បាញ់ឆែវនៅភូមិបុរាណ ឡុកអៀន (Loc Yen)
ខេត្ត ក្វាងណាម (Quang Nam) ជាតំបន់មានផលិតផលពិសេសជាច្រើន ប្រជាជនឧស្សាហ៍ព្យាយាម ប៉ិនប្រសប់ ហេតុដូច្នេះ តំបន់នេះមានមុខម្ហូបឆ្ងាញ់ៗ និងល្បីៗជាច្រើន ដូចជា មីក្វាង (Mi Quang)កាវឡៅ បាយមាន់ ហ៊ុយអាន (Hoi An) គោដុត កូវម៉ុង (Cau Mong) នំតូ (To) និងហ្វើដំឡូងមី... ហើយមានម្ហូបមួយមុខដែលមិនគួររំលងគឺ នំបាញ់ឆែវ នៅភូមិបុរាណ ឡុកអៀន (Loc Yen)។
បាញ់ឆែវគឺជាម្ហូបហូបលេង ដែលមានវត្តមាននៅតំបន់ជាច្រើន ក្នុងភូមិភាគទាំងបី គឺខាងជើង កណ្តាល និងខាងត្បូង។ អាស្រ័យលើលក្ខខណ្ឌ ចំណូលចិត្ត ទំនៀមទម្លាប់ និងវប្បធម៌ របៀបកែច្នៃខុសគ្នាបន្តិចបន្តួច ប៉ុន្តែជាទូទៅវាជាបាញ់ឆែវធ្វើពីម្សៅអង្ករ ចាក់លើខ្ទះក្តៅ។ នំនេះមានសំបកខាងក្រៅស្តើង ពណ៌លឿង ស្រួយៗ ខាងក្នុងគឺស្នូលរួមមាន បង្គា សាច់មាន់ សាច់ជ្រូក សណ្តែកបណ្តុះ ខ្ទឹមបារាំង... បត់ចូលជារាងពាក់កណ្តាលវង់មូល មុនពេលហូប។
បាញ់ឆែវក៏ជាម្ហូបប្រពៃណីរបស់ប្រជាជនតំបន់ក្វាង (Quang) ជាពិសេសនៅភូមិបុរាណ ឡុកអៀន (Loc Yen)។ របៀបដែលស្ត្រីនៅភូមិ ឡុកអៀន (Loc Yen) ធ្វើបាញ់ឆែវ ដូចនៅតំបន់ផ្សេងៗទៀតដែរ។ ពួកគេទាំងអស់ត្រូវឆ្លងកាត់ដំណាក់កាលមួយចំនួន ដូចជា៖ ផ្អាប់អង្ករ កិនម្សៅអង្ករ ជ្រើសរើសបន្លែ ធ្វើទឹកជ្រលក់ ចាក់នំ និងតុបតែង ... បន្ទាប់មកគឺហូប។ ទោះជាយ៉ាងណាក៏ដោយ បាញ់ឆែវភូមិបុរាណ ឡុងអៀន (Loc Yen) ក៏មានភាពខុសគ្នាបន្តិចបន្តួច ដូច្នេះនេះបង្កើតជារសជាតិក៏ពិសេសប្លែកៗ ដែរ។
ជាឧទាហរណ៍ បាញ់ឆែវធ្វើពីអង្ករក្រអូបនិងទន់ ដែលដាំនៅក្នុងស្រែរបស់ភូមិ។ បង្គាធ្វើជាស្នូលគឺជាបង្គាដី ដែលមានសំបកស្រួយ សាច់ឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយប្រភេទបង្គានេះមានច្រើននៅតាមដងទន្លេ និងទឹកជ្រោះក្នុងតំបន់ រួមជាមយយសាច់ជ្រូកបីជាន់ និងសណ្តែកបណ្តុះស្រស់ៗ។ បន្លែហូបជាមួយបាញ់ឆែវគឺជីរគ្រប់មុខ ដូចជា៖ វ៉ាន់ស៊ុយ ស្លឹកខ្ទឹម ជីរត្រចៀកជ្រូក ជីរឆ្អាប ជីរអង្កាម សាឡាត់ ផ្កាចេក ស្ពៃខៀវ... ភាគច្រើនបន្លែ និងជីរបានរើសពីសួនចំការនៃផ្ទះ។ ក្រៅពីទឹកត្រីជូរផ្អែមជាធម្មតា ប្រជាជនភូមិ ឡុកអៀន (Loc Yen) ក៏មានទឹកជ្រលក់ពិសេសដែលធ្វើពីទឹកត្រីខ្សាច់ ខ្ញី និងសណ្ដែកដីដែលកិនឲ្យម៉ដ្ឋ ដូច្នេះទឹកជ្រលក់មានពណ៌លឿងនិងខាប់ ដូចទឹកសណ្តែតសៀង រសជាតិផ្អែម ប្រៃនិងឈ្ងុយឆ្ងាញ់ណាស់។
លើសពីនេះ របៀបតុបតែងក៏មានលក្ខណៈពិសេសផងដែរ។ បាញ់ឆែវបានចម្អិនរួចស្រេច បានដាក់តាំងលើស្ពកបាយទ្រាប់ដោយស្លឹកចាព្លូ មើលទៅដូចជាគំនូរដែលសម្របសម្រួលយ៉ាងប៉ិនប្រសប់រវាងពណ៌លឿងភ្លឺនៃបាញ់ឆែវ និងពណ៌ក្រហមភ្លឺនៃបង្គា ពណ៌សនៃសណ្តែកបណ្តុះ និងពណ៌បៃតងនៃស្លឹកចាព្លូស្រស់ៗ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញភ្នែក។
ដោយភាពខុសគ្នានៃគ្រឿងផ្សំ របៀបកែច្នៃ និងការតុបតែងដែលរួមចំណែកក្នុងការបង្កើតរសជាតិដ៏គួរឱ្យចាប់អារម្មណ៍តែមួយគត់របស់នំបាញ់ឆែវនៃភូមិបុរាណ ឡុកអៀន (Loc Yen)។ បាញ់ឆែវទើបចម្អិនថ្មីៗមានក្លិនឈ្ងុយ ស្រួយ និងក្តៅ ខ្ចប់ជាមួយបាញ់ត្រាងដ៏ស្តើង បន្លែ និងជីរជាច្រើនប្រភេទ ជាពិសេសស្ពៃខៀវ។ រសជាតិល្វីង ឈួលរបស់ស្ពៃខៀវ បង្កើនរសជាតិឈ្ងុយឆ្ងាញ់នៃបាញ់ឆែវ ផងដែរ។ ពេលហូប គេយកបាញ់ឆែវមួយចំណិត វេចខ្ចប់ជាមួយជីរ និងបាញ់ត្រាង ហើយជ្រលក់ក្នុងទឹកជ្រលក់ពិសេសរបស់អ្នកភូមិ ឡុកអៀន (Loc Yen) ត្រូវតែនិយាយថា ឆ្ងាញ់មិនមានអ្វីអាចពិពណ៌នាបានឡើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺទេសភាពហូបបាញ់ឆែវ នៅភូមិបុរាណ ឡុកអៀន (Loc Yen) ជារឿយៗ ធ្វើឡើងក្នុងចំការដ៏ខៀវស្រងាត់ ជាមួយនឹងខ្យល់បក់ត្រជាក់ៗ ធ្វើអោយមនុស្សម្នាបានរីករាយជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន ថែមទាំងពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រជាជននៃភូមិបុរាណ ឡុកអៀន (Loc Yen) រួសរាយរាក់ទាក់./.
អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង