ឌីជីថលបេតិកភណ្ឌពីបច្ចេកវិទ្យា ៣D
ស្ថាបត្យករ ឌីញវៀតភឿង(Dinh Viet Phuong)រួមជាមួយនឹងក្រុមហ៊ុនភាគហ៊ុន ៣D បានចាប់ផ្តើមការងារឌីជីថលបេតិកភណ្ឌវប្បធម៌នេះ តាំងពីឆ្នាំ ២០០៤ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយវប្បធម៌វៀតណាមក្នុងយុគសម័យឌីជីថល។
នៅប្រទេសវៀតណាម បច្ចុប្បន្នការឌីជីថល បេតិកភណ្ឌត្រូវបានអនុវត្តដោយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជាច្រើន។ ក្នុងនោះ ស្ថាបត្យករ ឌីញវៀតភឿង (Dinh Viet Phuong) នៃក្រុមហ៊ុនភាគហ៊ុន ៣D ក៏ជាមនុស្សម្នាក់ដែលបានចាប់ផ្តើមការងារនេះតាំងពីឆ្នាំ២០០៤។ លោក ភឿង (Phuong) បានចាប់ផ្តើមជាមួយនឹងក្រុមស្ម័គ្រចិត្ដនៃសាកលវិទ្យាល័យស្ថាបត្យកម្ម ហាណូយ (Ha Noi) ដើម្បីគូរគំនូរ ៣D អំពីតំបន់វិថីបុរាណហាណូយ និងតាំងពិព័រណ៍ស្នាដៃគូរអំពីហាណូយ (Ha Noi) ក្នុងសម័យទាំងបីគឺ ចុងសតវត្សទី ១៩ ហាណូយ (Ha Noi) ដើមសតវត្សទី ២០ និង ហាណូយ (Ha Noi) ក្នុងរដូវរងាឆ្នាំ ១៩៤៦។ នៅពេលដែលការតាំងពិព័រណ៌បានទទួលភាពជោគជ័យ លោក ភឿង (Phuong) បានចាប់ផ្តើមបើកក្រុមហ៊ុនមួយ ដើម្បីបង្កើតផលិតផលដែលមានតម្លៃវប្បធម៌ពីការធ្វើឌីជីថលបេតិកភណ្ឌ ។
ស្ថាបត្យករ ឌីញវៀតភឿង (Dinh Viet Phuong) បានចែករំលែកថា៖ “ខ្ញុំគិតថា ការរក្សាទុកលំហរបេតិកភណ្ឌដោយបច្ចេកវិទ្យានឹងក្លាយទៅជានិន្នាការក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ បេតិកភណ្ឌគឺជារឿងរបស់អ្នកជំនាញធ្វើការស្រាវជ្រាវ ហើយឌីជីថលដោយបច្ចេកវិទ្យាគឺជាឧបករណ៍សម្រាប់អនុវត្ត។ ដូច្នេះហើយ នៅពេលដែលគូរប្លង់ផលិតផលនីមួយៗ ខ្ញុំតែងតែធ្វើការជាមួយអ្នកជំនាញ ដើម្បីផលិតផលរបស់ខ្ញុំមានតម្លៃជាខ្លឹមវប្បធម៌ពិតប្រាកដ»។
យោងតាមលោក ភឿង (Phuong) បេតិកភណ្ឌបានឌីជីថល ដោយប្រើបច្ចេកវិទ្យា ៣D នឹងរួមមាន បេតិកភណ្ឌរូបី អរូបី និងអនុស្សាវរីយ៍។ នៅពេលបង្កើតផលិតផលឌីជីថល គាត់និងសហការីរបស់គាត់នឹងស្រាវជ្រាវពីបរិយាកាសវប្បធម៌ដែលទាក់ទងនឹងផលិតផលនោះ បន្ទាប់មកគេបង្កើតគម្រោងលម្អិតជាមួយអ្នកស្រាវជ្រាវឯកទេសពិភាក្សាអំពីគំនូរចុងក្រោយដាក់ឲ្យផលិតជាផលិតផល។ ប៉ុន្តែ រយៈពេល សម្រាប់បង្កើតជាគំនូរចុងក្រោយសម្រាប់ផលិតផលមួយគឺចំណាយរយៈពេលយូរ ពីព្រោះផលិតផលឌីជីថលនេះច្រើនតែមានទំនាក់ទំនងរវាងតម្លៃបេតិកភណ្ឌរូបី អរូបី និងអនុស្សាវរីយ៍។
មានបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងឌីជីថល វត្ថុបុរាណក្នុងសារមន្ទីរ ស្ថាបត្យកម្មវត្តអារាម និងឌីជីថលបេតិកភណ្ឌអរូបី ស្ថាបត្យករ ឌីញវៀតភឿង (Dinh Viet Phuong) បានស្ដារឡើងវិញនូវស្នាដៃស្ថាបត្យកម្មជាច្រើនដោយប្រើបច្ចេកវិទ្យាក្រាហ្វិក៣D ដូចជាវិថីបុរាណហាណូយ (Ha Noi) បដិមាព្រះពោធិសត្វ នៅវត្ត បាវអ៊ឹន (Bao An) សសរថ្មវត្ត យ៉ាម (Dam) ជាមួយស្ថាបត្យកម្មក្បាច់រចនាសត្វនាគ ក្នុងរាជកាលលី (Ly)... រួមចំណែកអភិរក្សសំណង់ស្ថាបត្យកម្មវៀតណាម។ ស្នាដៃក្រាហ្វិច ៣D ក្នុងឌីជីថលបេតិកភណ្ឌរបស់គាត់ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងវិស័យជាច្រើន។
លោក ភឿង (Phuong)បានមានប្រសាសន៍ថា មិនត្រឹមតែបង្កើតផលិតផលពីឌីជីថលបេតិកភណ្ឌប៉ុណ្ណោះទេ លោកក៏ផ្តោតលើការកសាងប្រព័ន្ធទិន្នន័យឌីជីថលអំពីបេតិកភណ្ឌផងដែរ។ ការឌីជីថលដ៏ល្អនូវបេតិកភណ្ឌនឹងបង្កើតប្រព័ន្ធមូលដ្ឋានទិន្នន័យត្រឹមត្រូវដើម្បីឱ្យមនុស្សជាច្រើន ជាពិសេសអ្នកដែលស្រឡាញ់វប្បធម៌ប្រពៃណីអាចប្រើប្រាស់ ធ្វើអាជីវកម្ម និងបង្កើតផលិតផលថ្មីបាន។ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយអភិវឌ្ឍតម្លៃវប្បធម៌វៀតណាមក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល។/.
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង/ កាសែតរូបភាពវៀតណាម និងឯកសារ
បកប្រែដោយង្វៀនយ៉ាង