នាយទាហានស្រ្តី ពីរលើកចូលរួមកងកម្លាំងរក្សាសន្តិភាពនៅទ្វីបអាហ្វ្រីក

នាយទាហានស្រ្តី ពីរលើកចូលរួមកងកម្លាំងរក្សាសន្តិភាពនៅទ្វីបអាហ្វ្រីក

មុនពេល​បាន​បញ្ជូនទៅ​ចូល​រួម​កងកម្លាំង​រក្សាសន្តិភាព ​នៃអង្គការ​សហប្រជា​ជាតិ​ វរសេនីយ៍​​ឯកបម្រុង​ ង្វៀន ធី​ឡៀន​ (Nguyen Thi Lien) ជា​​គ្រូបង្រៀន​​មុខវិជ្ជា​ភាសា​អង់គ្លេស នៃសាលា​នាយទាហាន​កុម្មង់ដូ​ ប្រភេទ​ទ័ព​​កុម្មង់​ដូ។​

ខែមិថុនា ឆ្នាំ២០១៩ វរសេនីយ៍​ឯកបម្រុង​ ង្វៀន ធី​ឡៀន​ (Nguyen Thi Lien) (ពេលនោះកំពុង​ជា​វរសេនីយ៍​ទោ - អ្នក​សារព័ត៌មាន​)  បាន​​នាយកដ្ឋាន​រក្សា​សន្តិភាព​វៀតណាម​ បញ្ជូល​ទៅ​សាធារណរដ្ឋ​អាហ្វ្រីក​កណ្តាល​ បំពេញ​ភារកិច្ច​នាយទាហាន​សេនាធិការ​​ហ្វឹកហាត់​ នៃកងកម្លាំង​រក្សា​សន្តិភាព ​នៃអង្គការ​សហប្រជាជាតិ ​នៅ​គណៈ​បេសកកម្ម MINUSCA។​ 

នាយ​ទាហាន​ស្រ្តី ង្វៀន ធី​ឡៀន​ (Nguyen Thi Lien) ទទួលបាន​មនោសញ្ចេតនា​យ៉ាង​ច្រើន​ ពី​ប្រជា​ជន​នៅមូលដ្ឋាន​។ រូបថត៖ តួអង្គផ្តល់ជូន​

លើក​ដំបូង​បោះជំហាន​ដល់​សាធារណរដ្ឋ​អាហ្វ្រីក​កណ្តាល​​ ឃើញ​ទេសភាព​ព្រលាន​យន្តហោះ​អន្តរជាតិ​ នៅ​រដ្ឋធានី​ Bangui លំៗមិនទាន់សម័យ​ មណ្ឌលទីផ្សារ​បែក​បាក់ សើម​ប៉ផ្អៀច​​ រុយ​ហើរ​ឆ្វេលឆ្វាត់​ ប្រជាជន​ស្រេក​ឃ្លាន​ អាវ​ខោដាច់​រហែក​។ល។ បងស្រី​ ឡៀន​ (Lien) លាន់មាត់ថា​ ហេតុដូចម្តេច​នៅទី​នេះ​ទុក្ខ​លំបាកយ៉ា​ងនេះ​!

ហេតុនេះ អំឡុង​ពេល​នៅទីនេះ ក្រៅពីការងារ​ជំនាញក្នុង​​គណៈ​បេសកកម្ម​ បងស្រី​បាន​​ចំណាយ​កម្លាំង​ណែនាំ​ប្រជាជន​របៀប​​ដាំ​បន្លែ ពោត​ សណ្តែក​ខៀវ​ សណ្តែក​ខ្មៅ។ល។​ បងស្រី​រកវិធី​យក​បាន​គ្រាប់ពូជ​ជា​ច្រើនប្រភេទ​​ពីវៀតណាម​ ហើយ​ណែនាំ​ប្រជា​ជន​បច្ចេកទេស​ដាំ​ដុះ​។ យ៉ាង​នេះ នៅ​រយៈ​ពេល​ខ្លី​ប្រជាជន​នៅទីនេះ បាន​​ចេះ​ដាំដុះ ​បង្កើត​​ជា​ចម្ការ​ បន្លែ ពោត សណ្តែក​លូតលាស់ល្អ ដើម្បី​កែលម្អរ​ជីវភាព​រស់នៅ។ មាន​ពោត​ សណ្តែក​ រួច​បងស្រី​ណែនាំ​ពួកគាត់​របៀប​ធ្វើ​សណ្តែក​បណ្តុះ​ ធ្វើ​នំ ម្សៅ​សណ្តែក​ខៀវ តាវ​ហូវ​។ល។ ដើម្បី​កែលម្អរ​តុអាហារ។​

