បដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ "បង្រួម - រឹងមាំ - សុពលភាព - ប្រសិទ្ធភាព"

ក្នុងអត្ថបទស្តីពី ការកសាងប្រព័ន្ធនយោបាយដែលមានចំណងជើងថា "បង្រួម - រឹងមាំ - សុពលភាព - ប្រសិទ្ធភាព" លោកអគ្គលេខាបក្ស តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា នៅគ្រប់ដំណាក់កាលនៃបដិវត្តន៍ បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ពិសេសចំពោះការលើកកម្ពស់សមត្ថភាពដឹកនាំ សមត្ថភាពកាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស បង្កើនប្រសិទ្ធភាពនៃសកម្មភាពរបស់ប្រព័ន្ធនយោបាយ។ បើធៀបនឹងការផ្លាស់ប្តូរធំៗរបស់ប្រទេស បន្ទាប់ពី ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី ការ អភិវឌ្ឍរបស់នីតិរដ្ឋសង្គមនិយម និងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទោះបីជាការរៀបចំប្រព័ន្ធក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយរបស់ប្រទេសវៀតណាម ត្រូវបានផ្លាស់ប្តូរថ្មីចំពោះក្នុងផ្នែកខ្លះហើយក៏ដោយ ក៏ប៉ុន្តែវានៅតែធ្វើតាមគំរូ ដែលបានរចនាឡើងកាលពីប៉ុន្មានទសវត្សរ៍មុននៅបញ្ហាជាច្រើនមិនសមស្របនឹងលក្ខខណ្ឌថ្មីទៀត ដែលវាផ្ទុយនឹងក្រិតក្រមនៃការអភិវឌ្ឍ និងបង្កើតបញ្ហា "ការនិយាយមិនដើរទន្ទឹមនឹងការធ្វើ"។
បន្ទាប់ពីអនុវត្ត ក្នុងរយៈពេល ៦ខែ ប្រព័ន្ធនយោបាយទាំងមូលមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដំណើរការដោយស្មារតីថ្មី និងល្បឿនថ្មី ដើម្បីបង្កើតកម្លាំងចលនាថ្មី និងប្រសិទ្ធភាពថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស បានធ្វើការជាបន្ទាន់ រដ្ឋសភា - រដ្ឋាភិបាល - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្របសម្រួលដាក់ពង្រាយយ៉ាងខ្លាំងក្លា និងស៊ីចង្វាក់គ្នា ដើម្បីលុបបំបាត់បញ្ហារាំងស្ទះ និងឧបសគ្គដែលបង្កការលំបាកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន...
មកទល់នឹងពេលនេះ បណ្តាគណៈនៃមជ្ឈិមបក្ស បន្ទាប់ពីបានបង្រួមក្បាលម៉ាស៊ីនដឹកនាំ ដោយយោងតាមសេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW ស្តីពី "បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ប្តូរថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ នៃប្រព័ន្ធនយោបាយ ដែលបានបង្រួម និងដំណើរការប្រកបដោយប្រសិទ្ធភាព" ឲ្យនៅត្រឹមចំនួន ៦ ប៉ុណ្ណោះ រួមទាំងគណៈចាត់តាំងមជ្ឈិមបក្ស គណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម គណៈកម្មការត្រួតពិនិត្យមជ្ឈិម ការិយាល័យមជ្ឈិមបក្ស និងគណៈគោលនយោបាយ យុទ្ធសាស្ត្រមជ្ឈិម។
នៅសម័យប្រជុំវិសាមញ្ញលើកទី៩ រដ្ឋសភាបានពិចារណា និងអនុម័តច្បាប់វិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពី ការរៀបចំបណ្តាស្ថាប័ននៃរដ្ឋសភា សេចក្តីសម្រេចចិត្តស្តីពី រចនាសម្ព័ន្ធនៃបណ្តាស្ថាប័នរបស់រដ្ឋសភា សេចក្តីសម្រេចចិត្តស្តីពីចំនួនសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥។ លោកអនុប្រធានរដ្ឋសភា ង្វៀន ខាកឌិញ (Nguyen Khac Dinh) បានឲ្យដឹងថា មុននឹងរៀបចំ រដ្ឋសភាមានស្ថាប័នចំនួន ១៤ ក្រោយការរៀបចំរួចនៅត្រឹម ៩ ស្ថាប័ន ដោយកាត់បន្ថយស្ថាប័នចំនួន៥ សម្រេចបានអត្រាកាត់បន្ថយ ៣៧.៥% ។ ចំណែកនាយកដ្ឋាន និងអង្គភាពចំណុះការិយាល័យរដ្ឋសភា ក្រោយរៀបចំ ចំនួនស្ថាប័នត្រូវកាត់បន្ថយជាង ៥១%។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា និងបន្ទាន់របស់ស្ថាប័នទាំងឡាយ។
ទន្ទឹមនឹងនោះ ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំរបស់រដ្ឋាភិបាល អាណត្តិ ២០២១ - ២០២៦ ត្រូវបានបង្រួមឲ្យនៅត្រឹម ១៤ ក្រសួង និងស្ថាប័នស្មើក្រសួងចំនួន ៣ (កាត់បន្ថយ ៥ ស្មើនឹង ២២,៧%) រួមមាន៖ ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងយុត្តិធម៌ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រសួងការបរទេស ក្រសួងអប់រំ និងបណ្តុះបណ្តាល ក្រសួងសុខាភិបាល ក្រសួងហិរញ្ញវត្ថុ ក្រសួងសំណង់ ក្រសួងកសិកម្ម និងបរិស្ថាន ក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការជនជាតិ និងសាសនា ការិយាល័យរដ្ឋាភិបាល អធិការកិច្ចរដ្ឋាភិបាលនិងធនាគាររដ្ឋវៀតណាម។
មានស្ថាប័នចំណុះរដ្ឋាភិបាលចំនួន ៥ (កាត់បន្ថយស្ថាប័នចំនួន ៣ ស្មើនឹង ៣៧,៥%) រួមមាន៖ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ទូរទស្សន៍ជាតិវៀតណាម វិទ្យុសំឡេងវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ការបង្រួមក្បាលម៉ាស៊ីនដឹកនាំក៏ដើរទន្ទឹមគ្នាជាមួយនឹងការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល និងរៀបចំរចនាសម្ព័ន្ធ ជួរកម្មាភិបាល ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារ។ ការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល គឺជាការលុបបំបាត់មុខតំណែងដែលមិនចាំបាច់ កាត់បន្ថយការងារដែលគ្មានប្រសិទ្ធភាពតាមរយៈនោះផ្តោតធនធានសម្រាប់វិស័យសំខាន់ៗ និងមនុស្សដែលពិតជាសក្តិសម និងសមស្រប។
អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង