តាំងទៀន (Tang Tien) - ជីវិតថ្មីនៃសិប្បកម្មត្បាញឫស្សី និងផ្តៅវៀតណាម

តាំងទៀន (Tang Tien) - ជីវិតថ្មីនៃសិប្បកម្មត្បាញឫស្សី និងផ្តៅវៀតណាម

លាក់ខ្លួនក្នុង​តំបន់ជនបទមួយនៃគិញបាក់ (Kinh Bac - ឥឡូវ​នេះគឺជា​រដ្ឋធានី ហាណូយ)  ដ៏ស្ងប់ស្ងាត់ ភូមិត្បាញឫស្សី និង​ផ្តៅ​តាំងទៀន  (Tang Tien)​ កំពុងបន្តសរសេររឿងរ៉ាវនៃបេតិកភណ្ឌ​សិប្បកម្ម​ ដែលមានអាយុកាលជាង ៣០០ឆ្នាំ។ ពី​បណ្ដា​ផលិតផល​​ត្បាញ​សាមញ្ញ បម្រើជីវិតប្រចាំថ្ងៃ ភូមិនេះ​បានផ្លាស់ប្តូរ​បន្តិចម្តងៗ រួមបញ្ចូល​បច្ចេកទេស​ប្រពៃណី​ ជាមួយ​នឹង​នវាបុវត្តន៍ ដើម្បីបង្កើតជីវិតថ្មី សម្រាប់សិប្បកម្មឫស្សី និងផ្តៅវៀតណាម។

បន្ទោះឫស្សីបានហាលនៅក្នុងទីធ្លាមានកម្ដៅ ធានាបាននូវភាពស្ងួតទាំងស្រុង ដើម្បីកាត់បន្ថយហានិភ័យសំណើម និងដុះ​ផ្សិត។ រូបថត៖ ថាញយ៉ាង/VNP

ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ទៅទិសឦសាននៃរដ្ឋធានី ហាណូយ សង្កាត់ណែញ (Nenh) (ខេត្តបាក់និញ (Bac Ninh)) លេចឡើងភាពសាមញ្ញនៃតំបន់ជនបទមួយ នៃគិញបាក់ (Kinh Bac)។ ប៉ុន្តែពីខាង​ក្រោយ​គុម្ព​ឫស្សីពណ៌បៃតងគឺជាចង្វាក់ជីវិត ដែលមានលក្ខណៈពិសេសនៃសំឡេងក្រឹតៗពីកីត្បាញ ក្លិនឫស្សី​អប់ផ្សែង និង​ដៃរហ័សរហួន​របស់​សិប្បករ​រាប់ពាន់នាក់។

ភូមិត្បាញឫស្សី និងផ្តៅតាំងទៀន  (Tang Tien) មានប្រវត្តិ​ជាង​បី​សតវត្ស​មកហើយ ដោយសិប្បកម្មត្បាញនេះ​បានបន្ត​យ៉ាងហោច​ណាស់ ១០ជំនាន់។ ដំបូងឡើយ នេះគ្រាន់តែជាការងារ​បន្ថែម ​ក្នុងអំឡុងពេលទំនេរពីកសិកម្ម ដោយធ្វើកន្ត្រក កញ្ជ្រែង កញ្ជើរ  និងល្អី ដើម្បីបម្រើដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន​នៅតំបន់​ដី​សណ្ត​​ភាគខាង​ជើង។ យូរៗទៅ ភាពប៉ិនប្រសប់​របស់សិប្បករ​​បាន​កម្លាយ​បន្ទោះឫស្សីសាមញ្ញៗ ទៅជាសិប្បកម្ម​ដ៏​ទំនើប​មួយ។

ជ្រុងមួយនៃកន្លែងផលិតនៅក្រុមហ៊ុនឫស្សីផ្តៅ តាំងទៀន ខេត្ត បាក់យ៉ាង (Tang Tien Bac Giang) ដែលដឹកនាំដោយលោកនាយក ឌិញ វ៉ាន់ ទៀន (Dinh Van Tien) ។​
កំរាលព្រំត្បាញយ៉ាងស្មុគស្មាញ ដែលមានពណ៌ចម្រុះ កំពុង​លេចចេញរូបរាង តាមរយៈកីតម្បាញនីមួយៗ។

