ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍ភាគខាងត្បូង
ទីក្រុង ហូជីមិញ (Ho Chi Minh) ដែលមានប្រវត្តិសាស្ត្រជាង ៣០០ ឆ្នាំ ដូច្នេះទីក្រុងនេះរក្សាទុកអនុស្សាវរីយ៍វប្បធម៌ និងប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីដំណើរដ៏លំបាកក្នុងការរាននិងពង្រីកទឹកដីរបស់ប្រជាជនភាគខាងត្បូង។ សព្វថ្ងៃនេះ ទីក្រុងនៅលើច្រាំងទន្លេសាយហ្គន (Sai Gon) ដែលមានភាពស្វាហាប់ និងទំនើប លាយឡំជាមួយនឹងកត្តាប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណី និងលក្ខណៈអេកូឡូស៊ីនៃដីសណ្ដទន្លេគីវឡុង (Cuu Long) កំពុងគឺជាទិសដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវបរទេស។
ចំណាប់អារម្មណ៍នៃទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ
ទីក្រុងសាយហ្គន (Sai Gon) - ទីក្រុងហូជីមិញ (Ho Chi Minh) ឆ្លងកាត់ជាង ៣០០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ដែលគឺជាតំបន់បង្រួបបង្រួមនៃលំហូរវប្បធម៌ជាច្រើន ដែលក្នុងនោះ ភាពលេចធ្លោបំផុតគឺវប្បធម៌របស់ជនជាតិវៀតណាម ចិន ចាម ខ្មែរ ឥណ្ឌា... ក្រោយមកមានឥទ្ធិពលនៃវប្បធម៌បារាំង និងអាមេរិក។
ក្នុងកំឡុងសម័យដើមរហូតដល់សម័យអាណានិគមបារាំង ពោលគឺចាប់ពីសតវត្សទី ១៧ ដល់សតវត្សទី ១៩ ស្នាដៃវប្បធម៌ និងសាសនាប្លែកៗជាច្រើនត្រូវបានសាងសង់ឡើង ដែលបង្ហាញយ៉ាងច្បាស់លាស់នូវចរិតលក្ខណៈវប្បធម៌របស់ប្រជាជនភាគខាងត្បូង ក្នុងដំណើររាននិងពង្រីកទឹកដី ប្រឆាំងនឹងពួកឈ្លានពាន និងបង្រួបបង្រួមខឿនវប្បធម៌ផ្សេងៗទៀត។ គំរូបំផុតគឺប្រព័ន្ធអារាម វត្ត ផ្ទះសហគមន៍ វិហារកាតូលិកដូចជា៖ អារាម ថុងតីហូយ (Thong Tay Hoi) អារាម មីញហឿង (Minh Huong) វត្ត យ៉ាកឡឹម (Giac Lam) វត្ត បាធៀនហៅ (Ba Thien Hau) ផ្ទះសហគមន៍ ងៀអាន (Nghia An ) និង ផ្ទះសហគមន៍ ក្វាងទ្រៀវ (Quang Trieu) វិហារកាតូលិក ឌឹកបា (Duc Ba) វិហារកាតូលិក ថុងតីហូយ (Thong Tay Hoi) វិហារកាតូលិក ធូឌឺក (Thu Duc) ... រួមជាមួយនឹងពិធីបុណ្យវប្បធម៌ចម្រុះពណ៌ជាច្រើនទៀត។
នៅចុងសតវត្សទី១៩ និងដើមសតវត្សទី ២០ មានសំណង់ធំៗជាច្រើនបានកសាងតាមស្ថាបត្យកម្មបារាំងដែលនៅតែមាន រហូតដល់សព្វថ្ងៃនេះដូចជា៖ កំពង់ផែ ញ៉ារ៉ុង (Nha Rong) (១៨៦៣), វិមានឯករាជ្យ (១៨៦៨) ប្រៃសណីយ៍កណ្តាលទីក្រុង (១៨៨៦), រោងមហោស្រពធំ (១៨៩៨), អគារទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុង (១៨៩៨), ផ្សារបេនថាញ (Ben Thanh) (១៩១២)…
ក្រោយឆ្នាំ ១៩៧៦ ក្រៅពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌បុរាណ ទីក្រុងហូជីមិញ បានកសាងនូវសំណង់វប្បធម៌ និងទេសចរណ៍ថ្មីៗជាច្រើនដូចជា សួនសត្វ ថាវកាមវៀន (Thao Cam Vien) និងឧទ្យាន ដាមសែន (Dam Sen) បឹង គីហ័រ (Ky Hoa) តំបន់ទេសចរណ៍ធម្មជាតិ កឹនយើ (Can Gio)... ដើម្បីក្លាយជាកន្លែងលេងកម្សាន្តរបស់ប្រជាជន និងភ្ញៀវទេសចរណ៍។ ជាពិសេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងបដិវត្តន៍ដ៏ល្បីល្បាញជាច្រើនក៏ត្រូវបានជួសជុល និងតុបតែងលម្អ ដើម្បីបម្រើតំរូវការនៃការទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ទីក្រុងដូចជា៖ ផ្លូវរូងក្រោមដី គូជី (Cu Chi) វិមានឯករាជ្យ អារាមរំលឹក បៀនយឿក (Ben Duoc) គូជី (Cu Chi) ភូមិ វឿនទ្រៅ (Vuon Trau) ចំនួន១៨ មូលដ្ឋានបណ្តែតទឹក ព្រៃសាក (Sac)...
