ឃុំ ងៀដូ (Nghia Do) អភិវឌ្ឍខ្លួនតាមរយៈបណ្តាសេចក្តីសម្រេចរបស់បក្ស

ឃុំ ងៀដូ (Nghia Do) អភិវឌ្ឍខ្លួនតាមរយៈបណ្តាសេចក្តីសម្រេចរបស់បក្ស

តាមបណ្តោយដងអូរណឹមលួង (Nam Luong) ដែលហូរយ៉ាងស្ងៀមស្ងាត់ គឺជាបណ្តភូមិរបស់ជនជាតិតៃ (Tay) សម្បូរសប្បាយ ជាមួយនឹងពណ៌លឿងនៃជីវភាពធូរធារ។ ឃុំងៀដូ (Nghia Do) កំពុងខិតខំក្លាយជាគំរូដ៏ភ្លឺស្វាងនៃការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៅក្នុងខេត្ត អៀនបាយ (Yen Bai) ។ រូបថត៖ ម៉ាញគឿង

នៅកណ្តាលតំបន់ព្រៃភ្នំ នៅភាគពាយ័ព្យវៀតណាម ឃុំងៀដូ (Nghia Do)  (ខេត្ត ឡាវកាយ (Lao Cai) កំពុងអភិវឌ្ឍយ៉ាងខ្លាំង មិនមែនដោយពាក្យស្លោកដ៏ធំៗនោះទេ ប៉ុន្តែតាមរយៈការផ្លាស់ប្តូរដ៏ស្ងប់ស្ងាត់ និងស្វិតស្វាញ៖ ពីចម្ការដាំដំណាំត្រសក់ផ្អែមមាន​ពណ៌បៃតងខៀវស្រងាត់ និងដងភ្នំដាំដើមឈើអែម បន្តគ្នា រហូតដល់របៀបរស់នៅថ្មីមួយ កំពុងបង្កើតឡើង ដែលជាទីសេចក្តីសម្រេចរបស់បក្ស បានជ្រាបចូលទៅក្នុងជីវិតសហគមន៍យ៉ាងពិតប្រាកដ...

 

នៅចុងឆ្នាំ ២០២៥ ខណៈពេលដែលប្រទេសទាំងមូល កំពុងទន្ទឹងរង់ចាំមហាសន្និបាតលើកទី ១៤ របស់បក្ស យើងខ្ញុំបានចាកចេញពីរដ្ឋធានី ហាណូយ ដោយធ្វើដំណើរតាមបណ្តោយ​ផ្លូវល្បឿនលឿនហាណូយ - ឡាវកាយ (Ha Noi - Lao Cai) ទៅកាន់ឃុំ ងៀដូ (Nghia Do) ។ កន្លែងឈប់សំរាករបស់យើងគឺផ្ទះសំណាក់ (homestay) នៅក្នុងភូមិ បានលៀន (Ban Lien)។ ម្ចាស់ផ្ទះសំណាក់នេះគឺ លោក ហ័្វង វ៉ាន់វឿង (Hoang Van Vuong) ជាជនជាតិតៃ (Tay)បានស្វាគមន៍យើងខ្ញុំ​យ៉ាងកក់ក្តៅ ហើយគាត់មិន​ភ្លេចប្រាប់ប្រពន្ធរបស់គាត់ ឱ្យរៀបចំម្ហូបអាហារប្រពៃណីថា៖ "ទៅព្រៃដើម្បីបេះផ្កា បូពីប (Bo Pip ប្រភេទផ្កាពិសេស ដែល​ជនជាតិ​តៃធ្វើ​ជា​ម្ហូប) ហើយចុះអូរ ណឹម​លួង (Nam Luong)  ដើម្បីចាប់ត្រី ប៉ាឃីញ (Pa Khinh)ដើម្បីអញ្ជើញភ្ញៀវមកពីរដ្ឋធានី ហាណូយ!" នៅយប់នោះ ក្នុងអាកាសធាតុត្រជាក់ នៃតំបន់ព្រៃភ្នំភាគពាយ័ព្យ យើងខ្ញុំ​បានទទួលអារម្មណ៍យ៉ាងពេញលេញ ចំពោះភាពកក់ក្តៅរបស់ប្រជាជន និងម្ហូបអាហារជនជាតិតៃ (Tay) ដែលទើបរដ្ឋត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងខែតុលា ឆ្នាំ២០២៥។ 

នៅព្រឹកព្រលឹម ភូមិ បានលៀន (Ban Lien) បានគ្របដណ្ដប់ដោយអ័ព្ទ ពីជើងភ្នំ ខៅរៀ (Khau Ria)។ មើលពីចម្ងាយ គេឃើញផ្ទះឈើផុតពីដី ២ ជាន់របស់ជនជាតិតៃ (Tay) បង្ហាញខ្លួនយ៉ាងរឹងមាំព្រាលៗ ក្នុងអ័ព្ទ ដែល​ស្រស់ស្អាត ដូចគំនូរទេសភាពធម្មជាតិ។ ដោយភាពត្រជាក់ នៅតែសេសសល់ក្នុងវាលស្រែ លោក ដូ វ៉ាន់លឹវ (Do Van Luu) អនុលេខានៃគណៈកម្មាធិការបក្សឃុំ និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំងៀដូ (Nghia Do) បានមានវត្តមាន តាំងពីព្រឹកព្រលឹម ។ លោកបានចុះត្រួតពិនិត្យដំណើរការដាំដំណាំត្រសក់ផ្អែម​ ក្នុង​រដូវរ​ងារ ដែលជាគំរូ​​សេដ្ឋកិច្ច​កំពុងនាំមកប្រាក់ចំណូល សម្រាប់ប្រជាជនក្នុងតំបន់​។

 
សាខាបក្សនៅតំបន់ទី ៤ នៃឃុំ ងៀដូ (Nghia Do) តែងតែជាកត្តាសំខាន់ ក្នុងការអនុវត្តភារកិច្ចនយោបាយក្នុងស្រុក ហើយតែងតែនាំមុខ និងធ្វើជាគំរូ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់បក្ស។ រូបថត៖ វៀតគឿង/ VNP

នៅក្នុងចម្ការពោរពេញទៅដោយសំណើច និងការជជែកគ្នា លោក ម៉ា វ៉ាន់ហ្វ័ង (Ma Van Hoang) លេខាបក្សភូមិ បានលៀន (Ban Lien) បានចែករំលែកដោយមោទនភាពថា ៖ ដើម្បីមានផ្ទៃដីដាំដំណាំត្រសក់​ផ្អែមជាង ៣០ ហិកតា នៅថ្ងៃនេះ គឺជាលទ្ធផលនៃស្មារតី ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ របស់កងជួរបក្ខជន ជាពិសេសគឺតួនាទីនាំមុខរបស់លោក ដូ វ៉ាន់លឹវ (Do Van Luu)។ កាលពីប្រាំឆ្នាំមុន នៅពេលដែលលោកកាន់តំណែងជាលេខាគណៈកម្មធិការបក្សឃុំ ងៀដូ (Nghia Do) ចាស់  លោក លឹវ (Luu) បានហ៊ាននាំយកគំរូដាំដុះដំណាំត្រសក់ផ្អែមពីខេត្ត ទៀនក្វាង (Tuyen Quang) មកសាកល្បងដាំនៅក្នុងតំបន់នេះ។

លេខានៃសាខាបក្ស នៅតំបន់ទី ៤ នៃឃុំ ងៀដូ​ (Nghia Do)  លោក ម៉ា វ៉ាន់ហ្វ័ង (Ma Van Hoang) អនុវត្តផែនការដាំដុះ ក្នុងរដូវរងាជូនដល់​ប្រជាជននៅភូមិ បានលៀន (Ban Lien)។ រូបថត៖ វៀតគឿង/ VNP
 

