណាក់កាលកាន់តំណែងជាប្រធានវិទ្យាស្ថានរៀបចំផែនការទីក្រុង និងជនបទជាតិ ចាប់តាំងពីឆ្នាំ ២០០១។
តាមការវាយតម្លៃរបស់ដៃគូ និងអ្នកជំនាញអន្តរជាតិជាច្រើន លោកគឺជាតំណាងឱ្យការគិតគូរថ្មីរបស់វៀតណាមក្នុងវិស័យទីក្រុង៖ ផ្លាស់ប្តូរការយកចិត្តទុកដាក់ពីល្បឿននៃនគរូបនីយកម្ម ទៅរកគុណភាពនៃការអភិវឌ្ឍ ចីរភាព និងសមត្ថភាពបន្សាំនៃប្រព័ន្ធទីក្រុង ចំពោះបម្រែបម្រួលសេដ្ឋកិច្ច - សង្គម។
ស្ថាបត្យករ ត្រឹន ង៉ុកចិញ យល់ឃើញថា បញ្ហាប្រឈមធំបំផុតនាពេលបច្ចុប្បន្ន មិនមែនស្ថិតនៅលើប្រភពដើមទុន ឬបច្ចេកវិទ្យានោះទេ ប៉ុន្តែស្ថិតនៅលើរបាំងនៃស្ថាប័ន និងច្បាប់។ ផ្តើមពីការអនុវត្តជាក់ស្តែងនោះ លោកតែងតែសង្កត់ធ្ងន់លើតម្រូវការនៃការរបកគំហើយស្ថាប័ន និងការកែលម្អក្របខ័ណ្ឌគតិយុត្តឱ្យមានភាពស៊ីសង្វាក់គ្នា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ តាមលោក ភាពកង្វះស៊ីសង្វាក់គ្នា រវាងច្បាប់សំខាន់ៗ ដូចជា៖ ច្បាប់រៀបចំផែនការ ច្បាប់វិនិយោគ ឬច្បាប់ភូមិបាល ងាយនឹងបង្កឱ្យមានភាពត្រួតស៊ីគ្នា និងហានិភ័យសម្រាប់គម្រោងរយៈពេលវែង។ វិធីសាស្រ្តនេះមានសារៈសំខាន់ពិសេសចំពោះអ្នកវិនិយោគបរទេស ព្រោះបរិយាកាសច្បាប់ច្បាស់លាស់ តម្លាភាព និងស្ថិរភាព គឺជាលក្ខខណ្ឌចាំបាច់ដើម្បីទាក់ទាញ និងរក្សាលំហូរទុនវិនិយោគដែលមានគុណភាពខ្ពស់។
តាមការវាយតម្លៃរបស់លោក ការងាររៀបចំផែនការទីក្រុងនាពេលបច្ចុប្បន្ន កំពុងបានបក្សដឹកនាំយ៉ាងស៊ីជម្រៅ និងមានយុទ្ធសាស្ត្រ ដែលបង្ហាញតាមរយៈសេចក្តីសម្រេចលេខ០៦ ស្តីពីការអភិវឌ្ឍប្រព័ន្ធទីក្រុងវៀតណាមប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៣៥ និងចក្ខុវិស័យឆ្នាំ២០៤៥។ ការដឹកនាំនេះសមស្របនឹងតម្រូវការអភិវឌ្ឍន៍នៃដំណាក់កាលនីមួយៗ តំបន់នីមួយៗ ព្រមទាំងដើរទាន់និន្នាការរួមរបស់ពិភពលោក នៅពេលដែលវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។
ទន្ទឹមនឹងនោះ ស្ថាបត្យករ ត្រឹន ង៉ុកចិញ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទីក្រុងឆ្លាតវៃ ក្នុងបរិបទដែលរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់អនុក្រឹត្យលេខ២៦៩/២០២៥/ NĐ-CP។ ចំពោះលោក បច្ចេកវិទ្យានឹងមានប្រសិទ្ធភាពពិតប្រាកដ លុះត្រាតែត្រូវបានដាក់ក្នុងក្របខ័ណ្ឌអភិបាលកិច្ចទំនើប មានស្តង់ដារច្បាស់លាស់ និងមានសមត្ថភាពបន្សាំខ្ពស់។
អំណះអំណាងទីជំហអន្តរជាតិ និងកំណកំណើតស្តង់ដារថ្មី
