នំយ៉ (gio) - ម្ហូបអាហារសាមញ្ញពីរដ្ឋធានីហាណូយ
តាំងពីយូរណាស់មកហើយ នំយ៉ (gio) គឺជាម្ហូបមួយមុខ ដែលពេញនិយម ក្នុងជីវភាពនៃប្រជាជនរដ្ឋធានីហាណូយ។ គេបរិភោគម្ហូននេះនៅពេលព្រឹក មុនពេលទៅធ្វើការ ឬជាម្ហូបសម្រន់សម្រាប់ពេលរសៀល ឬនៅពេលយប់។ រូបភាពរបស់អ្នកលក់នំយ៉ (gio) តាមចិញ្ចើមផ្លូវ ជាមួយនឹងសំឡេងអញ្ជើញភ្ញៀវ "នំយ៉ក្តៅៗ!" បានក្លាយជាផ្នែកមួយ នៃអនុស្សាវរីយ៍របស់ប្រជាជន រស់នៅរដ្ឋធានីជាច្រើនជំនាន់។
លាក់ខ្លួនពីក្រោយរូបរាងដ៏សាមញ្ញ គឺភាពប៉ិនប្រសប់របស់អ្នកធ្វើនំ។ ស្រទាប់សំបកនំខាងក្រៅ ត្រូវបានធ្វើពីម្សៅអង្ករខ្សាយ កកូរលើចង្រ្កានភ្លើងរហូតដល់មានភាពទន់ រលោង និងថ្លា។ ស្នូលនំនេះ រួមមានសាច់ជ្រូកចិញ្ច្រាំ ផ្សិតត្រចៀកកណ្តុរ ផ្សិតស៊ីតាកេ ខ្ទឹមក្រហម និងម្រេចបង្កើតជារសជាតិចម្រុះ និងក្លិនឈ្ងុយឆ្ងាញ់។ ខណៈពេលបកស្លឹកចេកនៅក្តៅ ជាតិកំដៅរួមជាមួយក្លិនឈ្ងុយរបស់នំយ៉ (gio) បង្កើតអារម្មណ៍ប្លែក និងជិតស្និទ្ធដោយឡែកនៃរដ្ឋធានីហាណូយ។
យោងតាមលោកស្រី ង្វៀន ធីវិញ (Nguyen Thi Vinh) ជាអ្នកធ្វើនំយ៉យូរឆ្នាំ នៅផ្លូវ ធុយឃ្វេ (Thuy Khue) ម្ហូបនេះត្រូវបានគេចូលចិត្ត ដោយសារភាពសាមញ្ញ ភាពងាយស្រួល និងសមស្របនឹងមនុស្សជាច្រើននាក់។ នំយ៉ធ្វើពីម្សៅអង្ករខ្សាយ មិនត្រូវការគ្រឿងទេសច្រើន ប៉ុន្តែនៅតែនាំមកនូវអារម្មណ៍ឆ្អែត និងកក់ក្តៅ។
សព្វថ្ងៃនេះ ហាងលក់នំយ៉មានអាយុកាលយូរឆ្នាំ ដូចជា "នំយ៉បង្គោលអគ្គិសនី" នៅលើផ្លូវ ង៉ូ ធីញ៉ឹម (Ngo Thi Nham) ហាងនំយ៉របស់លោកស្រីអ៊ីច (Ich) នៅលើផ្លូវទ្វេទិញ (Tue Tinh) ឬហាងលក់នំយ៉ នៅបណ្ដាផ្លូវធុយឃ្វេ (Thuy Khue) ផ្លូវ ង្វៀនកុងទ្រឺ (Nguyen Cong Tru) ផ្លូវ ដុងកាក (Dong Cac) នៅតែទាក់ទាញភ្ញៀវជាច្រើននាក់មកបរិភោគ ។សម្រាប់ភ្ញៀវទេសចរអន្តរជាតិ នំយ៉ក្តៅៗ ដែលលក់នៅជ្រុងផ្លូវនៃរដ្ឋធានីហាណូយ មិនត្រឹមតែជាការទទួលបទពិសោធន៍នូវម្ហូបអាហារវៀតណាមប៉ុណ្ណោះ ប៉ុន្តែនោះក៏ជាមធ្យោបាយមួយ ដើម្បីស្វែងយល់នូវចង្វាក់ជីវិតយឺតៗ ផ្ចិតផ្ចង់ និងសម្បូរទៅដោយមនោសញ្ចេតនា នៅទីក្រុងមានអាយុរាប់ពាន់ឆ្នាំមួយនេះ ទៀតផង៕
អត្ថបទនិងរូបថត ៖ ត្រឹន ថាញ់ យ៉ាង / VNP