នាពេលក្រឡេកមើលដំណើរនោះ លោក ដូ វ៉ាន់លឹវ (Do Van Luu) បានចែករំលែកថា៖ «នៅពេលដែលខ្ញុំទទួលយកភារកិច្ចនៅឆ្នាំ ២០២០ គណៈកម្មាធិការបក្សឃុំ បានកំណត់យ៉ាងច្បាស់អំពី ស្មារតីនៃសេចក្តីសម្រេចរបស់មហាសន្និបាកលើកទី ១៣ របស់បក្សស្តីពីការអភិវឌ្ឍកសិកម្មឆ្ពោះទៅរកទិសដៅបៃតង ទំនើប និងប្រកបដោយចីរភាព ដែលភ្ជាប់ទៅនឹងការកសាងជនបទថ្មី។ ការពិតនៃការដាំដុះស្រូវជាឯកវប្បកម្ម លែងសមស្របទៀតហើយ ដែលបង្ខំឱ្យតំបន់នោះស្វែងរកទិសដៅថ្មី។ តាមរយៈដំណើរទស្សនកិច្ច និងស្វែងយល់ សិក្សា គំរូដាំដំណាំត្រសក់ផ្អែមត្រូវបានជ្រើសរើស និងអនុវត្តយ៉ាងហ្មត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការវាយតម្លៃធាតុដី និងមានការគាំទ្រពីអ្នកជំនាញកសិកម្ម»។

នៅពេលដែលទទួលលទ្ធផលមានភាពវិជ្ជមានគណៈកម្មាធិការបក្សឃុំ បានចេញសេចក្តីសម្រេចមួយ ហើយបានផ្សព្វផ្សាយវាទៅកាន់សាខាបក្សភូមិនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ គ្រាដំបូងមិនអាចចៀសផុតពីការមន្ទិលសង្ស័យនោះឡើយ។ បក្ខជន​ម្នាក់ លោកស្រី ហ័្វង ធីដ័ន (Hoang Thi Doan) នៅក្នុងភូមិ ណាឌីញ (Na Dinh) បានរំលឹកថា៖ «អ្នកភូមិមិនធ្លាប់បានឃើញដំណាំត្រសក់ផ្អែម ពីមុនមកទេ ហើយមិនដឹងថា តើយើងដាំដំណាំនេះមានផ្លែ ឬអាចលក់បានឬអត់? សូម្បីតែបក្ខជនក៏មិនអាចឆ្លើយចម្លើយនេះពេញលេញបានដែរ។ ដោយប្រឈមមុខនឹងការពិតនោះ សាខាបក្សបានឯកភាពគ្នាលើទិសស្លោកថា «បក្ខជនដើរនាំមុខ ប្រជាជនដើរតាម»។ ចាប់ពីរងត្រសក់ផ្អែមដំបួងរបស់បក្ខជន គំរូនេះបានបង្ហាញឱ្យឃើញប្រសិទ្ធភាពបន្តិចម្តង​ៗ។ រហូតមកដល់បច្ចុប្បន្ន គ្រួសារភាគច្រើននៅឃុំងៀដូ (Nghia Do) មានដីពីរបីហិកតាដាំដំណាំត្រសក់ផ្អែម ដែលផ្តល់ប្រាក់ចំណូលស្ថិរភាព ជាមធ្យមប្រហែល ២០០ លានដុងក្នុងមួយឆ្នាំ»។ 

ស្មារតីនៃ «បក្ខជន​ដើរនាំមុខ  អ្នកស្រុកដើរតាម» ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការ​ជួបជុំរបស់សាខាបក្សផងដែរ។ យើងខ្ញុំបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់សាខាបក្សភូមិ បានលៀន (Ban Lien)នៅមជ្ឈមណ្ឌលអភិរក្ស និងផ្លាស់ប្តូរវប្បធម៌ជនជាតិតៃ (Tay) ក្នុងឃុំ ងៀដូ (Nghia Do) ដែលជាស្ថាប័នវប្បធម៌មួយ ត្រូវបានបង្កើតឡើង ដែលជាលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចលេខ ៣៣-NQ/TW នៃគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ១១  ស្តីពី "ការកសាង និងអភិវឌ្ឍវប្បធម៌ និងប្រជាជនវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព"។

ក្នុងចម្ការដាំដំណាំត្រសក់ផ្អែម នៅឃុំ ងៀដូ​ (Nghia Do) កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្ម ហើយបាននាំមកនូវលទ្ធផលវិជ្ជមាន។ រូបថត៖ វៀតគឿង/ VNP

មជ្ឈមណ្ឌលនេះប្រៀប​ដូចជាសារមន្ទីរខ្នាតតូច ដែលរក្សាទុកសម្លៀកបំពាក់ប្រពៃណី សិប្បកម្ម និងវត្ថុបុរាណ ដែលទាក់ទងនឹងដំណើរជាង ១៥០០ ឆ្នាំរបស់ជនជាតិតៃ (Tay) ទៅកាន់ឃុំ ងៀដូ (Nghia Do) ដើម្បីបង្កើតភូមិ។ នៅទីនោះក៏ជាកន្លែងសម្រាប់បង្រៀនចំណេះដឹងប្រជាប្រិយអំពី ការត្បាញ ការត្បាញឫស្សីធ្វើកន្ត្រក និងម្ហូបអាហារ ផងដែរ។ ជាពិសេស "ចំណេះដឹងប្រជាប្រិយអំពី ការធ្វើត្រីអាំង ទាដុតបំពងឫស្សី និងស្រារុក្ខជាតិរបស់ជនជាតិតៃ (Tay) ក្នុងឃុំងៀដូ (Nghia Do)" ថ្មីៗនេះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដែលជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វប្បធម៌ខេត្ត ឡាវកាយ (Lao Cai)

 

អនុវត្តសេចក្តីសម្រេចលេខ ១៨-NQ/TW ស្តីពីការរៀបចំឡើង​វិញរចនាសម្ព័ន្ធម៉ាស៊ីនមាន​ការបង្រួម និងប្រសិទ្ធភាព ឃុំ ងៀដូ  (Nghia Do) ត្រូវបានបង្កើតឡើង ដោយការច្របាច់បញ្ចូលគ្នានូវឃុំចាស់ចំនួនបីគឺ ងៀដូ (Nghia Do) តឹនទៀន (Tay Tien) និងវិញយ៉េន (Vinh Yen)។ មហាសន្និបាតលើកទីមួយរបស់បក្សឃុំ (អាណត្តិ ២០២៥ - ២០៣០) បានទទួលសមិទ្ធផលពីមុនៗជាច្រើន ដោយផ្តោតលើការបង្រួមរចនាសម្ព័ន្ធម៉ាស៊ីន និងធានាថា ប្រព័ន្ធនយោបាយបាន​ដំណើរការ ប្រកប​ដោយភាពរលូន ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានស្មារតី "ដំណើរការបណ្ដើរៗ ធ្វើការបណ្ដើរៗ និងកែសម្រួលបណ្ដើរៗ ដើម្បីសមស្របទៅនឹងការពិតជាក់ស្តែង​"។


ភារកិច្ចសំខាន់មួយទៀត គឺការអនុវត្តសេចក្តីសម្រេចលេខ ៦៨-NQ/TW ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន​។ លោក ដូ វ៉ាន់លឹវ (Do Van Luu)  អនុលេខានៃគណៈកម្មាធិការបក្សឃុំ និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំងៀដូ (Nghia Do) បានមានប្រសាសន៍ថា "នៅពេល​ដែលដំណាំត្រសក់ផ្អែម​ និ​ង​ដើម​ឈើអែមបានបញ្ជាក់តួនាទីសំខាន់របស់ខ្លួន ឃុំ ងៀដូ (Nghia Do) កំពុងឈានចូលដល់ដំណាក់កាលរៀបចំផែនការ ដោយធ្វើឱ្យសុក្រិតយន្តការសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឯកជន"។

 

ឃុំ ងៀដូ​ (Nghia Do) បានបង្កើតផ្ទៃដីដាំដើមឈើអែមចំនួន ៧០០០ ហិកតា ដែលផ្តល់ប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាង ២០០ ក្រុម ។ រូបថត៖ វៀតគឿង/ VNP

យើងបានទៅទស្សនាសហករណ៍ដាំដើមឈើអែម ងៀដូ (Nghia Do) ដែលមានទីតាំងនៅលើភ្នំខ្ពស់។ លោក ហ័្វង វ៉ាន់ភឿង (Hoang Van Phuong) - ប្រធានសហករណ៍ កំពុងដឹកនាំការសាងសង់រោងចក្រចម្រាញ់ប្រេងឈើអែម ដែលមានតម្លៃជាង ១៥ ពាន់លានដុង។ លោក ភឿង (Phuong) បានមានប្រសាសន៍ថា “ដើមឈើអែមបានចាក់ឫសនៅឃុំ ងៀដូ (Nghia Do) អស់រយៈពេលរាប់រយឆ្នាំមកហើយ ប៉ុន្តែវាទើបតែនាំយក​នូវ​តំម្លៃខ្ពស់ នៅពេល​ដែលការផលិត និងការកែច្នៃត្រូវបានរៀបចំជាប្រព័ន្ធ​។ "ការវិនិយោគលើរោងចក្រ ជួយកសិករដាំដើមឈើអែម​ ដែលម្ចាស់ការក្នុង​ដំណាក់កាលកែច្នៃ បង្កើនប្រាក់ចំណេញ និងកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជករ"។

ក្រៅពីការដាំដុះដើមឈើអែម  ជនជាតិ តៃ (Tay) នៅឃុំ ងៀដូ​ (Nghia Do) បានដាំដើម អាកាស្យា ដើម្បីគ្របដណ្តប់លើផ្ទៃដីទំនេរ​ និង​ភ្នំស្ងួត​ហួតហែងគ្មាន​ឈើ។ ផលិតផលបន្ទះឈើអាកាស្យា ត្រូវបានអាជីវករមកដល់រោងជាង ដើម្បី​ប្រមូលទិញ ។ រូបថត៖ វៀតគឿង / VNP

នៅពេលដែលការដាំដើមឈើអែម ដំណាំត្រសក់ផ្អែមមានស្ថេរភាព នាំមកនូវជីវភាពធូរធារដល់បងប្អូនប្រជាជន​នៅទីនេះ បញ្ហាប្រឈមបន្ទាប់របស់ ឃុំនេះ គឺការអភិវឌ្ឍទេសចរណ៍។ ដោយមានទស្សនៈ​ "កម្លាយវប្បធម៌ និងទេសចរណ៍ទៅជាទ្រព្យសម្បត្តិ" ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់នេះបានបង្កើតភូមិទេសចរណ៍សហគមន៍ ដែលមានផ្ទះសំណាក់ (homestay) ជាង ៣០ ខ្នង ដែលជាផ្ទះឈើខ្ពស់ផុតពីដីដ៏បុរាណ ដែលត្រូវបានជួសជុលឡើងវិញតាមស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិតៃ (Tay)

គណៈកម្មាធិការបក្សឃុំ ងៀដូ​ (Nghia Do) កំពុងរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ដោយមានគោលបំណងក្លាយជាគោលដៅទេសចរណ៍សហគមន៍ដ៏ពិសេសមួយ របស់ប្រទេសវៀតណាម និងអាស៊ាន​។ រូបថត៖ វៀតគឿង / VNP
ក្រុមសិល្ប៖ច្រៀងថែន (Then) និងលេងចាប៉ីទិញ (tinh) នៃភូមិ បានលៀន (Ban Lien) ហ្វឹកហាត់ជាប្រចាំ ដើម្បីបម្រើភ្ញៀវទេសចរ។ រូបថត៖ វៀតគឿង​ / VNP
អាជ្ញាធរយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងការអប់រំរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ រូបថត៖ វៀតគឿង​ / VNP

ដោយមានគុណសម្បត្តិនៃអត្តសញ្ញាណវប្បធម៌ និងទីតាំងភូមិសាស្ត្រ នៅជិតមជ្ឈមណ្ឌលទេសចរណ៍សំខាន់ ៗ ដូចជា សាប៉ា (Sa Pa) និងបាក់ហា (Bac Ha) ឃុំងៀដូ (Nghia Do) មានបំណងក្លាយជាចំណុចលេចធ្លោមួយនៅក្នុង 'ត្រីកោណទេសចរណ៍' នៅភាគខាងជើងនៃខេត្ត ឡាវកាយ (Lao Cai) នាពេលអនាគត" លោក ដូ វ៉ាន់លឹវ (Do Van Luu) អនុលេខានៃគណៈកម្មាធិការបក្សឃុំ និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ ងៀដា (Nghia Do) បានមានប្រសាសន៍ ។

មុនពេលចាកចេញពី ឃុំ ងៀដា (Nghia Do)  យើងខ្ញុំបានទៅទស្សនាគ្រួសារសិប្បករ ម៉ា ថាញ់សើយ (Ma Thanh Soi) កើតនៅឆ្នាំ ១៩៤៤ ដែលបានចំណាយអស់ជីវិតរបស់គាត់ ដើម្បីថែរក្សា និងបង្រៀនភ្លេងថែន (Then) ស្លី (Sli) និងលឿន (Luon) របស់ជនជាតិតៃ (Tay)។ ក្នុងនាមជាបក្ខជនមានវ័យ​ចំណាស់ជាងគេនៅក្នុងឃុំ និងធ្លាប់បានកាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ លោកត្រូវបានគេចាត់ទុកថាជា «អ្នកថែរក្សាអណ្តាតភ្លើង» នៃវប្បធម៌នៅទីនេះ។ ក្រឡេកមើលទៅដងអូរណឹមលួង (Nam Luong) ដែលហូរយ៉ាងស្ងៀមស្ងាត់ឆ្លងកាត់ភូមិ លោកបាននិយាយថា៖ «ចាប់តាំងពីធ្វើ​តាម​ការដឹក​នាំរបស់បក្សមក ជីវិតរបស់ជនជាតិតៃ (Tay) បានផ្លាស់ប្តូរទាំងស្រុង។ មិនដែលពេលណា ឃុំ ងៀដូ (Nghia Do) មានឋានៈ និងកម្លាំងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដូចសព្វថ្ងៃនេះទេ"។

ពិធីបុណ្យចាប់ត្រីប្រពៃណីរបស់ជនជាតិតៃ (Tay) នៅ ឃុំ ងៀដូ​ (Nghia Do) ដែល​ប្រព្រឹត្តិទៅលើអូរ ណឹម​លួង (Nam Luong) ។ រូបថត៖ ឯកសារ​

ឃ្លាមួយម៉ាត់យ៉ាងខ្លីនោះ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់យើងខ្ញុំ ប៉ុន្តែបានបើកចេញនូវរូបភាពច្បាស់លាស់អំពីដំណើរដ៏ស្វិតស្វាញនៃជនបទតំបន់ភ្នំ ដែលជាទីសេចក្តីសម្រេចចិត្តរបស់បក្ស មិនមែនចែងនៅលើក្រដាសឡើយ ប៉ុន្តែបានក្លាយជាកម្លាំងចលករជាក់ស្តែង ជ្រាបចូលទៅក្នុងរបៀបរស់នៅ គ្រប់វាលស្រែ និងគ្រប់ចរន្តវប្បធម៌របស់ឃុំ ងៀដូ(Nghia Do) នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ថុងធៀន - រូបថត៖ វៀតគឿង/  VNP 
ម៉ាញ់គឿង
  

ប្រែសម្រួលដោយង្វៀនយ៉ាង


Top