តាមយ៉ាង (Tam Giang) - ទីតាំងទឹកទន្លេចេះនិទានរឿង

តាមយ៉ាង (Tam Giang) - ទីតាំងទឹកទន្លេចេះនិទានរឿង

ទឹកដី តាមយ៉ាង (Tam Giang) ធំទូលាយ រហោស្ថាន បរិសុទ្ធ ប៉ុន្តែពោរពេញដោយភាពទាក់ទាញ។ លាក់ខ្លួននៅក្រោមផ្ទៃទឹក​ពណ៌ខៀវធំល្វឹងល្វើយនោះ គឺជាពិភពដ៏សម្បូរបែប​នៃ​ជីវិត​សត្វ​រស់​ក្នុងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រឿងរ៉ាវ​អាថ៌​កំបាំងអំពី​ជីវិតរបស់អ្នកស្រុកនៃបឹងធំបំផុត​ នៅ​អាស៊ីអាគ្នេយ៍​ផងដែរ។

មើលពីលើចុះក្រោម ទូកតូចៗដែលប្រមូលផ្តុំគ្នា មើលទៅដូចជាស្លឹកឈើអណ្តែតលើទឹក។ រូបថត៖ ហ័ងហា/ VNP

ក្រោមពន្លឺនៃព្រះអាទិត្យជិតអស្ដង្គតនៅមាត់បឹង​ទឹក​ប្រៃនេះ ប្រាសាទគោរពបូជាអារក្សទឹក រួមជាមួយនឹងបដាពណ៌ក្រហម ដែលបក់បោកដោយស្ងៀមស្ងាត់តាមជំនោខ្យល់ ហាក់ដូចជា​អញ្ជើញភ្ញៀវទេសចរពីចម្ងាយ ចូលមកទស្សនា​តំបន់​ទឹកទន្លេ​ដ៏អាថ៌កំបាំងនៃទីក្រុងហ្វេ (Hue)

នៅពេលដែលព្រះអាទិត្យរះឡើង បញ្ចេញពន្លឺពណ៌មាស លើផ្ទៃបឹង ប្រជានេសាទ​ចាប់ផ្តើមថ្ងៃថ្មីនៃ​ការរកប្រាក់​ចិញ្ចឹមជីវិត។ រូបថត៖ ហ័ងហា/ VNP
 

បឹងទឹកប្រៃ តាមយ៉ាង (Tam Giang)គឺជាបឹងទឹកប្រៃធំបំផុត​នៅអាស៊ីអាគ្នេយ៍ ទំហំប្រមាណ ៥២​ គីឡូម៉ែត្រការ៉េ ដែល​ជាកន្លែង​ប្រសព្វគ្នានៃទន្លេធំៗចំនួនបីគឺ អូឡាវ (O Lau) ហឿង(Huong) និងបូ (Bo) មុនពេលហូរចេញទៅកាន់​សមុទ្រ​តាមរយៈមាត់ទន្លេ ថួនអាន (Thuan An)។ កាលពីមុន តាម​បណ្តោយបឹង នៅ​មាន​ផ្លូវគមនាគមន៍​យុទ្ធសាស្ត្រ​ខាងជើង -ខាងត្បូងឆ្លងកាត់ផងដែរ។ នៅក្នុងការចងចាំ​របស់​មនុស្ស​ជាច្រើន​ជំនាន់ តាមយ៉ាង (Tam Giang) ធ្លាប់ជា​បឹងទឹកធំល្វឹងល្វើយ រហោស្ថាន និងទឹកហូរខ្លាំងក្លា ដូច្នោះហើយជីវិតរបស់អ្នកស្រុក​នៅទីនេះក៏ភ្ជាប់ជាមួយ​នឹងរឿង​រ៉ាវអាថ៌កំបាំងជាច្រើន ពាក់កណ្តាលការពិត ពាក់កណ្តាល​អស្ចារ្យ។

អ្នកស្រុកបានរៀបរាប់ថា ពីអតីតកាល ប្រជាជនទី​នេះរស់នៅ​រាយប៉ាយពាសពេញលើផ្ទៃបឹង ហាក់ដូចជាកាត់ផ្ដាច់​ពីពិភព​ខាង​ក្រៅ​ទាំងស្រុង​។ ពួកគេជឿលើការការពារ និងកា​រ​គ្រប់គ្រង​របស់​អាទិទេពនៃតំបន់បឹងទន្លេ  ដោយហេតុនោះ ក៏កើតឡើង​នូវ​ទំនៀម​​ទម្លាប់​ប្លែកៗជាច្រើន ដែលឆ្លុះបញ្ចាំង​ពី​ពិសេសភាព​វប្បធម៌​​របស់សហគមន៍ប្រជាជននៅទីនេះ។

ពិធីបួងសួងសុំការនេសាទជាច្រើន​សន្ធឹក ​របស់អ្នកនេសាទ​នៅតំបន់បឹង​តាមយ៉ាង ត្រូវបានធ្វើឡើងនៅលើបឹង - ជាកន្លែង​ពួកគេរកស៊ី ចិញ្ចឹមជីវិត និងពឹងផ្អែកលើការការពារពី ផ្ទៃទឹក​ដ៏​ធំទូលាយ។ រូបថត៖ ហ័ងហា/ VNP
នាពេលរសៀល នៅលើបឹងតាមយ៉ាង មានទេសភាព​មេឃ​ពណ៌ស្វាយ​ដ៏ស្រស់ស្អាត។ រូបថត៖ ថាញ់ហ័រ / VNP

សព្វថ្ងៃនេះ បឹងទឹកប្រៃ តាមយ៉ាង (Tam Giang)  បានក្លាយ​ជាកន្លែង​រមណិយដ្ឋានល្បីៗ មួយនៃអតីតរាជធានីហ្វេ (Hue)។ សម្រស់​នៅទីនេះ ស្ថិតនៅក្នុងស្ថានភាពរហោស្ថាន​ដ៏កម្រ ៖ នៅពេល​ព្រឹក ផ្ទៃបឹងភ្លឺចែងចាំង​ជាមួយនឹងពណ៌​មាស​នៅ​ក្រោម​ពន្លឺ​អារុណោទ័យ​​។ នៅពេលល្ងាច លំហទាំងមូល​ត្រូវបានគ្រប​ដណ្តប់​ ដោយពន្លឺពណ៌ស្វាយនៃពន្លឺអស្ដង្គត។

នៅចំកណ្តាលលំហទឹកធំល្វឹងល្វើយនោះ រប៉េះរប៉ោះ​ភូមិនេសាទ​តូចៗប្រមូលផ្តុំគ្នា​ នៅលើទូក​ឈើ​សាមញ្ញៗ​។ សម្លឹងមើលពី​ចម្ងាយ បណ្តាទូកទាំងនោះ​ហាក់ដូចជាស្លឹក​ឫស្សីស្តើង កំពុង​អណ្តែតដោយ​ស្ងាត់ៗនៅលើ​ផ្ទៃទឹកដ៏​ធំទូលាយ។

រូបភាពគួរឱ្យចាប់អារម្មណ៍នៃលប ដែលបានដាក់​ពាសពេញលើផ្ទៃបឹងតាមយ៉ាង។ រូបថត៖ ថាញហ្វ័រ/VNP
ពេលព្រះអាទិត្យរះ  បឹងតាមយ៉ាងបញ្ចេញពន្លឺពណ៌មាស​ក្រោម​ពន្លឺ​ថ្ងៃពេលព្រឹកព្រលឹម។ រូបថត៖ ថាញ់ហ័រ / VNP

ប្រជាជននៅទីនេះ រកស៊ី និងចិញ្ចឹមជីវិតដោយការនេសាទ។ ពួកគេដាក់លប បង់សំណាញ់ ដាក់អន្ទាក់ ឬជ្រមុជខ្លួន​ក្នុងទឹក​ត្រជាក់ ដើម្បីចាប់ងាវ និង​គ្រឿងសមុទ្រផ្សេងៗជាច្រើន​ប្រភេទ​ទៀត ដែលជាប្រភេទពិសេសនៃតំបន់ឆ្នេរសមុទ្រ។ ដោយ​​​លក្ខ​ខណ្ឌធម្មជាតិពិសេសទាំងនោះ បានបង្កើត​រស់ជាតិ​​ពិសេស នៃ​ជលផលនៃតំបន់ តាមយ៉ាង (Tam Giang)។

ប្រហែលជាដោយសាតែបណ្ដរូបភាពសាមញ្ញ ភាពជាធម្មជាតិ និង​ជួនកាលមានស្ថានភាពបុរាណទាំងនោះ ដែលប៉ះពាល់ដល់​អារម្មណ៍​របស់​មនុស្ស​​យ៉ាងជ្រៅបំផុត។ ភ្ញៀវមកទស្សនា​បឹង​ទឹក​ប្រៃ តាមយ៉ាង (Tam Giang) ​មិនត្រឹមតែគយគន់​ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងយល់នូវចង្វាក់​នៃ​ជីវិត​​យឺតៗ​ របស់សហគមន៍​ប្រជាជនរស់ ក្នុងតំបន់​បឹងទន្លេ ដែល​នៅតែរក្សា​ទំនៀមទំលាប់ប្រពៃណី​ដ៏កម្រជាច្រើន ​របស់ប្រជាជន​​នៅភាគកណ្តាល។  នោះជាកន្លែងមួយ ដើម្បីសង្កេតមើល​ខណៈពេលមេឃដី និងទឹកប្រសព្វគ្នា ក្នុងលំហធំល្វឹង​ល្វើយមួយ ពោរពេញដោយភាពរ៉ូមែនទិក និង​ឥតទីបញ្ចប់។


ចាកចេញពីបឹងទឹក​ប្រៃ តាម​យ៉ាង (Tam Giang) ខណៈពេល​ដែលព្រះ​អាទិត្យរៀបលិចចាំងពន្លឺពណ៌​ស្វាយ​គ្របដណ្តប់ពេញ​ផ្ទៃទឹក​បឹង​។ អង្គុយក្នុងហាងកាហ្វេតូច​មួយ​ក្បែរមាត់បឹង​ ក្លិន​ចំហាយ​នៃបង្គានិងត្រី ​ដែលទើបនេសាទបាន​ថ្មីៗ ស្របនឹងជំនោខ្យល់​បក់មក ​ហាក់ដូចជាទាញដំណើរ​មិនចង់ឲ្យ​ភ្ញៀវ​ចាកចេញទៅ។ ទោះបីជាយើង​ត្រូវនិយាយ​ពាក្យ​ថាលាក៏ដោយ យើងនៅតែ​សង្ឃឹម​ថា នឹងត្រលប់មកតំបន់នេះ​វិញនៅថ្ងៃណាមួយជាពុំខាន​ឡើយ៕

អត្ថបទ៖ ថាញ់ហ័្វរ - រូបថត៖ ថាញ់ហ័្វរ ហ័ងហា / VNP



Top