ចក្ខុវិស័យរបស់ស្ថាបត្យករ ត្រឹន ង៉ុកចិញ មិនត្រឹមតែឈប់នៅត្រឹមការកែទម្រង់គោលនយោបាយប៉ុណ្ណោះទេ តែថែមទាំងពង្រីកទៅដល់ការកំណត់ឡើងវិញនូវលំហអភិវឌ្ឍន៍ជាតិ។ ចំពោះមុខសម្ពាធនៃការកកស្ទះប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ លោកបានស្នើឡើងនូវគំរូអភិវឌ្ឍដែលមានតុល្យភាពជាងមុន ដោយពង្រីកតួនាទីស្នូលនៃទីក្រុងថ្នាក់ខេត្ត ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិសាលភាពទូលំទូលាយ។
លោកក៏បានសង្កត់ធ្ងន់លើការទាញយកប្រៀបខ្លាំងដាច់ដោយឡែក នៃតំបន់នីមួយៗ ចាប់ពីលំហ "មានព្រៃ មានសមុទ្រ" រហូតដល់លក្ខខណ្ឌភូមិសាស្ត្រ និងធនធានពិសេស ដោយចាត់ទុកនេះជាមូលដ្ឋានដើម្បីបង្កើតប៉ូលកំណើនថ្មី។ ការគិតគូរនេះ បង្ហាញពីវិធីសាស្រ្តរៀបចំផែនការដោយផ្អែកលើសក្តានុពល ក្នុងតំបន់ ជំនួសឱ្យការអនុវត្តគំរូរឹងរួសតែមួយ សម្រាប់គ្រប់មូលដ្ឋាន។
ដោយផ្សារភ្ជាប់នឹងដំណើរការអភិវឌ្ឍទីក្រុងវៀតណាម ចាប់តាំងពីក្រោយឆ្នាំ១៩៧៥ ស្ថាបត្យករ ត្រឹន ង៉ុកចិញ បានបន្សល់ទុកស្នាដៃក្នុងគម្រោងរៀបចំផែនការជាច្រើន នៅទូទាំងប្រទេស។ ក្នុងនោះ ការរៀបចំផែនការ កោះកូនដាវ ដែលជាភារកិច្ចលោកទទួលបន្ទុកកាលពីមានអាយុជាង ៣០ ឆ្នាំ គឺជាអនុស្សាវរីយ៍ដ៏ពិសេស។ ពីដែនដីដែលធ្លាប់ផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រដ៏ជូរចត់ កូនដាវថ្ងៃនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ ដែលនាំមកនូវអារម្មណ៍រំភើបជាច្រើន សម្រាប់លោកនៅពេលក្រឡេកមើលមាគ៌ាដែលខ្លួនបានឆ្លងកាត់។
ចំណុចសំខាន់មួយទៀត គឺការរៀបចំផែនការរដ្ឋធានីហាណូយដែលបានពង្រីក បន្ទាប់ពីការរួមបញ្ចូលខេត្តហាតី (Ha Tay) ចាស់ នៅពេលដែលលោកកំពុងកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងសាងសង់។ តាមលោក ការពង្រីកនេះគឺជាភាពចាំបាច់ ដើម្បីឱ្យហាណូយអភិវឌ្ឍ ក្នុងនាមជាទីក្រុងរដ្ឋធានីពហុមុខងារ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ - បច្ចេកទេស និងការផ្លាស់ប្តូរអន្តរជាតិ ដែលមានអត្តសញ្ញាណផ្ទាល់ខ្លួន នៅក្នុងប្រព័ន្ធរដ្ឋធានីនានានៅលើពិភពលោក។
ការរួមចំណែកដ៏មុតមាំទាំងនោះ បានទទួលស្គាល់នូវកិត្តិនាមពលរដ្ឋឆ្នើមនៃរដ្ឋធានីឆ្នាំ២០២៥។ ចំពោះស្ថាបត្យករ ត្រឹន ង៉ុកចិញ ការរៀបចំផែនការទីក្រុង មិនមែនគ្រាន់តែជាមុខរបរប៉ុណ្ណោះទេ ប៉ុន្តែជាអាជីពដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងសុភមង្គលរបស់មនុស្សជាច្រើនជំនាន់។ អ្នកធ្វើការផ្នែករៀបចំផែនការ តាមលោកគឺត្រូវយល់ដឹងអំពីច្បាប់ ប្រវត្តិសាស្ត្រ វប្បធម៌ ព្រមទាំងអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ដើម្បីឱ្យគម្រោងប្លង់ មិនត្រឹមតែស្ថិតនៅលើក្រដាសប៉ុណ្ណោះទេ តែអាចក្លាយជាការពិតក្នុងជីវភាពរស់នៅ និងបម្រើប្រជាជនបានល្អបំផុត៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត និង ឯកសារ
ប្រែសម្រួល៖ រីកើង