មកដល់ទីក្រុងហូជីមិញថ្ងៃនេះ ភ្ញៀវទេសចរណ៍មិនត្រឹមតែមើលឃើញការអភិវឌ្ឍដ៏អស្ចារ្យនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាឈានមុខគេក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ដែលក្នុងនោះមានអគារខ្ពស់ៗ មជ្ឈមណ្ឌលលេងកម្សាន្ត មជ្ឈមណ្ឌលលក់ទិញទំនិញដ៏មមាញឹក មហាវិថីដែលមានពន្លឺភ្លើងភ្លឺច្បាស់ នៅពេលយប់... ប៉ុន្តែភ្ញៀវទេសចរណ៍ក៏អាចរកឃើញនូវភាពស្រស់ស្អាតនៃសំណង់វប្បធម៌បុរាណដែលបានអភិរក្សយ៉ាងល្អបំផុត។
បច្ចុប្បន្ននេះ ដំណើរកម្សាន្តមួយក្នុងចំណោមដំណើរទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរពេលមកទីក្រុង ហូជីមិញ គឺទៅទស្សនាវិមានឯករាជ្យ ដែលបានជាកន្លែងកើតឡើងនូវការដួលរលំនៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាម នៅថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ប្រៃសណីយ៍កណ្តាលទីក្រុង ជាសំណង់ស្ថាបត្យកម្មបុរាណពិសេសដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មលោកខាងលិច និងរចនាបទតុបតែងខាងកើត ស្វែងយល់ពីកេរ្តិ៍ដំណែលបដិវត្តន៍ផ្លូវរូងក្រោមដី គូជី (Cu Chi) ដែលជាសំណង់ស្ថាបត្យកម្មយោធាតែមួយគត់ រួមមានប្រព័ន្ធផ្លូវរូងក្រោមដីមានប្រវែងជាង ២០០ គីឡូម៉ែត្រក្នុងក្រោមដី ជាមួយនឹងមុខងារពេញលេញនៃការស្នាក់នៅ ការរស់នៅ និងការប្រយុទ្ធ...
សម្រាប់ភ្ញៀវដែលចូលចិត្តស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបអាហារក្នុងស្រុក ពួកគេនឹងទទួលបាននូវបទពិសោធន៍ចាប់ចិត្ត នៅពេលដែលចូលរួមក្នុងកម្មវិធី " ហ្គោវ៉ឹប (Go Vap) - មួយរយឆ្នាំនៃការស្វែងរកប្រវត្តិសាស្ត្រ" ដែលមានសកម្មភាពដ៏ទាក់ទាញជាច្រើនដូចជា ការទស្សនារបាំតោនៅ ចើឡឹន (Cho Lon) ទស្សនាប្រាសាទបុរាណ ភូចូវ (Phu Chau) អារាមបុរាណ តឹនថើយ (Tan Thoi) វត្ត ផាបវ៉ឹន (Phap Van) ផ្លូវរូងក្រោមដី ភូថហ័រ (Phu Tho Hoa) ...
ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រភេទថ្មីជាច្រើន។
ដើម្បីទាក់ទាញភ្ញៀវទេសចរចាប់ពីដើមឆ្នាំ ២០២២ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានចាប់ផ្តើមរៀបចំកម្មវិធី "ទីក្រុងហូជីមិញស្វាគមន៍អ្នក - Welcome to Ho Chi Minh City " "ខណ្ឌនីមួយៗ ស្រុកនិមួយៗ នៅមានផលិតផលទេសចរណ៍ពិសេស”…
ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានសម្របសម្រួល ជាមួយទីក្រុង ធូឌឹក (Thu Duc) និងខណ្ឌ ស្រុកនានាក្នុងតំបន់ ដើម្បីស្ទាបស្ទង់ និងកសាងដំណើរទេសចរណ៍ថ្មីៗជាច្រើន ដោយការកែលម្អ និងបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។
ទេសចរណ៍កម្សាន្ត - ម្ហូបអាហារ - សេវាកម្ម នាពេលយប់ គឺជាផលិតផលទេសចរណ៍មួយក្នុងចំណោមផលិតផលទេសចរណ៍ទាំងបីដែលទីក្រុងហូជីមិញផ្តោតលើការអភិវឌ្ឍន៍។ ចាប់តាំងពីពេលនោះមក ការបង្កើតផលិតផលថ្មីប្លែកៗជាច្រើន និងការកែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរ។
បច្ចុប្បន្ននេះ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសដែលមកទីក្រុងហូជីមិញ អាចជ្រើសរើសដំណើរកម្សាន្តថ្មីៗដូចជា៖ គយគន់ទីក្រុងពីលើឧទ្ធម្ភាគចក្រ មើលថ្ងៃលិច និងទស្សនាសម្រស់ទីក្រុង ពេលជិះទូកលេងតាមដងទន្លេ...
លើសពីនេះ ស្រុកជាយក្រុងក៏ជំរុញការអភិវឌ្ឍទេសចរណ៍កសិកម្ម និងទេសចរណ៍អេកូឡូស៊ីផងដែរ ។ ជាឧទាហរណ៍ ស្រុក កឹនយើ (Can Gio) គឺជាស្រុកតែមួយគត់នៃទីក្រុងហូជីមិញ ដែលមានឆ្នេរសមុទ្រប្រវែង ២៣ គីឡូម៉ែត្រ រួមជាមួយនឹងទន្លេនិងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកប្រៃមានទំហំជាង ២២.០០០ហិចតា ដែលផ្តល់អាកាសធាតុត្រជាក់ និងបរិសុទ្ធពេញមួយឆ្នាំ។ ក្នុងនាមជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេក្នុងប្រទេសវៀតណាម វាត្រូវបានគេដាក់ឈ្មោះថា "កោះបៃតង" នៃទីក្រុង។ មកដល់តំបន់ទេសចរណ៍អេកូឡូស៊ី កឹនយើ (Can Gio) ភ្ញៀវទេសចរនឹងអាចគយគន់ទេសភាពធម្មជាតិដ៏អស្ចារ្យ និងប្រកបដោយស្រស់ស្អាតបំព្រង នៅឯកន្លែងទេសចរណ៍ដែលកសាងឡើងដោយផ្អែកលើបរិស្ថានធម្មជាតិស្រាប់មាន។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតគឺភ្ញៀវទេសចរបរទេសមួយចំនួនធំក៏បានជ្រើសរើសនាវាធ្វើដំណើរតាមដងទន្លេដើម្បីស្វែងយល់។ ដើម្បីជួយសម្រួលដល់ដំណើរការរបស់ភ្ញៀវ តាមដងទន្លេ ទីក្រុងហូជីមិញបានដាក់ពង្រាយដំណើររថយន្តដើរដោយអគ្គីសនីចំនួន ៣ ដែលតភ្ជាប់យ៉ាងឆាប់រហ័សពីកំពង់ចម្លងទៅកាន់តំបន់ទេសចរណ៍នានាក្នុងទីក្រុង។
ស្រុកគូជី (Cu Chi) ក៏ត្រូវបានគេចាត់ទុកថាជា “ខ្សែផ្លូវក្រវាត់បៃតង” នៃទីក្រុងហូជីមិញ ដែលស័ក្តិសមសម្រាប់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍សួនចំការ។ ពេលភ្ញៀវមកដល់ស្រុក គូជី (Cu Chi) ពួកគេនឹងទៅទស្សនាចម្ការដាំដើមផ្លែឈើ តាមបណ្តោយទន្លេ សាយហ្គន (Sai Gon) កសិដ្ឋានបៃតង តំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ ផ្លូវរូងក្រោមដី គូជី (Cu Chi) ... ឬទទួលបានបទពិសោធន៍រីករាយនៃ "មួយថ្ងៃនៃការធ្វើកសិករម្នាក់" នៅក្នុងសួនច្បារដ៏សម្បូរបែប។
គេបានដឹងថា ទីក្រុងហូជីមិញបច្ចុប្បន្នកំពុងផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍កម្សាន្ត - ម្ហូបអាហារ - សេវាកម្ម នាពេលយប់ ដើម្បីបង្កើតផលិតផលថ្មីប្លែកៗ ជាច្រើន ដែលបម្រើតម្រូវការកើនឡើងរបស់ភ្ញៀវទេសចរណ៍។/.
ទីក្រុងហូជីមិញមានកន្លែងចំនួន ៣៦៦ ដែលមានសមត្ថភាពធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលចែកចាយជា ៤ ក្រុមសំខាន់ៗ៖ ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌រូបី ទេសចរណ៍វប្បធម៌អរូបី និងទេសចរណ៍ពាក់ព័ន្ធនឹងសំណង់សិប្បនិម្មិត និងទំនើប។ រហូតមកដល់ពេលនេះ ឧស្សាហកម្មទេសចរណ៍របស់ទីក្រុងបានសម្របសម្រួលជាមួយសហគ្រាស ដើម្បីប្រកាស និងដាក់ពង្រាយកម្មវិធីទេសចរណ៍ជាង ៤០ នៅតាមបណ្តាស្រុក។
អត្ថបទ៖ ថុងហាយ - ប៊ិចវ៉ឹន - សើនងា - ង្វៀនឡឹន - ង្វៀនយ៉ាង - រីកើង