នាយទាហាន​ស្រ្តី ង្វៀន ធីឡៀន​ (Nguyen Thi Lien) (ឈរទី​៤រាប់ពីឆ្វេង​ទៅ) ថតរូប​រួម​នឹង​ក្រុមការងារ​នៅ​ MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន​

ជាពិសេស​ ដើម​ឆ្នាំ​២០២០ ជំងឺកូវិដ - ១៩ កើត​ឡើង​នៅ​សាធារណរដ្ឋ​អាហ្វ្រីក​កណ្តាល ក្នុងពេល​នោះ ប្រជាជន​គ្មានការ​ត្រៀម​បម្រុង​អ្វី​ទាំងអស់​ ទូទាំង​ប្រទេស​គ្មាន​ម៉ាសមួយ​ទាល់តែសោះ​។ ដោយ​សារចេះ​​​បច្ចេកទេស​កាត់ដេរ​ វរសេនីយ៍​ឯកបម្រុង​ ង្វៀន​ ធី​ឡៀន​ (Nguyen Thi Lien) ​ធ្វើ​​ម៉ាសបាន​ជិត​៨០០ឈុត​ បែង​ចែក​ដល់​សមាជិក​ក្នុង​គណៈ​បេសកកម្ម​ និង ប្រជាជន​នៅ​មូលដ្ឋាន​។ ម៉ាស​សាមញ្ញ​របស់​បងស្រី​ ឡៀន (Lien) មិនត្រឹមតែជួយ​ដល់​សមាជិក​គណៈបេសកកម្ម​បង្ការប្រឆាំង​ជំងឺ​រាតត្បាត​មានប្រសិទ្ធភាព នៅទាំង​ជួយ​ប្រជាជន​នៅមូលដ្ឋាន​ ផ្លាស់ប្តូរ​ទម្លាប់​ ​រិះគិតរើសអើង​​​ចំពោះ​អ្នក​ពាក់ម៉ាស​ ដើម្បីយល់​​ដឹងអំពី​​របៀប​បង្ការ​ជំងឺ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​

នាយទាហាន​ស្រ្តី​ ង្វៀន ធី​ឡៀន​ (Nguyen Thi Lien) កំពុង​ធ្វើការ​រួម​នឹង​ក្រុមការ​ងារ​នៃគណៈ​បេសកកម្ម MINUSCA។ រូបថត៖ តួអង្គផ្តល់ជូន​

បញ្ចប់អាណាត្តិ​បំពេញការ​ងារនៅ​សាធារណរដ្ឋ​អាហ្វ្រីក​កណ្តាល​ ខែ​មេសា ឆ្នាំ​២០២២ បងស្រី​បន្តទទួល​បានទំនុកចិត្ត​ លើក​ទឹក​ចិត្ត​ធ្វើដំណើរ​ជា​លើកទី​ពីរ​ ធ្វើ​ជា​មន្រ្តី​ទទួល​បន្ទុក​ការ​ងារ​ទាហាន​ - ប្រជា​ជន​ នៃ​កង​វិស្វកម្ម​លេខ​១​វៀតណាម​ នៅ​គណៈ​បេសកកម្ម​ UNISFA នៅ​តំបន់ Abyei

