ចង្វាក់រាំនៃទឹក និងម្សៅនៅវត្តកល្បព្រឹក្ស

ចង្វាក់រាំនៃទឹក និងម្សៅនៅវត្តកល្បព្រឹក្ស

 

ថ្មីៗនេះ ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរភាគខាងត្បូង​ប្រទេស​​វៀតណាម ក្រៅពីពិធីសាសនាដូចជា ពិធីស្រង់ព្រះ សកម្មភាពនានាដែលមានលក្ខណៈសហគមន៍ដូចជា ជះទឹក និងប៉ាតម្សៅ បានក្លាយជាចំណុចលេចធ្លោជក់ចិត្ត ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើក នូវជីវភាពវប្បធម៌ស្មារតីសាមគ្គីភាព នៃ​ជនរួមជាតិខ្មែរ នៅឃុំអូកែវ (ខេត្តអានយ៉ាង)។

ពិធីស្រង់ព្រះបានទាក់ទាញជនរួមជាតិខ្មែរយ៉ាងកុះករ នៅឃុំអូកែវ​មក​ចូលរួមបណ្ដាគ្រួសារ និងក្រុមមិត្តភក្តិបានរួមគ្នាប្រគេនទេយ្យ​ទាន បួងសួង​សូម​ពរជ័យ​ សេរីសួស្ដីឆ្នាំថ្មី។ ក្នុងពិធីស្រង់ព្រះ ប្រជាជនបានបន្តវេន​យក​​ទឹកអប់ប្រេង​​ក្រអូប​​ស្រោចស្រពលើព្រះពុទ្ធបដិមា ដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅ។ តាមទស្សនៈព្រះពុទ្ធសាសនា​​ថេរវាទ ពិធីនេះមានអត្ថន័យលាងជម្រះគ្រឿងមន្ទិល​​សៅហ្មង នាំផ្លូវមនុស្សលោក​​ទៅរកគុណតម្លៃដ៏ល្អប្រពៃ។ នេះក៏ជាចំណុចលេចធ្លោដ៏សំខាន់ ដែលទាក់ទាញ​​ប្រជាជន​យ៉ាងច្រើនកុះករ អញ្ជើញ​មកចូលរួមផងដែរ។

 
 
បរិយាកាសពោរពេញដោយសំឡេងសើចក្អាកក្អាយ​នៅក្នុងវត្ត នៅពេលដែលសកម្មភាពជះទឹក និងប៉ាត​ម្សៅប្រព្រឹត្ត​ទៅទន្ទឹមគ្នា បង្កើត​បាន​ជាផ្ទាំង​ទស្សនីយភាព​ជីវភាព​សហគមន៍​ចម្រុះពណ៌​របស់​ប្រជាជន​ខ្មែរ​។ រូបថត៖ ឡេមិញ​/កាសែតរូបភាពវៀតណាម

បន្ទាប់ពី​ពិធី​កិច្ច​សាសនា នៅ​ទីធ្លាវត្តបានប្តូរទៅជាសកម្មភាពនានា ដែលមានលក្ខណៈសហគមន៍វិញ​​។ សកម្មភាពជះទឹក បានប្រព្រឹត្តទៅយ៉ាងផុសផុល បង្កើតបានជាបរិយាកាសរីករាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម។ ទន្ទឹមនឹងនោះ សកម្មភាព​ប៉ាតម្សៅ ដែលភាគច្រើនយុវជន និងកុមារ ចូលរួមចំណែកបង្កើតនូវ​ការប្រាស្រ័យទាក់ទង​​គ្នាយ៉ាងជិតស្និទ្ធ។ ម្សៅសៗបានបាចសាចស្រាលៗ មិនមែនមានលក្ខណៈប្រកួតប្រជែងដណ្តើមចាញ់ឈ្នះនោះទេ ប៉ុន្តែវាបង្ហាញពីអត្ថន័យ នៃការប្រសិទ្ធពរជ័យ និងសំណាងល្អ។

នៅ​កណ្តាល​ថ្ងៃត្រង់​ បរិវេណវត្តកាន់តែមានភាពអ៊ូអរគគ្រឹកគគ្រេង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ស្រទាប់យុវវ័យ និងកុមារតូចៗ។ សកម្មភាពជះទឹកបានប្រព្រឹត្តទៅជាបន្តបន្ទាប់លាយឡំទៅដោយសំឡេងកញ្ជ្រៀវសើចសប្បាយក្អាកក្អាយ។ មិនត្រឹមតែប្រើប្រាស់ឧបករណ៍សាមញ្ញៗ ដែលធ្លាប់ប្រើដូចជា កាទឹក​ ធុង ឬត្រឡោកដួសទឹកនោះទេ កុមារជាច្រើនថែមទាំងបានយកកាំភ្លើងបាញ់ទឹកមកតាមខ្លួន បំប្លែងសកម្មភាពនេះទៅជាល្បែងកម្សាន្តដ៏រីករាយ បង្កើតបានជាខណៈពេលដ៏រស់រវើក ក្នុង​បរិយាកាសនៃ​ពិធីបុណ្យ។ ខ្សែទឹក​​ជះជូនគ្នានោះ មិនមែនជាការលេងសើចឌឺដងដាក់គ្នានោះឡើយ ប៉ុន្តែវាប្រៀបដូចជាពាក្យជូនពរឱ្យ​ទទួលបានសេចក្តីសុខ និងសិរីសួស្ដីទៅវិញ​

 

ទន្ទឹមនឹងនោះ សកម្មភាពប៉ាតម្សៅ ក៏បានទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករមក​ចូលរួមលេងដែរ។ ម្សៅសៗ បានបាចស្រាលៗ ប៉ះ​ស្មាអាវ និងសក់ក្បាល ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត។ តាមជំនឿប្រជាប្រិយ ស្រទាប់ម្សៅពណ៌ តំណាងឱ្យ​ភាពបរិសុទ្ធ រួមចំណែកបណ្តេញអស់រឿងមិនល្អទាំងឡាយក្នុងឆ្នាំចាស់ និងនាំមកនូវសិរីសួស្ដីឆ្នាំថ្មី។ ហេតុដូច្នេះ​​ ទីធ្លាវត្តកាន់តែរំភើបញាប់ញ័រថែមទៀតដោយសំឡេងសើចសប្បាយ នៅពេលដែលរាល់សកម្មភាពទាំងអស់ សុទ្ធតែបញ្ជាក់ពីរបៀបនៃការជួបជុំប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់​ចំណងសាមគ្គី

សកម្មភាពទាំងពីរខាងលើ សុទ្ធសឹងតែមានកម្លាំងទាក់ទាញយ៉ាងពិសេស ចំពោះយុវវ័យ ​​កុមារា និង​កុមារី ខណៈពេលដែលមនុស្សចាស់ៗផ្ដុំគ្នា​ទស្សនា​​មើល និងទះដៃគាំទ្រ​ជាខ្លាំង​​។ រូបភាព​​មនុស្សជាច្រើនជំនាន់ មានវត្តមានជាមួយគ្នា ចែករំលែកភាពសប្បាយរីករាយ នៅលំហររួមមួយនេះ បានបង្កើតឡើងការរួមរស់ ប្រកបដោយភាពកក់ក្តៅ រួមចំណែកបញ្ជាក់ពីតួនាទីពង្រឹងសាមគ្គីភាពសហគមន៍ ក្នុងជីវភាពវប្បធម៌ស្មារតី នៃជនរួមជាតិខ្មែរនៅឃុំអូកែវ ក៏ដូចជាប្រជាជនខ្មែរនៅ​ភូមិ​ភាគ​ខាងត្បូង​ទាំងមូលផងដែរ

  • អត្ថបទ៖ទ្រុងខាញ់/កាសែតរូបភាពវៀតណាម
  • រូបថត​ថុងថៀន- ឡេមិញ - ង្វៀនឡឹន/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top