តឹនកាងសៃហ្គន (Tan Cang Sai Gon) - កម្លាំងចលករអភិវឌ្ឍកំពង់ផែ និង logistics វៀតណាម
នៅក្នុងបរិបទនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) រក្សាជំហរឈានមុខក្នុងវិស័យកំពង់ផែ និង logistics នៅវៀតណាម។ ជាមួយនឹងយុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យា ការកសាងប្រព័ន្ធអេកូឡូស៊ី logistics បិទជិតនិងជំរុញបរិវត្តកម្មឌីជីថល ក្រុមហ៊ុននេះកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនទំនិញវៀតណាមផ្សារភ្ជាប់កាន់តែមានប្រសិទ្ធភាព ជាមួយទីផ្សារអន្តរជាតិ។
ពីរទសវត្សរ៍មុន សកម្មភាពកំពង់ផែនៅក្នុងវៀតណាម ភាគច្រើនពឹងផ្អែកលើឯកសារក្រដាស និងឆ្លងកាត់ដំណើរការដោះស្រាយ ជាច្រើន ធ្វើទំនិញឆ្លងកាត់ព្រំដែនត្រូវអស់រយៈពេលយូរ និងចំណាយច្រើន។ នៅក្នុងបរិបទនោះ តឹនកាងសៃហ្គន (Tan Cang Sai Gon) គឺជាអង្គភាពឈានមុខគេ ក្នុងការអនុវត្តបច្ចេកវិទ្យាចូលក្នុងការគ្រប់គ្រង និងដំណើរការកំពង់ផែ។
ចាប់តាំងពីឆ្នាំ ២០០៨ មក ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) បានអនុវត្តប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង(realtime) ដែលអនុញ្ញាតឱ្យមានការតាមដានទីតាំងពិតប្រាកដនៃកុងតឺន័រនីមួយៗ ដែលនៅលើនាវា និងទីតម្កល់ស្តុក។ ដំណាក់កាលដំបូង ក្រុមហ៊ុននេះបានវិនិយោគប្រហែល ៥ លាន USD លើប្រព័ន្ធបច្ចេកវិទ្យាស្នូល ហើយបានបន្តវិនិយោគក្នុងប៉ន្មាន់ឆ្នាំបន្តបន្ទាប់។ ដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ គំរូកំពង់ផែអេឡិចត្រូនិច (e-Port) ត្រូវបានបង្កើតឡើង ដែលអនុញ្ញាតឱ្យការបំពេញនីតិវិធី និងទូទាត់តាមអ៊ីនធឺណិត។
បច្ចុប្បន្ននេះ ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) បានកសាងប្រព័ន្ធអេកូឡូស៊ី logistics ទ្រង់ទ្រាយធំមួយដែលមានកំពង់ផែសមុទ្រចំនួន ១៥ និងទីតាំងជាសមាជិកជាង ២៨ កន្លែង នៅទូទាំងប្រទេស។ ប្រព័ន្ធនេះរួមបញ្ចូលសេវាកម្ម ចាប់ពីសេវាកម្មដំណើរការកំពង់ផែផ្ទេរទំនិញ និងកំពង់ផែទឹកជ្រៅ រហូតដល់ការដឹកជញ្ជូនពហុមធ្យោបាយ ឃ្លាំង និងកំពង់ផែលើដីគោក។ ដោយមានបណ្តាញ logistics ពីភាគខាងជើង - ខាងត្បូងនៃវៀតណាម ក្រុមហ៊ុននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាម ជាមួយទីផ្សារពិភពលោក។
នៅឆ្នាំ ២០២៥ ប្រព័ន្ធកំពង់ផែរបស់ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) សម្រេចបានប្រមាណ ១១,៤ លាន TEU (TEU នីមួយៗស្មើនឹងកុងតឺន័រប្រវែង ២០ feet) ស្រូបយកជាង ៥០% នៃចំណែកទីផ្សារកុងតឺន័រទូទាំងប្រទេស និងជិត ៩០% នៃចំណែកទីផ្សារនៅក្នុងតំបន់ភាគខាងត្បូង។ លទ្ធផលនេះជួយរក្សាភាពរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងបរិបទដែលទីផ្សារ logistics សកល បម្រែបម្រួលច្រើន។
កំពង់ផែសំខាន់មួយ នៃប្រព័ន្ធរបស់ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) គឺកំពង់ផែអន្តរជាតិ តឹនកាង(Tan Cang) - កាយម៉ែប (Cai Mep) ស្ថិតក្នុងចង្កោមកំពង់ផែ កាយម៉ែប (Cai Mep) - ធីវ៉ាយ (Thi Vai)។ នៅឆ្នាំ ២០២៥ កំពង់ផែនេះ សម្រេចបានជាង ២,២ លាន TEU ស្រូបយកជិត ៣១% នៃចំណែកទីផ្សារក្នុងតំបន់ និងជាកំពង់ផែទឹកជ្រៅមួយធំជាងគេបំផុតក្នុងប្រទេសវៀតណាម។
យោងតាមលោក ង្វៀន មិញតួន (Nguyen Minh Tuan) នាយកប្រតិបត្តិការកំពង់ផែអន្តរជាតិ តឹនកាង (Tan Cang) - កាយម៉ែប (Cai Mep): ការអនុវត្តប្រព័ន្ធ e-Port (កំពង់ផែអេឡិចត្រូនិក) បានឌីជីថលូបនីយកម្មជាង ៩០% នៃនីតិវិធី នៅច្រកទ្វារកំពង់ផែ ដែលកាត់បន្ថយពេលវេលាដោះស្រាយប្រហែល ៣០% និងបង្កើនប្រសិទ្ធភាពនូវការប្រើប្រាស់ឧបករណ៍ ២៥%។ ប្រព័ន្ធទិន្នន័យតំណភ្ជាប់ ពីច្រកទ្វារកំពង់ផែ ទៅកាន់ចំណតនាវា ក៏ជួយសម្របសម្រួលសកម្មភាពប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពជាង។បច្ចុប្បន្ន កំពង់ផែអន្តរជាតិ តឹនកាង(Tan Cang) - កាយម៉ែប (Cai Mep) គឺជាច្រកទ្វារសំខាន់មួយតំណភ្ជាប់ទំនិញពីមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ៗ ដូចជា ទីក្រុងហូជីមិញ ខេត្តដុងណាយ (Dong Nai) ខេត្ត តៃនិញ (Tay Ninh) និងតំបន់ដីសណ្តទន្លេគីវឡុង (Cuu Long) ទៅកាន់ទីផ្សារអន្តរជាតិ។ កំពង់ផែនេះ ដំណើរការផ្លូវដឹកជញ្ជូនអន្តរជាតិចំនួន ១២ ដោយភ្ជាប់ទៅកំពង់ផែសំខាន់ៗ ជាង ៥០ នៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអាមេរិកខាងត្បូង ព្រមទាំងទាក់ទាញទំនិញផ្ទេរពីកម្ពុជា និងអាស៊ីអាគ្នេយ៍ផងដែរ។
បរិវត្តកម្មឌីជីថលគឺជាតម្រង់ទិសក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) ។ ក្រុមហ៊ុនបានអនុវត្តវេទិកាបច្ចេកវិទ្យាជាច្រើន ដូចជា ePort, eDO (វិក័យប័ត្រអេឡិចត្រូនិក) និង eBooking (ការកក់តាមអេឡិចត្រូនិក) ដែលអនុញ្ញត្តិឱ្យបំពេញនិតិវិធី តាមអ៊ីនធឺណិ ២៤ /៧ ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងកំពង់ផែឆ្លាតវៃ ច្រកទ្វារស្វ័យប្រវត្តិ និងការត្រួតពិនិត្យយានយន្ត ដោយ GPS ដែលជួយកាត់បន្ថយការកកស្ទះ បង្កើនប្រសិទ្ធភាពនូវដំណើរការ។
យោងតាមលោក តា មិញវ៉ាង (Ta Minh Vang) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសេវាកម្ម ព័ត៌មានវិទ្យា CEH - អង្គភាពអភិវឌ្ឍប្រព័ន្ធកំពង់ផែឌីជីថល "Make in Vietnam" ការអនុវត្តបច្ចេកវិទ្យា បានកាត់បន្ថយពេលវេលា និងការចំណាយ។ បើពីមុន កុងតឺន័រនីមួយអាចចំណាយពេលរហូតដល់បីថ្ងៃ ដើម្បីបញ្ចប់នីតិវិធីឆ្លងកាត់កំពង់ផែ ប៉ុន្តែឥឡូវនេះ ត្រូវការតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីបំពេញនីតិវិធី លើវេទិកាឌីជីថល។
ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon) ត្រូវបាននាយករដ្ឋមន្ត្រី ប្រគល់កិត្តិនាមជា "វីរបុរសពលកម្ម" ពីរលើក និងទទួលបានម៉ាកយីហោជាតិប្រាំបីលើកបន្តគ្នា ដែលបញ្ជាក់ពីជំហររបស់ក្រុមហ៊ុនកំពង់ផែសមុទ្រ និង logistics ឈានមុខគេនៅវៀតណាម៕
អត្ថបទ៖ ថុងហាយ និងរូបថត៖ ថុងហាយ / VNP និងឯកសាររបស់ក្រុមហ៊ុន តឹនកាងសៃហ្គន (Tan Cang Sai Gon)
ប្រែសម្រួលដោយង្វៀនយ៉ាង











