ទីដែលចង្វាក់ជីវិតផ្តើមពីសមុទ្រ
ផ្តើមពីឆ្នេរខ្សាច់ ដែលនៅជោកជាំដោយតំណក់ទឹកសន្សើម រហូតដល់ទូកពោពេញទៅដោយត្រីបង្គាទើបតែចូលចត ផ្សារគ្រឿងសមុទ្រពេលព្រលឹម បានបើកបង្ហាញនូវចង្វាក់ជីវិតដ៏ប្លែកមួយ នៃប្រជានេសាទ តាមបណ្តោយឆ្នេរសមុទ្រវៀតណាម។ កម្លាំងពលកម្ម វប្បធម៌ និងមនោសញ្ចេតនាមនុស្សជាតិ បានរលាយចូលគ្នាទៅក្នុងលំហដ៏សាមញ្ញ តែមានភាពរស់រវើក ដែលទីនោះរៀងរាល់ថ្ងៃ តែងតែចាប់ផ្តើមជាមួយសមុទ្រ។
ជាមួយនឹងឆ្នេរសមុទ្រប្រវែងជាង ៣.២៦០គីឡូម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូង ប្រទេសវៀតណាម មានលំហសមុទ្រដ៏សម្បូរបែប ដែលទីនោះផ្សារគ្រឿងសមុទ្រពេលព្រឹក បានក្លាយជាចំណុចចាប់ផ្តើមនៃជីវិតតាមឆ្នេរ។ តាំងពីព្រលឹមស្រាងៗ នៅពេលដែលទូកនេសាទទើបតែចូលចត លំហនោះបានផ្ទុះឡើងនូវភាពរស់រវើក ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការងារ និងការផ្សារភ្ជាប់នៃសហគមន៍។ នៅតាមបណ្តោយឆ្នេរសមុទ្រ យើងអាចជួបប្រទះនូវផ្សារប្លែកៗដូចជា៖ ផ្សារត្រីកឿវ៉ាន (Cua Van) (ខេត្តក្វាងនិញ - Quang Ninh) ផ្សារត្រី សឹមសឺន (Sam Son) (ខេត្តថាញហ្វ័រ - Thanh Hoa) ផ្សារត្រីញឹតឡេ (Nhat Le) (ខេត្តក្វាងប៊ិញ - Quang Binh) ផ្សារត្រី តាមតៀន (Tam Tien) (ដាណាំង) ឬផ្សារត្រីសមឡឺយ (Xom Luoi) (ទីក្រុងហូជីមិញ)។ល។ កន្លែងនីមួយៗមានលក្ខណៈរៀងៗខ្លួន ប៉ុន្តែមានចង្វាក់ជីវិតរួមគ្នាឆ្ពោះទៅរកសមុទ្រទាំងអស់។
ផ្សារចាប់ផ្តើមតាំងពីព្រលឹម នៅពេលដែលទូកនេសាទបន្ទាប់ពីចេញទៅសមុទ្រពេញមួយយប់ បានចូលចតជាបន្តបន្ទាប់។ លើឆ្នេរខ្សាច់នៅមានចំហាយសន្សើម ខ្សែសំណាញ់នីមួយៗត្រូវបានទាញឡើង ត្រីបង្គាបញ្ចេញពន្លឺចែងចាំងដូចពណ៌ប្រាក់។ ការទិញលក់ប្រព្រឹត្តទៅនៅនឹងទូក ឬនៅលើមាត់ច្រាំងបានប្រព្រឹត្តទៅយ៉ាងរហ័ស សាមញ្ញ និងមិនឆ្លងកាត់អ្នកកណ្តាល។ អ្នកលក់ និងអ្នកទិញជួបគ្នាដោយភាពជិតស្និទ្ធ និងស្មោះត្រង់។
គ្រឿងសមុទ្រនៅផ្សារពេលព្រឹកតែងតែស្រស់ៗ និងមានច្រើនប្រភេទ ដែលក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់គ្រួសារ ភោជនីយដ្ឋាន និងទាំងដំណើរបញ្ជូនទំនិញទៅឆ្ងាយៗ។ សម្លេងរលកសមុទ្រ សម្លេងម៉ាស៊ីនទូក និងសម្លេងហៅគ្នាទិញលក់ បានរលាយចូលគ្នាបង្កើតជាចង្វាក់ពិសេសមួយ។ នៅក្នុងចំណោមមនុស្សម្នាដ៏មមាញឹក រូបភាពស្ត្រីពាក់មួកស្លឹក រើសត្រីយ៉ាងរហ័សរហួន ប្រជានេសាទមមាញឹកបែងចែកប្រភេទគ្រឿងសមុទ្រ និងកុមារតូចៗដើរតាមឪពុកម្តាយ ដោយការចង់ដឹងចង់ឃើញ។
តំបន់សមុទ្រនីមួយៗមានលក្ខណៈប្លែកៗគ្នា។ តំបន់ភាគខាងជើង មានភាពស្ងប់ស្ងាត់ ផ្សារភ្ជាប់ជាមួយភូមិនេសាទបែបប្រពៃណី។ តំបន់ភាគកណ្តាល មានភាពរស់រវើកជាមួយផ្សារដែលប្រជុំគ្នានៅលើឆ្នេរខ្សាច់ ទីកន្លែងដែលការទិញលក់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សក្រោមពន្លឺថ្ងៃ ខ្យល់ និងរស្មីអរុណរះដ៏ត្រចះត្រចង់។ តំបន់ភាគខាងត្បូង បែរជាមានលក្ខណៈចិត្តទូលាយ បើកចំហ ជាមួយតំបន់ផ្សារដ៏អ៊ូអរតាំងពីព្រលឹមស្រាងៗ ដែលមានទូកកាណូតមមាញឹក សម្លេងហៅទិញលក់រំពង និងចង្វាក់ជីវិតសមុទ្រ រំលេចឡើងពោពេញទៅដោយថាមពល។
មិនត្រឹមតែជាកន្លែងជួញដូរប៉ុណ្ណោះទេ ផ្សារព្រឹកនៅតំបន់សមុទ្រ ក៏ជាចំណុចតភ្ជាប់សហគមន៍ ទីដែលអ្នកស្រុកចែករំលែករឿងរ៉ាវអាកាសធាតុ រដូវត្រី និងជីវភាពរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃនេះ ផ្សារត្រីពេលព្រឹក បានក្លាយជាអាសយដ្ឋានទាក់ទាញ សម្រាប់ភ្ញៀវទេសចរ ផ្តល់នូវបទពិសោធន៍ពិតប្រាកដ អំពីវប្បធម៌សមុទ្រវៀតណាម និងជា “បេតិកភណ្ឌរស់” បានរក្សទុកតាមរយៈចង្វាក់ផ្សារនីមួយៗ និងរដូវកាលនៃសមុទ្រនីមួយៗ៕
អត្ថបទ៖ វីថាវ រូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង












