ថាញហា (Thanh Ha) - ភូមិកុលាលភាជន៍ ដែលមានអាយុកាលជាង៥០០ឆ្នាំ នៅតាមដងទន្លេធូបោន (Thu Bon)

ថាញហា (Thanh Ha) - ភូមិកុលាលភាជន៍ ដែលមានអាយុកាលជាង៥០០ឆ្នាំ នៅតាមដងទន្លេធូបោន (Thu Bon)

ស្ថិតនៅតាមដងទន្លេធូបោន ក្បែរទីក្រុងបុរាណហូយអាន (Hoi An) ភូមិកុលាលភាជន៍​ថាញហា ជាភូមិរបរសិប្បកម្ម​ដ៏ចំណាស់បំផុតមួយ នៅភាគកណ្តាលនៃ​ប្រទេសវៀតណាម​។ ឆ្លងកាត់​រយៈពេល​ជាង៥ សតវត្សរ៍ ​សិប្បករនៅទីនេះ នៅតែរក្សាបាន​បច្ចេកទេសធ្វើកុលាលភាជន៍ដោយដៃទាំងស្រុង ពីដីឥដ្ឋនៅតាម​ដងទន្លេ បង្កើតបាន​ជាផលិតផល​ដែលមានលក្ខណៈសាមញ្ញ និង​បង្កប់នូវអត្តសញ្ញាណវប្បធម៌​ដ៏ស៊ីជម្រៅ នៃភូមិរបរ​ប្រពៃណី។

ភូមិកុលាលភាជន៍​ ថាញហា (Thanh Ha) បានចាប់បដិសន្ធិឡើង នៅប្រហែលសតវត្សទី១៦។ ទោះបីជាឆ្លងកាត់ការផ្លាស់ប្តូរ និងការឡើងចុះអស់រយៈពេលជិត ៥០០ ឆ្នាំ​ក៏ដោយ ក៏ភូមិនេះនៅតែរក្សាបាននូវមុខរបរដូនតា របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

ភូមិកុលាលភាជន៍​ថាញហា មាន​ចម្ងាយប្រហែល២គីឡូម៉ែត្រ ពីទីក្រុងបុរាណហូយអាន ទៅ​ទិសខាងលិច​ ដែលកាលពីមុន​ស្ថិតក្នុងតំបន់​ភូមិណាមយេវ (Nam Dieu) សង្កាត់​ថាញ​ហា ទីក្រុងហូយ​អាន (ខេត្ត​ក្វាង​ណាម​) បច្ចុប្បន្ន​ជា​ក្រុម​ទីប្រជុំ​ជន​ណាម​យេវ​ សង្កាត់​ហូយ​អាន​តី​ (ទីក្រុង​ដាណាំង) ភូមិ​កុលាលភាជន៍​ថាញ​ហា បាន​ល្បី​ល្បាញ​តាំងពី​យូរ​ និង​ជា​ភូមិ​សិប្បកម្ម​មួយ​ក្នុង​ចំណោម​ភូមិ​សិប្បកម្ម​ពិសេស​នៃ​តំបន់​ខេត្ត​ក្វាង​ណាម​។ លំហជនបទ​ដ៏សុខ​សាន្ត​ ឡដុតកុលាលភាជន៍ដែលកំពុងឆេះពណ៌ក្រហម និងសម្លេងតុ​បង្វិលដ៏ស៊ាំត្រចៀក បាន​ក្លាយជារូបភាព​ផ្សារ​ភ្ជាប់ជាមួយប្រជាជនជាច្រើន​ជំនាន់​នៅទីនេះ។

ក្នុងឆ្នាំ២០២៥ ភូមិនេះបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លើកតម្កើងជាអាសយដ្ឋាន​​ទេសចរណ៍សហគមន៍ល្អបំផុត របស់ប្រទេសវៀតណាម។

យោងតាមឯកសារប្រវត្តិសាស្ត្រ កាលពីជាង ៥០០ ឆ្នាំមុន ត្រកូលមួយចំនួនដូចជា ង្វៀន​វ៉ាន់ (Nguyen Van) ង្វៀន​វៀត (Nguyen Viet) ង្វៀន​ដឹក​ (Nguyen Duc) ង្វៀន​គីម ​(Nguyen Kim) ង្វីញឺ (Nguy Nhu) ប៊ូយ​ផឿក (Bui Phuoc) វ៉ឌិញ (Vo Dinh) វ៉ូវ៉ាន់ (Vo Van) ង្វៀន​តឹន (Nguyen Tan) ដែលមានប្រភពកំណើត​មកពីខេត្តថាញហ្វា (Thanh Hoa) និង​ខេត្តងែអាន (Nghe An) បាន​ធ្វើចំណាកស្រុក​មកកាន់ដែនដីនេះ បង្កើត​ឡើង​នូវភូមិ​ថាញហា ហើយ​​ចាប់ផ្តើមបង្កើត​របរកុលាលភាជន៍​។ ចាប់តាំងពីពេលនោះមក របរកុលាលភាជន៍​​បានរីកចម្រើនជាលំដាប់ និង​ក្លាយជាជីវភាពរស់នៅ​ដ៏សំខាន់នៃ​ប្រជាជនក្នុង​តំបន់​។

ភាពសាមញ្ញដែលបង្កប់នូវអត្តសញ្ញាណយ៉ាងស៊ីជម្រៅ នៃភូមិរបរប្រពៃណី នៅតំបន់ស្រុក​​​ក្វាង​ណាម​ (Quang Nam)។

រហូតមកដល់ឆ្នាំកាន់ហឹង (Canh Hung) ទី​៧ (ឆ្នាំ​១៧៤៦) របរកុលាលភាជន៍​​ថាញហាបាន​ឈានចូលដល់សម័យកាលរីកចម្រើនយ៉ាង​ខ្លាំង។ សហគមន៍​មិញហឿង (Minh Huong) នៅទីក្រុងហូយអាន​នាពេលនោះ តែងតែទិញ​ផលិតផលកុលាលភាជន៍​ថាញហា ទុក​សម្រាប់​ប្រើ​ប្រាស់ និង​ធ្វើជាអំណោយ​ជូនដល់​មន្ត្រីជាន់​ខ្ពស់។​ សៀវភៅ "ដាយ​ណាម​ញឹត​ថុង​ជី​ - Dai Nam nhat thong chi" នៃ​រជ្ជកាលង្វៀន ក៏បានកត់ត្រាថា កុលាលភាជន៍ថាញ​ហា​ គឺជាផលិតផលក្នុងស្រុកដ៏ល្បីល្បាញ នៃតំបន់ក្វាងណាម។ សិប្បករ​ជាច្រើន​នៅក្នុង​ភូមិ ក៏​បានរជ្ជកាលង្វៀន​ប្រទានគោរមងារ និង​ឋានន្តរសក្តិ ដែល​បង្ហាញពី​ឋានៈ​ដ៏សំខាន់​ នៃរបរកុលាលភាជន៍​ថាញហា ក្នុងជីវភាព​សេដ្ឋកិច្ច និង​វប្បធម៌​នាពេល​នោះ។​

លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសលេចធ្លោ នៃកុលាលភាជន៍ថាញហា ផលិតផលទាំងអស់ត្រូវបានធ្វើឡើងដោយដៃទាំងស្រុង មិនប្រើពុម្ព និង​មិនមានការស្រោបទឹកថ្នាំ​កាចារ​​ឡើយ។ វត្ថុធាតុដើមចម្បង គឺប្រភេទដីឥដ្ឋពណ៌ត្នោត ដែលមាន​ភាពស្អិត​ខ្ពស់ បានយកមកពីដង​ទន្លេធូបោន​។ ដីឥដ្ឋ​បន្ទាប់ពី​បានលាយ និង​ផ្អាប់យ៉ាង​ល្អិតល្អន់ រហូតដល់ហ្មត់​រលោង នឹងបានយកទៅ​ដាក់លើតុ​បង្វិល ដើម្បីសូន​រូបរាង​ ក្រោមស្នាដៃដ៏ប៉ិនប្រសប់​របស់​សិប្បករ​។ បន្ទាប់​មក ផលិតផលត្រូវបាន​ដុតក្នុង​ឡអុស បង្កើតបាន​ជាពណ៌ធម្មជាតិ​ដូចជា ពណ៌ក្រហម​ឥដ្ឋ ពណ៌ត្នោត​លឿង ឬពណ៌​ក្រហម​ក្រម៉ៅ ដែលជា​ពណ៌​ដ៏សាមញ្ញពិសេស​ នៃ​កុលាលភាជន៍​ថាញហា។

 

ការរួមដំណើរ និងការបន្តវេនគ្នា រវាងសិប្បករជំនាន់មុន និងសិប្បករវ័យក្មេង បានជួយឱ្យបច្ចេកទេសធ្វើគ្រឿងស្មូននៅថាញហា នៅតែរក្សាបាននូវលក្ខណៈបុរាណ ព្រមទាំងដើរទាន់និន្នាការធ្វើគ្រឿងស្មូនថ្មីៗផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មី​ៗនេះ រួមជាមួយ​ការរីកចម្រើន នៃវិស័យទេសចរណ៍នៅហូយ​អាន របរកុលាលភាជន៍​ថាញហា មានឱកាសស្ដារឡើងវិញ។ សិប្បករជាច្រើន បានច្នៃប្រតិដ្ឋ​នូវប្រភេទ​ផលិតផលថ្មីៗ​ដូចជា រូប​ចម្លាក់ ផ្ទាំងចម្លាក់លយ​ ថូផ្កា រូបសត្វ របាំងមុខ​កុលាលភាជន៍ និងចង្កៀងកុលាលភាជន៍ ដើម្បី​បម្រើតម្រូវ​ការតុបតែង និងវត្ថុ​អនុស្សាវរីយ៍នៃ​អ្នកទេសចរ។ ផលិតផលមួយចំនួន ថែមទាំង​បាននាំចេញទៅកាន់ប្រទេស​ជប៉ុន ​បើកផ្លូវអភិវឌ្ឍន៍ថ្មី សម្រាប់ភូមិរបរនេះ។

តាម​ប្រសាសន៍របស់លោក ង្វៀនសៅ (Nguyen Sau) ដែល​ជាសិប្បករចាស់​វស្សា​ម្នាក់ប្រចាំ​ភូមិ បាន​ឱ្យដឹង​ថា កុលាលភាជន៍ថាញហា មានលក្ខណៈប្លែកពីគេ ដោយសារប្រភពដី​ឥដ្ឋ​ពណ៌ត្នោត នៅតាមដងទន្លេធូបោន។ លោកបាន​មានប្រសាសន៍​ថា៖ ប្រសិន​បើកុលាលភាជន៍ថូហា (Tho Ha) នៅខេត្ត​បាក់និញ ធ្វើពីដី​ដ្ឋពណ៌​ខៀវ ​កុលាលភាជន៍​​បាតត្រាង (Bat Trang) នៅហាណូយ ធ្វើពីដីឥដ្ឋពណ៌ស កុលាលភាជន៍ភូឡាំង (Phu Lang) នៅខេត្ត​បាក់និញ ធ្វើពីដីឥដ្ឋពណ៌ត្នោតលឿង នោះ​កុលាលភាជន៍ថាញហា ត្រូវបានធ្វើ​ពីដីឥដ្ឋ​ពណ៌ត្នោត ដែលមានភាពស្អិតខ្លាំង។​ កាល​ពីអតីត​ កុលាលភាជន៍ថាញហា ក៏ជាផលិតផល សម្រាប់ថ្វាយ​ព្រះមហាក្សត្រ​ផងដែរ

 

ឡដុតគ្រឿងស្មូនតាមបែបប្រពៃណី និងបច្ចេកទេសរៀបចំដីឥដ្ឋតាំងពីបុរាណកាល នៅតែមានវត្តមាននៅក្នុងភូមិកុលាលភាជន៍​ ថាញហា នាពេលបច្ចុប្បន្ន។

បច្ចុប្បន្ននេះ ភូមិកុលាលភាជន៍​ថាញហា នៅសល់ជាង១០០គ្រួសារ ដែល​មាន​មនុស្សជាង២០០នាក់ ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធ​នឹងរបរកុលាលភាជន៍​។ អ្នក​ទេសចរ​ដែលមក​ទី​នេះ​ មិនត្រឹមតែបានទស្សនាឡដុតប្រពៃណីប៉ុណ្ណោះទេ ​ថែមទាំង​អាចចូលរួម​​ពិសោធន៍ផ្ទាល់ ក្នុងការធ្វើកុលាលភាជន៍​ជាមួយសិប្បករទៀត​ផង។ អ្នកស្រី ង្វៀន ធូភឿង (Nguyen Thu Phuong) គ្រូបង្រៀន នៅសាលាបឋមសិក្សា គ្វិញ​ម៉ាយ​ (Quynh Mai) (ទីក្រុង​ហាណូយ) បាន​ចែក​រំលែក​ថា បងស្រី​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​បាន​ធ្វើ​ថូ​តូច​​មួយ​ ដោយ​ផ្ទាល់ដៃ​ ក្រោម​ការ​ណែនាំ​នៃ​សិប្បករ​។ ដំណើរ​កម្សាន្ត​នេះ បាន​ជួយ​ឱ្យ​បងស្រី​ មានគំនិត​បន្ថែម​ ក្នុងការ​រៀប​ចំ​ឱ្យ​សិស្សសាលា​ មកស្វែង​យល់​ ពី​ភូមិ​របរ​នៅពេល​ខាងមុខ​។​

សម្រស់ដ៏វិសេសវិសាល និងប្លែកភ្នែកនៃផលិតផលគ្រឿងស្មូន ថាញហា (Thanh Ha)។

ជាមួយនឹងតម្លៃវប្បធម៌ដ៏វិសេសវិសាល ភូមិកុលាលភាជន៍​ថាញហា ត្រូវបានទទួលស្គាល់ជា​ភូមិរបរថ្នាក់​ខេត្ត របរកុលាលភាជន៍​នៅទីនេះ ក៏​បាន​ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់​ជាតិ។ ​ជាពិសេស ភូមិកុលាលភាជន៍​​ ក៏​បានផ្តល់កិត្តិយសជា “ទីតាំង​​ទេសចរណ៍សហគមន៍ល្អបំផុតប្រចាំឆ្នាំ ២០២៥” កត់ត្រា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សហគមន៍​មូលដ្ឋាន​ ក្នុងការ​អភិរក្ស​ និងលើក​​កម្ពស់​តម្លៃប្រពៃណី៕

  • អត្ថបទ និងរូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top