សិប្បករ ឌិញ វ៉ាន់ទៀន (Dinh Van Tien) អង្គុយលើរានហាល ផ្ទះរបស់គាត់ក្នុងភូមិ​ ជួ (Chua) នៅតែធ្វើការ​យ៉ាង​ឧស្សាហ៍​ព្យាយាមជាមួយបន្ទះឫស្សីស្តើងៗពណ៌ស។ កើតនៅឆ្នាំ ១៩៤៩ គាត់គឺជា "ឃ្លាំងប្រវត្តិសាស្ត្ររស់" ម្នាក់របស់ភូមិសិប្បកម្មនេះ។ លោក ទៀន (Tien) រំលឹកថា "ចាប់ពីមានអាយុ ៥ ឬ ៦ឆ្នាំ កុមារនៅក្នុងភូមិបានចេះកាន់បន្ទោះឫស្សី និងរៀនត្បាញ ​សូម្បីតែ​មុន​ពេល​ពួកគេចេះអាន និង​សរសេរអក្សរទៅទៀត"។

យោងតាមលោក ទៀន (Tien) ​អាថ៌កំបាំងនៃការបង្កើត​ផលិតផល​ដ៏ស្រស់ស្អាតមួយ មិនមែនស្ថិតនៅលើ​កម្លាំង​ទេ ប៉ុន្តែស្ថិតនៅលើ​ភាព​អត់ធ្មត់ និងភាពផ្ចិតផ្ចង់នៃដៃទាំងគូ។ បន្ទះឫស្សី​ត្រូវបាន​ពុះចេញពីដើម យកចំណែកចាស់ ត្រង់ ស្តើង និងអាច​បត់បែនបាន។ 

សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien)  (ស្តាំ) នៅលើរានហាលផ្ទះរបស់គាត់ ជាកន្លែងដែលគាត់បាន​ចំណាយ​ពេល​​ជាងពាក់កណ្តាលនៃជីវិតរបស់គាត់ "រក្សាមុខរបរតម្បាញ​វាំងននឫស្សី" ។ រូបថត៖ ថាញ​យ៉ាង/VNP
សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien)។  រូបថត៖ ថាញ​យ៉ាង/VNP
ពីឧបករណ៍ វត្ថុធាតុដើមសាមញ្ញៗ ដៃដ៏ប៉ិនប្រសប់របស់សិប្បករ តាំងទៀន (Tang Tien) បានបង្កើតស្នាដៃ​សិល្បៈធ្វើពីឫស្សី​ដ៏ប្រណិត។ រូបថត៖ ថាញ់ យ៉ាង/ VNP

ប្រសិនបើសិប្បករ ឌិញ វ៉ាន់ទៀន (Dinh Van Tien)  ជា​អ្នកថែរក្សាសិប្បកម្មប្រពៃណី រីឯលោក ឌិញ វ៉ាន់ទីញ (Dinh Van Tinh) វិញ - នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គល​ឫស្សីផ្តៅ​ តាំងទៀន បាក់​យ៉ាង  (Tang Tien Bac Giang) - បានរួមចំណែកបង្កើត​ចំណុច​របត់ថ្មីមួយ​ជូន​ភូមិសិប្បកម្ម។ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែល​ផលិតផលត្បាញ​ប្រពៃណី​កំពុងនៅនឹងមួយកន្លែង លោក​បានទៅកាន់ភូមិ​សិប្បកម្ម​ផ្សេងទៀត ដើម្បីរៀនបទពិសោធន៍។ នៅឆ្នាំ១៩៩៩ លោកបាន​បង្កើត​សហករណ៍ត្បាញឫស្សី ផ្តៅ តាំងទៀន (Tang Tien) ​កត់​សម្គល់​​ជំហានបន្លាស់ប្តូរទៅជាបច្ចេកទេស​ត្បាញវាំងនន់​ឫស្សីទំនើប។ 

ការបង្កើតឡើងសហករណ៍ត្បាញឫស្សី​ផ្តៅ តាំងទៀន (Tang Tien) បានបង្កើតបន្លាស់ប្តូរសំខាន់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច​ក្នុង​ស្រុក​​។ ពីការងារបន្ថែមមួយ ដែលធ្វើក្នុងអំឡុងពេលទំនេរ ពីរដូវកសិកម្ម ការត្បាញឫស្សី និងផ្តៅបានក្លាយជាប្រភពចំណូល​សំខាន់​ សម្រាប់​​គ្រួសារជាច្រើន រួមចំណែកប្រហែល ៨០% នៃប្រាក់​ចំណូល​​របស់​ប្រជាជននៅក្នុងតំបន់។ បច្ចុប្បន្ននេះ ផលិតផល​សំខាន់ៗ​របស់ភូមិសិប្បកម្ម រួមមាន វាំងនន់ឫស្សី វាំងនន់ការពារ​កម្តៅ​ថ្ងៃ និង​វត្ថុសិប្បកម្មគុណភាពខ្ពស់។

ដំណាក់កាលត្រួតពិនិត្យ និងពិនិត្យមើល​សមត្ថភាពទ្រ​ទម្ងន់នៃវាំងននឫស្សី។ រូបថត៖ ថាញ​យ៉ាង/VNP 

អ្វីដែលបង្កើតជាអត្តសញ្ញាណរបស់តាំងទៀន (Tang Tien) គឺវិធីសាស្ត្រ​កែច្នៃ​ តាមបែបធម្មជាតិទាំងស្រុង។ ជំនួសឱ្យការ​ប្រើប្រាស់​​ពណ៌​គីមី ឫស្សីត្រូវបានឆ្អើរផ្សែងភ្លើងចំបើង ឬឈើ​ស្ងួត ដើម្បីបង្កើតពណ៌​ត្នោត​ក្រហមដ៏ស្រស់ស្អាត និងប្រើប្រាស់​បានយូរ ខណៈពេល​ដែល​ការពារវា​ពីសត្វកណ្តៀរ។ ដំណើរការ​ផលិតត្រូវបាន​ឆ្លងកាត់​ដំណាក់កាល​តឹងរ៉ឹងចំនួនប្រាំ៖ ជ្រើសរើសវត្ថុធាតុដើម កែច្នៃបឋម ច្រៀកបន្ទះឫស្សី ឆ្អើរផ្សែង ត្បាញ និងបញ្ចប់​ការ​រចនា។

អ្នកទេសចរកំពុងស្តាប់នូវ​ការណែនាំអំពីផលិតផលឫស្សី តាំងទៀន (Tang Tien) ។ រូបថត៖ ថាញ់ យ៉ាង/ VNP

លោក ឌិញ វ៉ាន់ទិញ (Dinh Van Tinh) បាននិយាយ ដោយមោទនភាពថា៖ «ដោយការរួមផ្សំ​​សិប្បកម្ម​ប្រពៃណី​ជាមួយ​នឹង​ម៉ាស៊ីនត្បាញទំនើបៗ ភូមិសិប្បកម្មបច្ចុប្បន្នមានកម្មករ​ប្រហែល ៤០០០នាក់ជាប្រចាំ។ ផលិតផលជាច្រើន បានទទួល​វិញ្ញាបនបត្រ OCOP ផ្កាយ ៣ និង ៤ ហើយបាន​ទីផ្សារ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ កាណាដា និងប្រទេសដទៃទៀតទទួលស្វាគមន៍»

វាំងននឫស្សីតុបតែងលម្អ រួមផ្សំជាមួយឃ្លាន​ឆ្លង​ឆ្លើយ​ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណី។ រូបថត៖ ថាញ់ យ៉ាង/ VNP

សព្វថ្ងៃនេះ តាំងទៀន (Tang Tien)  មិនត្រឹមតែជាទី​ផលិត​ផលិតផល​សិប្បកម្មប៉ុណ្ណោះទេ ថែមទាំងជាគោលដៅ​ទាក់ទាញ​ សម្រាប់ភ្ញៀវឆ្លងកាត់​បទពិសោធន៍ដ៏ចាប់ចិត្តផងដែរ។ ​ភ្ញៀវទេសចរ​មក​ទីនោះ អាចមើលឃើញផ្ទាល់នូវ​ដំណាក់​កាល​ផលិត​នីមួយៗ ព្រមទាំងបណ្ដែតអារម្មណ៍ក្នុង​ចង្វាក់នៃជីវិត នៅក្នុ​ង​ភូមិវៀតណាម​ ដែលនៅតែ​រក្សាបាន​នូវ​សោភ័ណ្ឌភាព​ប្រពៃណីក្នុ​ងលំហូរទំនើប។

សិប្បករ ឌិញ វ៉ាន់ ទៀន (Dinh Van Tien) បានចែករំលែកថា៖ «នៅមានជាងតម្បាញ នឹងនៅមានភូមិសិប្បកម្ម»។​ សម្តីសាមញ្ញ​នេះ​ដូចជាការបញ្ជាក់ពីជីវិតរឹងមាំរបស់តាំងទៀន (Tang Tien) - ទី ដែលរបរឫស្សីផ្តៅវៀតណាម​កំពុងតែនៅ​បន្តអភិរក្ស បន្លាស់ថ្មី  និងបង្រៀនបន្តទៅមនុស្សជំនាន់ក្រោយ៕

អត្ថបទ និងរូបថត៖ ថាញ់ យ៉ាង / VNP


Top