គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh)
គ្រាប់កៅឡាក់ ទ្រុងខាញ់(Trung Khanh) គឺជាគ្រាប់កៅឡាក់ពិសេសនៃស្រុកទ្រុងខាញ់ (Trung Khanh) ខេត្ត កាវបាំង (Cao Bang) នៃប្រទេសវៀតណាម។ គ្រាប់កៅឡាក់ ទ្រុងខាញ់(Trung Khanh) ល្បីល្បាញដោយទំហំធំ សំបកក្រាស់ គ្រាប់មានពណ៌លឿង ស្រួយ ឈ្ងុយឆ្ងាញ់ និងបរិមាណអាហារូបត្ថម្ភខ្ពស់។
គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) បានដាំដុះនៅលើតំបន់ភ្នំខ្ពស់ អាកាសធាតុត្រជាក់ និងបរិសុទ្ធ ហើយមានប្រភពទឹកដ៏បរិបូរណ៍ពីទន្លេ និងទឹកជ្រោះ បង្កើតលក្ខខណ្ឌឱ្យដើម គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) លូតលាស់យ៉ាងល្អ ដូច្នេះហើយគុណភាពនៃគ្រាប់កៅឡាក់ប្រភេទនេះគឺល្អជាងប្រភេទគ្រប់កៅឡាក់ដ៏ទៃទៀត។ គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) តែងតែបានប្រមូលផលក្នុងខែកញ្ញា ដល់ខែតុលា ជារៀងរាល់ឆ្នាំ។
តាមគ្រាមភាសា ដើមកៅឡាក់បានគេស្គាល់ដោយឈ្មោះមួយផ្សេងទៀតគឺ "ម៉ាក់លិច (Mac Lich)"។ ដើមលូតលាស់មានកម្ពស់ពី ១០ ទៅ ១៦ ម៉ែត្រ ដើមដែលមានអាយុច្រើនឆ្នាំមានអង្កត់ផ្ចិតរហូតដល់ ០.៥ ម៉ែត្រ ត្រឈឹងត្ឆៃ។ ក្រៅពីកត្តាធម្មជាតិអំណោយផល ដើមឈើនេះត្រូវបានដាំតាមបទដ្ឋានតឹងរឹង ដើម្បីទទួលបានគុណភាពល្អបំផុត។ ដើមគ្រាប់កៅឡាក់ត្រូវបានគេដាំនៅលើចង្កេះភ្នំដែលមានកម្ពស់ ៤៥០-៦០០ ម៉ែត្រ និងមានគម្លាតស្មើគ្នា។ ឲ្យតែដល់រដូវស្លឹកឈើជុះ គឺជាពេលវេលាដែលគ្រាប់កៅឡាក់ទុំល្អ អាចប្រមូលផលបាន។ ចង្កោមគ្រាប់កៅឡាក់នៅពេលដែលមិនទាន់ទុំ មានរូបរាងខាងក្រៅស្រដៀងទៅនឹងផ្លែសាវម៉ាវខ្ចី ដែលសំបកមានរោមដូចសត្វកាំប្រម៉ា។
គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) អាចយកទៅឆ្នៃជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខដូចជា៖ គ្រាប់កៅឡាក់លីង គ្រាប់កៅឡាក់ស្ងោរ បបរគ្រាប់គ្រប់កៅឡាក់ បង្អែមគ្រាប់កៅឡាក់ ជាដើម… គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) នៅទាំងជាកាដូដ៏មានតម្លៃមួយ សម្រាប់ជូនសាច់ញាត្តិ និងមិត្តភក្តិ។
របៀបឆ្នៃគ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) គឺសាមញ្ញណាស់។ ចំពោះគ្រាប់កៅឡាក់លីង ដំបូងត្រូវលាងឲ្យស្អាត ហើយទុកឲ្យស្ងួត។ បន្ទាប់មកដាក់គ្រាប់កៅឡាក់ ចូលឆ្នាំង ហើយលីងលើភ្លើងតិចៗ រហូតដល់ពេលណាដែលគ្រាប់កៅឡាក់ឆ្អិនឡើងពណ៌លឿង និងមានក្លិនឈ្ងុយ។
ចំពោះគ្រាប់កៅឡាក់ស្ងោរ គឺលាងគ្រាប់កៅឡាក់ដាក់ក្នុងឆ្នាំងទឹកស្ងោរឱ្យឆ្អិន។ បន្ទាប់មកយកគ្រាប់កៅឡាក់ចេញ ទុកឲ្យស្ងួត រួចហូបតែម្ដង។ ក្រៅពីនោះមានបបរគ្រាប់កៅឡាក់យ៉ាង ពិសេសផងដែរ។ ពេលឆ្នៃត្រូវលាងអង្ករឲ្យស្អាត រួចដាក់ក្នុងឆ្នាំងទឹក និងដាំឲ្យឆ្អិន។ ពេលបបរឆ្អិន ដាក់គ្រាប់កៅឡាក់ ដែលបំបែកសំបកចេញរួច ហើយដាំបន្ត ១០ នាទីទៀត។ ដាក់គ្រឿងទេសឲ្យល្មមមាត់។ ចំពោះបង្អែមគ្រាប់កៅឡាក់ត្រូវបំបែកសំបកគ្រាប់កៅឡាក់ ហើយស្ងោរឲ្យឆ្អិន។ ដាំទឹកស្ករជាមួយខ្ញី និងផ្កាក្រូចថ្លុង ដាក់គ្រាប់កៅឡាក់ ដាំបន្ថែម ៥ នាទីទៀត។ បិទចង្ក្រានទុកឲ្យត្រជាក់ យើងមានបង្អែមត្រជាក់និងមានជីវជាតិពិសេសមួយមុខ។
គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) ជាអាហារមានជីវជាតិ ឈ្ងុយឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ អ្នកអាចទិញគ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) បានយ៉ាងងាយស្រួលនៅហាងលក់ម្ហូបអាហារ ឬនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក/.