តំបន់​ Abyei ជា​តំបន់​ជម្លោះ​រវាង​ ស៊ូ​ដង់​ និង ស៊ូ​ដង់​ខាងត្បូង​ នៅ​អំឡុងពេល​ជាង​១០​ឆ្នាំ​កន្លងហើយ​ ទីនេះ​ជា​តំបន់​អសេ្ថរភាព​មួយ ទាំង​សន្តិសុខ​ និង នយោបាយ​ ជា​ទីកន្លែង​មួយដែល​​នៅរដូវ​ប្រាំង​ដីត្រូវបែក​រហែង ​តែដល់រដូវ​វស្សា​ ផ្លូវ​សើម​ប៉ផ្អៀច​​ ឬទឹក​លិច​ដល់មិន​អាច​ធ្វើ​ដំណើរ​រួច​។ ជីវភាព​រស់នៅ​នៃ​ប្រជាជន​នៅទីនេះ ជួ​បការ​លំបាក​យ៉ាងខ្លាំង​​ ដោយ​សារ​គ្រោះ​ចោរប្លន់​ ជម្លោះពូជសាសន៍ ជម្លោះ​អាវុធ​ កើត​មានឡើង​ជា​ប្រចាំ​។ 

 

ចែក​រំលែកអំពី​​ទុក្ខលំបាក​នឹង​ប្រជាជន​ បងស្រី​ ឡៀន​ (Lien) និង ក្រុមការ​ងារបាន​កៀងគរ​ប្រជាជន​សហការ​ បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​។ ប៉ុន្មានថ្ងៃយប់​ រួមហូប ​រួមធ្វើ​ជាមួយ​នឹង​ប្រជាជន​ កសាង​​​ផ្លូវ​ជា​ច្រើន ​បានសម្រេច​ជា​ស្ថាពរ។ យ៉ា​ងនេះ ថ្ងៃខែ​នៅតំបន់​ ​Abyei បងស្រី​​រួមនឹង​ក្រុមការងារ​បាន​ឧស្សាហ៍​ អត់ធ្មត់ ណែនាំ​ ជួយ​ប្រជាជន​ធ្វើ​ផ្លូវ​ ជីក​អណ្តូង​ កសាង​សាលារៀន ជួសជុល​ផ្ទះ អូសអគ្គិសនី ដាំដុះ បង្រៀន​កុមារ​រៀន​។ល។​

ក្នុង​លក្ខណៈ​កង្វះ​ខាត​ ប៉ុន្តែ​កិត្យានុភាព​របស់ខ្លួន​ បងស្រី ង្វៀន ធី​ឡៀន​ (Nguyen Thi Lien) បាន​រៀប​ចំ​បានពីធីទទួលអាហារ​ដោយ​​មានការ​ចូល​រួមនៃ​តំណាង​មកពីប្រទេស​ចំនួន​២០ លើពិភពលោក​។ រូបថត៖ តួអង្គផ្តល់ជូន​

រំភើប​ចំពោះ​ទឹក​ចិត្ត​របស់​នារី​ទាហាន​វៀតណាម​ ទាំងមនុស្ស​ចាស់ក្មេង ទាំងកុមារ​ លោកគ្រូ អ្នក​គ្រូ​ នៅតំបន់ ​Abyei បាន​ហៅ​បងស្រី​ដោយ​ឈ្មោះ​ស្និទ្ធស្នាល​ថា Madam LienMama Africa ។ល។ រីឯឧត្តមសេនីយទោ​ Daniel Traore មេបញ្ជាការ​កងកម្លាំង​យោធា​នៃ​គណៈ​បេសកកម្ម​ MINUSCA បាន​ប្រគល់ជូន​ប័ណ្ណសរសើរ​ដោយ​មាន​តួអក្សរថា​ ទឹក​ចិត្ត​មនុស្សធម៌ មេត្តា និង​ សុឆន្ទៈ​ របស់​អ្នកនាង​បង្ហាញ​ពី​តម្លៃ​ស្នូល​ នៃ​អង្គការ​សហប្រជា​ជាតិ​។ អ្នក​នាង​សក្តិសម​ជា​អ្នកការទូតដ៏​​អស្ចារ្យ​របស់វៀតណាម​

អត្ថបទ​៖ ថាញ​ហ្វ័រ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​ តួអង្គផ្តល់ជូន​

ប្រែសម្រួល៖ រីកើង​


Top